ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៤—ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា


គូស្វាមី​ភរិយា​ដែល​ទើប​រៀបការ​ថ្មោងថ្មី​នៅ​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ

លោកុប្បត្តិ ២៤–៣៣; មេរៀន​ទី ២៩

លោកុប្បត្តិ ២៤

ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ពេលខ្លះ ពរជ័យ​មួយ​ចំនួន​មិន​អាច​ឈោង​ចាប់​យក​បាន​ដែរ​ឬ​ទេ ? ដោយសារតែ​ស្ថានភាព​របស់​អ៊ីសាក ទស្សនវិស័យ​អំពី​អាពាហ៍ពិពាហ៍​អាច​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទេ ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​មួយ​ឲ្យ​អ៊ីសាក ហើយ​ទ្រង់​អាច​ធ្វើ​កិច្ចការ​ដដែល​នេះ​សម្រាប់​ពួកយើង​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ថា អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា​ដ៏នៅ​អស់កល្ប​ជានិច្ច​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​ធ្លាប់​បាន​ដើរ​ចម្ងាយ​ឆ្ងាយ​ប៉ុនណា​ដែរ​ក្នុង​មួយ​ថ្ងៃ ? ប្រសិនបើ​វា​សម្រាប់​អ្វីមួយ​ដែល​សំខាន់ តើ​អ្នក​នឹង​មាន​ឆន្ទៈ​ដើរ​ឲ្យ​បាន​ឆ្ងាយ​ប៉ុណ្ណា​ដែរ ?

អ័ប្រាហាំ និង​សារ៉ា​ចង់​ឲ្យ​កូនប្រុស​របស់​ពួកលោក​គឺ អ៊ីសាក មាន​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា​ដូច​ពួកលោក​ដែរ ។ ប៉ុន្តែ​មិន​មាន​ស្ត្រី​ដែល​បំពេញ​តាម​កិច្ចតម្រូវ​នេះ​នៅ​ស្រុក​កាណាន ( លេខ ១៣ នៅលើ​ផែនទី ) ដែល​ជឿ ដូច​ពួកគេ​ជឿ​ឡើយ ។ អ៊ីសាក​ត្រូវ​ស្វែងរក​ភរិយា​ម្នាក់ ដែល​អាច​ចូល​ទៅក្នុង « សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ » ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣១:១–៤; ១៣២:១៩–២០, ៣៧ ) ។ សព្វថ្ងៃនេះ យើង​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​នេះ នៅពេល​យើង​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ ប្រជាជន​តែមួយ​គត់​ដែល​អ័ប្រាហាំ​ស្គាល់ ដែល​អាច​រៀប​អាពាហ៍ពិពាហ៍​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះ​បាន គឺ​សាច់ញាតិ​របស់​លោក​នៅ​ស្រុក​ហារ៉ាន ( លេខ ៨ នៅលើ​ផែនទី ) ដែល​ជា​ដំណើរ​ជិត ១២០០ ម៉ាយល៍ ( ១៩៣១ គីឡូម៉ែត្រ ) ។

ផែនទី

ជំនួយ​បទគម្ពីរ  ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ផ្លាស់ប្ដូរ​ពាក្យ « ភ្លៅ » ទៅជា​ពាក្យ « ដៃ » វិញ​នៅក្នុង លោកុប្បត្តិ ២៤:២, ៩ ។ ការណ៍​នេះ​មាន​ន័យ​ថា អ័ប្រាហាំ និង​អ្នកបម្រើ​របស់​លោក​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ ។

ព្រះនាម « ព្រះយេហូវ៉ា » នៅក្នុង​កំណែ​ស្ដេច ជេមស៍ នៃ​ព្រះគម្ពីរ​ប៊ីប​ជា​ភាសា​អង់គ្លេស ជាទូទៅ​បាន​គូស​បញ្ជាក់​ដោយ​ពាក្យ ព្រះអម្ចាស់ ជា​អក្សរ​ធំ​ទាំងអស់ ។ ម្យ៉ាងទៀត ពាក្យ « ព្រះអម្ចាស់ » ឬ « ចៅហ្វាយ » វិញ​គឺ​អាច​សំដៅ​ទៅ​លើ​នរណាម្នាក់​ដែល​កាន់​អំណាច មាន​សិទ្ធិអំណាច ឬ​ឥទ្ធិពល​ដូចជា​លោកគ្រូ ឬ​អ្នកគ្រប់គ្រង ។ ( សូម​មើល លោកុប្បត្តិ ២៤:១២–២៧ និង Bible Dictionary « Jehovah » )

នៅពេល​អ្នក​សិក្សា លោកុប្បត្តិ ២៤ សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​អ្នក​យល់ពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខណៈ​ដែល​អ្នក​មិន​អាច​ដឹង​ថា តើ​អ្នក​នឹង​រៀប​អាពាហ៍ពិពាហ៍​តាម​របៀប​ណា នៅពេល​ណា ឬ​ជាមួយ​អ្នកណា តែ​នៅពេល​អ្នក​រស់នៅ​ស័ក្តិសម​នឹង​នគរ​សេឡេស្ទាល នោះ​អ្នក​អាច​មាន​ទំនុកចិត្ត​លើ​ផែនការ​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក​បាន ។ សូម​ស្វែងរក​ការយល់ដឹង​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​នូវ​អាពាហ៍ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏នៅ​អស់កល្ប​ជានិច្ច ។

សូម​អាន លោកុប្បត្តិ ២៤:១–៤, ៧–៩ ដោយ​រកមើល​ការណែនាំ​ដែល​អ័ប្រាហាំ​បាន​ផ្តល់ឲ្យ​អ្នកបម្រើ​របស់​លោក ទាក់ទង​នឹង​អ៊ីសាក ជា​កូនប្រុស​របស់​លោក ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​ឆ្លើយ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • ប្រសិនបើ​មិត្តភក្តិ​ម្នាក់​បាន​សុំឲ្យ​អ្នក​ដើរ​ចម្ងាយ​ឆ្ងាយ ដើម្បី​ជួយ​ស្វែងរក​ដៃគូ​ជីវិត​ដែល​ត្រឹមត្រូវ​សម្រាប់​ពួកគេ តើ​អ្នក​នឹង​ដើរ​ដែរ​ឬទេ ? ហេតុអ្វី ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​មាន​តម្លៃ​សម​នឹង​ការលះបង់​បែបនោះ ដើម្បី​ជួយ​អ៊ីសាក​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​សេចក្ដីសញ្ញា ?

ខណៈ​រង់ចាំ​នៅក្បែរ​អណ្ដូង​នៅ​ស្រុក​ហារ៉ាន អ្នកបម្រើ​របស់​អ័ប្រាហាំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ព្រះអម្ចាស់​នឹង​ឲ្យ​គាត់​រកឃើញ​នរណា ។

រូបតំណាង​គូសសម្គាល់
សូម​អាន លោកុប្បត្តិ ២៤:១២–២៧ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​អ្នកបម្រើ​របស់​អ័ប្រាហាំ​ឲ្យ​ស្វែងរក​ភរិយា​ឲ្យ​អ៊ីសាក ។

អ្នកបម្រើ​របស់​អ័ប្រាហាំ​បាន​ជួប​បងប្រុស និង​ឪពុក​របស់​រេបិកា ។ គាត់​បាន​ណែនាំ​ខ្លួន និង​ពន្យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​គាត់​ឲ្យ​ជួប​រេបិកា ។ នៅ​ថ្ងៃ​បន្ទាប់ រេបិកា​បាន​ជ្រើសរើស​ត្រឡប់​ទៅវិញ​ជាមួយ​អ្នកបម្រើ​រូប​នោះ​យ៉ាង​ក្លាហាន ហើយ​បាន​ផ្សារភ្ជាប់​នឹង​អ៊ីសាក នៅក្នុង​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ( សូម​មើល លោកុប្បត្តិ ២៤:២៩–៦៧ ) ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ហេតុអ្វី​ត្រូវមាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

រូបតំណាង​សៀវភៅ​កត់ចំណាំ
នៅពេល​អ្នក​ខិតខំ​ស្វែងយល់​ពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច​មាន​សារៈសំខាន់ នោះ​ព្រះវិញ្ញាណ​អាច​នាំ​មកនូវ​សេចក្តី​សង្ឃឹម និង​ការយល់ដឹង​កាន់តែ​ខ្លាំង ។ សូម​គូរ​រូបភាព​សាមញ្ញ​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ ដូចជា​រូប​នៅ​ខាងក្រោម​នេះ​ជាដើម ។

រូប​ជា​បន្ទាត់​នៃ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

នៅក្រោម​គំនូរ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក សូម​សរសេរ​សំណួរ​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​សេចក្ដីពិត​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃ​នេះ ។ នេះ​អាច​ជា​សំណួរ​ផ្ទាល់​ខ្លួន​របស់​អ្នក សំណួរ​មកពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឬ​សំណួរ​មួយ​ដូច​ខាង​ក្រោម​នេះ ៖

  • ហេតុអ្វី​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​មាន​សារៈ​សំខាន់ ?

  • តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ដោយ​ការរៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ខិតខំ​គោរព​តាម​សេចក្ដី​សញ្ញា​ទាំង​នោះ ?

  • តើ​ព្រះអម្ចាស់​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​ខិតខំ​ដើម្បី​មាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប៉ុន្តែ​ព្រួយបារម្ភ​ថា ពួកគេ​ប្រហែល​ជា​មិន​ដែល​ទទួល​បាន​ពរ​នេះ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​របស់​អ្នក សូម​ស្វែងរក​ធនធាន​ផ្សេងៗ​របស់​សាសនាចក្រ ដូច​ខាងក្រោម ៖

សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន ហែនរី ប៊ី អាវរិង ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ៖

ប្រធាន ហែនរី ប៊ី អាវរិង

ព្យាការី​របស់​ព្រះ​ម្នាក់​បាន​ផ្ដល់​ការប្រឹក្សា​ដល់​ខ្ញុំ ដែល​ផ្ដល់​ជា​ភាពសុខសាន្ដ​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​បារម្ភ​ថា ការជ្រើសរើស​របស់​សមាជិក​គ្រួសារ​អ្នកដទៃ​ទៀត​អាច​នឹង​ធ្វើឲ្យ​គ្រួសារ​របស់​យើង មិន​អាច​រស់នៅ​ជាមួយ​គ្នា​ជា​រៀងរហូត​បាន ។ លោក​បាន​មាន​ប្រសាសន៍​ថា « អ្នក​កំពុង​បារម្ភ​អំពី​បញ្ហា​ខុសឆ្គង ។ អ្នក​គ្រាន់តែ​រស់នៅ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល​ទៅ​បាន​ហើយ នោះ​ការរៀបចំ​គ្រួសារ​របស់​អ្នក​នឹង​កាន់តែ​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​អ្នក​រស់នៅ​ដោយ​ស័ក្ដិសម​នឹង​នគរ​សេឡេស្ទាល នោះ​ការសន្យា​របស់ព្យាការី​ថា « ការរៀបចំ​គ្រួសារ​របស់អ្នក​នឹង​កាន់តែ​អស្ចារ្យ​ជាង​អ្វី​ដែល​អ្នក​អាច​នឹកគិត​ដល់ទៅ​ទៀត » នឹង​ជា​របស់​អ្នក ។ ( « The Hope of Eternal Family Love » Ensign ខែ​សីហា ឆ្នាំ​២០១៦ ទំព័រ​៥ )

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​កន្លែង​ណាមួយ​នៅលើ​រូប​គំនូរ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក ។

ជម្រើស ខ

តើ​រេបិកា​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

រេបិកា

មាន​បុគ្គល​ជាច្រើន​ដែល​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ជំហាន​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពិចារណា​ពី​របៀប​ដែល​រេបិកា​បាន​បង្ហាញ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង​របៀប​ដែល​គុណលក្ខណៈ​ទាំងនេះ​អាច​មាន​ប្រយោជន៍​ក្នុង​អាពាហ៍ពិពាហ៍ ។

  1. រូបតំណាង​គូសសម្គាល់
    សូម​អាន លោកុប្បត្តិ ២៤:១៦–២០, ៥៥–៥៨ ហើយ​គូស​សម្គាល់​លក្ខណៈ​របស់​រេបិកា ដែល​រំឭក​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ នៅក្នុង ខទី ១៧ រេបិកា​បាន​រត់​ទៅ​ជួយ​អ្នកបម្រើ​របស់​អ័ប្រាហាំ ។ ព្រះយេស៊ូវ​គ្រីស្ទ​រត់​មក​ជួយ​យើង នៅពេល​យើង​ត្រូវការ​ទ្រង់ ។

  2. សូម​ជ្រើសរើស​យក​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​របស់​រេបិកា​ចំនួន​ពីរ ឬ​ច្រើន​ជាង​នេះ ។

  3. រូបតំណាង​កត់​ចំណាំ
    សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅជាប់​នឹង​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នីមួយៗ ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​គុណលក្ខណៈ​នេះ​នឹង​មាន​ប្រយោជន៍​នៅក្នុង​អាពាហ៍ពិពាហ៍ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​ចែកចាយតើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃនេះ​អំពី​ព្រះវរបិតា​សួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អ្នក​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក ដើម្បី​អញ្ជើញ​ឲ្យ​មាន​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? សូម​ស្វែងរក​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ ដែល​អ្នក​អាច​ចែកចាយ​គំនិត​របស់​អ្នក​បាន ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ថា អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា​ដ៏នៅ​អស់កល្ប​ជានិច្ច​មាន​សារៈសំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គំនូរ​របស់​អ្នក សំណួរ និង​អ្វីមួយ​ដែល​អ្នក​បាន​រៀន​អំពី​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  • គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​មួយ​របស់​រេបិកា និង​របៀប​ដែល​វា​នឹង​មាន​ប្រយោជន៍​នៅក្នុង​អាពាហ៍ពិពាហ៍ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?