ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៨—សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់


ព្រះវិហារ​បរិសុទ្ធ

លោកុប្បត្តិ ២៤–៣៣; មេរៀន​ទី ៣១

លោកុប្បត្តិ ២៨

សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ក្រោយពី​ជីវិត​របស់​យ៉ាកុប​ទទួលរង​ការគំរាមកំហែង​ពី​សំណាក់​បងប្រុស​របស់​លោក​គឺ អេសាវ នោះ​ឪពុក​ម្ដាយ​របស់​យ៉ាកុប​បាន​ណែនាំ​លោក​ឲ្យ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​របស់​ម្ដាយ​លោក ដើម្បី​ស្វែងរក​ភរិយា ។ ពេល​កំពុង​ធ្វើ​ដំណើរ លោក​បាន​មាន​ការនិមិត្ត​មួយ​ដែល​បាន​នាំឲ្យ​លោក​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​អ័ប្រាហាំ​ជាមួយ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​បំណងប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សិក្សា​ព្រះគម្ពីរ

យុវជន​កំពុង​ញញឹម

មិត្ត​របស់​អ្នក យ៉ូអែល បាន​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា ។ ដើម្បី​គាំទ្រ​ដល់​គាត់ អ្នក​បាន​ចូលរួម​ក្នុង​ការបង្រៀន​មេរៀន ។ នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នោះ អ្នក​ផ្សព្វផ្សាយ​សាសនា​អញ្ជើញ យ៉ូអែល ឲ្យ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​និយាយ​ថា « ខ្ញុំ​មិន​ដឹង​ដែរ ។ តែ​ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​មើលឃើញ​មូលហេតុ​អ្វី​បានជា​ខ្ញុំ​គួរ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ខ្ញុំ​រស់នៅ​ជីវិត​ដ៏​ល្អ​មួយ ។ ខ្ញុំ​ដឹង​ថា ព្រះ​ស្រឡាញ់​ខ្ញុំ ។ តើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នឹង​ធ្វើឲ្យ​មាន​ភាពខុសគ្នា​អ្វីទៅ ? »

  • តើ​អ្នក​នឹង​ឆ្លើយ​សំណួរ​របស់ យ៉ូអែល យ៉ាង​ដូចម្ដេច ?

បទពិសោធន៍​របស់​យ៉ាកុប​នៅក្នុង លោកុប្បត្តិ ២៨ បង្រៀន​អំពី​អំណាច​នៃ​សេចក្តីសញ្ញា​នៅក្នុង​ជីវិត​របស់​យើង ។ ដំណើររឿង​នេះ​ចាប់ផ្តើម នៅពេល​យ៉ាកុប​មិន​ទាន់​រៀបការ​នៅឡើយ ។ បងប្រុស​របស់​លោក​ឈ្មោះ អេសាវ បាន​គ្រោង​នឹង​សម្លាប់​លោក ដូច្នេះ​ម្តាយ​របស់​លោក​បាន​លើក​ទឹកចិត្ត​លោក​ឲ្យ​រត់​គេចខ្លួន ។ ដោយ​នៅ​ឆ្ងាយពី​ឪពុក​ម្តាយ​របស់​លោក និង​ឆ្ងាយ​ពី​ផ្ទះ យ៉ាកុប​បាន​មាន​សុបិន​មួយ ដែល​បាន​ផ្លាស់ប្ដូរ​លោក​ជារៀង​រហូត ។

រូបតំណាង​គូសសម្គាល់
សូម​មើល លោកុប្បត្តិ ២៨:១០–១២ ។ សូម​គូស​សម្គាល់​ព័ត៌មាន​លម្អិត​នៃ​សុបិន​របស់​យ៉ាកុប ហើយ​បន្ទាប់មក សូម​គូរ​រូបភាព នៃ​អ្វី​ដែល​លោក​បាន​ឃើញ ។

រូបតំណាង​គូសសម្គាល់
សូម​អាន លោកុប្បត្តិ ២៨:១៣–១៥ ។ សូម​ជ្រើសរើស​ពណ៌ ឬ​រចនាប័ទ្ម​ថ្មី​មួយ ហើយ​គូសសម្គាល់​ពរជ័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​យ៉ាកុប ។

តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការសន្យា​ទាំងនេះ​មាន​អត្ថន័យ​យ៉ាង​ខ្លាំង​ចំពោះ​យ៉ាកុប ? តើ​អ្នក​គិត​ថា ពរជ័យ​ទាំងនេះ​បាន​បង្រៀន​យ៉ាកុប​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

រូបតំណាង​តំណ​ភ្ជាប់
សូម​សិក្សា​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ហើយ​រកមើល​របៀប​ដែល​វា​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​អំពី​សេចក្ដី​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​យ៉ាកុប កាន់តែ​ស៊ីជម្រៅ ។ អ្នក​អាច​ពិចារណា​ដាក់​តំណភ្ជាប់​វគ្គបទគម្ពីរ​នីមួយៗ​ទៅនឹង លោកុប្បត្តិ ២៨:១៥ ។

  • យ៉ូហាន ១៤:១៨

  • កិច្ចការ ១៧:២៧ ( កំណត់​ចំណាំ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ )

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

អែលឌើរ ឌែល ជី រិនឡាន់

ពេល​បងប្អូន​ដើរតាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា ចាប់​តាំងពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត ខ្ញុំ​សុំ​សន្យា​ថា បងប្អូន​មាន​អំណាច​ដើម្បី​ហូរ​បញ្ច្រាស់​នឹង​លំហូរ​ធម្មជាតិ​នៃ​លោកិយ​នេះ—ពោល​គឺ​អំណាច​ដើម្បី​រៀន អំណាច​ដើម្បី​ប្រែចិត្ត និង​អំណាច​ដើម្បី​ញែកចេញ​ជា​បរិសុទ្ធ និង​អំណាច​ដើម្បី​រកឃើញ​សេចក្តី​សង្ឃឹម ការលួងលោម និង​សូម្បីតែ​អំណរ ពេល​បងប្អូន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​នេះ ។ ខ្ញុំ​សុំ​សន្យា​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​នូវ​ការការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​មារសត្រូវ ជា​ពិសេស​នៅពេល​បងប្អូន​ផ្តោត​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​លើ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ( « ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ​៣៧ )

រូបតំណាង​ស្លាក
សូម​អាន លោកុប្បត្តិ ២៨:១៦–១៩ ។ សូម​រកមើល​ឃ្លា​ដែល​អ្នក​អាច​ដាក់​ស្លាក​ថា « ព្រះវិហារ​បរិសុទ្ធ » ។

គន្លឹះ​ក្នុង​ការសិក្សា ។ ពាក្យ គួរឲ្យ​ស្ញែងខ្លាច ( នៅក្នុង ខទី ១៧ ) ត្រូវបាន​បកប្រែ​ឲ្យ​ត្រូវ​ន័យ​កាន់តែ​ប្រសើរ​ថា « អស្ចារ្យ » ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ ក្នុង​ការពិនិត្យ​មើល​លេខយោង ១៩a ក្នុង​ព្រះគម្ពីរ​ប៊ីប​អង់គ្លេស​រកមើល​អត្ថន័យ​នៃ​ពាក្យ « Beth-el » ។

គឺ​ដូចជា​យើង​ចុះ​សេចក្ដីសញ្ញា​នៅក្នុង​ដំណាក់​នៃ​ព្រះ​ដែរ យ៉ាកុប​ក៏បាន​ធ្វើ​ដូច្នេះ​ដែរ ។ សូម​ដាក់​ស្លាក​ឃ្លា « បន់ » នៅក្នុង លោកុប្បត្តិ ២៨:២០ ថា « សេចក្ដីសញ្ញា » ។

រូបតំណាង​គូសសម្គាល់
សូម​មើល លោកុប្បត្តិ ២៨:២០–២២ ។ សូម​គូសសម្គាល់​ផ្នែក​របស់​ព្រះ​នៅក្នុង​សេចក្ដីសញ្ញា​នេះ​តាម​ពណ៌ ឬ​រចនាប័ទ្ម​មួយ ។ បន្ទាប់មក សូម​គូសសម្គាល់​ផ្នែក​របស់​យ៉ាកុប​តាម​ពណ៌ ឬ​រចនាប័ទ្ម​មួយ​ទៀត ។

ជម្រើស ក

តើ​ជណ្តើរ​ដែល​យ៉ាកុប​បាន​ឃើញ​អាច​តំណាង​ឲ្យ​អ្វីទៅ ?

សុបិន​របស់​យ៉ាកុប

សូម​មើល​រូបភាព​ដែល​អ្នក​បាន​គូរ ។ តើ​ជណ្តើរ​ដែល​យ៉ាកុប​បាន​ឃើញ​អាច​តំណាង​ឲ្យ​អ្វីទៅ ?

ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ​១៨៩៧–១៩៨៨ ) បាន​ផ្ដល់​ការពន្យល់​នេះ ៖

ប្រធាន ម៉ារ៉ុន ជី រ៉មនី

សេចក្តីសញ្ញា​ដែល [ យ៉ាកុប ] បាន​ធ្វើ​ជាមួយ​ព្រះអម្ចាស់​នៅ​ទីនោះ គឺជា​កាំជណ្តើរ​ដែល​លោក​ខ្លួនឯង​ត្រូវឡើង​ដើម្បី​ទទួលបាន​ពរជ័យ​ដែលបាន​សន្យា—ជា​ពរជ័យ​ដែល​នឹង​ធ្វើ​ឲ្យ​លោក​អាច​ចូលទៅ​ស្ថានសួគ៌ និង​អាច​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអម្ចាស់ ។ ( « Temples—the Gates to Heaven » Ensign ខែ​មីនា ឆ្នាំ​១៩៧១ ទំព័រ​១៦ )

តើ​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ចុះ អាច​ជួយ​អ្នក​ឲ្យ​ឡើង​ទៅ​កាន់តែ​ជិត​ព្រះ​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ជ្រើសរើស​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​ចុះ​សេចក្ដីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​ធ្វើ​បច្ចុប្បន្នភាព​រូបភាព​របស់​អ្នក ដោយ​ការដាក់​ស្លាក​ជំហាន​នីមួយៗ​នៃ​ជណ្តើរ​នេះ ជាមួយ​នឹង​អ្វី​ដែល​អ្នក​បាន​រកឃើញ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​រំពឹង​អ្វីខ្លះ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ?

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ប្រធាន ជែហ្វ្រី អ័រ ហូឡិន

[ ខ្ញុំ ] ស្នើ​ថា « ជីវិត​របស់​មនុស្ស​ម្នាក់…ពុំ​អាច​មាន​ទាំង​សេចក្តី​ជំនឿ និង​គ្មាន​ភាពតានតឹង​នោះ​ទេ » ។ វា​នឹង​មិន​ដំណើរការ​ទេ « ក្នុង​ការរស់នៅ​ដោយ​មិន​ស្គាល់​ពី​ការលំបាក​សោះ » ដូចជា​យើង​ក្រេប​ទឹក​ក្រូច​មួយ​កែវ​ទៀត ដោយ​និយាយ​ថា « ព្រះអម្ចាស់​អើយ សូម​ប្រទាន​ដល់​កូន​នូវ​គុណធម៌​ដ៏​ជម្រើស​បំផុត​របស់​ទ្រង់ ប៉ុន្តែ​សូម​ប្រាកដ​ថា ទ្រង់​មិន​ប្រទាន​ដល់​កូន​នូវ​ទុក្ខសោក គ្រោះមហន្តរាយ ការឈឺចាប់ ឬ​ការជំទាស់​ណា​ឡើយ ។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​មិន​ចូលចិត្ត ឬ​ក្បត់​កូន​ឡើយ ហើយ​លើសពីនោះ សូម​កុំ​ឲ្យ​កូន​ត្រូវ​បោះបង់​ចោល​ដោយ​ទ្រង់ ឬ​អ្នក​ដែល​កូន​ស្រឡាញ់​ឡើយ ។ តាមពិត​ទៅ ព្រះអម្ចាស់​អើយ សូម​ប្រយ័ត្ន​កុំ​ឲ្យ​កូន​ជួប​នឹង​បទពិសោធន៍​ទាំងអស់ ដែល​ធ្វើឲ្យ​ទ្រង់​មាន​លក្ខណៈ​ជា​ព្រះ​ឡើយ ។ ហើយ​កាលណា​ការលំបាក​របស់​មនុស្ស​ផ្សេង​បាន​កន្លង​ផុត​ទៅ នោះសូម​ឲ្យ​កូន​បាន​មក ហើយ​នៅ​នឹង​ទ្រង់ ជា​កន្លែង​ដែល​កូន​អាច​និយាយ​អួត​អំពី​កម្លាំង និង​លក្ខណៈ​សម្បត្តិ​របស់​យើង​ដែល​មាន​ភាពស្រដៀង​គ្នា កាល​ដែល​កូន​អណ្តែត​នៅលើ​ពពក​នៃ​គ្រិស្ដ​សាសនា​ដ៏​សុខស្រួល​របស់​កូន » ។ ( « Waiting on the Lord » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ​១១៦ )

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ផ្លូវ​នៃ​សេចក្តីសញ្ញា​គឺជា​ក្តី​សង្ឃឹម​ដ៏ធំ​បំផុត ដើម្បី​ចៀសផុត​ពី​ទុក្ខវេទនា​ដែល​អាច​ចៀស​បាន ព្រមទាំង​ដោះស្រាយ​បញ្ហា​ដែល​ចៀស​មិន​រួច​នៅក្នុង​ជីវិត​នេះ​បាន​ដោយ​ជោគជ័យ ។ ( « ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​១១៧ ) ។

នៅ​ខាងក្រោយ​គំនូរ​របស់​អ្នក សូម​ឆ្លើយ​នឹង​អ្វី​ខាងក្រោម​នេះ ៖

  • របៀប​ដែល​ការរក្សា​សេចក្ដីសញ្ញា​ជួយ​យើង​ឲ្យ​ដោះស្រាយ​ការលំបាក​ដែល​មិន​អាច​ចៀសវាង​បាន

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ការបង្កើន​បំណងប្រាថ្នា ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូបភាព​ដែល​អ្នក​បាន​គូរ ជាមួយ​នឹង​ជំហាន​ដែល​បាន​ដាក់​ស្លាក ។

  • អ្វី​ដែល​អ្នក​អាច និង​មិន​អាច​រំពឹង​ទុក​មកពី​ការចិញ្ចឹម​ជីវិត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?