ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥ ៖ លោកុប្បត្តិ ១៥–១៨; ២១—« ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស … ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល »


សារ៉ា និង​អ៊ីសាក

សារ៉ា និង​អ៊ីសាក ដោយ ស្កត ស្នូ

លោកុប្បត្តិ ១៨–២៣ ៖ មេរៀន​ទី ២៥

លោកុប្បត្តិ ១៥–១៨; ២១

« ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស … ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

មនុស្ស​ធ្វើ​ការសន្យា នៅពេល​មនុស្ស​ចង់​បង្ហាញ​ការប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្វីមួយ ។ គួរឲ្យ​សោកស្តាយ មនុស្ស​មិន​តែងតែ​រក្សា​ការសន្យា​របស់​ពួកគេ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ជានិច្ច​នោះ​ទេ ។ ប៉ុន្ដែ នៅពេល​ព្រះវរបិតា​សួគ៌​ធ្វើ​ការសន្យា នោះ​ទ្រង់​នឹង​រក្សា​ការសន្យា​នោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​រក្សា​ការសន្យា​របស់​ទ្រង់ ។

សិក្សា​ព្រះគម្ពីរ

សូម​អាន​សាច់រឿង​ដូច​ខាងក្រោម ៖

យុវនារី​កំពុង​ជញ្ជឹង​គិត

យុវនារី​ម្នាក់​បាន​ជ្រើសរើស​មាន​ភាពស្មោះត្រង់​ក្នុង​ការធ្វើ​កិច្ចការ​សាលា​របស់​នាង ដោយ​ជឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​នាង ។ នាង​សង្កេត​ឃើញ​ថា ពិន្ទុ​របស់​នាង​គឺ​អន់​ជាង​សិស្ស​ផ្សេងទៀត​ដែល​លួច​ចម្លង ។

ការពិនិត្យ​សុខភាព

យុវជន​ម្នាក់​បាន​ទទួល​ពរជ័យ​អយ្យកោ​របស់​គាត់ ដែល​បញ្ជាក់​ថា គាត់​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ ក្នុង​អំឡុង​ពេល​ពិនិត្យ​សុខភាព គ្រូពេទ្យ​រកឃើញ​ថា គាត់​មាន​បញ្ហា​ខាង​រាងកាយ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​បម្រើ​បាន​ទេ ។

យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

យុវនារី​ម្នាក់​បាន​សាកល្បង​ការសន្យា​របស់​មរ៉ូណៃ ដោយ​ការអាន​ព្រះគម្ពីរ​មរមន និង​ការអធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ព្រះគម្ពីរ​នេះ​គឺជា​ព្រះគម្ពីរ​ពិត​ឬ​អត់ ។ នាង​មាន​អារម្មណ៍​ថា នាង​មិន​បាន​ទទួល​ចម្លើយ​ទេ ។

តើ​យុវវ័យ​ទាំងនេះ​អាច​មាន​សំណួរ​អ្វីខ្លះ​អំពី​ព្រះ និង​សេចក្ដី​សន្យា​របស់​ទ្រង់ ?

សូម​ជ្រើសរើស​យក​សាច់រឿង​មួយ ក្នុង​ចំណោម​សាច់រឿង​ទាំងនេះ ដែល​អ្នក​ចង់​គិត​ពេញ​មួយ​មេរៀន​នេះ ។

សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ទៅកាន់​អ័ប្រាហាំ និង​សារ៉ា

អ័ប្រាហាំ និង​សារ៉ា

អ័ប្រាហាំ និង​សារ៉ា​ចង់​មាន​កូន ( សូម​មើល អ័ប្រាហាំ ១:២ ) ។ ប៉ុន្តែ​កាល​ពួកលោក​មាន​អាយុ​កាន់តែ​ច្រើន វា​ហាក់​ដូចជា​មិន​អាច​ទៅរួច​ទេ ដែល​ពួកលោក​អាច​មាន​កូន​បង្កើត​ដោយ​ខ្លួនឯង​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកលោក ។

បរិបទ ៖ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ នោះ​វា​អាច​មាន​ប្រយោជន៍​ដើម្បី​យល់ពី​បរិបទ ។ បរិបទ​គឺជា​កាលៈទេសៈ ឬ​សាវតា​ជុំវិញ​វគ្គ​បទគម្ពីរ​ជាក់លាក់​មួយ ។ បរិបទ​នេះ​អាច​បញ្ជាក់ និង​នាំមក​នូវ​ការយល់ដឹង​ដែល​កាន់តែ​ស៊ីជម្រៅ​អំពី​ដំណើររឿង ឬ​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ ។

រូបតំណាង​គូសសម្គាល់សូម​អាន​វគ្គបទគម្ពីរ​នីមួយៗ​ខាងក្រោម​នេះ និង​បរិបទ​របស់​វា​ដែល​អម​មក​ជាមួយ​នោះ ។ សូម​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់ និង​ចង់​ចងចាំ ។ កាល​អ្នក​អាន សូម​ចាំ​ក្នុង​ចិត្ត​ថា ព្រះអម្ចាស់​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​អាប់រ៉ាម ទៅជា​អ័ប្រាហាំ និង​ឈ្មោះ​របស់​សារ៉ាយ ទៅជា​សារ៉ា​នៅ​ទីបញ្ចប់ ។

  1. លោកុប្បត្តិ ១៥:១–៦

    បរិបទ ៖ អាប់រ៉ាម​មាន​វ័យ​៧៥​ឆ្នាំ​ជាង នៅ​គ្រា​នៃ​ទស្សននិមិត្ត​នេះ ( សូមមើល លោកុប្បត្តិ ១២:៤ ) ។ មនុស្ស​ជិតស្និទ្ធ​បំផុត​ដែល​អ័ប្រាហាំ​មាន​កូន​ជាមួយ គឺជា​អ្នកបម្រើ​ដែល​កើត​នៅក្នុង​ផ្ទះ​របស់​លោក ។

  2. លោកុប្បត្តិ ១៧:១៥–២១

    បរិបទ ៖ ព្រះអម្ចាស់​បាន​សន្យា​នឹង​អាប់រ៉ាម​ថា លោក​នឹង​មាន​កូន​ក្នុង​វ័យ​ចំណាស់​របស់​លោក ( សូម​មើល លោកុប្បត្តិ ១៥:៤–៥ ) ។ ប៉ុន្តែ សារ៉ាយ និង​អាប់រ៉ាម​នៅ​តែ​មិន​អាច​មាន​កូន​បាន ។ ព្រះអម្ចាស់​បាន​បញ្ជា​អាប់រ៉ាម​ឲ្យ​រៀបការ​នឹង ហាការ ដែល​ជា​អ្នកបម្រើ​របស់​សារ៉ា ។ អាប់រ៉ាម​មាន​អាយុ​៨៦​ឆ្នាំ នៅពេល​ដែល​ហាការ​បាន​ផ្ដល់​កំណើត​ដល់​អ៊ីសម៉ាអែល ( សូម​មើល លោកុប្បត្តិ ១៦:៣, ១៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៣៤ ) ។ ដោយសារ​ហាការ​គឺជា​បាវ ឬ​អ្នកបម្រើ​របស់​សារ៉ា នោះ​អ៊ីសម៉ាអែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​កូន​របស់​អ័ប្រាហាំ និង សារ៉ា​តាម​ផ្លូវ​ច្បាប់ ។ តាម​របៀប​នេះ សារ៉ា​អាច​មាន​អារម្មណ៍​ថា ការសន្យា​របស់​ព្រះអម្ចាស់​អំពី​កូនចៅ​នោះ​ត្រូវបាន​បំពេញ ។

  3. លោកុប្បត្តិ ១៨:៩–១៤

    បរិបទ ៖ ព្រះអម្ចាស់​បាន​ចាត់​សារទូត​បី​រូប​ឲ្យ​ទៅ​ជួប​អ័ប្រាហាំ និង​សារ៉ា ។ មុន​នេះ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​អ័ប្រាហាំ​ថា សារ៉ា​ដែល​មាន​អាយុ​ប្រហែល​៩០​ឆ្នាំ​នៅពេល​នោះ នឹង​មាន​កូនប្រុស​ម្នាក់ ( សូមមើល លោកុប្បត្តិ ១៧:១៦–១៩ ) ។ ពេល​ឮ​សារទូត​ថ្លែង​ពាក្យ​សន្យា​នេះ​ចំពោះ​អ័ប្រាហាំ​ម្ដងទៀត នោះ​សារ៉ា​លួច​អស់​សំណើច​ខ្លួនឯង​ដោយ​មិន​ជឿ ( សូម​មើល លោកុប្បត្តិ ១៨:១២ ) ។

តើ​អ្នក​មាន​អារម្មណ៍​ថា បរិបទ​នេះ​បាន​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​យ៉ាង​ដូចម្ដេច ?

សូម​អាន លោកុប្បត្តិ ២១:១–៦ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​គោរព​សេចក្ដីសន្យា​របស់​ទ្រង់​ចំពោះ​អ័ប្រាហាំ និង​សារ៉ា ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​ពាក្យ​សន្យា​របស់​ទ្រង់ ?

រូបតំណាង​កត់​ចំណាំអ្នក​អាច​កត់ត្រា​សេចក្ដីពិត​ដែល​អ្នក​បាន​រកឃើញ​អំពី​ព្រះ ដែល​បាន​រក្សា​ពាក្យ​សន្យា​របស់​ទ្រង់ នៅក្នុង​កំណត់​ចំណាំ​មួយ​នៅក្បែរ​ខគម្ពីរ​ទាំងនេះ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ កាល​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ចែកចាយ​មេរៀន​មួយ ដែល​លោក​បាន​រៀន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

សេចក្ដី​សន្យា​របស់​ព្រះ​មិន​មែន​សុទ្ធតែ​ត្រូវ​បាន​បំពេញ​ភ្លាមៗ ឬ​នៅក្នុង​របៀប​ដែល​យើង​សង្ឃឹម​ទុក​នោះ​ទេ វា​កើតឡើង​ស្របតាម​ពេលវេលា​របស់​ទ្រង់ និង​របៀប​របស់​ទ្រង់ ។ ( « Continue in Patience » Liahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ​៥៨ )

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Good Things to Come » ( ៤:៥៥ ) ឬ​សូម​គិតពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អ្នក​បាន​មាន នៅពេល​អ្នក​បាន​ឃើញ​ការសន្យា​របស់​ព្រះអម្ចាស់​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​អ្នក ។

4:55

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ឲ្យ​មើលឃើញ​ថា ព្រះ​បំពេញ​តាម​ពាក្យ​សន្យា​របស់​ទ្រង់​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​រើសយក​សាច់រឿង​មួយ ពី​ខាង​ដើម​មេរៀន​នេះ ។ ដោយ​ប្រើ​ដំណើររឿង​អំពី​អ័ប្រាហាំ និង​សារ៉ា និង​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះអម្ចាស់ និង​ពាក្យ​សន្យា​របស់​ទ្រង់ សូម​សរសេរ​សារ​លើក​ទឹកចិត្ត​មួយ​ទៅកាន់​បុគ្គល​នៅក្នុង​សាច់រឿង​នោះ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ចងចាំ​ថា ព្រះ​បំពេញ​តាម​ពាក្យ​សន្យា​របស់​ទ្រង់​ដោយ​របៀប​ណា ?

រូបតំណាង​សៀវភៅ​កត់ចំណាំព្រះវរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​ចងចាំ​ថា នៅពេល​អ្នក​គោរព​ប្រតិបត្តិ​តាម​សេចក្តីសញ្ញា​ដែល​អ្នក​ធ្វើ​ជាមួយ​ទ្រង់ នោះ​ទ្រង់​នឹង​រក្សា​ពាក្យ​សន្យា​ដ៏ពិសិដ្ឋ​របស់​ទ្រង់ ។ សូម​ចំណាយ​ពេល​ពីរបី​នាទី ហើយ​សរសេរ​សំបុត្រ​លើក​ទឹកចិត្ត​មួយ​ទៅកាន់​ខ្លួនអ្នក​ផ្ទាល់ ។ សូម​រួមបញ្ចូល​សេចក្ដីពិត​នានា ដែល​ព្រះវរបិតា​សួគ៌​បាន​បង្រៀន ដែល​នឹង​ជួយ​ដល់​អ្នក​នៅ​អំឡុង​ពេល​ដ៏​លំបាក ។ វា​អាច​ជា​ការល្អ​ដើម្បី​រួមបញ្ចូល​ព័ត៌មាន​លម្អិត​អំពី​អ័ប្រាហាំ និង​សារ៉ា ឬ​ព័ត៌មាន​លម្អិត​ចេញពី​ជីវិត​របស់​អ្នក​ផ្ទាល់ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​សេចក្ដី​ទុកចិត្ត​របស់​អ្នក​ថា ព្រះអម្ចាស់​នឹង​រក្សា​សេចក្ដីសន្យា​របស់​ទ្រង់ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សារ​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​មនុស្ស​ម្នាក់​នៅក្នុង​សាច់រឿង​មួយ ។ សូម​រួមបញ្ចូល​អ្វីមួយ ដែល​អ្នក​បាន​រៀន​មកពី​អន្តរកម្ម​របស់​ព្រះអម្ចាស់​ជាមួយ​អ័ប្រាហាំ ឬ​អ្នកដទៃ​ទៀត ។

  • សំបុត្រ​លើក​ទឹកចិត្ត​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​ខ្លួនឯង ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?