អ័ប្រាហាំ និងអ៊ីសាក ដោយ Religious Tract Society
លោកុប្បត្តិ ១៨–២៣; មេរៀនទី ២៧
លោកុប្បត្តិ ២២
និមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះបានបង្គាប់ព្យាការីអ័ប្រាហាំ ឲ្យបូជាកូនប្រុសរបស់លោកគឺ អ៊ីសាក ។ បទបញ្ញត្តិនេះបានសាកល្បងសេចក្តីជំនឿ និងការគោរពប្រតិបត្តិតាមរបស់អ័ប្រាហាំ ។ ដូចដែលអ័ប្រាហាំបានស្ម័គ្រចិត្តលះបង់កូនប្រុសរបស់លោកដែរ នោះព្រះជាព្រះវរបិតាក៏បានស្ម័គ្រព្រះទ័យបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ឲ្យធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់សម្រាប់ពួកយើងផងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។
សិក្សាព្រះគម្ពីរ
សូមគិតថា តើអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នកញឹកញាប់ប៉ុនណាដែរ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះជាសមាជិកម្នាក់នៅក្នុងគណៈប្រធានទីមួយ បានពិពណ៌នាអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះបុត្រាបុត្រីរបស់ទ្រង់ ៖
សូមគិតពីសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធបំផុតដែលអ្នកអាចស្រមៃឃើញ ។ ឥឡូវនេះ សូមគុណសេចក្ដីស្រឡាញ់នោះនឹងចំនួនអនន្ត—នោះគឺជារង្វាស់នៃសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក ។
ព្រះមិនបានទតមើលតែសំបកក្រៅនោះទេ ។ ខ្ញុំជឿជាក់ថា ទ្រង់មិនខ្វល់ឡើយ ទោះជាយើងរស់នៅក្នុងវិមាន ឬខ្ទម ទោះជាយើងមានរូបរាងសង្ហា ឬមិនស្រស់ស្អាត ទោះបីជាយើងជាមនុស្សល្បីឈ្មោះ ឬគ្មានកេរ្តិ៍ឈ្មោះក្ដី ។ ទោះជាយើងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្ដី ក៏ព្រះស្រឡាញ់យើងអស់ពីព្រះទ័យទ្រង់ដែរ ។ ទោះជាយើងមិនបានល្អឥតខ្ចោះ ក៏ព្រះស្រឡាញ់យើងយ៉ាងល្អឥតខ្ចោះដែរ ។ ទោះជាយើងមានអារម្មណ៍ថាវង្វេងផ្លូវ ហើយគ្មានត្រីវិស័យនាំផ្លូវក្ដី ក៏សេចក្ដីស្រឡាញ់របស់ព្រះឱបក្រសោបយើងទាំងស្រុងដែរ ។ ( « The Love of God » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ២២ )
ព្រះគម្ពីរមានការបង្រៀនជាច្រើនដែលរៀបរាប់អំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះយើង ។ គំរូមួយគឺនៅក្នុង យ៉ូហាន ៣:១៦ ។ សូមអាន យ៉ូហាន ៣:១៦ ហើយរកមើលការបើកសម្ដែងដ៏អស្ចារ្យបំផុតនៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
ប្រសិនបើមាន សូមមើលវីដេអូនេះ « For God So Loved the World » ( ៤:៤៨ ) ។ ខណៈពេលកំពុងមើល សូមពិចារណាពីសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានសម្រាប់អ្នក ។
នៅជាប់នឹង យ៉ូហាន ៣:១៦ សូមសរសេរកំណត់ចំណាំមួយ ដែលសង្ខេបពីអ្វីដែលវីដេអូ ឬខគម្ពីរនេះបង្រៀនអ្នកអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ដំណើររឿងរបស់អ័ប្រាហាំ និងអ៊ីសាកអាចបង្រៀនយើងអំពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញចំពោះយើង តាមរយៈពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។
វាអាចមានប្រយោជន៍ដើម្បីមើលដំណើររឿងរបស់អ័ប្រាហាំ និងអ៊ីសាក ។ សូមអានខគម្ពីរទាំងនេះ រួចហើយផ្អាកដើម្បីពិចារណាពីអ្វីដែលកំពុងកើតឡើង ឬអ្នកអាចមើលវីដេអូ « Akedah (The Binding) » ( ១២:៥៧ ) ។ សូមប្រើនាទីវីដេអូនេះដើម្បីជួយអ្នកឲ្យសិក្សា លោកុប្បត្តិ ២២:១–១៨ ។ សូមចងចាំដើម្បីកត់ត្រាគំនិតរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
លោកុប្បត្តិ ២២:១–២ ( នាទីទី ០:០០ ដល់ ១:៣៤ ) ។ សូមគិតអំពីសំណួរដែលអ័ប្រាហាំអាចមាន ។
12:57 -
លោកុប្បត្តិ ២២:៣–៦ ( នាទីទី ៣:០៨ ដល់ ៦:០០ ) ។ សូមរកមើលភស្ដុតាងថា នេះគឺជាព្រះបញ្ញត្តិដ៏លំបាកមួយចំពោះអ័ប្រាហាំ ដែលត្រូវគោរពតាម ។
12:57 -
លោកុប្បត្តិ ២២:៧–៩ ( នាទីទី ៦:០១ ដល់ ១០:១០ ) ។ សូមរកមើលរបៀបដែលអ៊ីសាករំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
12:57 -
លោកុប្បត្តិ ២២:១០–១៨ ( នាទីទី ១០:១១ ដល់ ១២:៥៧ ) ។ សូមកត់ត្រាអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
12:57
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះខ្ញុំបានដោយរបៀបណា ?
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ១៩២៧–២០១៨ ) បានពន្យល់ ៖
ព្រះវរបិតាសួគ៌របស់អ្នកស្រឡាញ់អ្នក—គឺអ្នកគ្រប់គ្នា ។ ក្ដីស្រឡាញ់នោះមិនផ្លាស់ប្ដូរឡើយ ។ ក្ដីស្រឡាញ់នោះពុំរងឥទ្ធិពលពីរូបរាង ទ្រព្យសម្បត្តិ ឬចំនួនទឹកប្រាក់ដែលអ្នកមានក្នុងគណនីធនាគារអ្នកឡើយ ។ ក្ដីស្រឡាញ់នោះមិនផ្លាស់ប្ដូរតាមទេពកោសល្យ និងសមត្ថភាពអ្នកឡើយ ។ ក្ដីស្រឡាញ់នោះកើតមានយ៉ាងសាមញ្ញ ។ ក្ដីស្រឡាញ់នោះមាននៅទីនោះសម្រាប់អ្នក នៅពេលអ្នកសោកសៅ ឬរីករាយ បាក់ទឹកចិត្ត ឬមានសេចក្តីសង្ឃឹម ។ ក្ដីស្រឡាញ់របស់ព្រះមាននៅទីនោះសម្រាប់អ្នក មិនថាអ្នកគិតថា អ្នកសមនឹងទទួលបានសេចក្ដីស្រឡាញ់នោះឬក៏អត់នោះទេ ។ ក្ដីស្រឡាញ់នោះតែងមានជានិច្ច ។ ( « We Never Walk Alone » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ១២៣–២៤ )
ដើម្បីជួយអ្នកឲ្យពិចារណាពីសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសម្រាប់អ្នក សូមស្តាប់ ឬអានទំនុកបទនៃទំនុកតម្កើង ឬបទចម្រៀងមួយ ដែលផ្តោតលើសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេ ។ ឧទាហរណ៍ អ្នកអាចអាន ឬស្តាប់បទ « ព្រះស្នេហ៍យើងទើបចាត់បុត្រាទ្រង់ » ( ទំនុកតម្កើង ល.រ. ១១១ ) ឬអ្នកអាចស្រាវជ្រាវក្នុងបណ្ណាល័យដំណឹងល្អ ដោយការដាក់តម្រងការស្វែងរកដើម្បីស្វែងរកតន្ត្រី ។
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវទំនុកបទ ដែលជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ជម្រើស ខ
តើអ័ប្រាហាំ និងអ៊ីសាក គឺជានិមិត្តរូបនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
ព្យាការីសាសន៍នីហ្វៃឈ្មោះ យ៉ាកុប ជួយយើងឲ្យយល់ពីនិមិត្តរូបដ៏មានអានុភាពនៅក្នុងដំណើររឿងរបស់អ័ប្រាហាំ និងអ៊ីសាក ។ លោកបានបង្រៀនថា ពលិកម្មនេះគឺជា « និមិត្តរូបអំពីព្រះ និងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ » ( យ៉ាកុប ៤:៥ ) ។ និមិត្តរូបគឺជាភាពស្រដៀងគ្នា ការប្រៀបធៀប ភាពដូចគ្នា ឬស្រមោល ។
តារាងខាងក្រោមនេះបង្ហាញពីរបៀបដែលដំណើររឿងរបស់អ័ប្រាហាំ និងអ៊ីសាក គឺជានិមិត្តរូបនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
|
អ័ប្រាហាំ និងអ៊ីសាក |
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ |
|---|---|
|
លោកុប្បត្តិ ២២:២, ១២——« កូនឯងតែ ១ » |
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាទ្រង់តែមួយរបស់ព្រះវរបិតាសួគ៌ ( សូមមើល យ៉ូហាន ៣:១៦ ) ។ |
|
លោកុប្បត្តិ ២២:២—« ដង្វាយដុត » |
ការបូជាសត្វគឺជានិមិត្តរូបអំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសេ ៥:៤–៧ ) ។ |
|
លោកុប្បត្តិ ២២:៦—« យកឧសដែលសម្រាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី » |
ព្រះគ្រីស្ទបានលីឈើឆ្កាងរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៩:១៦–១៨ ) ។ |
|
លោកុប្បត្តិ ២២:៧–៨—« កូនចៀមដែលសម្រាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ » |
ព្រះវរបិតាសួគ៌បានចាត់ព្រះរាជបុត្រារបស់ទ្រង់ ដែលជាកូនចៀមនៃព្រះ ឲ្យធ្វើជាពលិកម្មដ៏ធួន ( សូមមើល យ៉ូហាន ១:២៩ ) ។ |
|
លោកុប្បត្តិ ២២:៩—« ចងអ៊ីសាកជាកូន » |
ព្រះគ្រីស្ទត្រូវបានគេដំដែកគោលភ្ជាប់នឹងឈើឆ្កាង ( សូមមើល នីហ្វៃទី១ ១១:៣៣ ) ។ |
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យទទួលសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ទំនុកបទនៃបទចម្រៀងដែលជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់ ។ សូមចែកចាយអំពីមូលហេតុ ។
-
អ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញមកពីដំណើររឿងរបស់អ័ប្រាហាំ និងអ៊ីសាក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?