ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១៩—« កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ »


គ្រួសារ​របស់​ឡុត​កំពុង​ភៀសខ្លួន​ចេញពី​ទីក្រុង​សូដុំម

សូដុំម ដោយ ជូលៀស ឆ្ន័រ ហ្វុន ខារូលស៍ហ្វិល

លោកុប្បត្តិ ១៨–២៣ ៖ មេរៀន​ទី ២៦

លោកុប្បត្តិ ១៩

« កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះអម្ចាស់​តែងតែ​ខ្វល់ខ្វាយ​អំពី​ឥទ្ធិពល​អាក្រក់​ក្នុង​ជីវិត​របស់​យើង ។ សមាជិក​គ្រួសារ​របស់​ឡុត​បាន​រង​ឥទ្ធិពល​អាក្រក់ ដែល​បាន​ឡោមព័ទ្ធ​ពួកគេ​នៅក្នុង​ទីក្រុង​សូដុំម ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ឥទ្ធិពល​អាក្រក់ៗ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើតាម​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ពេញលេញ ។

សិក្សា​ព្រះគម្ពីរ

យាន​អវកាស

នៅ​ឆ្នាំ​១៩៨៦ យាន​អវកាស Challenger បាន​ហោះ​ឡើង​ជាមួយ​នឹង​អវកាសយានិក​ចំនួន​ប្រាំពីរ​នាក់​នៅលើ​នោះ ។ ត្រឹម​តែ ៧៣ វិនាទី​បន្ទាប់ពី​ការហោះ យាន​អវកាស​នោះ​បាន​ផ្ទុះ ។ អវកាសយានិក​ទាំង​ប្រាំពីរ​រូប​បាន​ស្លាប់ ។ ការស៊ើប​អង្កេត​បាន​រកឃើញ​ថា មូលហេតុ​នៃ​ការផ្ទុះ​នេះ គឺជា​ត្រា​បិត​កៅស៊ូ​តូច​មួយ​ដែល​ហៅថា O-ring ។ វិស្វករ​បាន​ព្រមាន​ថា ត្រា​បិត​នេះ​អាច​ឈប់​ដំណើរការ​ក្នុង​អាកាសធាតុ​ត្រជាក់ ។ ប៉ុន្ដែ​លទ្ធផល​ដូច្នោះ​ហាក់​ដូចជា​មិន​ងាយ​កើតឡើង​ទេ ដូច្នេះ​អ្នកធ្វើ​ការសម្រេច​ចិត្ត​បាន​មើល​រំលង​វា ។

ដំណើររឿង​ពី​យាន​អវកាស Challenger នេះ​គឺជា​ឧទាហរណ៍​មួយ​ពី​របៀប​ដែល​រឿង​តូចតាច​អាច​មាន​ផលវិបាក​ធំដុំ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​តំណាល​ពី​ដំណើររឿង​មួយ អំពី​របៀប​ដែល​ការសម្រេច​ចិត្ត​តូចតាច​បាន​ប៉ះពាល់​ដល់​អ័ប្រាហាំ និង​ក្មួយប្រុស​របស់​លោក​គឺ ឡុត ។ នៅពេល​អ្នកបម្រើ​របស់​ពួកគាត់​ចាប់ផ្តើម​ឈ្លោះ​ប្រកែក​គ្នា បុរស​ទាំងពីរ​នាក់​បាន​សម្រេចចិត្ត​ចែក​ដី​គ្នា និង​ចែក​ផ្លូវ​គ្នា ។

រូបតំណាង​គូសសម្គាល់សូម​អាន លោកុប្បត្តិ ១៣:៨–១៣ ហើយ​គូសសម្គាល់​ថា តើ​ដី​មួយណា​ដែល​ឡុត​បាន​ជ្រើសរើស និង​ការសម្រេច​ចិត្ត​តូច​មួយ ដែល​គាត់​បាន​ធ្វើ​អំពី​ត្រសាល​របស់​គាត់ ។

នៅ​ទីបំផុត ឡុត និង​គ្រួសារ​របស់​គាត់​បាន​ផ្លាស់​ទីលំនៅ ហើយ​ទៅ « នៅ ក្រុង​សូដុំម » ( លោកុប្បត្តិ ១៤:១២ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

សូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង លោកុប្បត្តិ ១៤:១២ ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ការសម្រេច​ចិត្ត​របស់​ឡុត​អំពី​ត្រសាល​របស់​គាត់ ទាក់ទង​នឹង​ការសម្រេច​ចិត្ត​ផ្លាស់​ទៅ​នៅ​ក្រុង​សូដុំម​របស់​គ្រួសារ​គាត់​យ៉ាង​ដូចម្តេច ?

ខណៈ​ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​សូដុំម​ដ៏​ទុច្ចរិត ទេវតា​បាន​យាង​មក​ជួប​នឹង​គ្រួសារ​របស់​ឡុត ។ ទេវតា​ដ៏​បរិសុទ្ធ​ទាំងនេះ​បាន​ព្រមាន​ពួកគេ​ឲ្យ​ភៀស​ខ្លួន ព្រោះ​ព្រះអម្ចាស់​នឹង​បំផ្លាញ​ទីក្រុង​នេះ​ចោល ។

រូបតំណាង​គូសសម្គាល់សូម​អាន លោកុប្បត្តិ ១៩:១៤–១៩, ២៤–២៦ ។ សូម​គូស​សម្គាល់​ការណែនាំ​ជាក់លាក់​ដែល​ឡុត និង​គ្រួសារ​របស់​គាត់​បាន​ទទួល និង​ចុង​បញ្ចប់​ដែល​ពេញ​ដោយ​សោកនាដកម្ម​សម្រាប់​ភរិយា​របស់​ឡុត ។

អែលឌើរ អិល ថម ភែរី ( ឆ្នាំ​១៩២២–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ អិល ថម ភែរី

ភាគច្រើន​នៃ​បញ្ហា​ដែល​ឡុត​បាន​ជួបប្រទះ​ក្រោយមក​នៅក្នុង​ជីវិត​របស់​គាត់ ហើយ​គាត់​មាន​បញ្ហា​ជាច្រើន អាច​មាន​ដាន​ចេញពី​ការសម្រេច​ចិត្ត​ដំបូង​របស់​គាត់ ដើម្បី​បែរ​ទ្វារ​ត្រសាល​របស់​គាត់​ទៅ​ខាង​ក្រុង​សូដុំម ។

អ័ប្រាហាំ ដែល​ជា​ឪពុក​នៃ​ពួកអ្នក​ស្មោះត្រង់ បាន​ដក​ពិសោធ​ជីវិត​ខុស​ពី​នោះ ។ ពិតណាស់ មាន​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្ដែ​វា​គឺជា​ជីវិត​ដ៏​មាន​ពរជ័យ​មួយ ។ យើង​មិន​ដឹង​ថា ទ្វារ​ត្រសាល​របស់​អ័ប្រាហាំ​បែរ​មុខ​ទៅខាងណា​នោះ​ទេ ប៉ុន្តែ​មាន​តម្រុយ​ដ៏​មុតមាំ​មួយ​នៅ​ខ​ចុងក្រោយ​គេ​នៃ​លោកុប្បត្តិ ជំពូក​ទី ១៣ ។ វា​ចែង​ថា « អាប់រ៉ាម [ ឬ អ័ប្រាហាំ ] ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា​នៅ​ទី​នោះ » ( លោកុប្បត្តិ ១៣:១៨ ) ។

ខណៈ​ខ្ញុំ​មិន​ដឹង​នៅឡើយ តែ​ខ្ញុំ​ផ្ទាល់​ជឿ​ថា ទ្វារ​ត្រសាល​របស់​អ័ប្រាហាំ​បែរ​មុខ​ទៅ​ទីអាសនា ដែល​លោក​បាន​ស្អាង​ថ្វាយ​ព្រះអម្ចាស់ ។ ( « The Power of Deliverance » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ​៩៦–៩៧ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ជម្រើស​តូចតាច​មាន​ផលប៉ះពាល់​អ្វីខ្លះ ទៅលើ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ ?

ត្រចៀក​ទ្វារ

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ​១៩២៧–២០១៨ ) បាន​បង្រៀន ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

មាន​ពាក្យ​ថ្លែង​ថា ទ្វារ​នៃ​ប្រវត្តិសាស្ត្រ​បើកឡើង​ដោយសារ​តែ​ត្រចៀក​ទ្វារ​ដ៏​តូច ហើយ​វា​ក៏​ដូចគ្នា​នឹង​ជីវិត​របស់​មនុស្ស​ដែរ ។ ការជ្រើសរើស​ដែល​យើង​ធ្វើ​កំណត់​អំពី​ជោគវាសនា​របស់​យើង ។ ( « Choices » Liahona ខែ​ឧសភា ឆ្នាំ​២០១៦ ទំព័រ​៨៦ )

ខណៈ​ដែល​ជម្រើស​តូចតាច​របស់​ឡុត​បាន​នាំ​ទៅរក​គ្រោះ​មហន្ដរាយ នោះ​ជម្រើស​តូចតាច​របស់​អ័ប្រាហាំ​បាន​នាំ​ទៅរក​សុភមង្គល​កាន់តែ​ខ្លាំង​ឡើង ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​បញ្ជី​មួយ​នៃ​ចំណុច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • រឿង​តូចតាច​ដែល​អ្នក​អាច​ធ្វើ​បាន ឬ​បន្ត​ធ្វើ ដើម្បី​ខិតចូល​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

  • រឿង​តូចតាច​ដែល​អ្នក​អាច​ឈប់​ធ្វើ​បាន ដែល​នឹង​ជួយ​អ្នក​ឲ្យ​ខិតចូល​កាន់តែ​ជិត​ព្រះគ្រីស្ទ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​គេច​ចេញពី​អំពើ​ទុច្ចរិត ?

រូបតំណាង​កត់​ចំណាំ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​តទៅ​នេះ​អំពី​ភរិយា​របស់​ឡុត ។ អ្នក​អាច​សរសេរ​កំណត់ចំណាំ​មួយ ដែល​រួមមាន​នូវ​ពាក្យសម្ដី​មួយ​ចំនួន ឬ​ពាក្យ​សម្ដី​ទាំងអស់​ពី​ប្រធាន ហូឡិន នៅក្បែរ លោកុប្បត្តិ ១៩:២៦ ។

ប្រធាន ហូឡិន

តាមមើល​ទៅ អ្វី​ដែល​ភរិយា​របស់​ឡុត​បាន​ធ្វើ​ខុស​គឺថា នាង​មិន​គ្រាន់តែ​គិត​ចង់​ត្រឡប់​ក្រោយ​វិញ​នោះ​ទេ គឺ​នាង​មាន​បំណងប្រាថ្នា​ចង់​ត្រឡប់​ទៅវិញ​តែម្តង ។ …

វា​អាច​ទៅរួច​ដែល​ថា ភរិយា​របស់​ឡុត​ងាក​ត្រឡប់​មើល​ក្រោយ ដោយ​ការអាក់អន់​ចិត្ត​នឹង​ព្រះអម្ចាស់​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​នាង​បោះបង់​ចោល​នោះ ។ ( « Remember Lot’s Wife » [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០០៩ ] ទំព័រ​២ នៅលើ​គេហទំព័រ speeches.byu.edu )

អ្នក​ប្រហែល​ជា​យល់ពី​អារម្មណ៍​របស់​ភរិយា​ឡុត​បាន ។ តើ​អ្នក​ធ្លាប់​ត្រូវបាន​ល្បួង​ឲ្យ​ត្រឡប់​ទៅរក​ជម្រើស​មិន​ល្អ​នៅក្នុង​អតីតកាល​ដែរ​ឬទេ ?

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ​អាន់ឌើរសិន

ពេលខ្លះ​នៅក្នុង​ការប្រែចិត្ត​របស់​យើង នៅក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រចាំ​ថ្ងៃ​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​ឃើញ​ថា ខ្លួន​យើង​ពុះពារ​នឹង​ទុក្ខលំបាក​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត ។ … សូម​កុំ​បាក់​ទឹកចិត្ត​ឡើយ ។ បើ​អ្នក​កំពុង​ខិតខំ និង​ធ្វើការ​ដើម្បី​ប្រែចិត្ត នោះ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ហើយ ។ …

ការលះបង់​ចោល​អំពើ​បាប​មាន​ន័យ​ថា មិន​ត្រឡប់​ក្រោយ​វិញ​ឡើយ ។ ការលះបង់​ចោល​អំពើបាប​ត្រូវការ​ពេលវេលា ។ ( « Repent … That I May Heal You » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ​៤១–៤២ )

រូបតំណាង​សៀវភៅ​កត់ចំណាំវា​អាច​មាន​ប្រយោជន៍​ក្នុង​ការមើល​វីដេអូ​នេះ​ប្រសិនបើ​មាន « New Year’s: Look Not behind Thee » ( ៣:០៩ ) ។

3:9

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ដាក់​ផែនការ​ដើម្បី​បន្ដ​នៅ​រឹងមាំ​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ធ្វើតាម​ព្រះអម្ចាស់ ។ សូម​រួមបញ្ចូល​អ្វី​ជាក់លាក់ ដែល​នឹង​ជួយ​រារាំង​អ្នក​កុំ​ឲ្យ​មើល​ទៅ​ក្រោយ​ដូចជា​ភរិយា​របស់​ឡុត ។ អ្នក​អាច​ពិចារណា​អំពី​ពាក្យ​ដូចនេះ​បាន ៖

  • ការលុប​ចោល​តន្ត្រី​ដែល​មិន​សមរម្យ ។

  • ការកែលម្អ​ការអធិស្ឋាន​របស់​អ្នក ។

  • ការធានា​ថា អ្នក​ចំណាយ​ពេលវេលា​ជាមួយ​នឹង​ឥទ្ធិពល​វិជ្ជមាន ។

  • ការអាន​ព្រះគម្ពីរ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ឥទ្ធិពល​អាក្រក់ៗ​ក្នុង​ជីវិត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើតាម​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កាន់តែ​ពេញលេញ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បញ្ជី​នៃ​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន បន្ត​ធ្វើ ឬ​ឈប់​ធ្វើ​ដើម្បី​ងាក​ទៅរក​ព្រះគ្រីស្ទ ។

  • ផែនការ​របស់​អ្នក​ដើម្បី​មិន​មើល​ទៅក្រោយ​ឡើយ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?