ថ្នាក់​សិក្ខាសាលា
អ័ប្រាហាំ ២:៩–១១—ការទទួល​ខុសត្រូវ​របស់​យើង​នៅក្នុង​សេចក្ដីសញ្ញា​អ័ប្រាហាំ


យុវជន​អាន​ព្រះគម្ពីរ

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ មេរៀន​ទី ២៤

អ័ប្រាហាំ ២:៩–១១

ការទទួល​ខុសត្រូវ​របស់​យើង​នៅក្នុង​សេចក្ដីសញ្ញា​អ័ប្រាហាំ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អ័ប្រាហាំ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ។ ដូចជា​ករណី​អ័ប្រាហាំ​ដែរ យើង​អាច​ជួយ​ព្រះ​ដើម្បី​នាំយក​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ក្រុមគ្រួសារ​ទាំងអស់​នៅលើ​ផែនដី​បាន ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការទទួល​ខុសត្រូវ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​ទទួល​ដំណឹងល្អ និង​បាន​ចុះ​សេចក្ដីសញ្ញា​ថា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ។

សិក្សា​ព្រះគម្ពីរ

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​បី​ពាក្យ ដែល​អ្នក​គិត​ថា​ពិពណ៌នា​អ្នក​បាន​ល្អ​បំផុត ។ តើ​អត្តសញ្ញាណ​ទាំងនេះ​ជះ​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​អ្នក​តាម​របៀប​ណា​ខ្លះ ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​អត្តសញ្ញាណ​របស់​យើង​ដូច​តទៅ​នេះ ៖

17:8
អែលឌើរ ដេវីឌ អេ បែដណា

អ្នក​ប្រហែលជា​រីករាយ​នឹង​តន្ត្រី អត្តពលកម្ម ឬ​មាន​ចំណូល​ចិត្ត​ខាង​មេកានិច ហើយ​ថ្ងៃណា​មួយ​អ្នក​អាច​ធ្វើការ​នៅក្នុង​ពាណិជ្ជកម្ម ឬ​ក្នុង​អាជីព​មួយ ឬ​ក្នុង​សិល្បៈ ។ ទោះជា​សកម្មភាព និង​ការងារ​បែបនេះ​អាច​សំខាន់​ដូចគ្នា​ក្ដី ក៏​វា​ពុំ​កំណត់​អត្តសញ្ញាណា​ថា យើង​ជា​នរណា​នោះ​ដែរ ។ អ្វី​ដែល​ជា​អាទិភាព និង​សំខាន់​បំផុត​គឺ​យើង​គឺជា​តួអង្គ​ខាង​វិញ្ញាណ ។ យើង​គឺជា​បុត្រា [ និង​បុត្រី ] របស់​ព្រះ និង​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ។ ( « Becoming a Missionary » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ​៤៧ )

សេចក្ដីសញ្ញា​អ័ប្រាហាំ ។ នៅក្នុង មេរៀន​ទី ២៣ ៖ លោកុប្បត្តិ ១២; ១៧ អ្នក​បាន​រៀន​ថា អ័ប្រាហាំ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ថា លោក​នឹង​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ ព្រះ​បាន​សន្យា​ថា​នឹង​ប្រទាន​ដល់​អ័ប្រាហាំ​នូវ​ពរជ័យ​ដ៏​មហិមា​ក្នុង​ពេល​អស់កល្ប​ជានិច្ច ។ បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​ដែល​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ អាច​ទទួល​បាន​ការសន្យា​ដែល​បាន​ធ្វើ​ជាមួយ​នឹង​អ័ប្រាហាំ​ដែរ ។ ពួកគេ​ក៏​ធ្វើ​សេចក្ដីសញ្ញា ដើម្បី​បំពេញ​តាម​ការទទួល​ខុសត្រូវ​ដ៏សំខាន់​ទាំងនេះ​ផងដែរ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិអ័ប្រាហាំ ២:៩–១១ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។⁠ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ​ថា ពូជ​របស់​លោក​នឹង ‹ បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ › » ។ ដើម្បី​ជួយ​អ្នក​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​គន្លឹះ សូម​សរសេរ​ពាក្យ​ទាំងនេះ​មិន​តាម​លំដាប់​លំដោយ ។ សូម​រៀន​ដាក់​ពាក្យ​ទាំងនេះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ​របស់​វា ។

រូបតំណាង​ហ្វឺត សូម​សិក្សា អ័ប្រាហាំ ២:៩–១១ ដោយ​គូស​សម្គាល់​ការទទួល​ខុសត្រូវ​របស់​យើង​ក្នុងនាមជា​ពូជពង្ស​របស់​អ័ប្រាហាំ ។ អ្នក​អាច​រកឃើញ​ថា ក្នុងនាមជា​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ការទទួល​ខុសត្រូវ​មួយ ដើម្បី​ផ្ដល់​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ដល់​ក្រុមគ្រួសារ​ទាំងអស់​នៅលើ​ផែនដី​នេះ ។

រូបតំណាង​តំណ​ភ្ជាប់អ្នក​អាច​ដាក់​តំណភ្ជាប់​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ទៅកាន់ អ័ប្រាហាំ ២:៩–១១ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ទីបន្ទាល់ ៖

ប្រធាន រ័សុល អិម ណិលសុន

ការទទួល​ខុសត្រូវ​របស់​យើង​គឺ​ដើម្បី​ជួយ​បំពេញ​សេចក្តីសញ្ញា​អ័ប្រាហាំ ។ គ្រាប់ពូជ​របស់យើង​ត្រូវបាន​តែងតាំង និង​រៀបចំ​ជាមុន​ដើម្បី​ប្រទាន​ពរជ័យ​ដល់មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​នេះ ។ នោះ​ហើយជា​មូលហេតុ​ដែលជា​កាតព្វកិច្ច​របស់​បព្វជិតភាព មាន​ដាក់​បញ្ចូល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ផងដែរ ។ បន្ទាប់ពី​ការរង់ចាំ និង​ការរៀបចំ​អស់​ប្រហែល ៤,០០០ ឆ្នាំ នេះ​គឺជា​ថ្ងៃ​ដែល​បាន​កំណត់​នៅពេល​ដែល​ដំណឹងល្អ​ត្រូវ​បាន​នាំយក​មកកាន់​ពូជ​មនុស្ស​នៅ​លើ​ផែនដី​នេះ ។ នេះ​គឺជា​ពេល​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ដែលបាន​សន្យាទុក ។ ហើយ​យើង​អាច​ចូលរួម​បាន ! តើ​នេះ​មិន​ជា​រឿងដ៏​គួរឲ្យ​រំភើប​ទេឬ ? ( « Covenants » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ​៨៨ )

រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ ( « Let God Prevail » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ​៩២–៩៣ )

សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​គិត​ពី​វិធី​មួយ​ចំនួន​ដែល​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ អាច​ប្រទាន​ពរជ័យ​ដល់​ក្រុមគ្រួសារ​បាន ។ តើ​អ្នក​អាច​ចូលរួម​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ? សូម​គិត​ដល់​យោបល់​បន្ថែម​ទៀត នៅពេល​អ្នក​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​កូនចៅ​របស់​អ័ប្រាហាំ ឬ​វង្ស​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

យុវជន​ជញ្ជឹងគិត ខណៈ​កំពុង​អាន​ព្រះគម្ពីរ

សូម​ជ្រើសរើស​ការអញ្ជើញ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន​ពី​ប្រធាន រ័សុល អិម ណិលសុន⁠ ។ លោក​បាន​ផ្តល់​ការអញ្ជើញ​ទាំងនេះ​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​របស់​ពួកគេ​ថា ៖

  • តម​កុំ​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ ។

  • ធ្វើការ​លះបង់​ពេលវេលា​មួយ​ប្រចាំ​សប្ដាហ៍​ថ្វាយ​ព្រះអម្ចាស់​សម្រាប់​រយៈពេល​បីសប្ដាហ៍ ។

  • ធ្វើការ​វាយតម្លៃ​អំពី​ជីវិត​ដើម្បី​ធានា​ឲ្យ​បាន​ថា អ្នក​កំពុង​ស្ថិត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

  • អធិស្ឋាន​ប្រចាំថ្ងៃ​ដើម្បី​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​អាច​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ក្រោក​ឈរ​ឡើង ហើយ​ធ្វើជា​បុគ្គល​ល្អ​ខុសពី​គេ ។ សិក្សា និង​ចែកចាយ​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ ( បាន​កែសម្រួល​ពី រ័សុល អិម ណិលសុន និង វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

ជម្រើស ខ

តើ​ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ដោយ​របៀប​ណា ?

យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ

សូម​គិត​អំពី​បុគ្គល​ម្នាក់​ដែល​អ្នក​អាច​ជួយ​ឲ្យ​ចុះ ឬ​កាន់តាម​សេចក្តីសញ្ញា​ទាំងឡាយ​ជាមួយ​នឹង​ព្រះ​បាន ។ វា​អាច​ជា​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​នរណា​ម្នាក់​នៅក្នុង​វួដ ឬ​សាខា​របស់​អ្នក ។ តើ​អ្នកមាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ? តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​ចំណែក​នៅក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ?

  • ផ្ញើ​សារលិខិត​នៃ​ដំណឹងល្អ​ទៅ​ពួកគេ​តាមរយៈ​សារ​ជា​អក្សរ សារ​តាម​ប្រព័ន្ធផ្ស​ព្វផ្សាយ​សង្គម ឬ​សរសេរ​សំបុត្រ​ខ្លី​មួយ ។

  • អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ឬ​ចូលរួម​សកម្មភាព​របស់​សាសនាចក្រ​នៅពេល​ខាងមុខ​ជាមួយ​អ្នក ។

  • ចែកចាយ​ព្រះគម្ពីរ​មរមន ឬ ដើម្បី​កម្លាំង​នៃ​យុវជន ជាមួយ​ពួកគេ ។

  • បង្កើត​សារលិខិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​អាច​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សាព្វផ្សាយ​សង្គម​បាន ។

ជម្រើស គ

តើ​ខ្ញុំ​អាច​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន​ដោយ​របៀប​ណា ?

យុវវ័យ​កំពុង​បង្រៀន​អំពី​ពង្សប្រវត្តិ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

18:52
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​និយាយ​ពី​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ប្រាកដ​ណាស់ យើង​សំដៅ​លើ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ ( « Let God Prevail » Liahona ខែ​វិចិ្ឆកា ឆ្នាំ​២០២០ ទំព័រ​៩២ )

ប្រើ​កូន​សៀវភៅ ក្រុមគ្រួសារ​របស់​ខ្ញុំ ( ឆ្នាំ​២០១៨ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ FamilySearch.org ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ពង្សប្រវត្តិ ។

នៅលើ​កម្មវិធី FamilySearch អ្នក​អាច​ប្រើប្រាស់​ផ្ទាំង​មុខងារ « ពិធីបរិសុទ្ធ​ត្រៀមរួច » ដើម្បី​ស្វែងរក​សមាជិក​គ្រួសារដែល​ត្រូវការ​ពិធីបរិសុទ្ធ​សម្រាប់​ពួកគាត់ ។ បម្រុងទុក​ពិធីបរិសុទ្ធ​ពីរបី ហើយ​ដាក់​ផែនការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ ឬ​អ្នក​អាច​ចែកចាយ​ពិធីបរិសុទ្ធ​ជាមួយ​សមាជិក​គ្រួសារ​ដទៃ​ទៀត ឬ​ជាមួយ​ព្រះវិហារ​បរិសុទ្ធ ។

ប្រសិនបើ​អ្នក​ចេះ​ប្រើ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ អ្នក​អាច​បង្រៀន​អ្នកដទៃ​អំពី​របៀប​ស្វែងរក និង​រៀន​បន្ថែម​អំពី​គ្រួសារ​របស់​ពួកគេ ។ សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នកអាច​បង្រៀនបាន ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន សូម​រៀបចំ​ពេលវេលា​ដើម្បី​ទៅ​លេង​ពួកគេ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការទទួល​ខុសត្រូវ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​ទទួល​ដំណឹងល្អ និង​បាន​ចុះ​សេចក្ដីសញ្ញា​ថា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ដើម្បី​កាន់តាម​សេចក្ដីសញ្ញា​អ័ប្រាហាំ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?