អ័ប្រាហាំនៅលើវាលទំនាបម៉ាមរេ ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន
លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖មេរៀនទី ២៣
លោកុប្បត្តិ ១២; ១៧
សេចក្ដីសញ្ញាអ័ប្រាហាំ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះអម្ចាស់បានបង្កើតសេចក្ដីសញ្ញាជាមួយអ័ប្រាហាំ ដែលបានធ្វើការសន្យាថានឹងប្រទានពរជ័យនានាដល់លោក ភរិយារបស់លោក សារ៉ា និងកូនចៅរបស់ពួកលោក ។ ឥឡូវនេះ សេចក្ដីសញ្ញានេះត្រូវបានស្គាល់ថាជាសេចក្តីសញ្ញាអ័ប្រាហាំ ។ ការសន្យា និងពរជ័យដដែលនេះក៏មានសម្រាប់ពួកយើងផងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យពន្យល់អំពីសេចក្ដីសញ្ញាអ័ប្រាហាំ និងរបៀបដែលសេចក្តីសញ្ញានេះទាក់ទងនឹងអ្នក ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកកំពុងរៀបចំខ្លួនដើម្បីទទួលពរជ័យអយ្យកោរបស់អ្នក ។ ប៊ីស្សព ឬប្រធានសាខារបស់អ្នកស្នើសុំឲ្យអ្នកឡើងនិយាយអំពីប្រធានបទ នេះ ។ គាត់ផ្តល់សំណួរបីឲ្យអ្នក ដើម្បីធ្វើជាគោលនៃការនិយាយរបស់អ្នក ៖
-
តើសេចក្តីសញ្ញាអ័ប្រាហាំគឺជាអ្វី ?
-
ហេតុអ្វីបានជាសេចក្ដីសញ្ញាអ័ប្រាហាំសំខាន់ចំពោះខ្ញុំ ?
-
តើពរជ័យអយ្យកោទាក់ទងនឹងសេចក្ដីសញ្ញាអ័ប្រាហាំយ៉ាងដូចម្ដេច ?
នៅពេលអ្នកសិក្សា សូមកត់ត្រាការយល់ដឹងនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ឬដាក់ស្លាកវគ្គបទគម្ពីរថា « សេចក្ដីសញ្ញាអ័ប្រាហាំ » ។ នៅចុងបញ្ចប់នៃមេរៀននេះ អ្នកនឹងប្រើកំណត់ចំណាំ និងស្លាកទាំងនេះដើម្បីរៀបចំការនិយាយរបស់អ្នក ។
សូមរំឭកថា អ័ប្រាហាំប្រាថ្នាចង់បាន « ពរទាំងឡាយខាងពួកអយ្យកោ » និងធ្វើជា « អ្នកដើរតាមសេចក្ដីសុចរិត » ( អ័ប្រាហាំ ១:២ ) ។ ព្រះអម្ចាស់បានសន្យាថានឹងដាក់ព្រះនាមទ្រង់លើអ័ប្រាហាំ ហើយប្រគល់បព្វជិតភាពដល់លោក ( សូមមើល អ័ប្រាហាំ ១:១៨ ) ។
សូមអាន លោកុប្បត្តិ ១២:២–៣, ៧; ១៧:១–៨; អ័ប្រាហាំ ២:១១ ។ សូមដាក់ស្លាកពរជ័យទាំងឡាយដែលព្រះបានប្រទានដល់អ័ប្រាហាំ សារ៉ា និងកូនចៅរបស់ពួកលោកថា « សេចក្ដីសញ្ញាអ័ប្រាហាំ » ។
សូមប្រៀបធៀបអ្វីដែលអ្នកបានរកឃើញ ជាមួយនឹងអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានលើកឡើង ៖
សេចក្ដីសញ្ញាដែលព្រះបានចុះជាមួយនឹងអ័ប្រាហាំ ហើយក្រោយមកបានបញ្ជាក់ជាថ្មីជាមួយនឹង អ៊ីសាក និងយ៉ាកុបមានសារៈសំខាន់យ៉ាងខ្លាំងបំផុត ។ វាមាននូវការសន្យាជាច្រើនរួមមាន ៖
ព្រះយេស៊ូវដែលជាព្រះគ្រីស្ទនឹងប្រសូតមកតាមរយៈពូជពង្សរបស់អ័ប្រាហាំ ។
កូនចៅរបស់អ័ប្រាហាំនឹងមានចំនួនច្រើន ដោយមានសិទ្ធិទទួលបានការកើនឡើងដ៏អស់កល្ប ហើយក៏មានសិទ្ធិទទួលបានបព្វជិតភាពផងដែរ ។
អ័ប្រាហាំនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន ។
ដែនដីមួយចំនួននឹងទទួលគ្រងមរតកដោយកូនចៅរបស់លោក ។
គ្រប់ជាតិសាសន៍នៅលើផែនដីនឹងមានពរដោយសារពូជពង្សរបស់លោក ។
សេចក្ដីសញ្ញានោះនឹងមានជានិរន្តរ៍—ពោលគឺមានដល់ « មួយពាន់ជំនាន់ » ។
( « Covenants » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ៨៧ )
នៅពេលអ្នករៀបចំការនិយាយរបស់អ្នក សូមគិតអំពីអ្វីដែលការសន្យាទាំងនេះបង្រៀនអ្នកអំពីព្រះ ។
សូមបំពេញសកម្មភាពទាំងពីរ ខាងក្រោមនេះ ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ហេតុអ្វីបានជាសេចក្ដីសញ្ញាអ័ប្រាហាំសំខាន់ចំពោះខ្ញុំ ?
សូមអានបទគម្ពីរពីរ ឬច្រើន នៅខាងក្រោម ហើយរកមើលរបៀបដែលអ្នកទទួលបានពរជ័យនៃសេចក្តីសញ្ញាទាំងនេះ ។ សូមបន្តកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ឬដាក់ស្លាកអ្វីដែលអ្នករកឃើញថា « សេចក្ដីសញ្ញាអ័ប្រាហាំ » ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនពីរបៀបដែលយើងម្នាក់ៗក៏អាចទទួលបានពរជ័យដូចគ្នានេះ ដែលព្រះបានសន្យានឹងអ័ប្រាហាំផងដែរ ៖
នៅពេលយើងឱបក្រសោបដំណឹងល្អនេះ ហើយបានទទួលបុណ្យជ្រមុជទឹក នោះយើងលើកដាក់លើខ្លួនយើងនូវព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ។ ពិធីបុណ្យជ្រមុជទឹកគឺជាទ្វារដែលនាំទៅរកការក្លាយជាអ្នកស្នងមរតករួមគ្នាចំពោះសេចក្តីសន្យាទាំងអស់ ដែលព្រះអម្ចាស់បានប្រទានពីបុរាណដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងកូនចៅរបស់ពួកលោក ។
… បងប្អូន និងខ្ញុំបានចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដោយផ្ទាល់ ។ បន្ទាប់មក យើងចូលទៅផ្លូវនេះកាន់តែពេញលេញនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនៃសេចក្ដីសញ្ញាអ័ប្រាហាំ ត្រូវបានផ្ដល់ឲ្យនៅក្នុងព្រះវិហារដ៏បរិសុទ្ធ ។ ក្រោយពីបានរស់ឡើងវិញ ពរជ័យទាំងនេះអនុញ្ញាតឲ្យយើងបាន « គ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និងអំណាចទាំងឡាយ អំណាចគ្រប់គ្រងទាំងឡាយដើម្បីទៅរក ‹ ភាពតម្កើងឡើង និងសិរីល្អក្នុងអ្វីៗគ្រប់ទាំងអស់ › [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១៩ ] » ។ ( « សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » Liahona ខែតុលា ឆ្នាំ២០២២ ទំព័រ ៤, ៦ )
តើពរជ័យអយ្យកោទាក់ទងនឹងសេចក្ដីសញ្ញាអ័ប្រាហាំយ៉ាងដូចម្ដេច ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ហើយរកមើលពាក្យ និងឃ្លាដែលជួយអ្នកឲ្យមើលឃើញទំនាក់ទំនងរវាងពរជ័យអយ្យកោ និងសេចក្ដីសញ្ញាអ័ប្រាហាំ ។ សូមកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ឬដាក់ស្លាកវាថា « សេចក្ដីសញ្ញាអ័ប្រាហាំ » ។
គ្រប់ពរជ័យអយ្យកោទាំងអស់មាននូវសេចក្តីប្រកាសអំពីពូជពង្ស ។ នៅពេលបុត្រាបុត្រីរបស់ព្រះបានជ្រមុជទឹក ហើយក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះពួកគេទទួលមរតកនូវសេចក្ដីសន្យាដែលព្រះបានធ្វើចំពោះអ័ប្រាហាំ និងកូនចៅរបស់លោក ប្រសិនបើពួកគេនៅតែសុចរិត ( សូមមើល អ័ប្រាហាំ ២:៩–១១ ) ។ ខណៈដែលបុគ្គលម្នាក់អាចដេញចុះមកតាមខ្សែស្រឡាយគ្រួសារច្រើនជាងមួយ ចេញពីវង្សអ៊ីស្រាអែល កុលសម្ព័ន្ធជាក់លាក់មួយជាធម្មតាត្រូវបានកំណត់អត្តសញ្ញាណដោយការបញ្ជាក់ថា បុគ្គលនោះមានទំនាក់ទំនងគ្រួសារជាមួយអ័ប្រាហាំ ។ មិនថាសេចក្ដីប្រកាសនេះមានន័យថា បុគ្គលម្នាក់នេះគឺជាកូនចៅផ្ទាល់ដោយឈាម ឬតាមរយៈការទទួលយកខាងវិញ្ញាណនោះមិនសំខាន់ទេ ( សូមមើល អ័ប្រាហាំ ២:១០ ) ។ សេចក្តីប្រកាសនៃពូជពង្សនេះបង្ហាញពីខ្សែស្រឡាយគ្រួសារ ដែលបុគ្គលម្នាក់ៗអាចទទួលមរតកនូវពរជ័យដែលបានសន្យារបស់អ័ប្រាហាំ ។ វាក៏រំឭកដល់បុគ្គលដ៏ស្មោះត្រង់ម្នាក់អំពីទំនួលខុសត្រូវខាងវិញ្ញាណ ដែលគាត់មានក្នុងនាមជាកូនចៅរបស់អ័ប្រាហាំផងដែរ ( សូមមើល អ័ប្រាហាំ ២:១១ ) ។ ( ប្រធានបទ និងសំណួរ « ពរជ័យអយ្យកោ » បណ្ណាល័យដំណឹងល្អ )
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ទាំងតាមរយៈពូជពង្សដោយផ្ទាល់ ឬដោយការសុំមកចិញ្ចឹម [ យើង ] ជា [ ពួក ] អ្នកគ្រងមរតកត្រឹមត្រូវចំពោះការសន្យាដែលបានធ្វើឡើងដោយព្រះទៅកាន់អ័ប្រាហាំ ។ យើងគឺជាពូជរបស់អ័ប្រាហាំ ។ មូលហេតុចម្បងមួយ ដែលយើងបានទទួលពររបស់លោកអយ្យកោគឺដើម្បីជួយយើងឲ្យយល់កាន់តែច្បាស់ថា តើយើងជាអ្នកណាក្នុងនាមជាពូជពង្សរបស់អ័ប្រាហាំ ហើយទទួលស្គាល់ការទទួលខុសត្រូវដែលកើតមានចំពោះយើង ។ ( « Becoming a Missionary » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ៤៧ )
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមពិនិត្យមើលកំណត់ចំណាំ និងស្លាកដែលអ្នកបានបង្កើតពេញមួយការសិក្សារបស់អ្នក ដើម្បីរៀបចំការនិយាយរបស់អ្នក ។ រួមជាមួយនឹងសំណួរទាំងបីនៅដើមមេរៀននេះ សូមប្រាកដថាបានរួមបញ្ចូលសំណួរខាងក្រោមនេះនៅក្នុងការនិយាយរបស់អ្នក ៖
-
តើពរជ័យដែលបានសន្យាទាំងនេះមានអត្ថន័យយ៉ាងណាចំពោះអ្នក ?
-
តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្នកអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះចំពោះអ្នក ?
ប្រសិនបើអ្នកមានអារម្មណ៍បំផុសគំនិត សូមទាក់ទងទៅប៊ីស្សព ឬប្រធានសាខារបស់អ្នក ហើយស្នើសុំដើម្បីផ្ដល់ការឡើងនិយាយរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យពន្យល់ពីសេចក្ដីសញ្ញាអ័ប្រាហាំ និងរបៀបដែលសេចក្តីសញ្ញានេះទាក់ទងនឹងអ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សូមចែកចាយការនិយាយរបស់អ្នកជាសារជាអក្សរ វីដេអូ ឬសំឡេង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?