« អេសាយ ៥៨:១–១២ ៖ អំណាចនៃការតមអាហារ និងការអធិស្ឋាន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៥៨:១–១២ ៖ អំណាចនៃការតមអាហារ និងការអធិស្ឋាន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៥៨–៦៦ ៖ មេរៀនទី ១២៦
អេសាយ ៥៨:១–១២
អំណាចនៃការតមអាហារ និងការអធិស្ឋាន
ព្រះអម្ចាស់បានបង្គាប់ឲ្យយើងតមអាហារ ។ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបទបញ្ញត្តិនេះ ? ពួកសាសន៍យូដាទទួលអារម្មណ៍ថាព្រះអម្ចាស់ពុំទទួលស្គាល់ការតមអាហាររបស់ពួកគេទេ ។ តាមរយៈអេសាយ ព្រះអម្ចាស់បានបង្រៀនប្រជាជននោះអំពីការតមអាហារដ៏ត្រឹមត្រូវ ។ មេរៀននេះអាចជួយសិស្សឲ្យមានបំណងប្រាថ្នាចង់តមអាហារតាមរបៀបរបស់ព្រះអម្ចាស់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេអំពីការតមអាហារ និងមូលហេតុនៃការតមអាហារ ។ ពួកគេក៏អាចស្នើសុំឪពុកម្តាយ ឬមិត្តភក្តិដែលទុកចិត្តឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការតមអាហារ
ដើម្បីជួយរៀបចំសិស្សឲ្យរៀនអំពីការតមអាហារ សូមពិចារណាធ្វើដូចខាងក្រោម ។ នៅពេលអ្នកពិភាក្សាអំពីប្រធានបទនេះ សូមព្យាយាមបង្កើតបរិយាកាសមួយដែលសិស្សអាចចែកចាយដោយបើកចំហដោយគ្មានសម្ពាធ ឬការវិនិច្ឆ័យឡើយ ។
សូមស្រមៃថាព្រឹកថ្ងៃអាទិត្យមួយ អ្នកបានត្រៀមខ្លួនជាស្រេចដើម្បីទទួលទានអាហារពេលព្រឹក ស្រាប់តែពេលនោះអ្នកនឹកឃើញថាវាជាថ្ងៃអាទិត្យតមអាហារ ។
-
តើគំនិតដំបូងបំផុតដែលអ្នកគិតឃើញគឺជាអ្វី ?
ប្រសិនបើចាំបាច់ សូមចែកចាយការពន្យល់ខាងក្រោមអំពីការតមអាហារពីក្បួនខ្នាតទូទៅ ៖
ព្រះអម្ចាស់បានបង្កើតក្រឹត្យវិន័យតមអាហារ និងដង្វាយតមអាហារដើម្បីប្រទានពរដល់រាស្ត្ររបស់ទ្រង់ ហើយផ្ដល់ជារបៀបមួយឲ្យពួកគេបម្រើជនទ័លក្រ ។ …
ការតមអាហារអាចធ្វើឡើងនៅពេលណាក៏បាន ។ ទោះជាយ៉ាងណាក្តី ជាទូទៅសមាជិករក្សាថ្ងៃឈប់សម្រាកដើមខែទុកជាថ្ងៃតមអាហារ ។ ជាទូទៅ ថ្ងៃតមអាហារមាននូវកិច្ចការដូចតទៅនេះ ៖
ការអធិស្ឋាន
ការមិនទទួលទានអាហារ និងទឹករយៈពេល ២៤ ម៉ោង ( ប្រសិនបើមានសុខភាពល្អ )
ការថ្វាយដង្វាយតមអាហារដោយសប្បុរស
ដង្វាយតមអាហារគឺជាប្រាក់ដង្វាយដើម្បីជួយដល់ជនទ័លក្រ ។ នៅពេលសមាជិកតមអាហារ ពួកគេត្រូវបានអញ្ជើញឲ្យថ្វាយដង្វាយតមអាហារដែលយ៉ាងហោចណាស់ស្មើនឹងតម្លៃនៃអាហារ ដែលមិនបានទទួលទាននោះ ។ សមាជិកត្រូវបានលើកទឹកចិត្តឲ្យមានចិត្តសប្បុរស ហើយថ្វាយដង្វាយឲ្យច្រើនជាងតម្លៃនៃអាហារទាំងនេះ ប្រសិនបើពួកគេមានលទ្ធភាព ។ ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ២២.២.២ បណ្ណាល័យដំណឹងល្អ )
សូមចំណាយពេលបន្តិចដើម្បីជញ្ជឹងគិតថាតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការតមអាហារ នៅពេលអ្នកគិតពិចារណាអំពីសំណួរខាងក្រោម ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការតមអាហារ ? ហេតុអ្វី ?
-
ប្រសិនបើអ្នកធ្លាប់បានតមអាហារពីមុនមក តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ និងការតមអាហារពីបទពិសោធន៍របស់អ្នក ?
-
តើអ្នកមានការព្រួយបារម្ភ ឬសំណួរអ្វីខ្លះអំពីការតមអាហារ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះអម្ចាស់ ដើម្បីជួយដោះស្រាយរាល់កង្វល់ទាំងឡាយដែលអ្នកមាន និងមានអារម្មណ៍ចង់តមអាហារ ។
ការបង្រៀនរបស់ព្រះអម្ចាស់អំពីការតមអាហារ
ព្រះអម្ចាស់បានណែនាំអេសាយឲ្យប្រកាសដោយក្លាហានអំពីអំពើបាបនៃវង្សអ៊ីស្រាអែល ។ ឧទាហរណ៍ ពួកគេបានអនុវត្តសាសនាតែសំបកក្រៅប៉ុណ្ណោះ រួមទាំងការតមអាហារដោយមានចេតនាខុស ។
សូមពិចារណាពន្យល់ ឬបង្ហាញព័ត៌មានខាងក្រោមណាមួយដែលអាចនឹងជួយសិស្ស នៅពេលពួកគេអានខគម្ពីរខាងក្រោម ៖
-
« ដើមបបុស » ( ខទី ៥ ) គឺជាស្មៅខ្ពស់ ស្តើងដែលធ្លាក់ជ្រុះ ។
-
« សំពត់ធ្មៃ » ( ខទី ៥ ) គឺជាសម្ភារដ៏ក្រៀមក្រំដែលមនុស្សពាក់ពីបុរាណដើម្បីជានិមិត្តរូបនៃការបន្ទាបខ្លួន ឬទុក្ខព្រួយរបស់ពួកគេ ។ ពួកគេក៏បានរោយផេះលើខ្លួនពួកគេដោយហេតុផលដូចគ្នាផងដែរ ។
សូមអាន អេសាយ ៥៨:៣–៥ ដោយរកមើលចម្លើយចំពោះសំណួរទាំងពីរនេះ ៖
-
តើប្រជាជននេះបានទូលសូមអ្វីខ្លះដល់ព្រះអម្ចាស់អំពីការតមអាហាររបស់ពួកគេ ?
-
តើព្រះអម្ចាស់មានព្រះបន្ទូលអ្វីខ្លះដល់ប្រជាជនដែលពួកគេបានធ្វើមិនត្រឹមត្រូវទាក់ទងនឹងការតមអាហាររបស់ពួកគេ ?
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេ និងចម្លើយអ្វីដែលលេចធ្លោចំពោះពួកគេ ។ ប្រសិនបើចាំបាច់ សូមចង្អុលបង្ហាញថា នៅពេលអ៊ីស្រាអែលតមអាហារ ពួកគេបានស្វែងរកការសប្បាយរបស់ពួកគេផ្ទាល់ ( ខទី៣ ) ចាត់ទុកការតមអាហារជាទុក្ខវេទនា ( ខទី ៣, ៥ ) ហើយបានប្រព្រឹត្តមិនល្អចំពោះអ្នកដទៃ (ខទី ៣–៤) ។
-
តើយើងអាចធ្វើកំហុសស្រដៀងគ្នានេះនៅពេលយើងតមអាហារតាមរបៀបណា ?
សូមពន្យល់ថា ព្រះអម្ចាស់មានបំណងឲ្យយើងតមអាហារខុសពីមនុស្សទាំងនេះ ។ ទ្រង់មានព្រះរាជបំណងថា យើងតមដោយអាកប្បកិរិយាបន្ទាបខ្លួន មានគោលបំណង និងចេតនាពិត ( សូមមើល ទំនុកដំកើង ៣៥:១៣; យ៉ូអែល ២:១២; យ៉ូណាស ៣:៤–១០; ម៉ាថាយ ៦:១៦–១៨; អាលម៉ា ៥:៤៦; ៦:៦;១៧:៣, ៩ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងតមអាហារដោយការបន្ទាបខ្លួន ដោយមានគោលបំណងសុចរិតជាក់លាក់ និងមានចេតនាពិត ?
ការសន្យាទាំងឡាយរបស់ព្រះអម្ចាស់
សូមពិចារណាសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងតមអាហារតាមរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យធ្វើ នោះ…
សូមអាន អេសាយ ៥៨:៦–១២ ដោយរកមើលគោលបំណង និងពរជ័យដែលព្រះអម្ចាស់សន្យាដល់អ្នកដែលតមអាហារដូចដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យធ្វើ ។ អ្នកអាចនឹងចង់គូសចំណាំនូវចំណុចទាំងនោះ ។
អេសាយ ៥៨:៦–៧ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
ស្នើសុំសិស្សឲ្យបំពេញប្រយោគដោយផ្អែកលើការសិក្សារបស់ពួកគេ ។ ពួកគេអាចសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗ ៖
-
ទ្រង់នឹងដោះច្រវាក់អំពើអាក្រក់ ឬអំពើបាបមកលើយើង ( សូមមើល អេសាយ ៥៨:៦ ) ។
-
ទ្រង់នឹងដោះច្រវាក់ ( សូមមើល អេសាយ ៥៨:៦ ) ។
-
យើងនឹងថែរក្សាអ្នកក្រីក្រ និងខ្វះខាត ( សូមមើល អេសាយ ៥៨:៧ ) ។
-
ទ្រង់នឹងប្រទានពរដល់យើងជាមួយនឹងពន្លឺ និងសុខភាពល្អ ( សូមមើល អេសាយ ៥៨:៨ ) ។
-
ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ( សូមមើល អេសាយ ៥៨:៩ ) ។
ពរជ័យនៃការតមអាហារ
ដើម្បីជួយសិស្សយល់ពីពរជ័យដែលពួកគេបានរកឃើញ សូមអញ្ជើញពួកគេឲ្យជ្រើសរើសស្ថានភាពមួយ ឬពីរខាងក្រោមនេះ ៖
-
យុវជនម្នាក់កំពុងតានតឹងអំពីការងារសាលា និងអនាគតរបស់គាត់ ។
-
យុវនារីម្នាក់មានអារម្មណ៍ថានាងមិនអាចស្អាតស្អំបានទៀតទេ ដោយសារអំពើបាបរបស់នាង ។
-
យុវជនម្នាក់កំពុងអធិស្ឋានដើម្បីដឹងថាតើសាសនាចក្រគឺពិតឬអត់ ប៉ុន្តែកំពុងតស៊ូដើម្បីទទួលបានចម្លើយ ។
-
យុវនារីម្នាក់ចង់ជួយជនក្រីក្រ ។
-
យុវជនម្នាក់ប្រឈមមុខនឹងបញ្ហាដែលគាត់មិនដឹងថាគាត់អាចយកឈ្នះបានឬអត់ ។
សូមស្វែងរកឃ្លាមួយមកពី អេសាយ ៥៨:៦–១២ ដែលអាចជំរុញចិត្តមនុស្សក្នុងស្ថានភាពនេះឲ្យតមអាហារ ហើយអធិស្ឋានទូលសូមជំនួយពីព្រះ ។ ( ស្ថានភាពខ្លះអាចមានឃ្លាច្រើនជាងមួយដែលអាចអនុវត្តបាន ) ។
ក្នុងក្រុមតូចៗ ឬជាថ្នាក់ សូមអញ្ជើញសិស្សឲ្យចែកចាយពីស្ថានភាពដែលពួកគេបានជ្រើសរើស និងឃ្លាដែលអាចជួយ និងមូលហេតុ ។
អ្នកក៏អាចអញ្ជើញពួកគេឲ្យចែកចាយស្ថានភាពផ្សេងទៀតដែលពរជ័យដែលព្រះអម្ចាស់បានសន្យានៅក្នុងខគម្ពីរទាំងនេះអាចមានប្រយោជន៍ ឬសួរថាតើពរជ័យណាមួយដែលមានអត្ថន័យជាពិសេសចំពោះពួកគេ និងមូលហេតុ ។
-
តើការតមអាហារ និងការទទួលពរជ័យទាំងនេះអាចនាំអ្នកខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ឧទាហរណ៍នៃការតមអាហារ និងការថ្វាយដង្វាយតមអាហារ
ដើម្បីជួយសិស្សឲ្យយល់អំពីគំរូរបស់ព្រះអង្គសង្គ្រោះ សូមពន្យល់ថាទ្រង់បានតមអាហារ ហើយបានបង្រៀនអំពីការតមអាហារ ខណៈពេលដែលកំពុងរស់នៅតាមគោលការណ៍នេះផងដែរ ។ ទ្រង់បានតមអាហារមុនពេលការងារបម្រើនៅលើផែនដីរបស់ទ្រង់ ( សូមមើល ម៉ាថាយ ៤:១–២ ហើយកត់ចំណាំថា ការបកប្រែដោយយ៉ូសែប ស៊្មីធសម្រាប់ម៉ាថាយ ៤:១ កែតម្រូវឃ្លា « ដើម្បីឲ្យត្រូវអារក្សល្បួង » ទៅជា « ដើម្បីទៅជួបព្រះ » វិញ ) ។ ទ្រង់ក៏បានបង្រៀនថាឥទ្ធិពលអាក្រក់មួយចំនួនចាកចេញបាន « ដោយសារតែអធិស្ឋាន ហើយនិងតមអត់ » ប៉ុណ្ណោះ ( ម៉ាថាយ ១៧:១៩, ២១ ) ។
សូមពិចារណាពីការបង្ហាញឧទាហរណ៍ខាងក្រោមនៃការតមអាហារក្នុងសម័យទំនើបនេះ ហើយសួរសិស្សនូវអ្វីដែលពួកគេចូលចិត្ត ឬបានរៀនពីការតមអាហារនោះ ៖
-
« Fast Offerings: A Simple Commandment with a Marvelous Promise » ( ៣:០១ ) ៖ ប្រធាន ហែនរី ប៊ី អាវរិង ប្រាប់ពីបទពិសោធន៍របស់ស្ត្រីម្នាក់ជាមួយនឹងការតមអាហារនៅប្រទេសសៀរ៉ា ឡេអូន ក្នុងអំឡុងពេលមានសង្រ្គាម ។
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងការតមអាហារ ព្រមទាំងសំណួរខាងក្រោមនេះសម្រាប់ពេលខ្លះ ៖
-
តើព្រះអម្ចាស់បានប្រទានពរជ័យអ្វីខ្លះដល់អ្នក ឬអ្នកដែលអ្នកស្គាល់ដោយសារការតមអាហារ ?
-
តើអ្នក ឬអាចធ្វើឲ្យការតមអាហាររបស់អ្នកកាន់តែមានន័យដោយរបៀបណា ?
សូមពិចារណាចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ផងដែរ ។
អារម្មណ៍របស់អ្នកអំពីការតមអាហារ
សូមពិចារណាអំពីចំណាប់អារម្មណ៍ទាំងឡាយដែលអ្នកបានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធក្នុងអំឡុងមេរៀននេះ នៅពេលអ្នកសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីអារម្មណ៍របស់អ្នកអំពីការតមអាហារ ។ អ្នកអាចជ្រើសរើសរួមបញ្ចូលពរជ័យពីព្រះអម្ចាស់ដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នក និងមូលហេតុ ។
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ « អេសាយ ៥៨:៦–៧ » គឺ « ពរជ័យនៃការតមអាហារដែលត្រឹមត្រូវ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។