« អេសាយ ៦១ ៖ បេសកកម្មរបស់ព្រះយេស៊ូវដែលជាព្រះមែស៊ី » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៦១ ៖ បេសកកម្មរបស់ព្រះយេស៊ូវដែលជាព្រះមែស៊ី » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៥៨–៦៦ ៖ មេរៀនទី ១២៨
អេសាយ ៦១
បេសកកម្មរបស់ព្រះយេស៊ូវដែលជាព្រះមែស៊ី
នៅក្នុង អេសាយ ៦១ អេសាយបានបង្រៀនអំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ដើម្បីប្រោសឲ្យជា រំដោះ លួងលោម និងសង្គ្រោះយើង ។ មនុស្សមួយចំនួនប្រហែលជាមិនប្រាកដទេថាតើព្រះយេស៊ូវគ្រីស្ទកំពុងប្រទានជំនួយ និងការលួងលោមនោះនៅក្នុងជីវិតរបស់យើងនៅពេលណាខ្លះនោះទេ ។ មេរៀននេះអាចជួយសិស្សឲ្យសិស្សបង្កើនទំនុកចិត្តរបស់ពួកគេលើសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការប្រោសឲ្យជា រំដោះ និងលួងលោមយើង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតអំពីភស្តុតាងដែលពួកគេបានឃើញនៅក្នុងជីវិតរបស់ពួកគេ ឬជីវិតរបស់អ្នកដទៃ ដែលព្រះយេស៊ូវគ្រីស្ទប្រោសឲ្យជា លួងលោម និងលើករាស្រ្តទ្រង់ឡើងនៅថ្ងៃនេះ ។ សូមស្នើពួកគេឲ្យមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីត្រូវការរបស់យើងសម្រាប់ព្រះមែស៊ី
ដើម្បីជួយសិស្សឲ្យស្គាល់តម្រូវការរបស់យើងក្នុងការមានព្រះយេស៊ូវគ្រីស្ទ សូមពិចារណាចាប់ផ្តើមថ្នាក់ដោយបង្ហាញរូបភាពដែលពិពណ៌នាអំពីស្ត្រីម្នាក់ ដកស្រង់ចេញពីព្រះគម្ពីរសញ្ញាថ្មីដែលមានជំងឺធ្លាក់ឈាម ( សូមមើល ម៉ាកុស ៥:២៤–៣៤ ) ។
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេដឹងអំពីស្ថានភាពរបស់នាង ។ ប្រសិនបើចាំបាច់ សូមពន្យល់ថានាងមានការព្រួយបារម្ភអំពីសុខភាព « ឈឺធ្លាក់ឈាមអស់ ១២ ឆ្នាំមកហើយ » ( ម៉ាកុស ៥:២៥ ) ។ នាង « បានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ » ដើម្បីស្វែងរកការព្យាបាលពីគ្រូពេទ្យ ប៉ុន្តែជំងឺរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ( ម៉ាកុស ៥:២៦ ) ។ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ មនុស្សណាម្នាក់ដែលមានជំងឺធ្លាក់ឈាម គឺត្រូវបានចាត់ទុកថាពុំស្អាតស្អំ ( សូមមើល លេវីវិន័យ ១៥:១៩–៣៣ ) ដូច្នេះស្ត្រីរូបនេះទំនងជាត្រូវបានសង្គមបដិសេធតាមរបៀបមួយចំនួនក្នុងអំឡុងពេល ១២ ឆ្នាំនោះ ។
សួរសំណួរខាងក្រោមពេលដាក់បង្ហាញរូបភាពនេះ ។
-
តើអ្នកស្រមៃថានាងអាចគិត ឬមានអារម្មណ៍យ៉ាងណា ?
-
តើក្មេងវ័យជំទង់អាចដកពិសោធន៍គំនិត ឬអារម្មណ៍ស្រដៀងគ្នានៅសព្វថ្ងៃនេះដោយរបៀបណា ?
សិស្សអាចអញ្ជើញវិវរណៈផ្ទាល់ខ្លួនមកក្នុងការសិក្សារបស់ពួកគេ ដោយគិតអំពីជីវិត និងកាលៈទេសៈរបស់ពួកគេ ។ វិធីមួយដើម្បីជួយពួកគេធ្វើបែបនេះអាចជាការដាក់បង្ហាញការណែនាំដូចខាងក្រោម ៖
សូមគិតអំពីបញ្ហាប្រឈមទាំងឡាយដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងប្រឈមមុខនៅពេលនេះ និងរបៀបដែលត្រូវការជំនួយរបស់ព្រះអង្គសង្គ្រោះ ។ អេសាយបានព្យាករពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើង និងស្ត្រីរូបនេះ ។ នៅពេលដែលអ្នកសិក្សា អេសាយ ៦១ នៅថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីជួយអ្នកមើលពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកំពុងធ្វើការនៅក្នុងជីវិតរបស់អ្នក ។
បេសកកម្មរបស់ព្រះមែស៊ី
ដើម្បីរៀបចំសិស្សឲ្យសិក្សា អេសាយ ៦១ សូមសរសេរនៅលើក្ដារខៀនផ្នែកខាងលើនូវឃ្លាខាងក្រោមនេះ ៖ ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យមក …
នៅក្នុង អេសាយ ៦១ អេសាយបានព្យាករអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ នៅក្នុងខគម្ពីរទាំងនេះ អេសាយនិយាយប្រៀបដូចជាព្រះមែស៊ី ឬដូចជាព្រះអង្គសង្គ្រោះកំពុងតែមានព្រះបន្ទូល ។
សូមអាន អេសាយ ៦១:១–៣ ហើយបញ្ចប់សេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ៖ ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យមក …
អ្នកអាចពន្យល់ថា បានចាក់ប្រេងតាំង នៅក្នុង ខទី ១ មានន័យថាព្រះយេស៊ូវគ្រីស្ទត្រូវបានញែកចេញ ឬបានចាត់ឲ្យមកដោយមានគោលបំណងជាក់លាក់មួយ ។ « ព្រះគ្រីស្ទ ( ជាពាក្យក្រេក ) និងព្រះមែស៊ី ( ជាពាក្យហេព្រើរ ) មានន័យថា ‹ អ្នកដែលបានចាក់ប្រេងតាំង › » ( « ព្រះយេស៊ូវគ្រីស្ទ » សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ) ។
អ្នកក៏អាចពន្យល់ថា មនុស្សទាល់ក្រ នៅក្នុងបរិបទនៃ ខទី ១ អាចមានន័យថា ក្រីក្រ រងទុក្ខ ឬរាបទាប ។
-
តើអ្នកបានរកឃើញអ្វីខ្លះដែលជួយអ្នកឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយនរណាម្នាក់នៅថ្ងៃនេះ ?
អ្នកអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលសិស្សចែកចាយ ឬអញ្ជើញពួកគេឲ្យធ្វើដូច្នោះ ។ នៅពេលសិស្សចែកចាយ នោះពួកគេអាចនឹងបញ្ចប់សេចក្តីថ្លែងការណ៍ដូចតទៅនេះ ៖ ព្រះវរបិតាសួគ៌បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យមក …
-
ផ្សព្វផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ រងទុក្ខ និងរាបទាប ( សូមមើល ខទី ១ ) ។
-
ប្រោសមនុស្សដែលមានចិត្តសង្រេង ( សូមមើល ខទី ១ ) ។
-
សេចក្តីប្រោសលោះដល់ពួកឈ្លើយ ( សូមមើល ខទី ១ ) ។
-
កម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ( សូមមើល ខទី ២ ) ។
-
ផ្តល់ភួងលំអរ និងអំណរដល់អ្នកដែលជាប់ទៅដោយសេចក្ដីសោកសៅ ( សូមមើល ខទី ៣ ) ។
ការសួរសំណួរតាមដានគឺជាជំនាញដ៏មានប្រសិទ្ធភាពមួយដើម្បីជួយសិស្សឲ្យវិភាគនូវអ្វីដែលពួកគេទើបតែបានសិក្សានៅក្នុងព្រះគម្ពីរ ឬអ្វីដែលពួកគេបានឮនរណាម្នាក់ចែកចាយ ។ អ្នកអាចពិចារណាសួរសំណួរតាមដានដូចខាងក្រោមនេះ ដើម្បីជួយសិស្សពិចារណាអំពីអត្ថន័យនៃអត្ថបទ ៖ « តើមនុស្សម្នាក់អាចនឹងត្រូវគេចាប់ជាឈ្លើយសឹកដោយរបៀបណា ? » ឬ « តើអ្នកគិតថាវាមានន័យយ៉ាងណាថាទ្រង់នឹងប្រទានឲ្យយើងនូវ ‹ ភួងលម្អជំនួសផេះ › ? »
ការដឹងពីរបៀបដែលព្រះអង្គសង្គ្រោះបំពេញបេសកកម្មរបស់ទ្រង់
អ្នកប្រហែលជាចង់ចែកចាយសេចក្តីសង្ខេបនៃ លូកា ៤:១៦–២១ ដូចខាងក្រោមជាមួយសិស្ស ។
ក្នុងអំឡុងពេលជីវិតរបស់ទ្រង់នៅលើផែនដី ព្រះយេស៊ូវគ្រីស្ទបានអានពី អេសាយ ៦១ នៅឯសាលាប្រជុំនៅណាសារ៉ែតដែលជាស្រុកកំណើតរបស់ទ្រង់ ។ តាមរយៈពាក្យសម្តីរបស់អេសាយ ព្រះយេស៊ូវគ្រីស្ទបានថ្លែងទីបន្ទាល់ថា ទ្រង់គឺជាព្រះមែស៊ីដែលបានសន្យាដែលព្រះវរបិតាសួគ៌បានចាត់ឲ្យមកជាមួយនឹងបេសកកម្មដើម្បីប្រោសឲ្យជា រំដោះ លួងលោម និងសង្គ្រោះ ( សូមមើល លូកា ៤:១៦–២១ ) ។
ដើម្បីជួយសិស្សឲ្យចាប់ផ្តើមមើលឃើញពីរបៀបដែលព្រះអង្គសង្គ្រោះអាចបំពេញបេសកកម្មរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ អ្នកអាចអញ្ជើញសិស្សឲ្យសិក្សាឧទាហរណ៍ទាំងឡាយពីព្រះគម្ពីរជាក្រុម ។
ជ្រើសរើសសេចក្តីថ្លែងការណ៍មួយនៅលើក្តារខៀន ។ សិក្សាគំរូមួយនៅក្នុងព្រះគម្ពីរដែលព្រះអង្គសង្គ្រោះបំពេញបេសកកម្មរបស់ទ្រង់ដោយជួយនរណាម្នាក់ដែលមានបញ្ហាប្រឈមពិសេសរបស់ពួកគេ ។ អ្នកអាចប្រើឧទាហរណ៍ក្នុងព្រះគម្ពីរដែលបានផ្ដល់ឲ្យ ឬស្វែងរកឧទាហរណ៍ដោយខ្លួនអ្នកផ្ទាល់ ។ អ្នកក៏អាចគិតពីឧទាហរណ៍នៅសម័យទំនើបផងដែរ ។
-
រងទុក្ខ ៖ បុរសដែលមានជំងឺស្លាប់ដៃស្លាប់ជើង ( ម៉ាកុស ២:១–១២ )
-
ចិត្តសង្រេង ៖ ស្រ្តីដែលមានបញ្ហាធ្លាក់ឈាម ( ម៉ាកុស ៥:២៤–៣៤ )
-
ឈ្លើយ ៖ អាលម៉ាជាកូន ( អាលម៉ា ៣៦:១៦–២១ )
-
យំសោក ៖ ម៉ារា និងម៉ាថា ( យ៉ូហាន ១១:២០–៣៦ )
-
សោកសៅ ៖ អាលម៉ា និងប្រជាជនរបស់លោក ( ម៉ូសាយ ២៤:៨–២១ )
នៅពេលអ្នកសិក្សា សូមរកមើលចម្លើយទាំងឡាយចំពោះសំណួរទាំងឡាយខាងក្រោមនេះ ៖
-
តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចបំពេញបេសកកម្មរបស់ទ្រង់សម្រាប់អ្នកនៅក្នុងជីវិតរបស់អ្នក ?
-
តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះពីរបៀបដែលអ្នកអាចយាងអញ្ជើញព្រះចេស្ដារបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ?
នៅពេលសិស្សសិក្សា សូមជួយឆ្លើយសំណួរណាមួយដែលពួកគេអាចមាន ។
បន្ទាប់ពីពួកគេបានសិក្សារួចរាល់ហើយ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនដែលអាចជួយនរណាម្នាក់ដែលកំពុងប្រឈមមុខនឹងបញ្ហាលំបាក ។
សួរសំណួរដែលអញ្ជើញសិស្សឲ្យគិតពិចារណាអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដូចតទៅនេះ អាចជួយពួកគេឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេ ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីការផ្តល់ការអញ្ជើញដែលជួយអ្នករៀនឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងបទពិសោធន៍របស់ពួកគេ សូមមើលផ្នែក « ជួយសិស្សឲ្យស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ » នៅក្នុងផ្នែក ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។
ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការមើលឃើញគំរូនៅក្នុងសម័យទំនើបនេះ មុនពេលចែកចាយបទពិសោធន៍របស់ពួកគេ នោះអ្នកអាចមើលបទពិសោធន៍របស់ ដាលីន នៅក្នុង « Feeling the Lord’s Love and Goodness in Trials » ( ៤:១៨ ) ។
4:17 -
តើអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទបំពេញបេសកកម្មរបស់ទ្រង់តាមរបៀបណាខ្លះក្នុងជីវិតរបស់អ្នក ឬក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ?
ចែកចាយអ្វីដែលអ្នកជឿអំពីទ្រង់
សូមឲ្យសិស្សមានពេលដើម្បីដំណើរការពីរបៀបដែលអ្វីៗដែលពួកគេបានរៀនអាចជះឥទ្ធិពលដល់ជីវិតរបស់ពួកគេនៅខាងក្រៅថ្នាក់ ។ សកម្មភាពខាងក្រោមភ្ជាប់ទៅនឹងបញ្ហាប្រឈមដែលពួកគេបានគិតនៅពេលថ្នាក់ចាប់ផ្ដើម ។
សរសេរសារទៅកាន់មនុស្សដែលអ្នកកំពុងគិតដល់ក្នុងថ្ងៃនេះ ដែលបច្ចុប្បន្នកំពុងជួបប្រទះការលំបាកក្នុងជីវិតរបស់ពួកគេ ( មនុស្សម្នាក់នេះអាចជាខ្លួនអ្នក ) ។ ស្វែងរកជំនួយពីព្រះវិញ្ញាណដើម្បីដឹកនាំអ្នក នៅពេលអ្នកសរសេរ ។ នៅក្នុងសំបុត្រ សូមចែកចាយសេចក្តីពិត ឬបទពិសោធន៍ដែលអ្នកបានឮ និងរៀនអំពីព្រះអង្គសង្គ្រោះនៅថ្ងៃនេះ ដែលអ្នកគិតថាអាចលើកទឹកចិត្ត ឬនាំមកនូវក្តីសង្ឃឹមដល់បុគ្គលរូបនេះ ។
សូមពិចារណាបញ្ចប់ដោយទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ ។