« អេសាយ ៥៨:១៣–១៤ ៖ ‹ រាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« អេសាយ ៥៨:១៣–១៤ ៖ ‹ រាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
អេសាយ ៥៨–៦៦ ៖ មេរៀនទី ១២៧
អេសាយ ៥៨:១៣–១៤
« រាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត »
ព្រះអង្គសង្គ្រោះបានបង្រៀនថា ថ្ងៃឈប់សម្រាកត្រូវបានប្រទានឲ្យដើម្បីប្រទានពរដល់រាស្ដ្ររបស់ទ្រង់ ( សូមមើល ម៉ាកុស ២:២៧ ) ។ តើអ្នកបានមើលឃើញពរជ័យអ្វីខ្លះដែលអ្នកបានមកពីការគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ? នៅក្នុងអេសាយ យើងរៀនថា ប្រសិនបើយើងគោរពដល់ព្រះវរបិតា និងព្រះរាជបុត្រានៅថ្ងៃឈប់សម្រាកដ៏បរិសុទ្ធរបស់ទ្រង់ នោះថ្ងៃនោះនឹងជាពរជ័យដល់យើង ។ មេរៀននេះអាចជួយសិស្សឲ្យគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីអ្វីដែលពួកគេបានដឹងរួចហើយអំពីការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ។ ពួកគេអាចធ្វើបញ្ជីនៃអ្វីដែលពួកគេមានអារម្មណ៍ថា ពួកគេធ្វើបានល្អដើម្បីធ្វើឲ្យថ្ងៃឈប់សម្រាកបានបរិសុទ្ធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកមានអារម្មណ៍យ៉ាងណានៅថ្ងៃឈប់សម្រាក ?
ការផ្តល់ពេលវេលាឲ្យសិស្សជញ្ជឹងគិតពីអារម្មណ៍របស់ពួកគេអំពីសេចក្តីពិតនៃដំណឹងល្អអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេស្គាល់អំពីអ្វីដែលពួកគេធ្វើបានល្អ និងផ្នែកដែលពួកគេប្រហែលជាត្រូវកែលម្អ ។
សូមចំណាយពេលបន្តិចដើម្បីគិតអំពីអារម្មណ៍របស់អ្នកនៅថ្ងៃអាទិត្យ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកចងចាំកិច្ចការមួយចំនួនដែលអ្នកធ្វើនៅថ្ងៃអាទិត្យ ដែលអាចរួមចំណែកដល់អារម្មណ៍របស់អ្នកអំពីថ្ងៃឈប់សម្រាក ។ បន្ទាប់មក សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកនឹងពិពណ៌នាអំពីអារម្មណ៍បច្ចុប្បន្នរបស់អ្នកអំពីថ្ងៃឈប់សម្រាកយ៉ាងដូចម្ដេច ?
-
តើមានកិច្ចការអ្វីខ្លះដែលអ្នកកំពុងព្យាយាមធ្វើ ( ឬមិនធ្វើ ) នៅថ្ងៃឈប់សម្រាក ?
-
តើអ្នកមានអារម្មណ៍ថា អ្វីដែលអ្នកតែងតែធ្វើនៅថ្ងៃអាទិត្យ គឺជួយអ្នកឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
នៅពេលអ្នកសិក្សា អេសាយ ៥៨:១៣–១៤ ថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់ពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសន្យា នៅពេលអ្នកថ្វាយបង្គំទ្រង់ទាំងទ្វេនៅថ្ងៃបរិសុទ្ធរបស់ទ្រង់ទាំងទ្វេ ។
ការគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាករបស់ទ្រង់
អេសាយ ៥៨:១៣–១៤ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
នៅថ្ងៃទីប្រាំពីរនៃការបង្កបង្កើតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសម្រាកពីការកិច្ចការទាំងអស់របស់ទ្រង់ទាំងទ្វេ ។ ទ្រង់ទាំងទ្វេបានប្រទានពរដល់ថ្ងៃនេះ ហើយបានបង្កើតវាជាថ្ងៃសម្រាកដ៏ពិសិដ្ឋពី « កិច្ចការ » ខាងផែនដី ( សូមមើល ម៉ូសេ ៣:៣ ) ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានអញ្ជើញយើងទាំងអស់គ្នាឲ្យធ្វើតាមគំរូនេះ ( សូមមើល និក្ខមនំ ២០:៨–១០ និង ចោទិយកថា ៥:១២–១៤ ) ។ តាមរយៈព្យាការីអេសាយរបស់ទ្រង់ ព្រះអម្ចាស់បានបញ្ជារាស្ដ្ររបស់ទ្រង់ម្ដងទៀតឲ្យឧទ្ទិសថ្ងៃឈប់សម្រាកដល់ទ្រង់ ។
សូមជួយសិស្សឲ្យស្វែងរកការអញ្ជើញមួយចំនួនដែលព្រះអម្ចាស់ប្រទានដល់យើងអំពីថ្ងៃឈប់សម្រាក ដោយសរសេរសេចក្ដីថ្លែងការណ៍មិនពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ យើងរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធដោយ …
នៅពេលព្រះអម្ចាស់បានប្រទានបទបញ្ញត្តិដប់ប្រការដល់ពួកសាសន៍អ៊ីស្រាអែល ទ្រង់បានបញ្ជាឲ្យញែកថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធ ដើម្បីថ្វាយបង្គំទ្រង់ ។
សូមអាន អេសាយ ៥៨:១៣ ដោយគូសចំណាំពាក្យ និងឃ្លាដែលលេចធ្លោចំពោះអ្នក ។
-
តើមានរបៀបណាខ្លះដែលព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើឲ្យថ្ងៃឈប់សម្រាករបស់ទ្រង់ជាថ្ងៃបរិសុទ្ធ ?
សូមជួយសិស្សឲ្យប្រើពាក្យពេចន៍ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីពន្យល់ឃ្លានៅក្នុង ខទី ១៣ ដែលបំពេញសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិត ។ អ្នកអាចជួយពួកគេស្វែងរកឃ្លាដូចជា ៖
-
មិនស្វែងរកផលប្រយោជន៍ ឬបំណងប្រាថ្នារបស់យើង
-
ចាត់ទុកថ្ងៃឈប់សម្រាកជាថ្ងៃដ៏រីករាយ ( ជាទីរីករាយចិត្ត )
-
គោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរៀងរាល់ថ្ងៃឈប់សម្រាក
សកម្មភាពខាងក្រោមអាចធ្វើឡើងដោយសិស្សជាលក្ខណៈបុគ្គល ។
ជ្រើសរើសឃ្លាមួយនៅក្នុង ខទី ១៣ ។ គិតឲ្យបានហ្មត់ចត់ថាតើវាអាចមានលក្ខណៈបែបណាដើម្បីអនុវត្តឃ្លានេះនៅក្នុងជីវិតរបស់អ្នក ។ អ្នកអាចកត់ត្រាគំនិតមួយចំនួនរបស់អ្នកទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពេលអ្នកជញ្ជឹងគិត សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលអ្នកអាចធ្វើបាន ។
វាអាចមានប្រយោជន៍ក្នុងការពន្យល់ថាការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធគឺទាក់ទងនឹងនឹងជម្រើសផ្ទាល់ខ្លួនជាច្រើន ។ សូមចៀសវាងការពិភាក្សាពីរបៀបត្រឹមត្រូវ និងខុស ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ហើយលើកទឹកចិត្តសិស្សឲ្យចៀសវាងការវិនិច្ឆ័យអ្នកដទៃចំពោះជម្រើសរបស់ពួកគេ ។
ពរជ័យសម្រាប់ការគោរពព្រះអម្ចាស់នៅថ្ងៃរបស់ទ្រង់
សូមអាន អេសាយ ៥៨:១៤ ដោយគូសចំណាំពាក្យ និងឃ្លាដែលជួយយើងឲ្យយល់អំពីពរជ័យមួយចំនួនដែលព្រះអម្ចាស់បានសន្យាចំពោះអ្នកទាំងឡាយណាដែលគោរពទ្រង់នៅថ្ងៃឈប់សម្រាករបស់ទ្រង់ ។
តើអ្នកនឹងពន្យល់អំពីពរជ័យទាំងនេះជាពាក្យសម្តីផ្ទាល់របស់អ្នកដោយរបៀបណា ?
ដើម្បីជួយសិស្សស្គាល់ពរជ័យដែលព្រះអម្ចាស់បានសន្យា អ្នកអាចនឹងត្រូវចែកចាយអត្ថន័យនៃឃ្លាដូចជា ៖
« គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា » – យើងនឹងមានអំណរក្នុងព្រះអម្ចាស់ ។
« យើងនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប » – ព្រះអម្ចាស់សន្យាប្រទានពរដល់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។
វាអាចមានប្រយោជន៍ក្នុងការចែកចាយថា « ទីខ្ពស់ » អាចសំដៅលើភ្នំធំ ភ្នំតូច បន្ទាយ ឬទីបរិសុទ្ធ ។ ឃ្លានេះអាចមានន័យថា « ព្រះអម្ចាស់នឹងប្រទានពរដល់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ឲ្យយកឈ្នះលើសឧបសគ្គទាំងអស់ ត្រូវបានការពារ ហើយរួចផុតពីគ្រោះថ្នាក់ និងឈ្នះលើខ្មាំងសត្រូវ ( សូមមើល ចោទិយកថា ៣៣:២៩ ) ហើយកាន់តែជិតស្និទ្ធជាមួយនឹងព្រះអម្ចាស់ » ។ ( « Line upon Line: Isaiah 58:13-14 » New Era ខែកុម្ភៈ ឆ្នាំ២០១៦ )
អ្នកអាចអញ្ជើញសិស្សឲ្យសរសេរបន្ថែមនៅលើក្ដារខៀននូវពរជ័យដែលពួកគេបានរកឃើញ ។ ប្រសិនបើសិស្សត្រូវការជំនួយបន្ថែមដើម្បីយល់អំពីគោលការណ៍នៃការថ្វាយបង្គំនៅថ្ងៃឈប់សម្រាក អ្នកអាចអញ្ជើញពួកគេឲ្យរកមើលពរជ័យបន្ថែម ដូចជាអ្វីដែលមាននៅក្នុង អេសេគាល ២០:២០ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៩–១៣ ។
-
ហេតុអ្វីបានជាមនុស្សមួយចំនួនធុញថប់ក្នុងការមើលឃើញថាការរក្សាថ្ងៃឈប់សម្រាក « ជាទីរីករាយចិត្ត » នោះ ?
-
តើពួកគេអាចប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដូចតទៅនេះអំពីអ្វីដែលបានជួយលោកឲ្យយកឈ្នះលើឧបសគ្គមួយដែលលោកបានជួបនៅពេលធ្វើការសម្រេចចិត្តអំពីរបៀបគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យ ។
ព្រះអង្គសង្រ្គោះកំណត់អត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ថាជាព្រះអម្ចាស់នៃថ្ងៃឈប់សម្រាក ។ ថ្ងៃឈប់សម្រាកគឺជាថ្ងៃរបស់ទ្រង់ ! ទ្រង់បញ្ជាដដែលៗឲ្យយើងគោរពថ្ងៃឈប់សម្រាក ឬចាត់ទុក ថ្ងៃឈប់សម្រាកជាថ្ងៃដ៏វិសុទ្ធ ។ យើងចុះសេចក្ដីសញ្ញាដើម្បីធ្វើដូចនោះ ។
តើយើង ចាត់ទុក ថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធ យ៉ាងដូចម្ដេច ? កាលខ្ញុំនៅក្មេង ខ្ញុំបានរៀនពីបញ្ជីមួយដែលគេចុះអំពីកិច្ចការដែលត្រូវធ្វើ និងកិច្ចការដែលមិនត្រូវធ្វើនៅថ្ងៃឈប់សម្រាក ។ ទាល់តែក្រោយមកទៀត ទើបខ្ញុំបានរៀនចេញពីព្រះគម្ពីរថា ទង្វើ និងឥរិយាបថខ្ញុំនៅថ្ងៃឈប់សម្រាក គឺជាទីសម្គាល់រវាងខ្ញុំ និង ព្រះវរបិតាសួគ៌ ។ ដោយមានការយល់ដឹងបែបនោះ ខ្ញុំពុំត្រូវការបញ្ជីនៃកិច្ចការដែលត្រូវធ្វើ និងមិនត្រូវធ្វើទៀតឡើយ ។ ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំសួរខ្លួនឯងថា « តើទីសម្គាល់ណាដែលខ្ញុំចង់បង្ហាញដល់ព្រះ » ? សំណួរនេះបានធ្វើឲ្យជម្រើសខ្ញុំ នៅថ្ងៃឈប់សម្រាកមានភាពច្បាស់លាស់ឡើង ។ ( « The Sabbath Is a Delight » Liahona ខែមេសា ឆ្នាំ២០១៥ ទំព័រ ១៣០ ) ។
-
តើ អេសាយ ៥៨:១៣–១៤ និងសារលិខិតរបស់ប្រធាន ណិលសុន អាចជួយនរណាម្នាក់ដែលកំពុងតស៊ូនឹងឧបសគ្គដែលអ្នកបានរកឃើញដោយរបៀបណា ?
សិស្សអាចចែកចាយបទពិសោធន៍ដែលសមស្រប នៅពេលពួកគេមានអារម្មណ៍ថាមានពរជ័យដោយការខិតខំរបស់ពួកគេដើម្បីផ្ដោតលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃអាទិត្យ ។ សំណួរខាងក្រោមអាចជួយសិស្សឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
-
តើអ្វីដែលអ្នកបានរកឃើញបានពង្រឹងសមត្ថភាពរបស់អ្នកក្នុងការគោរពព្រះអម្ចាស់នៅថ្ងៃឈប់សម្រាកយ៉ាងដូចម្តេច ? តើពរជ័យអ្វីដែលអ្នកបានឃើញមកពីការខិតខំរបស់អ្នក ?
តើទីសម្គាល់ណាដែលអ្នកចង់បង្ហាញទៅដល់ព្រះ ?
ដើម្បីជួយសិស្សដាក់ផែនការមួយដើម្បីកែលម្អបទពិសោធន៍ថ្ងៃឈប់សម្រាករបស់ពួកគេ សូមបង្ហាញការណែនាំខាងក្រោម ។
សូមចំណាយពេលមួយភ្លែតដើម្បីជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន ហើយទទួលអារម្មណ៍នៅថ្ងៃនេះអំពីការអញ្ជើញនៅក្នុង អេសាយ ៥៨:១៣–១៤ ដើម្បីទុកមួយអន្លើនូវបំណងប្រាថ្នាផ្ទាល់ខ្លួន ហើយគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នក នៅពេលអ្នកឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ដើម្បីគោរពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅថ្ងៃឈប់សម្រាក ខ្ញុំនឹង ។
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេសាយ ៥៨:១៣–១៤ គឺ « បែរចេញ … មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។