ក្បួនខ្នាត និង​ការហៅ
១៥. ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា


« ១៥. ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​សាសនា » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ១៥. ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

យុវនារី​កំពុង​លើកដៃ​នៅក្នុង​ថ្នាក់

១៥.

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា

១៥.០

សេចក្ដីផ្ដើម

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា ( ស&វ ) ជួយ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ជួយ​យុវវ័យ និង​យុវ​មជ្ឈិម​វ័យ​ឲ្យ​កាន់តែ​ផ្លាស់ប្រែចិត្ត ជឿ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។

អ្នក​តំណាង​ផ្នែក ស&វ ម្នាក់​ត្រូវបាន​ចាត់​ឲ្យ​ទៅកាន់​ស្តេក​នីមួយៗ​ដើម្បី​ជួយ​ថ្នាក់​ដឹកនាំឲ្យ​គ្រប់គ្រង​កម្មវិធី ស&វ ។

១៥.១

ថ្នាក់​សិក្ខាសាលា

ថ្នាក់​សិក្ខា​សាលា​គឺជា​កម្មវិធី​សិក្សា​បួន​ឆ្នាំ ដែល​យុវវ័យ​សិក្សា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ ។ ជាទូទៅ សិស្ស​ថ្នាក់​សិក្ខាសាលា​មាន​អាយុ​ពី ១៤–១៨ ឆ្នាំ ។

ថ្នាក់​រៀន​ទាំងឡាយ​ត្រូវ​ចូល​រៀន​នៅ​ថ្ងៃ​ធ្វើការ​នៅ​ពេល​សាលា​ចូល​រៀន ។ ចំនួន​ថ្ងៃ​ដែល​ថ្នាក់​សិក្ខាសាលា​បង្រៀន​នៅ​សប្តាហ៍​នីមួយៗ​អាច​សម្រប​ទៅ​តាម​លក្ខខណ្ឌ​ក្នុង​មូលដ្ឋាន ។ ( សូមមើល ជម្រើស​ថ្នាក់​សិក្ខាសាលា សម្រាប់​ព័ត៌មាន​បន្ថែម ) ។

គណៈប៊ីស្សព ថ្នាក់​ដឹកនាំ​យុវវ័យ និង​គណៈប្រធាន​កូរ៉ុម ព្រមទាំង​គណៈប្រធាន​ថ្នាក់​លើក​ទឹក​ចិត្ត​យុវវ័យ​គ្រប់​រូបឲ្យ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ថ្នាក់​សិក្ខា​សាលា ។

១៥.១.១

គ្រូបង្រៀន

គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា គួរ​តែ​ជា​សមាជិក​សាសនាចក្រ​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​ទីបន្ទាល់​មួយ​អំពី​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ ពួកគេ​គួរ​តែ​រស់​នៅ​តាម​គោលការណ៍​ដែល​ពួកគេ​បង្រៀន ហើយធ្វើការ​ចុះ​សម្រុង​គ្នា​ជាមួយនឹង​យុវវ័យ ។ នៅ​ពេល​ដែល​អាច​ធ្វើ​ទៅ​បាន គ្រូបង្រៀន​គួរតែ​មាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​មាន​សុពលភាព ។

សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង ធ្វើ​ការហៅ ធ្វើ​ពិធីញែក​ចេញ និង​ដោះ​លែង​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ក្នុង​ស្តេក និង អ្នកគ្រប់គ្រង​ក្នុង​ស្តេក ។

ដើម្បី​ការ​ពារ​គ្រូបង្រៀន និង​សិស្ស នោះ​មជ្ឈិមវ័យ​ពីរ​នាក់​គួរ​តែ​មាន​វត្តមាន​នៅ​ក្នុង​អគារ ឬ​ផ្ទះ​ដែល​ថ្នាក់​សិក្ខា​សាលា​មួយ​ត្រូវ​បាន​បង្រៀន ។

១៥.១.២

អគារ សម្ភារ និង​គ្រឿង​ផ្គត់ផ្គង់

ថ្នាក់​ដឹកនាំ​ស្ដេក និង​វួដ​ត្រូវ​ប្រាកដ​ថា ទីតាំង​ទាំង​ឡាយ ដូចជា​សាលា​ប្រជុំ ឬ​ផ្ទះ​របស់​សមាជិក​នៅ​ទំនេរ​សម្រាប់​ថ្នាក់​សិក្ខាសាលា ។

អ្នក​តំណាង ស&វ ផ្ដល់​ឯកសារ​ដល់​គ្រូបង្រៀន និង​សិស្ស​សម្រាប់​ថ្នាក់​នីមួយៗ ។ សិស្ស​គួរ​ប្រើ​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ជា​ព្រះគម្ពីរ​បោះពុម្ព ឬ​ជា​ឌីជីថល ។

១៥.១.៤

ក្រេដីឌ និង​ការបញ្ចប់​ការសិក្សា

សិស្ស​ថ្នាក់​សិក្ខាសាលា​អាច​រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​កាន់​តែ​ស៊ី​ជម្រៅ ប្រសិន​បើ​ពួកគេ​ចូល​រៀន​ជា​ទៀង​ទាត់ ហើយ​សិក្សា​បទគម្ពីរ​នៅ​ក្រៅ​ថ្នាក់​រៀន ។ នៅពេល​ពួកគេ​ធ្វើ​រឿង​ទាំង​នេះ នោះ​ពួកគេ​ក៏​ទទួល​បាន​ក្រេដីឌ​សម្រាប់​ថ្នាក់​សិក្ខាសាលា​ជារៀង​រាល់​ឆ្នាំ ហើយ​អាច​បញ្ចប់​ការ​សិក្សា​ថ្នាក់​សិក្ខាសាលា​បាន​ផង​ដែរ ។

ដើម្បី​បញ្ចប់​ការ​សិក្សា​ពី​ថ្នាក់​សិក្ខា​សាលា សិស្ស​ម្នាក់​ត្រូវ​តែ​ទទួល​ក្រេដីឌ​ដែល​រៀន​រយៈពេល​បួន​ឆ្នាំ ហើយ​ទទួល​បាន​ការ​ចារយល់​ព្រម​ខាង​បព្វជិតភាព​ពី​សមាជិក​ម្នាក់​នៃ​គណៈប៊ីស្សព ។

១៥.២

ថ្នាក់​វិទ្យាស្ថាន

ថ្នាក់​វិទ្យាស្ថាន​ផ្ដល់​ថ្នាក់​សិក្សា​ដំណឹងល្អ​នៅ​ថ្ងៃ​ធម្មតា ដែល​ពង្រឹង​សេចក្ដីជំនឿ និង​ទីបន្ទាល់​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ថ្នាក់​ដឹកនាំ​ស្ដេក​ត្រូវប្រាកដ​ថា​ថ្នាក់​វិទ្យាស្ថាន​មាន​សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ​ទាំងអស់​ដែល​មាន​អាយុ ១៨–៣០ ឆ្នាំ ។

យុវមជ្ឈិមវ័យ​នៅលីវ​ទាំងអស់​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរៀន​ថ្នាក់​វិទ្យាស្ថាន ទោះ​បីជា​ពួកគេ​នៅ​​សិក្សា ឬ​អត់​ក្ដី ។

១៥.៣

សាលារៀន​របស់​សាសនាចក្រ និង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ

សម្រាប់​ព័ត៌មាន​ស្ដីពីសាលា​បឋមសិក្សា និង​អនុវិទ្យាល័យ​សាសនាចក្រ BYU–Pathway Worldwide និង​ស្ថាប័ន​ឧត្តមសិក្សា សូម​មើល CES.ChurchofJesusChrist.org ។ ព័ត៌មាន​អំពី​ការបំពេញ​ការចារយល់​ព្រម​ខាង​បព្វជិតភាព ដើម្បី​សិស្ស​ចូល​រៀន​សាលា​ទាំង​នេះ​បាន​ក៏​ត្រូវ​បាន​ផ្ដល់​ជូន​នៅ​ទីនោះ​ផងដែរ ។

បន្ថែម​ពីលើ​នេះ​ទៀត ព័ត៌មាន​អំពី​ការបញ្ជាក់​មកពី​បព្វជិត​សម្រាប់​ការងារ​តាម​ប្រព័ន្ធ ស៊ី.អ៊ី.អេស ការិយាល័យ​បញ្ជាក់​ខាង​បព្វជិត អាចរក​បាន​នៅ​គេហទំព័រ help.ChurchofJesusChrist.org ។