« ១៥. ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ១៥. ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា » ក្បួនខ្នាតទូទៅ ។
១៥.
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា
១៥.០
សេចក្តីផ្ដើម
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ( ស&វ ) ជួយឪពុកម្ដាយ និងថ្នាក់ដឹកនាំសាសនាចក្រដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យកាន់តែផ្លាស់ប្រែចិត្តជឿកាន់តែជ្រាលជ្រៅទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ ការណ៍នេះត្រូវបានធ្វើឡើងដោយមានការគាំទ្រដល់ការសិក្សានៅឯគេហដ្ឋាននៅក្នុងព្រះគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនៅរស់ ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀតក្នុងសាសនាចក្រ ។
កម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ត្រូវបានគ្រប់គ្រងដោយគោលនយោបាយដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលអប់រំនៃសាសនា ។ ក្រុមប្រឹក្សាភិបាលនេះត្រូវបានដឹកនាំដោយប្រធាននៃសាសនាចក្រ ។ គណៈប្រធានស្តេកអនុវត្តកម្មវិធីទាំងនេះនៅក្នុងស្តេក និងវួដ ។ ថ្នាក់ដឹកនាំស្ដេក និងវួដពិនិត្យមើលជាទៀងទាត់ពីការចូលរួមរបស់យុវវ័យខ្លួននៅក្នុងកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
អ្នកតំណាងផ្នែក ស&វ ម្នាក់ត្រូវបានចាត់ឲ្យទៅកាន់ស្តេកនីមួយៗដើម្បីជួយថ្នាក់ដឹកនាំឲ្យគ្រប់គ្រងកម្មវិធី ស&វ ។
១៥.១
ថ្នាក់សិក្ខាសាលា
ថ្នាក់សិក្ខាសាលាគឺជាកម្មវិធីសិក្សាបួនឆ្នាំ ដែលយុវវ័យសិក្សាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដូចដែលមាននៅក្នុងព្រះគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយ ។ ជាទូទៅ សិស្សថ្នាក់សិក្ខាសាលាមានអាយុពី ១៤–១៨ ឆ្នាំ ។
ថ្នាក់រៀនទាំងឡាយត្រូវចូលរៀននៅថ្ងៃធ្វើការនៅពេលសាលាចូលរៀន ។ ចំនួនថ្ងៃដែលថ្នាក់សិក្ខាសាលាបង្រៀននៅសប្តាហ៍នីមួយៗអាចសម្របទៅតាមលក្ខខណ្ឌក្នុងមូលដ្ឋាន ។ ( សូមមើល ជម្រើសថ្នាក់សិក្ខាសាលា សម្រាប់ព័ត៌មានបន្ថែម ) ។ ការចូលរៀនក្នុងថ្នាក់ ឬការធ្វើលំហាត់តាមអនឡាញគួរចំណាយពេលបំពេញប្រហែលជាបួនម៉ោងក្នុងមួយសប្តាហ៍ ។
គណៈប៊ីស្សព ថ្នាក់ដឹកនាំយុវវ័យ និងគណៈប្រធានកូរ៉ុម ព្រមទាំងគណៈប្រធានថ្នាក់លើកទឹកចិត្តយុវវ័យគ្រប់រូបឲ្យចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់សិក្ខាសាលា ។ គណៈប៊ីស្សពលើកទឹកចិត្តឪពុកម្ដាយឲ្យចុះឈ្មោះកូនៗរបស់ខ្លួនរៀងរាល់ឆ្នាំ ពីមុនថ្នាក់សិក្ខាសាលាចាប់ផ្ដើម ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ការចុះឈ្មោះថ្នាក់សិក្ខាសាលា នៅលើគេហទំព័រ ChurchofJesusChrist.org ។
ក្រុមប្រឹក្សាភិបាលអប់រំក្នុងមូលដ្ឋានមួយអាចត្រូវបានបង្កើតឡើងនៅកន្លែងស្តេកមួយចំនួនដែលមានថ្នាក់សិក្ខាសាលា ( រួមទាំងថ្នាក់សិក្សានៅតាមគេហដ្ឋាន ) ដែលមានភាពប្រហាក់ប្រហែលគ្នា ព្រមទាំងមានកង្វល់ និងមានឧបសគ្គដូចគ្នា ។ សូមមើល seminary.ChurchofJesusChrist.org ។
១៥.១.១
គ្រូបង្រៀន
គ្រូបង្រៀនថ្នាក់សិក្ខាសាលា គួរតែជាសមាជិកសាសនាចក្រដែលមានសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយមានទីបន្ទាល់មួយអំពីដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ ។ ពួកគេគួរតែរស់នៅតាមគោលការណ៍ដែលពួកគេបង្រៀន ហើយធ្វើការចុះសម្រុងគ្នាជាមួយនឹងយុវវ័យ ។ នៅពេលដែលអាចធ្វើទៅបាន គ្រូបង្រៀនគួរតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព ។
សមាជិកមួយរូបនៃគណៈប្រធានស្តេកប្រឹក្សាជាមួយនឹងប៊ីស្សព អ្នកគ្រប់គ្រងក្នុងស្តេក និងអ្នកតំណាងផ្នែក ស&វ អំពីគ្រូបង្រៀនថ្នាក់សិក្ខាសាលាដែលមានសក្ដានុពល ។ សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ធ្វើការហៅ ធ្វើពិធីញែកចេញ និងដោះលែងគ្រូបង្រៀនថ្នាក់សិក្ខាសាលាក្នុងស្តេក និង អ្នកគ្រប់គ្រងក្នុងស្តេក ។ បន្ទាប់ពីបុគ្គលនោះត្រូវបានហៅ ហើយទទួលពិធីញែកចេញ នោះអ្នកតំណាង ស&វ ផ្តល់ការបំពាក់បំប៉ន ហើយគាំទ្រដល់គាត់ ឬនាង ។
ដើម្បីការពារគ្រូបង្រៀន និងសិស្ស នោះមជ្ឈិមវ័យពីរនាក់គួរតែមានវត្តមាននៅក្នុងអគារ ឬផ្ទះដែលថ្នាក់សិក្ខាសាលាមួយត្រូវបានបង្រៀន ។ អាចហៅគ្រូបង្រៀនបន្ថែមម្នាក់ទៀត ឬមជ្ឈិមវ័យដែលមានការទទួលខុសត្រូវម្នាក់អាចត្រូវបានចាត់ឲ្យមានវត្តមាន ។ មជ្ឈិមវ័យទីពីរនោះអាចជាស្វាមី ឬភរិយារបស់គ្រូបង្រៀន ឬឪពុក ឬម្ដាយរបស់សិស្សម្នាក់ ។ គាត់ ឬនាងគួរមានភេទដូចគ្នានឹងគ្រូបង្រៀន លើកលែងតែបុគ្គលនោះគឺជាសមាជិកពេញវ័យម្នាក់នៃគ្រួសាររបស់គ្រូបង្រៀន ។ គ្រូបង្រៀនម្នាក់ពុំគួរនៅជាមួយសិស្សម្នាក់ឡើយ លើកលែងតែសិស្សនោះគឺជាកូនរបស់គាត់ ។ ការណ៍នេះអនុវត្តនៅគ្រប់កន្លែង ដូចជាថ្នាក់រៀន អគារ ការប្រជុំតាមអនឡាញ ឬនៅក្នុងរថយន្ដជាដើម ។
១៥.១.២
អគារ សម្ភារ និងគ្រឿងផ្គត់ផ្គង់
ថ្នាក់ដឹកនាំស្ដេក និងវួដត្រូវប្រាកដថា ទីតាំងទាំងឡាយ ដូចជាសាលាប្រជុំ ឬផ្ទះរបស់សមាជិកនៅទំនេរសម្រាប់ថ្នាក់សិក្ខាសាលា ។ អគារ ឬបន្ទប់ទាំងឡាយពុំគួរត្រូវបានជួលសម្រាប់ថ្នាក់សិក្ខាសាលាឡើយ ។ ប្រសិនបើថ្នាក់ធ្វើឡើងនៅក្នុងសាលាប្រជុំមួយ នោះគ្រូបង្រៀនគួរមានសិទ្ធិចូលប្រើសម្ភារនៅក្នុងមជ្ឈមណ្ឌលធនធាន ។
អ្នកតំណាង ស&វ ផ្ដល់ឯកសារដល់គ្រូបង្រៀន និងសិស្សសម្រាប់ថ្នាក់នីមួយៗ ។ សិស្សគួរប្រើព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ជាព្រះគម្ពីរបោះពុម្ព ឬជាឌីជីថល ។
១៥.១.៣
អ្នកដឹកនាំថ្នាក់ និងសកម្មភាពសម្រាប់ថ្នាក់
គ្រូបង្រៀនថ្នាក់សិក្ខាសាលាអាចជ្រើសរើសអ្នកដឹកនាំថ្នាក់ដូចជា ប្រធានថ្នាក់ម្នាក់ អនុប្រធានថ្នាក់ម្នាក់ និងលេខាម្នាក់ ។ ដំបូង គ្រូបង្រៀនទាក់ទងទៅឪពុកម្ដាយរបស់សិស្ស និងប៊ីស្សពស្នើសុំការអនុម័ត ។ អ្នកដឹកនាំថ្នាក់ពុំត្រូវបានគាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ ពួកគេអាចជួយគ្រូបង្រៀនជាមួយនឹងកិច្ចការនៅក្នុងថ្នាក់រៀនតាមទម្លាប់ ហើយលើកទឹកចិត្តសិស្សផ្សេងទៀតឲ្យមករៀន និងចូលរួម ។
គ្រូបង្រៀនថ្នាក់សិក្ខាសាលាពុំគួរផ្ដល់សកម្មភាពនៅក្រៅថ្នាក់រៀន ឬនៅឆ្ងាយពីថ្នាក់រៀនឡើយ ។ ករណីលើកលែងទាំងឡាយតម្រូវឲ្យមានការអនុម័តមកពីថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន ។
១៥.១.៤
ក្រេដីឌ និងការបញ្ចប់ការសិក្សា
សិស្សថ្នាក់សិក្ខាសាលាអាចរៀនកាន់តែមានប្រសិទ្ធភាព ហើយធ្វើឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែស៊ីជម្រៅ ប្រសិនបើពួកគេចូលរៀនជាទៀងទាត់ ហើយសិក្សាបទគម្ពីរនៅក្រៅថ្នាក់រៀន ។ នៅពេលពួកគេធ្វើរឿងទាំងនេះ នោះពួកគេក៏ទទួលបានក្រេដីឌសម្រាប់ថ្នាក់សិក្ខាសាលាជារៀងរាល់ឆ្នាំ ហើយអាចបញ្ចប់ការសិក្សាថ្នាក់សិក្ខាសាលាបានផងដែរ ។
សិស្សមួយចំនួនអាចមានការលំបាកដើម្បីទទួលបានក្រេដីឌសម្រាប់ថ្នាក់សិក្ខាសាលា ដោយសារតែបញ្ហានៃការអាន និងហេតុផលផ្សេងទៀត ។ គ្រូបង្រៀនអាចសម្របសម្រួលតម្រូវការទៅតាមសេចក្ដីត្រូវការរបស់សិស្សទាំងនេះ ។ អ្នកតំណាង ស&វ អាចស្នើសុំការសម្របសម្រួលសម្រាប់កម្មវិធីទាំងមូល ។ ការសម្របសម្រួលទាំងនេះតម្រូវឲ្យមានការអនុម័តមកពីផ្នែករដ្ឋបាលរបស់ ស&វ ។
ដើម្បីបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា សិស្សម្នាក់ត្រូវតែទទួលក្រេដីឌដែលរៀនរយៈពេលបួនឆ្នាំ ហើយទទួលបានការចារបញ្ជាក់ខាងថ្នាក់ដឹកនាំបព្វជិតភាពពីសមាជិកម្នាក់នៃគណៈប៊ីស្សព ។ ការចារបញ្ជាក់នេះ បញ្ជាក់ថាសិស្សម្នាក់មានភាពស័ក្ដិសម ហើយបានតាំងចិត្តរស់នៅតាមបទដ្ឋានទាំងឡាយនៃដំណឹងល្អ ។
រៀងរាល់ឆ្នាំ ស្តេកធ្វើពិធីប្រគល់សញ្ញាបត្រឲ្យដល់ថ្នាក់សិក្ខាសាលា ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសមាជិកម្នាក់នៃគណៈប្រធានស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ។ អ្នកតំណាង ស&វ អាចជួយបាន ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល សេចក្តីណែនាំអំពីកម្មវិធីបញ្ចប់ការសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។
១៥.១.៥
ថ្នាក់សិក្ខាសាលានៅម៉ោងអនុញ្ញាតពីសាលារៀន
នៅតំបន់ខ្លះក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ច្បាប់ក្នុងមូលដ្ឋានអនុញ្ញាតឲ្យសិស្សចេញពីសាលា ហើយចូលរៀនថ្នាក់សិក្ខាសាលានៅអំឡុងម៉ោងរៀននៅសាលា ។ ក្រុមប្រឹក្សាភិបាលអប់រំរបស់សាសនាចក្រអនុម័តពីទីកន្លែងដែលថ្នាក់សិក្ខាសាលាបែបនេះត្រូវបានធ្វើឡើង ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ថ្នាក់សិក្ខាសាលានៅម៉ោងអនុញ្ញាតពីសាលារៀន នៅលើគេហទំព័រ ChurchofJesusChrist.org
១៥.២
ថ្នាក់វិទ្យាស្ថាន
ថ្នាក់វិទ្យាស្ថានផ្ដល់ថ្នាក់សិក្សាដំណឹងល្អនៅថ្ងៃធម្មតា ដែលពង្រឹងសេចក្ដីជំនឿ និងទីបន្ទាល់លើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញ ។ ថ្នាក់ដឹកនាំស្ដេកត្រូវប្រាកដថាថ្នាក់វិទ្យាស្ថានមានសម្រាប់យុវមជ្ឈិមវ័យនៅលីវទាំងអស់ដែលមានអាយុ ១៨–៣៥ឆ្នាំ ។
យុវមជ្ឈិមវ័យនៅលីវគ្រប់រូបដែលមានអាយុ ១៨–៣៥ឆ្នាំ គួរតែត្រូវបានលើកទឹកចិត្តឲ្យចូលរៀនថ្នាក់វិទ្យាស្ថាន ទោះបីជាពួកគេកំពុងសិក្សានៅសាលាឬអត់ក្ដី ។ យុវវ័យមជ្ឈិមវ័យដែលរៀបការហើយក៏ត្រូវបានស្វាគមន៍ឲ្យចូលរួមផងដែរ ។
ថ្នាក់ត្រូវបានបែងចែកតាមអាយុ ១៨–២៥ឆ្នាំ និង ២៦–៣៥ឆ្នាំ លុះត្រាតែអ្នកចូលរួមមានចំនួនមិនគ្រប់គ្រាន់ ។
សិស្ស BYU Pathway រួមទាំងអ្នកដែលមានអាយុលើសពី៣៥ឆ្នាំ ត្រូវបានតម្រូវឲ្យចូលរៀនថ្នាក់វិទ្យាស្ថាន ។ សិស្ស Pathway ដែលមានអាយុពី ១៨–៣៥ឆ្នាំអាចជ្រើសរើសចូលរៀនតាមអនឡាញ ឬចូលរៀនដោយផ្ទាល់ ។ សិស្សដែលមានអាយុលើសពី៣៥ឆ្នាំ គួរតែចូលរៀនថ្នាក់អនឡាញ ។
សូមមើល ថ្នាក់វិទ្យាស្ថានក្នុងស្ដេក សម្រាប់ការណែនាំដូចខាងក្រោម ៖
-
ការបង្កើត និងដំណើរការថ្នាក់វិទ្យាស្ថានដែលមានមូលដ្ឋានក្នុងស្តេក
-
ការរៀបចំអគារ
-
ការហៅ គ្រូ
-
ការទទួលស្គាល់ភាពជោគជ័យរបស់សិស្ស
១៥.២.១
ថ្នាក់សាសនាផ្សេងទៀត
គណៈប្រធានស្តេកអាចនឹងមានបំណងបង្កើតថ្នាក់សាសនាសម្រាប់មជ្ឈិមវ័យដែលមានអាយុ៣៦ឆ្នាំឡើងទៅ ។ ថ្នាក់ទាំងនោះពុំស្ថិតនៅក្នុងប្រតិបត្តិការរបស់ ស&វ ឡើយ ហើយក៏មិនត្រូវបានហៅជាថ្នាក់វិទ្យាស្ថានដែរ ។ ទោះជាយ៉ាងណា ឯកសារសម្រាប់កម្មវិធីសិក្សាថ្នាក់វិទ្យាស្ថានអាចត្រូវបានប្រើប្រាស់សម្រាប់ថ្នាក់ទាំងនោះ ។
១៥.៣
សាលារៀនរបស់សាសនាចក្រ និងប្រព័ន្ធអប់រំសាសនាចក្រ
សម្រាប់ព័ត៌មានស្ដីពីសាលាបឋមសិក្សា និងអនុវិទ្យាល័យសាសនាចក្រ BYU–Pathway Worldwide និងស្ថាប័នឧត្តមសិក្សា សូមមើលគេហទំព័រ CES.ChurchofJesusChrist.org ។ ព័ត៌មានអំពីការបំពេញការចារបញ្ជាក់ខាងថ្នាក់ដឹកនាំបព្វជិតភាព ដើម្បីសិស្សចូលរៀនសាលាទាំងនេះបាន ក៏ត្រូវបានផ្ដល់ជូននៅទីនោះផងដែរ ។
បន្ថែមពីលើនេះទៀត ព័ត៌មានអំពីការត្រួតពិនិត្យខាងថ្នាក់ដឹកនាំបព្វជិតភាពសម្រាប់ធ្វើការងារ តាមរយៈការិយាល័យត្រួតពិនិត្យខាងថ្នាក់ដឹកនាំបព្វជិតភាពរបស់ CES អាចរកបាននៅគេហទំព័រ help.ChurchofJesusChrist.org ។