ក្បួនខ្នាត និង​ការហៅ
១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន


« ១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ​២០២៣ ) ។

« ១០. កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

ក្រុមយុវជន​នៅក្នុង​ព្រះវិហារ

១០.

កូរ៉ុម​បព្វជិតភាព​អើរ៉ុន

១០.១

គោលបំណង និង​អង្គការ

១០.១.១

គោលបំណង

គោលបំណង​របស់​កូរ៉ុម​គឺ​ដើម្បី​ជួយ​អ្នក​កាន់​បព្វជិតភាព ឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង ។

១០.១.២

បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន

« ខ្ញុំ​ជា​បុត្រា​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ ។

« ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ខ្ញុំ​នឹង​ស្រឡាញ់​ព្រះ រក្សា​សេចក្តី​សញ្ញា​របស់​ខ្ញុំ និង​ប្រើ​បព្វជិតភាព​របស់​ទ្រង់​ដើម្បី​បម្រើ​អ្នកដទៃ ដោយ​ចាប់ផ្តើម​ពីនៅក្នុង​គេហដ្ឋាន​របស់​ខ្ញុំ ។

« កាលណា​ខ្ញុំ​ព្យាយាម​បម្រើ អនុវត្ត​សេចក្តីជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀងរាល់ថ្ងៃ ខ្ញុំ​នឹង​សម​ដើម្បី​ទទួលពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ​នៃ​ដំណឹងល្អ ។

ខ្ញុំ​នឹង​រៀបចំខ្លួន​ដើម្បី​ធ្វើជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍ព្យាយាម ធ្វើ​ជា​ស្វាមី​ដែល​មាន​ភក្តីភាព និងធ្វើ​ជាឪពុក​ពេញ​ដោយ​ក្តី​ស្រឡាញ់ តាមរយៈ​ការធ្វើ​ជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះអង្គសង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ » ។

១០.១.៣

កូរ៉ុម

១០.១.៣.១

កូរ៉ុម​ឌីកុន

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​ឌីកុន​នៅដើម​ខែ​មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១២ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មានសិទ្ធិ​ត្រូវបាន​តែងតាំង​ជា​ឌីកុន​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

ករណីយកិច្ច​របស់​ឌីកុន​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៥៧–៥៩; ៨៤:១១១ ។ ករណីយកិច្ច​ដទៃទៀត​រួមមាន​ការចែក​សាក្រាម៉ង់ និង​ការជួយ​ប៊ីស្សព​នៅក្នុង « ការចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។

១០.១.៣.២

កូរ៉ុម​គ្រូ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​គ្រូ​ចាប់ផ្តើម​ពី​ខែ មករា នៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មាន​សិទ្ធិ​ត្រូវបាន​តែងតាំង​ជា​គ្រូ​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

គ្រូ​មាន​ករណីយកិច្ច​ដូចគ្នា​នឹង​ឌីកុន​ដែរ ។ ពួកគេ​ក៏រៀបចំ​សាក្រាម៉ង់ និង​បម្រើ​ជា​បងប្អូនប្រុស​ដែល​ផ្ដល់ការងារ​បម្រើ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៥៣–៥៩; ៨៤:១១១ ។

១០.១.៣.៣

កូរ៉ុម​សង្ឃ

ក្រុម​យុវជន​ចូលរួម​ជាមួយ​កូរ៉ុម​សង្ឃ​ចាប់ផ្តើម​ពី​ខែ​មករា​នៃ​ឆ្នាំ ដែល​ពួកគេ​ឈានចូល​ដល់​អាយុ​១៦​ឆ្នាំ ។ នៅពេលនេះ ពួកគេ​ក៏​មាន​សិទ្ធិ​ត្រូវបាន​តែងតាំង​ជា​សង្ឃ​ផងដែរ ប្រសិនបើ​ពួកគេ​បានរៀបចំខ្លួន និង​មានភាពស័ក្តិសម ។

សង្ឃ​មាន​ករណីយកិច្ច​ដូចគ្នានឹង​ឌីកុន និង​គ្រូ​ផងដែរ ។ ករណីយកិច្ច​បន្ថែម​ត្រូវបាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៤៦–៥២, ៧៣–៧៩ ។

១០.១.៤

កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កូនសោ​ទាំងនេះ សូម​មើល ៣.៤.១ ។

១០.១.៥

ការសម្រប​សម្រួល​កូរ៉ុម​ទៅនឹង​សេចក្តី​ត្រូវការ​ក្នុង​មូលដ្ឋាន

នៅក្នុង​វួដ ឬ​សាខា​ដែល​មាន​ចំនួន​យុវជន​តិច នោះ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​អាច​ជួប​ជាមួយគ្នា​ដើម្បី​រៀន និង​ធ្វើ​សកម្មភាព​នានា ។

១០.២

ការចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ

១០.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

១០.២.១.២

ការរៀនសូត្រ​ដំណឹង​ល្អ

ការប្រជុំ​កូរ៉ុម​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទីពីរ និង​ទីបួន​នៃ​ខែ ។ វាមាន​រយៈពេល ៥០ នាទី ។ សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​កូរ៉ុម ( ឬ​ជំនួយការ​ម្នាក់​របស់​ប៊ីស្សព​នៅក្នុង​កូរ៉ុម​សង្ឃ ) ដឹកនាំ​កម្មវិធី ។ គាត់​ដឹកនាំ​កូរ៉ុម​ឲ្យ​សូត្រ​បាវចនា ហើយ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ការចាត់តាំង ករណីយកិច្ច និង​កិច្ចការ​ផ្សេងៗ​ទៀត ។

បន្ទាប់មក សមាជិក​កូរ៉ុម ឬ​ថ្នាក់ដឹកនាំ​មជ្ឈិមវ័យ​ម្នាក់​ដឹកនាំ​ការបង្រៀន​ដំណឹងល្អ ។

១០.២.១.៣

ការបម្រើ និង​សកម្មភាព​នានា

ការបម្រើ និង​សកម្មភាព​នានា​គួរតែ​ស្ថាបនា​ទីបន្ទាល់ ពង្រឹង​ក្រុមគ្រួសារ បង្កើត​ឲ្យ​មាន​សាមគ្គីភាព​នៅក្នុង​កូរ៉ុម និង​ផ្តល់​ឱកាស​ដើម្បី​ផ្តល់ពរជ័យ​ដល់​មនុស្សដទៃ ។

ការបម្រើ និង​សកម្មភាព​មួយ​ចំនួន​គួរតែ​រួមបញ្ចូល​ទាំង​ក្រុម​យុវជន និង​ក្រុម​យុវនារី ជា​ពិសេស​យុវវ័យ​ដែល​មាន​វ័យ​ច្រើន​ជាងគេ ។

សកម្មភាព​ប្រចាំឆ្នាំ ។ បន្ថែមលើ​ការធ្វើ​សកម្មភាព​នានា​ជាប្រចាំ​របស់​យុវវ័យ នោះ​ក្រុម​យុវជន​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​ដូច​ខាងក្រោម​នេះ​រាល់ឆ្នាំ​ផងដែរ ៖

  • ការបោះជំរំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ( សូមមើល សេចក្តីណែនាំ​ពី​ការបោះជំរំ​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ) ។

  • សន្និសីទ​យុវវ័យ​វួដ ឬ​ស្តេក ឬ​សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន ( FSY ) ។

១០.២.១.៤

ការអភិវឌ្ឍ​ផ្ទាល់ខ្លួន

នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្រ្គោះ នោះ​យុវវ័យ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដាក់​គោលដៅ​ដើម្បី​រីកចម្រើន​ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និង​ខាង​បញ្ញា ( សូមមើល លូកា ២:៥២ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល​គេហទំព័រ ChildrenandYouth.ChurchofJesusChrist.org ។

១០.២.២

ការមើលថែ​ដល់​អ្នក​ខ្វះខាត

អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ជួយ​ប៊ីស្សព​នៅក្នុង​ការ « ចាត់ចែង​គ្រប់​អស់​ទាំង​ការណ៍​ខាង​សាច់​ឈាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:៦៨ ) ។ ក្រុមយុវជន​គួរតែ​មាន​ឱកាស​បម្រើ​មនុស្ស​ដទៃ​ទាំងនៅ​ក្នុង និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​ជាប្រចាំ នៅអំឡុងពេល​ធ្វើ​សកម្មភាព​យុវវ័យ និង​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

១០.២.២.១

ការផ្ដល់​ការងារ​បម្រើ

អ្នក​កាន់បព្វជិតភាព​អើរ៉ុន​ទទួល​ការងារបម្រើ​ដែលចាត់តាំង​នៅ​ដើម​ខែ មករា នៃ​ឆ្នាំ​ដែល​ពួកគេ​ឈានចូល​ដល់​អាយុ ១៤ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ជំពូកទី ២១ ។

១០.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​មាន​ករណីយកិច្ច​ដើម្បី « អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៥៩ ) ។

ឪពុក​ម្តាយ និង​ថ្នាក់ដឹកនាំ​លើកទឹកចិត្ត​ក្រុមយុវជន​ឲ្យ​រៀបចំខ្លួន​បម្រើ​បេសកកម្ម​ពេញម៉ោង និង​ចែកចាយ​ដំណឹងល្អ​ពេញ​មួយ​ជីវិត​របស់ពួកគេ ។

១០.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​អាច​ជួយ​ក្រុមគ្រួសារ​ឲ្យ​មាន​សាមគ្គីភាព​រហូត​អស់កល្ប​ជានិច្ច​តាម​របៀប​ជាច្រើន ។

  • គោរព​ឪពុក​ម្តាយ​របស់​ពួកគេ និង​ធ្វើ​ជា​គំរូ​នៃ​ការរស់នៅ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ផ្ទះរបស់​ពួកគេ ។

  • រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ រួមទាំង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ដ៏​អស់កល្ប​ជានិច្ច​ផងដែរ ។

  • ស្វែងរក​បុព្វការីជន​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org ) ។

  • ចូលរួម​នៅក្នុង​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​សម្រាប់​មរណជន​ឲ្យ​បាន​ញឹកញាប់ តាម​ដែល​កាលៈទេសៈ​អនុញ្ញាត ។

១០.៣

គណៈ​ប៊ីស្សព

ការទទួលខុសត្រូវ​ដ៏សំខាន់​បំផុត​របស់​ប៊ីស្សព​គឺ ត្រូវ​មើលថែ​ដល់ ជំនាន់​ដែល​កំពុង​ពេញវ័យ នៅក្នុង​វួដ​របស់​គាត់ ។ គាត់​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ហើយ​យល់​ពី​កាលៈទេសៈ​នៅ​ផ្ទះ​របស់​ពួកគេ ។ គាត់​ចូលរួម​សកម្មភាព​របស់ពួកគេ និង​ការប្រជុំ​ជាប្រចាំ​នៅថ្ងៃ​អាទិត្យ ។

ប៊ីស្សព​គឺ​ជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ ។

ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប៊ីស្សព​មាន​ទំនួលខុសត្រូវ​ចំពោះ​កូរ៉ុម​គ្រូ ។ ទីប្រឹក្សា​ទីពីរ​មាន​ទំនួលខុសត្រូវ​ចំពោះ​កូរ៉ុម​ឌីកុន ។

គណៈប៊ីស្សព​មាន​ទំនួលខុសត្រូវ​បន្ថែម​ដូចខាងក្រោម​សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ៖

  • ជួប​ជាមួយ​យុវជន​ម្នាក់ៗ យ៉ាង​ហោច​ណាស់​ពីរដង​ក្នុង​មួយ​ឆ្នាំ ( សូមមើល ៣១.៣.១ ) ។

  • ជួយ​ក្រុម​យុវជន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បព្វជិតភាព​ម៉ិលគីស្សាដែក ។

  • មើលការ​ខុស​ត្រូវ​លើ​កំណត់ត្រា របាយការណ៍ និង​ហិរញ្ញវត្ថុ​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។

ពួកអ្នក​ប្រឹក្សា​យោបល់ និង​អ្នកជំនាញ​ក្នុង​កូរ៉ុម​ជួយ​សម្រាល​ទំនួលខុសត្រូវ​ទាំងនេះ​តាម​ដែល​បានស្នើសុំ ។

១០.៤

ថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ

១០.៤.១

ការហៅ ការគាំទ្រ និង​ការញែកចេញ

ប៊ីស្សព​ហៅ​សង្ឃ​ម្នាក់ ឬ​ពីរនាក់​ឲ្យ​បម្រើ​ជា​ជំនួយការ​របស់គាត់​នៅក្នុង​ការដឹកនាំ​កូរ៉ុម​សង្ឃ ។

សមាជិក​នៃ​គណៈប៊ីស្សព​ហៅ​ប្រធាន​កូរ៉ុម​ឌីកុន និង​ប្រធាន​កូរ៉ុម​គ្រូ ។ នៅ​ពេល​មាន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​គ្រប់​គ្រាន់​ដើម្បី​បម្រើ នោះ​យុវជន​ទាំង​នេះ​ធ្វើការ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​សមាជិក​កូរ៉ុម​ដែល​ត្រូវ​ផ្តល់​អនុសាសន៍ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា និង​ជា​លេខា ។

បន្ទាប់​ពី​ផ្តល់​ការហៅបម្រើ​ទាំងនេះ​ហើយ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​ឧទ្ទេសនាមថ្នាក់ដឹកនាំ​កូរ៉ុម​យុវវ័យ​ទាំងនោះ​សម្រាប់​ការគាំទ្រ​នៅ​ក្នុង​ការប្រជុំ​កូរ៉ុម​របស់​ពួកគេ ។ ប៊ីស្សព​ធ្វើ​ពិធី​ញែក​ចេញ​ដល់​ជំនួយ​ការ​របស់​គាត់ និង​ប្រធាន​កូរ៉ុម​ឌីកុន និង​ប្រធាន​កូរ៉ុម​គ្រូ ។ គាត់​ប្រគល់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​ដល់​ប្រធាន​កូរ៉ុម​ទាំងឡាយ ។ គាត់​អាច​ចាត់​ឲ្យ​ទី​ប្រឹក្សា​របស់​គាត់​ធ្វើ​ពិធី​ញែកចេញ​ដល់​សមាជិក​ផ្សេង​ទៀត​ក្នុង​គណៈប្រធាន និង​លេខាបាន ។

១០.៤.២

ការទទួល​ខុសត្រូវ

  • ដឹកនាំ​កិច្ចខិតខំ​របស់​កូរ៉ុម​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ និង​ភាពតម្កើងឡើង​របស់​ព្រះ ( សូមមើល ជំពូកទី ១ ) ។

  • រៀន​ស្គាល់ និង​បម្រើ​សមាជិក​កូរ៉ុម​ម្នាក់ៗ ដោយ​រួមទាំង​អ្នក​ដែល​មិនបាន​ចូលរួម​នៅក្នុង​ការប្រជុំ​កូរ៉ុម​ផងដែរ ។

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ( សូមមើល ១០.៤.៤ ) ។

  • បង្រៀន​សមាជិក​កូរ៉ុម​ពី​ភារកិច្ច​បព្វជិតភាព​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:៨៥–៨៨ ) ។

  • ដាក់​ផែនការ និង​ដឹកនាំ​ការប្រជុំ​កូរ៉ុម ( សូមមើល ១០.២.១.២ ) ។

  • ដាក់​ផែនការ និង​អនុវត្ត​ការបម្រើ និង​សកម្មភាព​នានា​នៅ​ក្នុង​កូរ៉ុម ( សូមមើល ១០.២.១.៣ ) ។

១០.៤.៣

ការប្រជុំ​គណៈប្រធាន​កូរ៉ុម

គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ជួប​គ្នា​ជា​ទៀង​ទាត់ ។ ប្រធាន​កូរ៉ុម​ដឹកនាំ​ការ​ប្រជុំ​ទាំង​នេះ ។ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​មជ្ឈិម​វ័យ​ពីរ​នាក់​ចូល​រួម—គឺ​សមាជិក​មួយ​រូប​នៃ​គណៈ​ប៊ីស្សព អ្នក​ប្រឹក្សា​យោបល់​ម្នាក់ ឬ​អ្នក​ជំនាញ​ម្នាក់ ។

១០.៤.៤

ក្រុមប្រឹក្សា​យុវវ័យ​វួដ

សូមមើល ២៩.២.៦ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ស្ដីពី​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

១០.៨

គោលការណ៍​ណែនាំ និង​គោលនយោបាយ​បនែ្ថម

១០.៨.១

ការការពារ​យុវវ័យ

នៅពេល​មជ្ឈិមវ័យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​យុវវ័យ​នៅក្នុង​បរិវេណ​សាសនាចក្រ យ៉ាង​ហោច​ណាស់​គួរមាន​មជ្ឈិមវ័យ​ពីរ​រូប​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅទីនោះ ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( ProtectingChildren.ChurchofJesusChrist.org ) ។