ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៦ ខែមករា–ថ្ងៃទី១ ខែកុម្ភៈ  « បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក » ៖ លោកុប្បត្តិ ៥; ម៉ូសេ ៦


« ថ្ងៃទី២៦ ខែមករា–ថ្ងៃទី១ ខែកុម្ភៈ ‹ បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក › ៖ លោកុប្បត្តិ ៥; ម៉ូសេ ៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៦ ខែមករា–ថ្ងៃទី១ ខែកុម្ភៈ ‹ បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

លោក​អ័ដាម និង​នាង​អេវ៉ា

Better Than Paradise [ ប្រសើរ​ជាង ស្ថាន​បរមសុខ ] ដោយ ឃេនឌែល រ៉េ ចនសុន

ថ្ងៃទី២៦ ខែមករា–ថ្ងៃទី១ ខែកុម្ភៈ ៖ « បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក »

លោកុប្បត្តិ ៥; ម៉ូសេ ៦

ភាគច្រើន លោកុប្បត្តិ ៥ គឺជា​បញ្ជី​ជំនាន់​រវាង​លោកអ័ដាម និង​នាងអេវ៉ា ហើយនឹង ណូអេ ។ យើង​អានឈ្មោះ​ជាច្រើន ប៉ុន្តែ​យើង​ពុំបាន​រៀនច្រើន​អំពី​ពួកគាត់​ឡើយ ។ បន្ទាប់មក​យើង​អាន​ឃ្លា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​មិន​បានពន្យល់ ៖ « ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ​នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ » ( លោកុប្បត្តិ ៥:២៤ ) ។ ប្រាកដ​ណាស់​មាន​ដំណើររឿង​មួយ​នៅ​ខាងក្រោយ​ខគម្ពីរ​នោះ ! ប៉ុន្តែ ដោយគ្មាន​ការពន្យល់​តទៅ​ទៀត ហើយ​បញ្ជី​ជំនាន់ទាំងឡាយ​ក៏បន្តទៅ​ទៀត ។

អរគុណ ម៉ូសេ ៦ ដែល​បង្ហាញ​ដំណើររឿង​លម្អិត​របស់​ហេណុក—ហើយ​វាជារឿង​ដ៏អស្ចារ្យ ។ យើង​រៀន​អំពី​ការបន្ទាបខ្លួន​របស់​ហេណុក ភាព​មិនប្រាកដប្រជា​របស់គាត់ និង​សក្តានុពល​ដែល​ព្រះទតឃើញ​នៅក្នុង​គាត់ និង​កិច្ចការ​ដ៏អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​ក្នុង​នាម​ជាព្យាការី​របស់ព្រះ ។ យើង​ក៏​បាន​ដឹង​ច្បាស់​ជាងមុន​ពី​ក្រុមគ្រួសារ​របស់​លោកអ័ដាម និង​នាងអេវ៉ា កាលដែល​វារីកលូតលាស់​ទៅជាច្រើន​ជំនាន់ ។ យើង​អាន​អំពី « អំណាច​ត្រួតត្រា​ដ៏ធំ » របស់​សាតាំង ប៉ុន្តែ​ក៏​អំពី​ឪពុកម្តាយ​ដែល​បង្រៀន​កូនចៅ « តាមផ្លូវ​ទាំងឡាយ​នៃ​ព្រះ » ( ម៉ូសេ ៦:១៥, ២១ ) ។ អ្វី​ដែល​មាន​តម្លៃ​ជាពិសេស​គឺជា​អ្វី​ដែល​យើង​រៀន​អំពី​គោលលទ្ធិ​ដែល​ឪពុកម្តាយ​ទាំងនេះ​បានបង្រៀន ៖ សេចក្តីជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល ម៉ូសេ ៦:៥០–៥២ ) ។ គោលលទ្ធិ​នោះ ដូចជា​បព្វជិតភាព​ដែល​អមជាមួយ​វា « ដែល​មាន​តាំង​ពី​ដើមដំបូង​មក នោះ​[ និង ]​ក៏​ត្រូវ​មាន​រហូត​ដល់​ចុង​បំផុត​លោកិយ​ដែរ » ( ម៉ូសេ ៦:៧ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ម៉ូសេ ៦:២៦–៣៦

អំពើបាប​ដាក់​ដែនកំណត់​សមត្ថភាព​របស់ខ្ញុំ​ក្នុង​ការមើលឃើញ ទទួល​អារម្មណ៍ និង​ស្តាប់​រឿង​របស់​ព្រះ ។

នៅពេល​បងប្អូន​សិក្សា ម៉ូសេ ៦:២៦–៣៦ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ឥទ្ធិពល​នៃ​អំពើបាប ? តើ​បងប្អូន​បានឃើញ​ឥទ្ធិពល​នេះ​ដោយ​របៀប​ណា ? តើ​ហេណុក​មាន​គុណលក្ខណៈ​អ្វីខ្លះ​ដែល​បានជួយ​លោក​យកឈ្នះ​លើ​ឥទ្ធិពល​ទាំងនេះ ? តើ​ជា​លទ្ធផល ព្រះ​ប្រទានពរ​ដល់​លោក​ដោយ​របៀបណា ?

ម៉ូសេ ៦:២៦–៤៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​បានហៅ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ទោះជា​ខ្ញុំ​មាន​ភាពទន់ខ្សោយ​ក្តី ។

ប្រសិនបើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​លើសលប់​នឹង​អ្វី​ដែល​ព្រះអម្ចាស់​បានហៅ​បងប្អូន​ឲ្យ​ធ្វើ នោះ​បងប្អូន​មិន​នៅ​ម្នាក់​ឯង​ទេ ។ សូម្បីតែ​ហេណុក ក៏​មាន​អារម្មណ៍​ដូច្នោះ​ដែរ នៅពេល​ព្រះអម្ចាស់​បានហៅ​គាត់​ឲ្យ​ធ្វើ​ជា​ព្យាការី ។ កាល​បងប្អូន​អាន ម៉ូសេ ៦:២៦–៣៦ សូម​រកមើល​ពីមូលហេតុ​ដែល​ហេណុក បាន​មាន​អារម្មណ៍​ភ័យខ្លាច និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដើម្បី​ផ្តល់​នូវការលើក​ទឹកចិត្ត​ដល់​គាត់ ។

នៅក្នុង ខទី ៣៧–៤៧ បងប្អូន​អាច​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បានគាំទ្រ​ហេណុក ហើយ​ធ្វើ​ឲ្យ​លោក​មាន​សមត្ថភាព​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល​ផងដែរ ម៉ូសេ ៧:១៣ ) ។ បងប្អូន​អាច​ប្រៀប​ធៀប​បទពិសោធន៍​របស់​ហេណុក​ទៅ​នឹង​ពួក​ព្យាការី​ផ្សេង​ទៀត​ដែល​មាន​អារម្មណ៍​ថា​ខ្វះ​សមត្ថភាព ដូចជា​ម៉ូសេ ( សូម​មើល និក្ខមនំ ៤:១០–១៦ ) យេរេមា ( សូមមើល យេរេមា ១:៤–១០ ) នីហ្វៃ ( សូមមើល នីហ្វៃទី២ ៣៣:១–៤ ) និង​មរ៉ូណៃ ( សូមមើល អេធើរ ១២:២៣–២៩ ) ។ តើ​បងប្អូន​មានអារម្មណ៍​ថា ព្រះ​មានព្រះទ័យ​ចង់​ឲ្យ​បងប្អូន​រៀន​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ​អំពីកិច្ចការ​ដែល​ទ្រង់​បានប្រទាន​ឲ្យ​បងប្អូនធ្វើ ?

ហេណុក​កំពុង​អធិស្ឋាន

A Seer Hath the Lord Raised Up (Moses 6:36) [ អ្នក​មើលឆុត​ដែល​ព្រះអម្ចាស់​បានប្រោសឡើង ] ដោយ អ៊ីវ៉ា ធីម៉ូធី

ពួកសាវក និង​ព្យាការី​សម័យ​ទំនើប​ជាច្រើន​បាន​បង្ហាញ​ពី​អារម្មណ៍​ដែល​ស្រដៀង​គ្នា​នឹង​ការពិពណ៌នា​របស់​អេណុក​ដែរ នៅពេល​ពួកលោក​បានពិពណ៌នា​ពី​អារម្មណ៍​ខ្លួនលោក ពេល​ទទួល​បាន​ការហៅ​របស់​ពួកលោក ។ ឧទាហរណ៍ សូមមើល​ទីបន្ទាល់​របស់​អែលឌើរ អូលីសេស សូរ៉េស នៅក្នុង « Prophets Speak by the Power of the Holy Spirit » ( Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៨–៩៩ ) ។

តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​ពី​ព្យាការី និង​សាវក​ទាំងនេះ អំពី​អារម្មណ៍​នៃ​ការខ្វះ​សមត្ថភាព​របស់​បងប្អូន ? តើ​នៅ​ពេលណា​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអង្គ​សង្គ្រោះ​បានជួយ​បងប្អូន នៅពេល​ទ្រង់​បាន​បង្គាប់​ឲ្យ​បងប្អូន​ធ្វើ​កិច្ចការ​លំបាក ? សូម​ពិចារណា​សរសេរ​បទពិសោធន៍​ពីរបី​នៅក្នុង​ពេល​អនាគត​របស់​បងប្អូន នៅពេល​បងប្អូន​នឹង​ត្រូវ​ពឹងផ្អែក​លើ​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​បងប្អូន​អាច​ចូល​ទៅកាន់​ព្រឹត្តិការណ៍​ទាំងនេះ​ដោយ​ក្តីជំនឿ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ ដេវីឌ អេ បែដណា « នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៣–១២៥ « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។

ម៉ូសេ ៦:៤៨–៦៨

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បានបង្រៀន​តាំងពី​ដើម​ដំបូង​មក ។

ដោយសារ​យើងមាន​គម្ពីរ​ម៉ូសេ យើង​ដឹង​ថា ព្រះ​បានបង្រៀន​បុត្រាបុត្រី​របស់​ទ្រង់​ពី​របៀប​ដើម្បី​ស្វែងរក​ការប្រោសលោះ​ចាប់តាំង​ពី​លោក​អ័ដាម និង​នាង​អេវ៉ា​មក​ម្ល៉េះ ។ នៅពេល​បងប្អូន​សិក្សា ម៉ូសេ ៦:៤៨–៦៨ ស្វែងរក​អ្វី​ដែល​បងប្អូន​ត្រូវតែ​ដឹង និង​ធ្វើ​ដើម្បី​បាន​ការប្រោសលោះ ។ សូម​កត់សម្គាល់​សំណួរ​របស់​លោក​អ័ដាម​នៅក្នុង ខទី ៥៣ ។ តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ពី​ការណ៍​នោះ​ដែរ​ឬ​ទេ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ៥៣–៦៥ អ្វីខ្លះ ? បងប្អូន​អាច​នឹង​គិត​អំពី​ខគម្ពីរ​ទាំងនេះ​ថា​ជា​សារលិខិត​របស់​ព្រះអម្ចាស់​នៅឯ​កម្មវិធី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​លោក​អ័ដាម ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ពិធីបុណ្យជ្រមុជទឹ​ចេញពី​សារលិខិត​របស់​ទ្រង់ ? តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជា ទ្រង់​ប្រៀបធៀប​ពិធីបុណ្យ​ជ្រមុជទឹក​ទៅនឹង ការ​« កើត​ម្ដង​ទៀត » ? ( ខទី ៥៩ ) ។ តើ​បងប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​បន្ត « កើតម្តងទៀត » នៅ​ពេញ​មួយ​ជីវិត​របស់​បងប្អូន ?

ស្វែងរក​និមិត្តរូប ។ នៅក្នុង​ព្រះគម្ពីរ វត្ថុ ឬ​ព្រឹត្តិការណ៍​ជា​ញឹកញាប់​អាច​តំណាង ឬ​ជា​និមិត្តរូប​នៃ​សេចក្តីពិត​ខាងវិញ្ញាណ ជាពិសេស​សេចក្តីពិត​អំពី​ព្រះអង្គ​សង្គ្រោះ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ  ) ។ និមិត្តរូប​នេះ​អាច​ពង្រីក​ការយល់ដឹង​របស់​បងប្អូន​ពី​ទ្រង់ និង​គោលលទ្ធិ​របស់​ទ្រង់ ។ ឧទាហរណ៍ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​និមិត្តរូប​នៃ​ចិត្ត និង​ត្រចៀក ម៉ូសេ ៦:២៧ ភ្នែក និង​ដី​ឥដ្ឋ​នៅក្នុង ម៉ូសេ ៦:៣៥ ឬ​ទឹក​នៅក្នុង ម៉ូសេ ៦:៥៩–៦០ ?

ម៉ូសេ ៦:៥១–៦២

« បង្រៀន​ការណ៍​ទាំង​នេះ​ដោយ​សេរី​ដល់​កូន​ចៅ​អ្នក » ។

បន្ទាប់ពី​បានបង្រៀន​លោក​អ័ដាម​នូវ​សេចក្តីពិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ នៅក្នុង ម៉ូសេ ៦:៥១–៦៣ ព្រះអម្ចាស់​បានប្រាប់​លោក​អ័ដាម​ឲ្យ​បង្រៀន​ពួកគេ​ដល់​ជំនាន់​នៅពេល​អនាគត ។ សូម​ពិចារណា​បង្កើត​បញ្ជី​នៃ​សេចក្តីពិត​ទាំងនេះ ។ ( វា​អាច​ជា​ជំនួយ​ដើម្បី​បែងចែក​វគ្គ​បទគម្ពីរ​ជា​ក្រុម​តូចៗ​នៃ​ខគម្ពីរ​ដូចជា ខទី ៥១–៥២, ៥៣–៥៧, ៥៨–៦០, ៦១–៦៣ ) ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​ជំនាន់​កំពុង​ពេញវ័យ​នា​សព្វថ្ងៃ​នេះ ? តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​ទៀត​មកពី​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ឪពុក​ម្ដាយ​នៅក្នុង ម៉ូសាយ ៤:១៤–១៥ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៨:២៥–២៨; ៩៣:៤០–៥០ ?

សូម​អាន​អំពី « សៀវភៅ​រំឭក » ដែល​ក្រុមគ្រួសារ​របស់​លោកអ័ដាម និង​នាង​អេវ៉ា​បាន​រក្សា​ទុក ដែល​អាច​បំផុស​ដល់​បងប្អូន ឬ​ក្រុមគ្រួសារ​របស់​បងប្អូន​ឲ្យ​ធ្វើ​សៀវភៅ​រំឭក​របស់​បងប្អូន​ផ្ទាល់ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​រួមបញ្ចូល​អ្វីខ្លះ ? សូម​ពិចារណា​ដើម្បី​រក្សា​ព័ត៌មាន​ចេញពី​សៀវភៅ​រំឭក​របស់​បងប្អូន​នៅលើ​គេហទំព័រ FamilySearch.org ។

សូមមើល​ផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​ឪពុក​ម្ដាយ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៥៥–៥៩ « Parenting: Touching the Hearts of Our Youth », « But Why? » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ក្រុម​គ្រួសារ​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសេ ៦:២៦–៣៤

ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ពិបាកៗ​បាន ។

  • ពេល ហេណុក ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​លោក​ព្រួយ​បារម្ភ​ថា​លោក​នឹងត្រូវ​បរាជ័យ ។ ប៉ុន្តែ​ព្រះ​បាន​ជួយ​គាត់ » ។ សូម​អាន​ជាមួយ​គ្នា​នូវ​ដំណើររឿង​នេះ​នៅក្នុង ម៉ូសេ ៦:២៦–៣៤ ( សូមមើល​ផងដែរ « ហេណុក​ជា​ព្យាការី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១៩–២១ ) ។ ហេតុអ្វី​បាន​ជា​ហេណុក មាន​អារម្មណ៍​ថា គាត់​មិន​អាច​ផ្សាយ​ដំណឹងល្អ​បាន ? ( សូមមើល ម៉ូសេ ៦:៣១ ) ។ តើ​ព្រះបាន​ជួយ​ហេណុក​យ៉ាង​ដូចម្តេច​ខ្លះ ? ( សូមមើល ម៉ូសេ ៦:៣២–៣៤; ៧:១៣ ) ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការចែកចាយ ឬ​ធ្វើ​គំរូ​ផ្សេង​ទៀត​អំពី​ពេល​ដែល​ព្រះ​បានជួយ​មនុស្ស​ឲ្យ​ធ្វើ​រឿង​ពិបាកៗ—ឧទាហរណ៍ ណូអេ ដាវីឌ អាំម៉ូន ឬ​សាំយូអែល​ជា​សាសន៍​លេមិន ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ., ១៩, ៧៨៨១ ) ។ បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន និង​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​និយាយ​អំពី​របៀប​ដែល​ព្រះ​ជួយ​ពួកគេ​ធ្វើ​រឿង​លំបាកៗ ។

ម៉ូសេ ៦:៥០–៦២

សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ការប្រែចិត្ត​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​រៀបចំ​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ជួប​ព្រះ ។

  • ព្រះ​បាន​បង្រៀន​អ័ដាម អំពី​អ្វី​ដែល​យើង​ត្រូវធ្វើ ដើម្បី​ត្រឡប់​ទៅ​ជួប​ទ្រង់​វិញ—មាន​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ប្រែចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​គោលការណ៍​ទាំងនេះ​នៅក្នុង ម៉ូសេ ៦:៥២, ៥៧ ។ បន្ទាប់មក បងប្អូន​អាច​ជួយ​ពួកគេ​សរសេរ​សុន្ទរកថា​ខ្លី​មួយ​អំពី​គោលការណ៍​ទាំងនេះ ។ រាល់​សុន្ទរកថា​នីមួយៗ​រួមបញ្ជូល​ទាំង​បទគម្ពីរ​ចេញពី ម៉ូសេ ៦ នូវ​បទពិសោធន៍ និង​ទីបន្ទាល់​មួយ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​សុន្ទរកថា​របស់​ពួកគេ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

  • បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​ដែល​តំណាង​ឲ្យ​គោលការណ៍​ដំបូង​នៃ​ដំណឹងល្អ​ផងដែរ ( សូមមើល មាត្រា​នៃ​សេចក្តីជំនឿ​ទីបួន ) ។ សូម​ដាក់​ពួកគេ​ក្នុង​ជួរ​ដែល​នាំ​ទៅរក​រូបភាព ដែល​ដឹកនាំ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​បងប្អូន​អាន ម៉ូសេ ៦:៥២ កូនៗ​របស់​បងប្អូន​អាច​ឈរ​ក្បែរ​រូបភាព​ដែល​ត្រឹមត្រូវ នៅពេល​ពួកគេ​ឮ​ពាក្យ​ដែល​រូបភាព​តំណាង​ឲ្យ ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការច្រៀង​ចម្រៀង​ដែល​បង្រៀន​គោលការណ៍​នៅក្នុង ម៉ូសេ ៦:៥២ ដូចជា « សេចក្ដីជំនឿ » « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » និង « ព្រះ​វិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០–៥១, ៥៣, ៥៦ ) ។ សូម​ជួយ​ពួកគេ​ស្វែងរក​គោលការណ៍​ទាំងនេះ​នៅក្នុង ម៉ូសេ ៦:៥២ ។

ម៉ូសេ ៦:៥៧–៥៨

ព្រះ​វរបិតា​សួគ៌​ចង់​ឲ្យ​ឪពុក​ម្តាយ​បង្រៀន​ដល់​កូនៗ​របស់​ខ្លួន ។

  • ដើម្បី​លើក​ទឹកចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ​គាំទ្រ​ឪពុកម្តាយ​របស់​ពួកគេ​ក្នុង​តួនាទី​របស់​ពួកគេ​ជា​គ្រូបង្រៀន​ដំណឹងល្អ សូម​ពិចារណា​សុំ​ឲ្យ​កុមារ​ម្នាក់​អាន ម៉ូសេ ៦:៥៨ ហើយ​ស្វែងរក​បទបញ្ញត្តិ​ដែល​ព្រះ​ប្រទាន​ឲ្យ​ឪពុកម្តាយ ។ បន្ទាប់មក បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​បង្រៀន​កូនៗ​របស់​ពួកលោក ( ដូចជា​រូបភាព​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​នេះ ) ហើយ​ឲ្យ​កូនៗ​របស់​បងប្អូន​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​នៅ​ក្នុង​រូបភាព​នោះ ។ កូន​របស់​បងប្អូន​អាច​គូរ​រូបភាព​គ្រួសារ​របស់​ពួកគេ អាន​ព្រះគម្ពីរ​ជាមួយគ្នា អធិស្ឋាន​ជាមួយ​គ្នា ឬ​លេង​ជាមួយ​គ្នា ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

លោក​អ័ដាម និង​នាង​អេវា​បង្រៀន​កូនៗ​របស់​ពួកលោក​នៅក្រោម​ដើមឈើ

អ័ដាម និង​អេវ៉ា​កំពុង​បង្រៀន​កូនៗ​របស់​ពួកគាត់ ដោយ ឌេល ផាសុន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ដំណឹងល្អ​បង្រៀន​ខ្ញុំ​អំពី​របៀប​ត្រឡប់​ទៅកាន់​ព្រះ​វរបិតាសួគ៌​វិញ