« ថ្ងៃទី៩–១៥ ខែកុម្ភៈ ‹ ណូអេបានប្រកបដោយគុណចំពោះព្រះនេត្រនៃព្រះអម្ចាស់ › ៖ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៩–១៥ ខែកុម្ភៈ ‹ ណូអេបានប្រកបដោយគុណចំពោះព្រះនេត្រនៃព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
Jehovah Keeps a Promise [ ព្រះយេហូវ៉ារក្សាសេចក្តីសន្យា] ដោយ សាម ឡលើរ
ថ្ងៃទី៩–១៥ ខែកុម្ភៈ ៖ « ណូអេបានប្រកបដោយគុណចំពោះព្រះនេត្រនៃព្រះអម្ចាស់ »
លោកុប្បត្តិ ៦–១១; ម៉ូសេ ៨
ការរស់នៅក្នុងសម័យចុងក្រោយ យើងមានហេតុផលពិសេសដើម្បីយកចិត្តទុកដាក់ទៅលើរឿងទឹកជំនន់ ។ នៅពេលព្រះយេស៊ូវគ្រីស្ទ បានបង្រៀនពីរបៀបដែលយើងគួរទន្ទឹងមើលការយាងមកជាលើកទីពីរ ទ្រង់មានបន្ទូលថា « ដូចជានៅជំនាន់លោកណូអេយ៉ាងណា នោះកូនមនុស្សក៏នឹងមកជាយ៉ាងដូច្នោះដែរ » ( យ៉ូសែប ស្ម៊ីធ —ម៉ាថាយ ១:៤១ ) ។ បន្ថែមពីលើនោះ ពាក្យដែលបានពិពណ៌នាពីសម័យរបស់ណូអេ ដូចជា « ខូចអាក្រក់ » និង « បានពេញជាសេចក្តីកាចសហ័ស » អាចពិពណ៌នាយ៉ាងងាយស្រួលពីជំនាន់របស់យើង ( លោកុប្បត្តិ ៦:១២–១៣; ម៉ូសេ ៨:២៨ ) ។ ដំណើររឿងនៃប៉មបាបិល ក៏មានអារម្មណ៍ថា ត្រូវនឹងសម័យយើងផងដែរ ដោយការពិពណ៌នារបស់វាពីអំនួតអមដោយការច្របូកច្របល់ និងបន្ទាប់មកការបែកបាក់ ។
ដំណើររឿងពីបុរាណទាំងនេះមិនត្រឹមតែមានតម្លៃដោយសារតែវាបង្ហាញយើងថា អំពើទុច្ចរិតកើតឡើងម្តងទៀតនៅក្នុងប្រវត្តិសាស្រ្តតែប៉ុណ្ណោះទេ ។ សំខាន់ជាងនេះទៅទៀត វាបង្រៀនយើងពីអ្វីដែលត្រូវធ្វើ ។ ណូអេ « បានប្រកបដោយគុណចំពោះព្រះនេត្រនៃព្រះអម្ចាស់ » ( ម៉ូសេ ៨:២៧ ) ។ ហើយក្រុមគ្រួសាររបស់យ៉ារេឌ និងបងប្រុសរបស់លោកបានងាកទៅរកព្រះអម្ចាស់វិញ ហើយត្រូវបានការពារចេញពីភាពច្របូកច្របល់ និងការបែកបាក់នៅបាបិល ( សូមមើល អេធើរ ១:៣៣–៤៣ ) ។ ប្រសិនបើយើងឆ្ងល់ពីរបៀបដើម្បីរក្សាខ្លួនយើង និងក្រុមគ្រួសាររបស់យើងឲ្យមានសុវត្ថិភាពនៅអំឡុងពេលនៃអំពើពុករលួយ និងហិង្សា នោះដំណើររឿងស្រដៀងគ្នានេះនៅក្នុងជំពូកទាំងនេះមានអ្វីៗជាច្រើនដែលត្រូវបង្រៀនយើង ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
លោកុប្បត្តិ ៦; ម៉ូសេ ៨
មានសុវត្ថិភាពខាងវិញ្ញាណ នៅក្នុងការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។
តើបងប្អូនមើលឃើញអ្វីខ្លះនៅក្នុងការពិពណ៌នាអំពីសម័យរបស់ណូអេ ដែលហាក់ស្រដៀងគ្នានឹងលក្ខខណ្ឌនៅសម័យយើងដែរឬទេ ? ជាពិសេសសូមរកមើលនៅក្នុង ម៉ូសេ ៨:១៥–២៤, ២៨ ។ តើផ្ទៃរឿងអ្វីដែលបងប្អូនមើលឃើញថាកើតឡើងដដែលៗ ?
ភាពស្រដៀងគ្នាដ៏សំខាន់មួយដែលបងប្អូននឹងមើលឃើញគឺថា ព្រះបានហៅណូអេឲ្យធ្វើជាព្យាការី ហើយទ្រង់បានហៅព្យាការីនៅសព្វថ្ងៃនេះផងដែរ ។ សូមពិចារណាលើការធ្វើបញ្ជីនៃសេចក្តីពិតមួយដែលបងប្អូនរៀនអំពីព្យាការីពី ម៉ូសេ ៨:១៣–៣០ ។ តើព្យាការីដែលនៅរស់របស់យើងដូចជាណូអេដោយរបៀបណា ? ជាការពិតណាស់ ព្យាការីរបស់ព្រះអម្ចាស់សព្វថ្ងៃនេះមិនបានព្រមានអំពីទឹកជំនន់ ឬអញ្ជើញយើងឲ្យជួយសង់ទូកនោះទេ ។ ប៉ុន្តែតើលោកព្រមានយើងអំពីអ្វី ? ហើយតើលោកអញ្ជើញយើងឲ្យធ្វើអ្វីខ្លះ ? ដើម្បីជួយឆ្លើយសំណួរទាំងនេះ បងប្អូនអាចពិនិត្យមើលជំពូកពី Teachings of Presidents of the Church នៅក្នុងបណ្ណាល័យដំណឹងល្អ ជាពិសេសផ្នែកនៃ « ការអញ្ជើញ និងពរជ័យដែលបានសន្យា » ។ ប្រហែលជាបងប្អូនអាចជ្រើសរើសការព្រមានមួយ និងការអញ្ជើញមួយដែលហាក់ដូចជាមានសារៈសំខាន់ជាពិសេសសម្រាប់បងប្អូន ។
អែលឌើរ អាឡែន ឌី ហែនី បានបង្រៀនថា « ព្រះវរបិតាដ៏ល្អឥតខ្ចោះ និងជាទីស្រឡាញ់ដែលគង់នៅស្ថានសួគ៌បានជ្រើសរើសលំនាំនៃការបើកបង្ហាញសេចក្ដីពិតដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្យាការី » ( « ព្យាការីដែលនៅរស់សម្រាប់ថ្ងៃចុងក្រោយ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៣៥ ) ។ សូមពិចារណាសិក្សាសារលិខិតរបស់អែលឌើរ ហែនី ដោយរកមើលហេតុផលដែលមានព្យាការី គឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ តើការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់បានជួយបងប្អូនមានអារម្មណ៍ថារស់នៅដោយសុវត្ថិភាពនៅថ្ងៃចុងក្រោយដោយរបៀបណា ?
សូមមើលផងដែរ Topics and Questions « Prophets » នៅលើបណ្ណាល័យដំណឹងល្អ « Why Do We Have Prophets? » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
Why Do We Have Prophets?
លោកុប្បត្តិ ៦:៥–១៣
ទឹកជំនន់គឺជាទង្វើនៃសេចក្ដីមេត្តាករុណារបស់ព្រះ ។
មនុស្សមួយចំនួនឆ្ងល់ពីសេចក្ដីយុត្តិធម៌របស់ព្រះក្នុងការបញ្ជូនទឹកជំនន់មក « លុបមនុស្ស » ( លោកុប្បត្តិ ៦:៧ ) ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានពន្យល់ថា នៅគ្រានៃទឹកជំនន់នោះ « សេចក្តីពុករលួយបានទុំសុះដល់ចំណុចមួយដែលមានសិទ្ធិត្រូវបំផ្លាញ ដែលវិញ្ញាណមិនអាចត្រូវបានបញ្ជូនមកលើផែនដីនេះឡើយតាមការយុត្តិធម៌នេះ » ( We Will Prove Them Herewith [ ឆ្នាំ១៩៨២ ] ទំព័រ ៥៨ ) ។ បងប្អូនក៏ប្រហែលជាពិចារណាអំពីរបៀបដែលទឹកជំនន់ជាទង្វើនៃសេចក្ដីមេត្តាករុណាផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង លោកុប្បត្តិ ៦:៥–១៣ ដែលបង្ហាញពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ចំពោះប្រជាជន ?
លោកុប្បត្តិ ៩:៨–១៧
ទីសម្គាល់ ឬនិមិត្តរូបជួយខ្ញុំឲ្យចងចាំសេចក្តីសញ្ញារបស់ខ្ញុំជាមួយព្រះអម្ចាស់ ។
យោងតាម លោកុប្បត្តិ ៩:៨–១៧ តើឥន្ធនូនាំឲ្យអ្នកគិតអំពីអ្វី ? តើ ការបកប្រែដោយយ៉ូសែបស្ម៊ីធ លោកុប្បត្តិ ៩:២១–២៥ ( នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ) បន្ថែមទៅលើការយល់ដឹងរបស់បងប្អូនអ្វីខ្លះ ? បងប្អូនក៏អាចពិចារណាធ្វើបញ្ជីនៃអ្វីផ្សេងៗទៀត ( ដូចជានិមិត្តរូប វត្ថុ ឬអ្វីៗផ្សេងទៀត ) ដែលព្រះបានប្រទានដល់បងប្អូន ដើម្បីរំឭកបងប្អូនអំពីសេចក្ដីសញ្ញារបស់បងប្អូន ។ តើរឿងទាំងនេះបង្រៀនបងប្អូនអ្វីខ្លះ ? តើវាជួយបងប្អូនចងចាំដោយរបៀបណា ?
សូមមើល ហ្គើរីត ដបុលយូ ហ្គង « Always Remember Him » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១០៨–១១១ « ចូរមានគារវៈ និងរាបទាប » ទំនុកតម្កើង ល.រ. ១៨៥ ។
The Tower of Babel [ ប៉មបាបិល ] ដោយ ដេវីឌ ហ្គ្រីន
លោកុប្បត្តិ ១១:១–៩
ការធ្វើតាមព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវតែមួយគត់ទៅកាន់ព្រះវរបិតាសួគ៌ ។
ដំណើររឿងរបស់ប្រជាជននៅក្រុងបាបិល ដែលបានសាងប៉មមួយនោះ ផ្ដល់ភាពផ្ទុយគ្នាដ៏គួរឲ្យចាប់អារម្មណ៍ទៅនឹងដំណើររឿងរបស់ហេណុក និងរាស្ដ្ររបស់លោកដែលកសាងក្រុងស៊ីយ៉ូន ដែលបងប្អូនបានសិក្សានៅសប្ដាហ៍មុន ។ ក្រុមមនុស្សទាំងពីរក្រុមនេះបានព្យាយាមទៅដល់ស្ថានសួគ៌ ប៉ុន្ដែតាមវិធីខុសៗគ្នា ។ តើប្រជាជនស៊ីយ៉ូនបានទៅស្ថានសួគ៌ដោយរបៀបណា ? ( សូមមើល ម៉ូសេ ៧:១៨–១៩, ៥៣, ៦២–៦៣, ៦៩ ) ។ តើបងប្អូនរៀនអ្វីខ្លះចេញពី លោកុប្បត្តិ ១១:១–៩ និង ហេលេមិន ៦:២៦–២៨ អំពីប្រជាជនបាបិល ? តើការណ៍នេះបង្រៀនយើងអ្វីខ្លះ អំពីកិច្ចខិតខំរបស់យើងផ្ទាល់ដើម្បីត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ? តើព្រះបានផ្ដល់អ្វីខ្លះដើម្បីជួយយើងឲ្យ « ខ្ពស់ដល់ផ្ទៃមេឃ » ? ( លោកុប្បត្តិ ១១:៤; សូមមើលផងដែរ យ៉ូហាន ៣:១៦ ) ។
រៀនយ៉ាងសកម្ម ។ ការរៀនអាចរួមបញ្ចូលច្រើនជាងការអាន ឬស្តាប់ ។ ឧទាហរណ៍ នៅពេលរៀនអំពីប៉មបាបិល បងប្អូន និងក្រុមគ្រួសារ ឬថ្នាក់របស់បងប្អូនអាចសរសេរនៅលើក្រដាស នូវអ្វីនាំយើងយើងចេញពីព្រះ ។ បន្ទាប់មក នៅលើក្រដាសផ្សេងទៀត បងប្អូនអាចសរសេរអ្វីដែលនាំយើងឲ្យខិតទៅជិតព្រះ ។ រៀបចំក្រដាសក្រុមទីមួយជារាងប៉មមួយ ហើយក្រុមទីពីរជារាងព្រះវិហារបរិសុទ្ធមួយ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
លោកុប្បត្តិ ៦:១៤–២២; ៧–៨; ម៉ូសេ ៨:១៦–២៤
ការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់នឹងផ្តល់ពរជ័យដល់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ។
-
កុមារភាគច្រើនចូលចិត្តដំណើររឿងរបស់ណូអេ និងទូក ។ សូមពិចារណាផ្តល់ឱកាសឲ្យកូនៗរបស់បងប្អូនចែកចាយអ្វីដែលពួកគេដឹងអំពីដំណើររឿងនេះ ។ ដើម្បីជួយពួកគេ បងប្អូនអាចប្រើរូបភាពនៅក្នុងគម្រោងនេះ « ណូអេ និងគ្រួសាររបស់លោក » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( ទំព័រ ២២–២៥ ) និងវគ្គទីបីនៃបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ) ។ កូនៗរបស់បងប្អូនអាចរីករាយសម្តែងតាមផ្នែកនានានៃដំណើររឿង—ឧទាហរណ៍តាមរយៈសម្តែងដោយប្រើឧបករណ៍សាងសង់ទូក ឬធ្វើជាសត្វដើរចូលក្នុងទូក ។
-
នៅពេលបងប្អូននិយាយអំពីណូអេជាមួយគ្នា សូមជួយកូនៗរបស់បងប្អូនមើលឃើញថាយើងមានពរជ័យប៉ុនណា ដែលមានព្យាការីរបស់ព្រះនៅថ្ងៃនេះនេះ ។ សូមជួយកូនៗរបស់បងប្អូនស្រាវជ្រាវ ម៉ូសេ ៨:១៦, ១៩–២៤ ដើម្បីស្វែងរកអ្វីដែលណូអេបានបង្រៀនដែលព្យាការីរបស់ព្រះអម្ចាស់នៅតែបង្រៀនរហូតដល់សព្វថ្ងៃនេះ ។ តើយើងមានពរយ៉ាងណា នៅពេលយើងគោរពតាមការបង្រៀនទាំងនេះ ?
លោកុប្បត្តិ ៩:១៥–១៦
ព្រះនឹងរក្សានូវការសន្យារបស់ទ្រង់ចំពោះខ្ញុំ ។
-
កូនៗរបស់បងប្អូនអាចរីករាយនឹងការគូររូប ឬផាត់ពណ៌ឥន្ធនូខណៈពេលដែលបងប្អូននិយាយអំពីអ្វីដែលវាតំណាងឲ្យ ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែបស្ម៊ីធ លោកុប្បត្តិ ៩:២១–២៥ [ នៅក្នុង Bible appendix ] ) ។ តើព្រះចង់ឲ្យណូអេ និងគ្រួសាររបស់គាត់គិតអំពីអ្វីពេលដែលពួកគេបានឃើញឥន្ទធនូ ?
-
បងប្អូនក៏អាចបង្ហាញកូនៗរបស់បងប្អូននូវអ្វីមួយដែលបងប្អូនមានដែលរំឭកបងប្អូនពីអ្វីមួយដែលសំខាន់នៅក្នុងជីវិតរបស់បងប្អូនដូចជាចិញ្ជៀនរៀបការ រូបថតឬសៀវភៅកំណត់ហេតុមួយ ។ សូមឲ្យកូនៗរបស់បងប្អូនចែកចាយឧទាហរណ៍របស់ពួកគេផ្ទាល់ ។ ការណ៍នេះអាចដឹកនាំទៅរកការសន្ទនាអំពីអ្វីៗដែលជួយយើងចងចាំសេចក្តីសញ្ញារបស់យើង ដូចជាសាក្រាម៉ង់ ដែលជួយយើងចងចាំសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹកដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៥–៧៩ ) ។
ព្រះបានប្រាប់គ្រួសាររបស់ណូអេថា ឥន្ទធនូនឹងក្លាយជា « ទីសម្គាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា » ( លោកុប្បត្តិ ៩:១២ ) ។
លោកុប្បត្តិ ១១:១–៩
ការធ្វើតាមព្រះយេស៊ូវគ្រីស្ទ គឺជាផ្លូវតែមួយគត់ទៅកាន់ស្ថានសួគ៌ ។
-
វាអាចជាការសប្បាយក្នុងការសង់ប៉មចេញពីដុំឈើ ឬវត្ថុផ្សេងទៀតជាមួយកូនៗរបស់បងប្អូន។ នៅពេលបងប្អូនធ្វើដូច្នេះ សូមពន្យល់ថា ប្រជាជននៃបាបិលគិតថាពួកគេអាចឡើងដល់ឋានសួគ៌ដោយការសង់ប៉មខ្ពស់មួយ ។ ពេលនោះ បងប្អូនអាចមើលជាមួយគ្នានូវរូបភាពព្រះអង្គសង្គ្រោះ ហើយសួរកូនៗរបស់បងប្អូនពីរបៀបដែលទ្រង់ជួយយើងឡើងទៅស្ថានសួគ៌ ។ បន្ទាប់មក បងប្អូនអាចនិយាយជាមួយគ្នាអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។
-
បន្ថែមពីលើការអានដំណើររឿងនៃប៉មបាបិល នៅក្នុង លោកុប្បត្តិ ១១:១–៩ បងប្អូន និងកូនៗរបស់បងប្អូនអាចអាន ហេលេមិន ៦:២៨ ។ យោងតាមខគម្ពីរនេះ តើហេតុអ្វីបានជាប្រជាជនបាបិលសង់ប៉មនេះ ? ហេតុអ្វីបានជាការសាងសង់ប៉មនេះជាមធ្យោបាយមួយខុសឆ្គងដើម្បីទៅស្ថានសួគ៌ ? សូមឲ្យកុមារស្រាវជ្រាវក្នុង នីហ្វីទី២ ៣១:២០–២១ និង ហេលេមិន ៣:២៨ ដើម្បីស្វែងរកផ្លូវដ៏ត្រឹមត្រូវទៅកាន់ស្ថានសួគ៌ ។ តើពាក្យទូន្មានអ្វីខ្លះដែលពួកគេនឹងផ្ដល់ឲ្យប្រជាជនបាបិល ?
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។