ចូរ​មក​តាម​ខ្ញុំ
គំនិត​ដែល​ត្រូវ​ចងចាំ ៖ សេចក្តីសញ្ញា


« គំនិត​ដែល​ត្រូវ​ចងចាំ ៖ សេចក្តីសញ្ញា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« សេចក្តីសញ្ញា » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

រូបតំណាង​គំនិត

គំនិត​ដែល​ត្រូវ​ចងចាំ

សេចក្តីសញ្ញា

នៅ​ទូទាំង​ព្រះគម្ពីរ​សញ្ញាចាស់ បងប្អូន​នឹង​អាន​ជាញឹកញាប់​នូវពាក្យ សេចក្តីសញ្ញា ។ នៅ​សព្វថ្ងៃ​នេះ ជា​ញឹកញាប់​យើង​គិត​ពី​សេចក្តីសញ្ញា​ជា​សេចក្តីសន្យា​ពិសិដ្ឋ​ជាមួយព្រះ ប៉ុន្តែ​នៅក្នុង​ពិភពលោក​កាលពីបុរាណ សេចក្តីសញ្ញា​ក៏ជា​ផ្នែកសំខាន់​នៃ​ការប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​ជាមួយ​គ្នាទៅវិញ​ទៅមក​ផងដែរ ។ ដើម្បី​សុវត្ថិភាព និង​ការរស់រាន​របស់ពួកគេ មនុស្ស​ត្រូវតែ​អាច​ទុកចិត្ត​លើគ្នា​ទៅវិញទៅមក ហើយ​សេចក្តី​សញ្ញា​តែងតែ​ជា​វិធី​ដើម្បី​ទទួលបាន​ទំនុកចិត្ត​នោះ ។

ដូច្នេះ នៅពេល​ព្រះ​បានមាន​ព្រះ​បន្ទូល​ទៅកាន់ ហេណុក ណូអេ ម៉ូសេ និង​អ្នក​ដទៃ​អំពី​សេចក្តីសញ្ញា ទ្រង់​បាន​អញ្ជើញ​ពួកលោក​ឲ្យ​ចូលទៅក្នុង​ទំនាក់ទំនង​នៃ​ការទុកចិត្ត​លើ​ទ្រង់ ។ យើង​ហៅ​សេចក្តីសញ្ញា​នេះ​ថា​ជា​សេចក្ដីសញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច ឬ​សេចក្តីសញ្ញា​អ័ប្រាហាំ—ជា​ការយោង​ទៅ​សេចក្ដីសញ្ញា​ដែល​ព្រះ​បានធ្វើ​ជាមួយ​អ័ប្រាហាំ និង​សារ៉ា ហើយ​បន្ទាប់មក​បានបន្ត​ជាមួយ​កូនចៅ​របស់​ពួកលោក​ដែល​មាន អ៊ីសាក និង​យ៉ាកុប ( ហៅ​ម្យ៉ាង​ទៀត​ថា​អ៊ីស្រាអែល ) ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ត្រូវ​គេ​ស្គាល់​យ៉ាង​សាមញ្ញ​ថា « សេចក្តីសញ្ញា » ។ បងប្អូន​នឹង​មើលឃើញថា ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ដំណើររឿង​នៃ​ប្រជាជន​ដែល​បានឃើញ​ខ្លួន​របស់ពួកគេ​ជាអ្នក​គ្រងមរតក​នៃ​សេចក្តីសញ្ញា​នេះ—រាស្រ្ត​ក្នុង​សេចក្តីសញ្ញា ។

សេចក្តីសញ្ញា​អ័ប្រាហាំ​បន្ត​មានសារៈសំខាន់​ដល់​សព្វថ្ងៃនេះ ជាពិសេស​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ហេតុអ្វី ? ពីព្រោះ​យើង​ក៏ជា​រាស្រ្ត​ក្នុង​សេចក្តីសញ្ញា​ដែរ ទោះបីជា​យើង​ជា​កូនចៅ ឬ​មិនមែន​កូនចៅ​ផ្ទាល់​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ក៏​ដោយ ។ ព្រោះមូលហេតុ​នេះ ទើប​វា​មាន​សារៈសំខាន់​ដែលត្រូវ​យល់​ថា អ្វី​ទៅ​ជា​សេចក្តីសញ្ញា​អ័ប្រាហាំ និង​របៀប​ដែល​វា​អនុវត្ត​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ ។

តើ​សេចក្តីសញ្ញា​អ័ប្រាហាំ​ជា​អ្វី ?

អ័ប្រាហាំ​ចង់ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ( អ័ប្រាហាំ ១:២ ) ដូច្នេះ ព្រះ​បាន​ឲ្យ​លោក​ចុះ​ក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា ។ អ័ប្រាហាំ​ពុំមែន​ជា​មនុស្ស​ដំបូង​គេ​ដែល​មាន​បំណង​ប្រាថ្នា​នេះ​នោះទេ ហើយ​លោក​ក៏​មិនមែន​ជា​មនុស្ស​ដំបូង​ដែល​ទទួល​សេចក្តីសញ្ញា​នេះ​ដែរ ។ ជាចុងក្រោយ វា​គឺជា​សេចក្តីសញ្ញា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ។ អ័ប្រាហាំ​បាន​ស្វែងរក « ព្រះ​ពរ​ទាំង​ឡាយ​ខាង​ពួក​អយ្យកោ » ( អ័ប្រាហាំ ១:២ )—ពរជ័យ​ដែល​បានត្រូវ​ប្រទាន​ឲ្យ​ដោយ​សេចក្តីសញ្ញា​ទៅកាន់​លោកអ័ដាម និង​នាងអេវ៉ា ហើយ​បន្ទាប់មក​ដល់​មនុស្ស​ដែល​ស្វែងរក​ពរជ័យ​ទាំងនេះ​ដោយ​ឧស្សាហ៍​ព្យាយាម ។

សេចក្តីសញ្ញា​របស់ព្រះ​ជាមួយនឹង​អ័ប្រាហាំ សន្យា​នូវ​ពរជ័យ​ដ៏អស្ចារ្យ​ទាំងឡាយ ៖ គ្រងមរតក​នៃ​ដែនដី មានកូនចៅ​ដ៏ច្រើន ទទួលបាន​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​នាម​ដែល​ត្រូវបាន​គេ​គោរព​រាប់ជំនាន់ ។ ប៉ុន្តែ ចំណុច​សំខាន់​នៃ​សេចក្តីសញ្ញា​នេះ​ពុំមែន​គ្រាន់តែ​ជា​ពរជ័យ​ដែល​អ័ប្រាហាំ និង​ក្រុមគ្រួសារ​របស់​លោក​នឹង ទទួល ប៉ុណ្ណោះ​ទេ ថែម​ទាំង ផ្តោត​លើ​ពរជ័យ​ដែល​កូនចៅ​របស់ព្រះ​ទាំងអស់​នឹង ត្រូវ ទទួលបាន​ទៀត​ផង ។ ព្រះ​បាន​ប្រកាស​ថា « ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំងឡាយ » « គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង »​( លោកុប្បត្តិ ១២:២–៣ ) ។

តើ​សេចក្ដី​សញ្ញា​នេះ​បាន​ផ្ដល់​ងារ​ជា​ឯកសិទ្ធិ​ដល់​អ័ប្រាហាំ សារ៉ា និង​ពូជ​ពង្ស​របស់​ពួកគាត់​នៅ​ក្នុង​ចំណោម​បុត្រា​បុត្រី​របស់​ព្រះ​ដែរ​ឬទេ ? មាន​តែ​នៅក្នុង​ន័យ​ថា វា​គឺជា​ឯកសិទ្ធិ​មួយ​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ ។ គ្រួសារ​អ័ប្រាហាំ​ត្រូវ « បាន​កាន់​ការងារ​បម្រើ និង​បព្វជិតភាព​នេះ​ដល់​អស់​ទាំង​សាសន៍ » ដោយ​ចែកចាយ « ព្រះពរ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដីសង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( អ័ប្រាហាំ ២:៩, ១១ ) ។ ការធ្វើ​ជា​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​មិន​មាន​ន័យ​ថា ពួកគេ​ល្អ​ជាង​អ្នក​ដទៃ​នោះ​ទេ វា​មាន​ន័យ​ថា ពួកគេ​មាន​កាតព្វកិច្ច​ជួយ​អ្នកដទៃ​ឲ្យ​កាន់តែ​ប្រសើរ ។

សេចក្ដី​សញ្ញា​នេះ​គឺជា​ពរជ័យ​ដែល​អ័ប្រាហាំ​ទន្ទឹង​ចង់​បាន ។ បន្ទាប់​ពី​ទទួល​បាន​ពរជ័យ​នេះ អ័ប្រាហាំ​បាន​ថ្លែង​នៅ​ក្នុង​ដួង​ចិត្ត​របស់​លោក​ថា « អ្នក​បម្រើ​របស់​ទ្រង់​បាន​ខំ​ស្វែងរក​ទ្រង់ ឥឡូវ​នេះ ទូលបង្គំ​បាន​រក​ឃើញ​ព្រះ​អង្គ​ហើយ » ( អ័ប្រាហាំ ២:១២ ) ។

ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន ប៉ុន្តែ​សេចក្ដីសញ្ញា​នេះ​ត្រូវ​បានស្ដារ​ឡើងវិញ​នៅ​ក្នុង​ជំនាន់​របស់​យើង ។ ហើយ​បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ជីវិត​នៃ​រាស្ត្រ​របស់​ព្រះ ។ ការបំពេញ​នៃ​សេចក្ដីសញ្ញា​នេះ​កំពុង​តែ​មាន​សន្ទុះ​នៅ​ថ្ងៃ​ចុង​ក្រោយ ពេល​ដែល​កិច្ចការ​របស់​ព្រះ​ដំណើរការ​ទៅ​មុខ ដោយ​ផ្ដល់​ពរ​ជ័យ​ដល់​ក្រុម​គ្រួសារ​ទូទាំង​ពិភពលោក ។ ហើយ​ដូចជា​អ័ប្រាហាំ​ដែរ អ្នក​ទាំងឡាយ​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង—អ្នក​ទាំងឡាយ​ណា​ដែល​ស្វែងរក​ព្រះ​ដោយ​ចិត្តស្មោះ—អាច​ក្លាយជា​ផ្នែក​មួយ​នៃ​សេចក្ដីសញ្ញា​នេះ ។

គ្រួសារ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

តើ​សេចក្ដី​សញ្ញា​អ័ប្រាហាំ​មាន​ន័យ​ដូចម្តេច​ចំពោះ​ខ្ញុំ ?

បងប្អូន​គឺ​ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា​នោះ ។ បងប្អូន​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ នៅពេល​បងប្អូន​បានទទួល​បុណ្យ​ជ្រមុជទឹក ហើយ​នៅពេល​បងប្អូន​ទទួលទាន​សាក្រាម៉ង់ ។ ហើយ​បងប្អូន​ទទួលបាន​ភាពពេញលេញ​នៃ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងនេះ យើង​ក្លាយជា​រាស្ត្រ​របស់​ព្រះ ។ យើង​ចងភ្ជាប់​ទៅនឹង​ទ្រង់« ដែល​ចង​ភ្ជាប់​ដល់​អស់កល្បអស់កាល​ជានិច្ច » ។ « ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ » ប្រធាន រ័សុល អិម ណិលសុន⁠ បានបង្រៀន​ថា « នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀត​ឡើយ » ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ ។ … ដោយសារ​តែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ ទ្រង់​ពុំ​ដែល​នឿយហត់​ក្នុង​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​ប្រើអស់​ការអត់ធ្មត់​ដ៏​មេត្តា​របស់​ទ្រង់​ជាមួយ​យើង​ដែរ » ។ បងប្អូន​នឹង​ឃើញ​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ហើយ​បងប្អូន​នឹង​ឃើញ​វា​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់​ក្នុង​នាម​ជា​បុត្រ​ម្នាក់​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់ ។

ព្រះយេស៊ូវ​គង់​នៅលើ​ទឹក​ដោយ​លា​ព្រះហស្ដ

Be Not Afraid [ កុំ​ឲ្យ​ភ័យ​ឡើយ ] ដោយ ដាន់ វិលសុន

នេះ​គឺ​ជា​ការយល់ដឹង​ដ៏​មាន​តម្លៃ​ដែល​បាន​ប្រទាន​ឲ្យ​យើង ដោយសារ​តែ​ការស្តារឡើងវិញ​នៃ​សេចក្តីសញ្ញា​អ័ប្រាហាំ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ដូច្នេះ​នៅពេល​បងប្អូន​អាន​អំពី​សេចក្តីសញ្ញា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ សូម​កុំ​គ្រាន់តែ​គិត​អំពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ឡើយ ។ សូម​គិត​ផងដែរ​អំពី​ទំនាក់ទំនង​របស់ទ្រង់​ជាមួយ​បងប្អូន ។ នៅពេល​បងប្អូន​អាន​អំពី​សេចក្តីសន្យា​ពី​កូនចៅ​ជំនាន់​ក្រោយ​ដែល​រាប់​មិន​អស់ សូម​កុំគិត​តែ​ពី​មនុស្ស​រាប់លាន​នាក់​ដែល​ហៅ អ័ប្រាហាំ​ថា​ជា​ឪពុក​របស់​ពួកគេ​ឡើយ ។ គិត​ផងដែរ​អំពី​ការសន្យា​របស់ព្រះ​ចំពោះ​បងប្អូន​ពី​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ការកើនឡើង​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅពេល​បងប្អូន​អាន​អំពី​ការសន្យា​នៃ​ដែនដី​ជា​មរតក​មួយ សូម​កុំគ្រាន់តែ​គិត​អំពី​ដែនដី​ដែល​បាន​សន្យា​ដល់​អ័ប្រាហាំ​ឡើយ ។ សូម​គិត​ផងដែរ​អំពី​ជោគវាសនា​នៃ​សេឡេស្ទាល​នៃ​ផែនដី​ដោយផ្ទាល់—មរតក​ដែល​បានសន្យា​នូវ​សេចក្តី « ស្លូតត្រង់ » អ្នក​ដែល « រង់ចាំ​ព្រះយេហូវ៉ា » ( ម៉ាថាយ ៥:៥; ទំនុកដំកើង ៣៧:៩, ១១ ) ។ ហើយ​នៅពេល​បងប្អូន​អាន​អំពី​សេចក្តីសន្យា​ដែល​រាស្រ្ត​នៃ​សេចក្តីសញ្ញា​នៃ​ព្រះ​នឹង​ទទួល​បាន​ពរ « គ្រួសារ​នៅ​លើ​ផែនដី » ( អ័ប្រាហាំ ២:១១ ) កុំ​គិត​តែ​ពី​ការងារបម្រើ​របស់​អ័ប្រាហាំ ឬ​ព្យាការី​ដែល​ជា​កូនចៅ​របស់​លោក​ឡើយ ។ សូមគិត​ផងដែរ​អំពី​អ្វី​ដែល​បងប្អូន​អាចធ្វើ—ក្នុងនាម​ជាអ្នក​ដើរតាម​សេចក្តីសញ្ញា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ធ្វើជា​ពរជ័យ​ដល់​ក្រុមគ្រួសារ​ទាំងឡាយ​ដែល​នៅជុំវិញ​បងប្អូន ។