ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២–៨ ខែកុម្ភៈ  « ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន » ៖ ម៉ូសេ ៧


« ថ្ងៃទី២–៨ ខែកុម្ភៈ ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន › ៖ ម៉ូសេ ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២–៨ ខែកុម្ភៈ ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ហេណុក​មាន​ការនិមិត្ត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ

Enoch Sees the Meridian of Time [ ហេណុក​មើលឃើញ​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ] ដោយ ជេនីហ្វឺ ផេហ្គីត

ថ្ងៃទី២–៨ ខែកុម្ភៈ ៖ « ព្រះអម្ចាស់​ទ្រង់បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន »

ម៉ូសេ ៧

នៅក្នុង​ប្រវត្តិសាស្រ្ត មនុស្ស​បាន​ព្យាយាម​សម្រេច​នូវ​អ្វី​ដែល​ហេណុក និង​ប្រជាជន​របស់​លោក​បាន​សម្រេច ៖ បង្កើត​សង្គម​ល្អ​មួយ​ដែល​គ្មាន​ភាពក្រីក្រ ឬ អំពើហិង្សា ។ ក្នុងនាម​ជា​រាស្រ្ត​របស់ព្រះ យើង​សូម​ចែកចាយ​បំណង​ប្រាថ្នា​នេះ ។ យើង​ហៅ​វា​ថា ការស្ថាបនា​ស៊ីយ៉ូន ហើយវា​រួមទាំង—ការថែរក្សា​ជនខ្វះខាត និង​លើកកម្ពស់​សេចក្តីសុខសាន្ត—ការចុះ​សេចក្តីសញ្ញា រស់នៅ​ជាមួយគ្នា​នៅក្នុង​សេចក្តីសុចរិត ហើយ​មានសាមគ្គីភាព​ជាមួយគ្នា និង​ជាមួយ​ព្រះយេស៊ូវ គ្រីស្ទ « ស្តេច​នៃ​ស៊ីយ៉ូន » ( ម៉ូសេ ៧:៥៣ ) ។ ប្រសិនបើ​ពិភពលោក សហគមន៍​របស់​បងប្អូន ឬ​គ្រួសារ​របស់​បងប្អូន​មិន​សូវ​បាន​ដូច​អ្វី​ដែល​បងប្អូន​ចង់​បាន វា​មាន​ប្រយោជន៍​ក្នុង​ការសួរ​ថា តើ​ហេណុក និង​ប្រជាជន​របស់​លោក​បាន​ធ្វើ​វា​ដោយ​របៀបណា ? តើ​ពួកគេ​ក្លាយជា « មានចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) យ៉ាង​ដូចម្ដេច ថ្វីបើ​មាន​ទាស់ទែង​គ្នា​នៅជុំវិញ​ពួកគេ​ក៏​ដោយ ? នៅក្នុង​ចំណោម​រឿង​លម្អិត​ជាច្រើន​ដែល ម៉ូសេ ៧ ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​អំពី​ក្រុង​ស៊ីយ៉ូន នោះ​រឿង​ដ៏​មាន​តម្លៃ​ជាក់​លាក់​មួយ​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ជា​រឿង​ដូច​តទៅ​នេះ ៖ ក្រុង​ស៊ីយ៉ូន​មិន​គ្រាន់​តែ​ជា​ទីក្រុង​មួយ​ប៉ុណ្ណោះ​ទេ—វា​មាន​នូវ​លក្ខខណ្ឌ​នៃ​ដួង​ចិត្ត និង​ស្មារតី ។ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្រៀន នោះ​ក្រុង​ស៊ីយ៉ូន​គឺ « ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:២១ ) ។ ដូច្នេះ​ប្រហែល​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​សង់​ក្រុង​ស៊ីយ៉ូន​គឺ​ត្រូវ​ចាប់ផ្ដើម​នៅ​ក្នុង​ដួង​ចិត្ត និង​គេហដ្ឋាន​របស់​យើង​ផ្ទាល់ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ម៉ូសេ ៧:១៦–២១, ២៧, ៥៣, ៦២–៦៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ជួយ​ស្ថាបនា​ស៊ីយ៉ូន ។

នៅពេល​ព្យាការី យ៉ូសែប ស្ម៊ីធ បានរៀន​អំពី​ហេណុក និង​ទីក្រុង​នៃ​ភាពបរិសុទ្ធ​របស់​លោក​ជាលើក​ដំបូង លោក​ត្រូវបាន​បំផុសគំនិត ។ លោក « បានដឹង​ថា​ថ្ងៃ​នោះ​នឹង​មក​ដល់ នៅពេល​ព្រះអម្ចាស់​នឹង​បង្កើត​ស៊ីយ៉ូន​នៅលើ​ផែនដី​ជា​ថ្មី​ម្តងទៀត » ( Saints ១:១០៨–១០៩ ) ហើយ​លោក​បាន​ចាប់ផ្ដើម​ស្វែងរក​ពេញ​មួយ​ជីវិត​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ។ ការអាន ម៉ូសេ ៧ អាច​បំផុសគំនិត​បងប្អូន​ឲ្យ​បន្ត​កិច្ចខិតខំ​នោះ​នៅ​សព្វថ្ងៃ​នេះ ។

បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការស្រាវជ្រាវ​សំណួរ​នេះ « តើ​ស៊ីយ៉ូន​ជា​អ្វី ? » និង « តើ​វា​ខុស​ពី​ពិភពលោក​ដទៃ​ទៀត​ដោយ​របៀប​ណា ? » សូម​ពិចារណា​រាយបញ្ជី​ចម្លើយ​ដែល​បងប្អូន​នឹកឃើញ នៅពេល​បងប្អូន​សិក្សា ម៉ូសេ ៧ ជាពិសេស​នៅក្នុង ខទី ១៦–២១, ២៧, ៥៣, ៦២–៦៩ ។

ចម្លើយ​របស់​បងប្អូន​ចំពោះ​សំណួរ​ទាំងនេះ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា យើង​នៅតែ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ។ ដូច្នេះ​តើ​យើង​ធ្វើ​វា​យ៉ាង​ដូចម្តេច​ទៅ ? វា​អាច​ជួយ​ឲ្យ​គិត​អំពី​ពេលវេលា​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​បងប្អូន​ធ្លាប់ « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ជាមួយ​នរណា​ម្នាក់ ( ម៉ូសេ ៧:១៨ ) ។ ប្រហែល​ជា​វា​ស្ថិត​នៅក្នុង​វួដ គ្រួសារ ឬ​ក្រុម​នៅ​កន្លែង​ធ្វើការ ឬ​សាលារៀន ។ តើ​មនុស្ស​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើត​ការរួបរួម​ដ៏​សុចរិត ?

នេះ​គឺជា​ធនធាន​មួយចំនួន​ទៀត​ដែល​បងប្អូន​អាច​ស្វែងរក​ដើម្បី​រុករក​យោបល់ និង​ការបំផុស​គំនិត ។ សូម​ជ្រើសរើស​មួយ ឬ​ច្រើន​ដើម្បី​សិក្សា ហើយ​បន្ទាប់មក​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​ដើម្បី​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន ៖

មិត្តភក្តិ​លួងលោម​គ្នា​ក្នុង​ក្រុម​ក្នុង​ថ្នាក់

ព្រះ​មាន​ព្រះទ័យ​ឲ្យ​ប្រជារាស្រ្ត​របស់​ទ្រង់ « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ( ម៉ូសេ ៧:១៨ ) ។

ម៉ូសេ ៧:៥៣

ព្រះយេស៊ូវគ្រីស្ទ​គឺជា « ស្ដេច​នៃ​ស៊ីយ៉ូន » ។

តើ​វា​មាន​អត្ថន័យ​ចំពោះ​បងប្អូន​យ៉ាងណា​ដែល​មាន​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ស្តេច​របស់​បងប្អូន ? សូម​កត់ចំណាំ​ព្រះបរមងារ​ផ្សេងទៀត​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ខគម្ពីរ​នេះ ។ តើ​ការពិពណ៌នា​ទាំង​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ទ្រង់ ? តើ​បងប្អូន​គិត​ថា​វា​មាន​ន័យ​យ៉ាងណា​ក្នុងការ​មក « ចូល​តាម​ទ្វារ ហើយ​[ លើក ]​ឡើង​ដោយសារ​[ ទ្រង់ ] » ?

សូមមើល​ផងដែរ « សូមយាង ឱ ស្តេចនៃស្តេច ! » ទំនុកតម្កើង ល.រ. ២៣ ។

ម៉ូសេ ៧:២៨–៦៩

ព្រះ​ទ្រង់​ព្រះកន្សែង—ហើយ​អរសប្បាយ—ដោយសារ​បុត្រាបុត្រី​របស់​ទ្រង់ ។

មនុស្ស​ខ្លះ​យល់​ថា​ព្រះ​ជា​អង្គ​ដែល​នៅ​ឆ្ងាយ ហើយ​ពុំ​បាន​ទទួល​រង​នូវ​អារម្មណ៍​ខាង​ផ្លូវ​ចិត្ត​ចំពោះ​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​ទាំងអស់​គ្នា​នោះ​ទេ ។ ហេណុក​បានទទួល​ទស្សនៈ​ផ្សេង​ពី​ព្រះ​នៅក្នុង​ការនិមិត្ត​ដែល​បានកត់ត្រា​នៅក្នុង ម៉ូសេ ៧ ។ តើ​លោក​បានរៀន​អ្វីខ្លះ​អំពី​ព្រះ—ហើយ​តើ​បងប្អូន​រៀន​អ្វីខ្លះ—នៅក្នុង ខទី ២៨–៤០ ? តើ​បងប្អូន​គិត​ថា ហេតុអ្វី​ហេណុក​ភ្ញាក់ផ្អើល​ពេល​ឃើញ​ព្រះ​ទ្រង់​ព្រះកន្សែង ? ហេតុអ្វី​វា​សំខាន់​ចំពោះ​បងប្អូន​ដើម្បី​ដឹង​ថា​ព្រះ​​ទ្រង់​ព្រះកន្សែង ?

នៅពេល​ដែល​ការនិមិត្ត​នេះ​បន្ត ហេណុក​ក៏​យំ​ដែរ ។ ប៉ុន្តែ ព្រះ​ក៏​មាន​បន្ទូល​ដល់​លោក​អំពី​មូលហេតុ​ដើម្បី​អរ​សប្បាយ ។ សូម​រកមើល​វា​នៅក្នុង ម៉ូសេ ៧:៤១–៦៩ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​ការនិមិត្ត​របស់​ហេណុក ដែល​អាច​ជួយ​បងប្អូន « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​រីករាយ​ចុះ » ទោះជា​បងប្អូន​មាន « សេចក្ដីល្វីង​ជូរចត់ » នៅក្នុង​ជីវិត​របស់​បងប្អូន​ក្តី ( ខទី ៤៤ ) ?

សូមមើល ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែវិច្ឆិកា ឆ្នាំ២០០៣ ទំព័រ ៧០–៧៣ ។

ម៉ូសេ ៧:៥៩–៦៧

ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ ។

ការនិមិត្ត​របស់​ហេណុក ជាពិសេស​អ្វី​ដែល​បានកត់ត្រា​នៅក្នុង ម៉ូសេ ៧:៥៩–៦៧ គឺជា​ការព្យាករ​ដំបូង​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្វី​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​ថ្ងៃ​ចុងក្រោយ ? ឧទាហរណ៍ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​ទទួល​អារម្មណ៍​ថា​ការព្យាករ​នៅក្នុង ខទី ៦២ ត្រូវបាន​បំពេញ ។ តើ​ឃ្លា​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​កិច្ចការ​របស់​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ?

សូមមើល​ផងដែរ ហែនរី ប៊ី អាវរិង « Sisters in Zion » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៦៧–៦៩ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសេ ៧:១៨–២១, ៦២–៦៣, ៦៨–៦៩

ព្រះ​ចង់​ឲ្យ​យើង « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​រៀន​អំពី​ហេណុក និង​ស៊ីយ៉ូន បងប្អូន​អាចប្រើ « ហេណុក​ជា​ព្យាការី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ទំព័រ ១៩–២១ ) ឬ​ឃ្លា​ទីពីរ​នៃ​បទ « ធ្វើតាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។ បន្ទាប់មក បងប្អូន​អាច​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ជួយ​បងប្អូន​ប្រាប់​ដំណើររឿង​នេះ​ឡើងវិញ​តាម​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។ រូបភាព​របស់​ហេណុក​នៅក្នុង​គម្រោង​នេះ​អាច​ជួយ​បាន ។

  • នេះ​គឺជា​របៀប​មួយ​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​យល់​ពី​អត្ថន័យ​នៃ​ « មានចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) ៖ សូម​ធ្វើ​រូបបេះដូង​ក្រដាស និង​កាត់​វា​ជា​បំណែកៗ ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​កុមារ​ម្នាក់ៗ​មាន​ចំណែក​មួយ​នៃ​រូប​បេះដូង​នោះ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅលើ​បំណែក​របស់​ពួកគេ ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​ផ្គុំ​បេះដូង​ជាមួយ​គ្នា​វិញ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ នោះ​បងប្អូន​អាច​និយាយ​អំពី​អ្វីៗ​ដែល​បងប្អូន​ចូលចិត្ត​អំពី​កូន​ម្នាក់ៗ ។

ម្ដាយ​ឱប​កូនស្រី
  • សូម​ជួយ​កូនៗ​របស់​បងប្អូន​រាប់​ថា​តើ​ពាក្យ​ស៊ីយ៉ូន​មាន​ចំនួន​ប៉ុន្មាន​ដង​ដែល​បានលេចឡើង​នៅក្នុង ម៉ូសេ ៧:១៨–២១, ៦២–៦៣, ៦៨–៦៩ ។ រាល់​ពេល​ដែល​ពួកគេ​ស្វែងរក​ពាក្យ​នេះ សូម​ជួយ​ពួកគេ​រកឃើញ​នូវ​អ្វី​ដែល​ខគម្ពីរ​និយាយ​អំពី​ស៊ីយ៉ូន ( សូម​មើល​ផងដែរ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ស៊ីយ៉ូន » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​យើង​អាច​ប្រែក្លាយ​កាន់តែ​ដូច​ជា​ប្រជាជន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ មិន​ថា​បងប្អូន​កំពុងបង្រៀន​គ្រួសារ​របស់​បងប្អូន​នៅផ្ទះ ឬ​ថ្នាក់រៀន​នៅ​ថ្ងៃអាទិត្យ​នោះទេ របៀប​ដ៏​ល្អ​បំផុត​មួយ​ដែល​បងប្អូន​អាច​ជួយ​អ្នកដទៃ​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​ដ៏​យូរអង្វែង​លើ​ព្រះយេស៊ូវគ្រីស្ទ គឺ​ដើម្បី​ជួយ​ពួកគេ​បង្កើត​ទម្លាប់​ស្វែងរក​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ព្រះគម្ពីរ ។ សូម​ចែកចាយ​បទពិសោធន៍​ដែល​បងប្អូន​កំពុង​មាន​ពី​បទគម្ពីរ ហើយ​លើក​ទឹកចិត្ត​គ្រួសារ ឬ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ នៅពេល​យើង​ឮ​អំពី​របៀប​ដែល​ការអាន​ព្រះគម្ពីរ​ផ្តល់​ពរជ័យ​ដល់​អ្នកដទៃ នោះ​យើង​ជារឿយៗ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ស្វែងរក​ពរជ័យ​ដូចគ្នា​នេះ​ពី​ព្រះអម្ចាស់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

ម៉ូសេ ៧:៣២–៣៣

ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​ជ្រើសរើស​ដើម្បី​ធ្វើតាម​ទ្រង់ ។

  • ដើម្បី​ណែនាំ ម៉ូសេ ៧:៣២–៣៣ ដល់​កូនៗ​របស់​បងប្អូន នោះ​បងប្អូន​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​ជម្រើស​ដែល​ពួកគេ​ត្រូវ​ធ្វើ​នា​ពេល​ថ្មីៗ​នេះ ។ បន្ទាប់មក បងប្អូន​អាច​អាន​ខគម្ពីរ​ជាមួយគ្នា ដើម្បី​រកមើល​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ជ្រើសរើស ។ តើ​យើង​អាច​ជ្រើសរើស​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ជ្រើសរើស​ទ្រង់ ? ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​ប្តូរវេន​គ្នា​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំងនេះ ខណៈពេល​ដែល​បងប្អូន​ផ្សេង​ទៀត​ទស្សទាយ​ថា សកម្មភាព​នោះ​តំណាង​ឲ្យ​អ្វី ។

ម៉ូសេ ៧:៥៩–៦៧

ព្រះយេស៊ូវ​នឹង​យាង​មក​ផែនដី ។

  • នៅក្នុង ម៉ូសេ ៧:៥៩ ហេណុក​បាន​ទូលសួរ​សំណួរ​មួយ​ទៅ​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​រក​សំណួរ​នោះ ហើយ​បន្ទាប់មក​សុំ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង ខទី ៦០ ។ បងប្អូន​ក៏​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​ពេលវេលា​ដែល​ពួកគេ​កំពុង​រំពឹង​ថា នរណា​ម្នាក់​នឹង​ត្រឡប់​មក​ផ្ទះ​វិញ​ផងដែរ ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍ និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន ។ តើ​យើង​អាច​ត្រៀមខ្លួន​យ៉ាង​ដូចម្ដេច​សម្រាប់​ពេល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ ?

  • សូម​បង្ហាញ​រូបភាព​នៃ​គ្រា​ដែល​ព្រះ​អង្គសង្គ្រោះ​លេច​មក​ឯ​ប្រជាជន ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៦០, ៨២, ៨៣ និង ៨៤ ) ។ តើ​នៅ​ក្នុង​រូប​ភាព​នេះ​ប្រជាជន​កំពុងធ្វើ​អ្វី ? តើ​មនុស្ស​ទាំងនេះ​បាន​មាន​អារម្មណ៍​ដូចម្តេច នៅ​ពេល​ដែល​ពួកគេ​បានជួប​ព្រះយេស៊ូវ ? បងប្អូន​ក៏​អាច​ច្រៀង​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​អង្គសង្រ្គោះ ដូច​ជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ហើយ​សួរ​កុមារ​អំពី​អ្វី​ដែល​ពួកគេ​គិត នៅពេល​ដែល​ព្រះយេស៊ូវ យាង​មក​ម្តង​ទៀត ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា ពេល​ឃើញ​ព្រះយេស៊ូវ​យាង​មក​ជា​ថ្មី​ម្តងទៀត ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

ហេណុក និង​ប្រជាជន​ពី​ទីក្រុង​ស៊ីយ៉ូន​កំពុង​ប្រែរូប

City of Zion Translated [ ទីក្រុង​ស៊ីយ៉ូន​បាន​ប្រែរូប ] ដោយ ឌេល ផាសុន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក