ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៩–២៥ ខែមករា  ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ៖ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥


« ថ្ងៃទី១៩–២៥ ខែមករា ការធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា ៖ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១៩–២៥ ខែមករា ការធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

លោក​អ័ដាម និង​នាង​អេវ៉ា

លោកអ័ដាម និង​នាងអេវ៉ា [ Adam and Eve ] ដោយ ដូក្លាស អិម ហ្វ្រាយ័រ

ថ្ងៃទី១៩–២៥ ៖ ការធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥

ដំបូង ដំណើររឿង​នៃ​ការធ្លាក់​របស់​លោកអ័ដាម និង​នាង​អេវ៉ា អាច​ហាក់ដូចជា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​មួយ ។ លោក​អ័ដាម និង​នាងអេវ៉ា ត្រូវបាន​បណ្តេញ​ចេញ​ពី​សួនច្បារ​អេដែន​ដ៏ស្រស់​ស្អាត ។ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅក្នុង​ពិភពលោក​នៃ​ការឈឺចាប់ ទុក្ខសោក និង​សេចក្តីស្លាប់ ( សូមមើល លោកុប្បត្តិ ៣:១៦–១៩ ) ។ ហើយ​ពួកគេ​ត្រូវបាន​បំបែកចេញ​ពី​ព្រះវរបិតាសួគ៌​របស់ពួកគេ ។ ប៉ុន្តែ​សេចក្តីពិត​ដែល​បាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​គម្ពីរ​ម៉ូសេ ផ្ដល់​ឲ្យ​យើង​នូវ​ទស្សនវិស័យ​ពិសេស​មួយ​អំពី​ការធ្លាក់ ។

ពិតណាស់ សួនច្បារ​អេដែន​គឺ​ស្រស់ស្អាត ។ ប៉ុន្តែ​លោកអ័ដាម និង​នាង​អេវ៉ា ត្រូវការ​លើស​ពី​ភាពស្រស់​ស្អាត​នៅជុំវិញ​នោះ ។ ពួកលោក​ត្រូវការ​—ហើយ​យើងត្រូវការ—ឱកាស​ដើម្បី​រីកចម្រើន ។ ការចាកចេញ​ពី​សួនច្បារ​អេដែន​គឺជា​ជំហាន​ដំបូង​ដ៏ចាំបាច់​ឆ្ពោះទៅកាន់​ការត្រឡប់ទៅរក​ព្រះវិញ ហើយ​នៅទីបំផុត​បានប្រែក្លាយ​ដូចជា​ទ្រង់ ។ នោះ​មានន័យថា ការប្រឈមមុខ​នឹង​ការផ្ទុយ​ទាំងឡាយ ការធ្វើ​ការជ្រើសរើស ការធ្វើខុស ការរៀន​ប្រែចិត្ត និង​ការទុកចិត្ត​ទៅលើ​ព្រះអង្គ​សង្រ្គោះ ដែល​ដង្វាយធួន​របស់ទ្រង់​ធ្វើ​ឲ្យ​មាន​ការវិវត្ត និង « សេចក្តី​អំណរ​អំពី​សេចក្តី​ប្រោសលោះ​របស់​យើង » ( ម៉ូសេ ៥:១១ ) ។ ដូច្នេះ នៅពេល​បងប្អូន​អាន​អំពី​ការធ្លាក់​របស់​លោកអ័ដាម និង​នាង​អេវ៉ា សូម​កុំ​ផ្ដោត​​ទៅលើ​​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នេះ ប៉ុន្តែ សូម​ផ្ដោត​ទៅលើ​ឱកាស​ទាំងឡាយ—គឺ​មិនមែន​ផ្ដោត​តែទៅលើ​ស្ថានសួគ៌​ដែល​លោកអ័ដាម និង​នាង​អេវ៉ា​បាន​បាត់បង់​នោះទេ ប៉ុន្តែ​គឺ​ផ្ដោត​ទៅលើ​សិរីរុងរឿង​ដែល​ការជ្រើសរើស​របស់​ពួកលោក​ក៏​អនុញ្ញាត​ឲ្យ​យើង​អាច​ទទួល​បាន​ផងដែរ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

លោកុប្បត្តិ ៣; ម៉ូសេ ៤

ការធ្លាក់​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ ។

វា​ជា​ការពិត​ដែល​ការជ្រើសរើស​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​នាំ​ទៅរក​ការលំបាក​ជាច្រើន​ដែល​យើង​ជួបប្រទះ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ ប៉ុន្តែ​នោះ​មិន​មាន​ន័យ​ថា​យើង​សោកស្ដាយ​ចំពោះ​ជម្រើស​របស់​ពួកគេ​ទេ ។ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ៣ និង ម៉ូសេ ៤ បងប្អូន​អាច​សួរ​ខ្លួន​បងប្អូន​ថា ហេតុអ្វី​បាន​ជា​ការធ្លាក់​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ?

ស្របតាម ម៉ូសេ ៥:៩–១២ តើ​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការធ្លាក់ ? តើ​បងប្អូន​អាច​អនុវត្ត​ពាក្យសម្តី​របស់​ពួកលោក​ចំពោះ​បទពិសោធន៍​របស់​បងប្អូន​នៅក្នុង​ពិភពលោក​ដែល​ធ្លាក់​នេះ​ដោយ​របៀបណា ? តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​ចេញពី នីហ្វៃទី២ ២:១៩–២៥ ?

សូមមើល​ផងដែរ ម៉ូសាយ ៣:១៩; អាលម៉ា ១២:២១–៣៧ និង គោលលទ្ធិ និង​សេចក្តីសញ្ញា ២៩:៣៩–៤៣ ។

នាង​អេវ៉ា​កាន់​ផ្លែ​ប៉ោម ។

Leaving Eden [ ការចាកចេញ​ពី​សួនច្បារ​អេដែន ] ដោយ អានី ហែនរី ណេឌើរ

លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១; ៥:៤–១៥

ព្រះ​យេស៊ូវគ្រីស្ទ​ប្រទាន​សេចក្តីសង្ឃឹម និង​ការប្រោសលោះ ។

ដំណើររឿង​របស់​លោក​អ័ដាម និង​នាង​អេវ៉ា គឺជា​ដំណើររឿង​នៃ​សេចក្តីសង្ឃឹម និង​ការប្រោសលោះ​មួយ​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ដើម្បី​មើលឃើញ​ពី​មូលហេតុ បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការស្រាវជ្រាវ​រក​លទ្ធផល​នៃ​ការធ្លាក់​នៅក្នុង លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១ និង​ការគូសចំណាំ និង​ការធ្វើ​បញ្ជី​នៃ​អ្វី​ដែល​បងប្អូន​រកឃើញ ។ តើ​លទ្ធផល​នេះ​ជះឥទ្ធិពល​លើ​បងប្អូន​ដោយ​របៀប​ណា ? បន្ទាប់មក បងប្អូន​អាច​ស្រាវជ្រាវ ម៉ូសេ ៥:៤–១៥ ដោយ​រកមើល​ផែនការ​របស់​ព្រះ​ដើម្បី​ប្រោសលោះ​យើង​ពី​ឥទ្ធិពល​ទាំងនេះ ។ ហេតុអ្វី​បាន​ជា​លោក​អ័ដាម និង​នាង​អេវ៉ា​« រីករាយ » បន្ទាប់ពី​ទេវតា​មក​ជួប​ពួកលោក ? តើ​បងប្អូន​បានរៀន​អ្វីខ្លះ​មកពី​ពួកលោក​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ?

សូម​មើល​ផងដែរ « Because of Him » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

2:44

Because of Him

លោកុប្បត្តិ ៣:១៦; ម៉ូសេ ៤:២២

តើ​វាមាន​ន័យ​យ៉ាងដូចម្តេច​ដែល​លោកអ័ដាម​ត្រូវ « ត្រួតត្រា​លើ » នាង​អេវ៉ា ?

នៅពេលខ្លះ វគ្គ​បទគម្ពីរនេះ​ត្រូវបាន​យល់ច្រឡំ ដោយ​មាន​ន័យ​ថា​ប្តី​ត្រូវ​បានរាប់​ថា​ត្រឹមត្រូវ​ក្នុង​ការប្រព្រឹត្ត​ចំពោះ​ភរិយា​ដោយ​មិនសប្បុរស ។ នៅ​ជំនាន់​យើង ព្យាការី​របស់​ព្រះអម្ចាស់​បាន​បង្រៀន​ថា ស្វាមី និង​ភរិយា​គួរ​គិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​នាម​ជា​ដៃគូ​ស្មើភាព​គ្នា​ក្នុង​ការបំពេញ​ការទទួលខុសត្រូវ​ដ៏​ទេវភាព​របស់​ពួកគេ​ក្នុង​គ្រួសារ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » [ បណ្ណាល័យ​ដំណឹងល្អ ] ) ។ អែលឌើរ ឌែល ជី រិនឡាន់ និង​ស៊ីស្ទើរ រ៉ូធ លីប៊ឺត រិនឡាន់ បានពន្យល់ថា ស្វាមី​ដែល​សុចរិត « នឹងស្វែងរក​ធ្វើការងារ​បម្រើ ទទួលស្គាល់​កំហុស និង​ស្វែងរក​ការអភ័យទោស គាត់​ចូលចិត្ត​សរសើរ គាត់​នឹង​គិត​ពិចារណា​ពី​ចំណង់ចំណូលចិត្ត​របស់​សមាជិក​គ្រួសារ គាត់​នឹង​ស្គាល់​ពី​ទម្ងន់​ដ៏ធំ​នៃ​ទំនួលខុសត្រូវ​ដើម្បី​ផ្តល់​ឲ្យ ‹ សេចក្ដី​ត្រូវការ​ក្នុងជីវិត ព្រមទាំង​ការពារ › ដល់​ក្រុមគ្រួសារ​របស់គាត់ គាត់​នឹង​ប្រព្រឹត្ត​ចំពោះ​ភរិយា​របស់គាត់​ដោយ​ការគោរព និង​ស្របតាម​បំផុត ។… គាត់​នឹង​ប្រសិទ្ធពរដល់​គ្រួសារ​របស់គាត់ » ( The Melchizedek Priesthood: Understanding the Doctrine, Living the Principles [ ឆ្នាំ ២០១៨ ] ទំព័រ ២៣ ) ។

ម៉ូសេ ៤:១–៤

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​ត្រូវការ​សិទ្ធិ​ជ្រើសរើស និង​ការផ្ទុយ​ដើម្បី​រីកចម្រើន ។

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « គោលដៅ​របស់​ព្រះវរបិតាសួគ៌​យើង ក្នុង​ការធ្វើ​ជា​ឪពុកម្តាយ​គឺ​មិនមែន​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ធ្វើ អ្វី​ដែល​ត្រឹមត្រូវ​នោះ​ទេ វា​គឺ​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ចុង​ក្រោយ​ប្រែក្លាយ​ដូចជា​ទ្រង់ » ( « Choose You This Day » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ១០៤ ) ។ ហេតុអ្វី​វា​សំខាន់​ខ្លាំង​ម្ល៉េះ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដែល​យើង ជ្រើសរើស ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ?

នៅពេល​បងប្អូន​អាន ម៉ូសេ ៤:១–៤ សូម​រកមើល​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដើម្បី​ការពារ​សិទ្ធិ​ដើម្បី​ជ្រើសរើស—សិទ្ធិជ្រើសរើស​របស់​បងប្អូន ។ តើ​បងប្អូន​អាច​ទទួល​បាន​អំណាច​ការពារ​របស់​ទ្រង់​ទាំង​ទ្វេ​ដោយ​របៀប​ណា ? សម្រាប់​ជា​គំនិត សូម​ពិចារណា​សិក្សា​ផ្នែក​នេះ « ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ទំព័រ ៤–៥ ) ។

សូម​ពិចារណា​ផងដែរ​អំពី​ការអាន​នូវ​អ្វី​ដែល​លីហៃ​បានបង្រៀន​អំពី​សិទ្ធិជ្រើសរើស​នៅក្នុង នីហ្វៃទី២ ២:១១–២០, ២៥–៣០ ។ ហេតុអ្វី​បាន​ជា​ការផ្ទុយ​ចាំបាច់​សម្រាប់​សិទ្ធិជ្រើសរើស ? តើ​បងប្អូន​អាច​បង្ហាញ​ការដឹងគុណ​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា​ដែល​ទ្រង់​ធ្វើ​ឲ្យ​បងប្អូន​មាន « សិទ្ធិ​នឹង​រើស​យក » ? ( នីហ្វៃទី២ ២:២៧ ) ។

សូមមើល​ផងដែរ ដាល្លិន អេក អូក « Opposition in All Things » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ ១១៤–១១៧ Topics and Questions « Agency » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « ជ្រើស​ផ្លូវ​ត្រូវ » ទំនុកតម្លើង ល.រ. ១៤៨ ។

បង្កើន​ការចូលរួម ។ សកម្មភាព​រៀនសូត្រ​ជាច្រើន​អាច​ធ្វើ​ឡើង​ជា​បុគ្គល គ្រួសារ ឬ​ជា​ថ្នាក់​នៅក្នុង​ក្រុម​តូចៗ ឬ​ជា​គូៗ ។ សូម​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចូលរួម ដែល​ពួកគេ​អាច​នឹង​គ្មាន​ឱកាស​ចូលរួម ប្រសិនបើ​គ្មាន​វិធីសាស្ត្រ​នោះ​ទេ ។ សម្រាប់​សកម្មភាព​នេះ បងប្អូន​អាច​អញ្ជើញ​បុគ្គល​ម្នាក់ ឬ​ក្រុម​ឲ្យ​អាន ម៉ូសេ ៤ និង​សេចក្តីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ខណៈ​ក្រុម​ផ្សេងទៀត​សិក្សា​ខគម្ពីរ​នេះ​នៅក្នុង នីហ្វៃទី២ ២ ។ បន្ទាប់មក​ពួកគេ​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​នៅក្នុង​ផ្នែក​រៀងៗ​ខ្លួន ។

ម៉ូសេ ៤:៤–១២; ៥:១៣–៣៣

សាតាំង​ព្យាយាម « ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ » ខ្ញុំ​ខ្វាក់ភ្នែក ។

នៅពេល​បងប្អូន​អាន ម៉ូសាយ ៤:៤–១២; ៥:១៣–៣៣ សូម​ពិចារណា​ធ្វើ​បញ្ជី​ពី​របៀប​ដែល​សាតាំង​បានព្យាយាម​ល្បួង​លោក​អ័ដាម និង​នាង​អេវ៉ា និង​កូនៗ​របស់​ពួកលោក ។ តើ​វា​ប៉ុនប៉ង​ធ្វើ​ការណ៍​ដូចគ្នា​ទាំងនេះ​នា​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ? តើ​ព្រះវរបិតាសួគ៌​អាច​ជួយ​បងប្អូន​ទប់ទល់​នឹង​ការបញ្ឆោត​របស់​សាតាំង​ដោយ​របៀប​ណា ?

ម៉ូសេ ៤:១៣–១៦, ២៧

« យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ … ឲ្យ​ពាក់​បិទបាំង​កាយ » ។

បន្ទាប់ពី​ទទួលទាន​ផ្លែឈើ​ហាមឃាត់ លោក​អ័ដាម និង​នាង​អេវ៉ា​បានព្យាយាម​បិទបាំង​ភាពអាក្រាត​របស់​ពួកលោក ។ ក្រោយមក ព្រះអម្ចាស់​ឲ្យ​សម្លៀកបំពាក់​ដល់​ពួកលោក ។ នៅពេល​បងប្អូន​អាន ម៉ូសេ ៤:១៣–១៦, ២៧ សូម​ពិចារណា​ដូច​ខាងក្រោម ៖

  • សូម​ពិចារណា​ពី​របៀប​ដែល​ភាពអាក្រាត និង​ការស្លៀកពាក់ អាច​តំណាង​ឲ្យ​នៅក្នុង​បទគម្ពីរ ( សូមមើល​សម្រាប់​ឧទាហរណ៍ វិវរណៈ ៧:៩, ១៣–១៥; នីហ្វៃទី២ ៩:១៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៩:២២–២៦, ៧៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​បទពិសោធន៍​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ពី​ការអាក្រាត និង​សម្លៀក​បំពាក់?

  • ប្រសិនបើ​បងប្អូន​បានទទួល​អំណោយទាន​ពិសិដ្ឋ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ពិចារណា​ពី​អ្វី​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​អាច​និយាយ​ទៅកាន់​បងប្អូន​អំពី​សារៈសំខាន់​នៃ​សម្លៀក​បំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ​របស់​បងប្អូន និង​អ្វី​ដែល​សម្លៀក​បំពាក់​នេះ​តំណាង​ឲ្យ ។

សូម​មើល​ផងដែរ « Sacred Temple Clothing » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

4:17

សម្លៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធ

ម៉ូសេ ៥:៤–៩, ១៦–២៦

ព្រះនឹង​ទទួល​យក​ដង្វាយ​របស់ខ្ញុំ ប្រសិនបើ​ខ្ញុំ​ថ្វាយ​វា​ដោយ​សុឆន្ទៈ និង​ដួងចិត្ត​គោរពប្រតិបត្តិ ។

នៅពេល​បងប្អូន​សិក្សា ម៉ូសេ ៥:៤–៩, ១៦–២៦ សូម​ពិចារណា​ពី​អាកប្បកិរិយា​របស់​លោក​អ័ដាម និង​នាង​អេវ៉ា និង​កូនប្រុស​របស់​ពួកលោក គឺ កាអ៊ីន និង​អេបិល ចំពោះ​យញ្ញបូជា​នេះ ។ ហេតុអ្វី​ព្រះអម្ចាស់​ទទួល​យក​យញ្ញបូជា​របស់​អេបិល ប៉ុន្តែ​មិន​ទទួល​យក​យញ្ញបូជា​របស់​កាអ៊ីន ?

តើ​ព្រះអម្ចាស់​បង្គាប់​ឲ្យ​បងប្អូន​ធ្វើ​យញ្ញបូជា​អ្វី ? តើ​មាន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​បង្ហាញពី​របៀប​ដែល​បងប្អូន​គិត​អំពី​យញ្ញបូជា​ទាំងនោះ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

លោកុប្បត្តិ ៣; ម៉ូសេ ៤; ៥:៨–១៥

ព្រះយេស៊ូវ​គ្រីស្ទ​សង្រ្គោះ​យើង​ពី​ការធ្លាក់ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា បងប្អូន​អាច​ថតចម្លង​រូបភាព​ពី « អ័ដាម និង​អេវ៉ា » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១៣–១៦ ) និង​កាត់​រូប​នោះ​ចេញ ។ បន្ទាប់មក​បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ផ្គុំ​រូបភាព​តាម​លំដាប់លំដោយ នៅពេល​បងប្អូន​ពិភាក្សា​ពី​បទពិសោធន៍​របស់​លោកអ័ដាម និង​នាង​អេវ៉ា ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ សូម​និយាយ​អំពី​មូលហេតុ​ដែល​វា​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​លោក​អ័ដាម និង​នាង​អេវ៉ា​ដើម្បី​ចាកចេញ​ពី​សួនច្បារ​អេដែន ។

  • កូនៗ​របស់​បងប្អូន​អាច​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​យល់​ពី​របៀប​ដែល​ទ្រង់​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ។ នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​នៅក្នុង ម៉ូសេ ៤:២៥; ៦:៤៨; រ៉ូម ៥:១២; នីហ្វៃទី២ ២:២២–២៣ ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​របៀប​ដើម្បី​បំពេញ​ប្រយោគ​នេះ ៖ « ដោយសារ​ការធ្លាក់ នោះ​ខ្ញុំ … » បន្ទាប់មក នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​ក្នុង ម៉ូសេ ៥:៨–១១, ១៤–១៥; ៦:៥៩; អាលម៉ា ១១:៤២ ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ ៖ « ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ … » ចែកចាយ​ជាមួយ​គ្នា​នូវ​អំណរគុណ​របស់​បងប្អូន​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ម៉ូសេ ៤:១–៤

ខ្ញុំ​អាច​ជ្រើសរើស​ត្រូវ ។

  • សូម​ជញ្ជឹងគិត​អំពី​មេរៀន​ដែល​ប្រើវត្ថុ​សាមញ្ញៗ​ដើម្បី​ណែនាំ​ពី​គោលការណ៍​នៃ​សិទ្ធិជ្រើសរើស ៖ អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ផាត់ពណ៌​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ប៉ុន្តែ​សូម​ឲ្យ​ខ្មៅដៃ​ពណ៌​តែ​មួយ​ប៉ុណ្ណោះ​ដើម្បី​ប្រើ ។ ហេតុអ្វី​ក៏​វា​ល្អ​ជាង​ដើម្បី​មាន​ជម្រើស ? បន្ទាប់មក បងប្អូន​អាន​ជាមួយ​គ្នា​នូវ ម៉ូសេ ៤:១–៤ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ព្រះ​ចង់​ឲ្យ​យើង​អាច​ជ្រើសរើស​រវាង​ត្រូវ និង​ខុស ។ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​ដោយ​របៀប​ណា ?

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត និង​ជ្រើសរើស​រូបភាព​នៃ​ជម្រើស​ត្រឹមត្រូវ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ឬ​បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយគ្នា​អំពី​ជម្រើស​ត្រឹមត្រូវ ដូចជា​បទ« ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២–៨៣ ) ។ បងប្អូន​អាច​ប្រាប់​គ្នា​អំពី​ពេលវេលា​នៅពេល​បងប្អូន​បាន​ធ្វើ​ជម្រើស​ត្រឹមត្រូវ និង​និយាយ​អំពី​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​បន្ទាប់ពី​នោះ ។

លោក​អ័ដាម និង​នាង​អេវ៉ា

The Fall [ ការធ្លាក់ ] ដោយ រ៉ូប៊ើត ធី បារ៉ែត

ម៉ូសេ ៥:៤,៨

ខ្ញុំ​អាច​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។

  • នៅពេល​លោក​អ័ដាម និង​នាង​អេវ៉ា​ត្រូវ​ចាកចេញ​ពី​សួនច្បារ​អេដែន ពួកលោក​មិន​អាច​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ទៀត​ទេ ។ សូម​អាន ម៉ូសេ ៥:៤, ៨ ជាមួយ​កូនៗ​របស់​បងប្អូន ហើយ​ជួយ​ពួកគេ​ស្វែងរក​អ្វី​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​បានធ្វើ ដើម្បី​មាន​អារម្មណ៍​នៅ​ជិត​ទ្រង់ ហើយ​ស្តាប់ឮ​ទ្រង់ ។ តើ​យើង​អាច​ពោលពាក្យ​អ្វី​ខ្លះ​ទៅ​កាន់​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ការអធិស្ឋាន​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

លោក​អ័ដាម និង​នាង​អេវ៉ា​ជាមួយ​កូនចៀម​ដែល​ធ្វើ​យញ្ញបូជា​នៅលើ​អាសនា

In Similitude of the Sacrifice of the Only Begotten of the Father [ នៅក្នុង​ភាព​ស្រដៀង​គ្នា​នៃ​ការបូជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ព្រះវរបិតា ] ដោយ​ម៉ៃ ម៉ាម ( សូមមើល ម៉ូសេ ៥:៥–៩ )

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា