ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៩ ខែធ្នូ–ថ្ងៃទី៤ ខែមករា  សក្ខីបទ​ទីមួយ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ សេចក្តីណែនាំ​ទៅ​កាន់​ព្រះគម្ពីរ​សញ្ញាចាស់


« ថ្ងៃទី២៩ ខែធ្នូ–ថ្ងៃទី៤ ខែមករា សក្ខីបទ​ទីមួយ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ សេចក្តីណែនាំ​ទៅ​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« សេចក្តីណែនាំ​ទៅ​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ព្រះយេស៊ូវ​គង់​នៅលើ​ភ្នំ

ថ្ងៃទី២៩ ខែធ្នូ–ថ្ងៃទី៤ ខែមករា ៖ សក្តីបទ​ទីមួយ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

នៅពេល​បងប្អូន​ពិចារណា​ពី​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ តើ​បងប្អូន​មាន​អារម្មណ៍​បែប​ណា ? អន្ទះសា ? មិន​ប្រាកដ ? ភ័យ​ខ្លាច ? សតិអារម្មណ៍​ទាំងអស់​នោះ​អាច​យល់​បាន ។ ព្រះគម្ពីរ​សញ្ញាចាស់​គឺជា​ការប្រមូល​ផ្ដុំ​នៃ​ការសរសេរ​ដ៏​ចំណាស់​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នេះ ហើយ​វា​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ទាំង​រំភើប​រីករាយ និង​ភិត​ភ័យ ។ ការសរសេរ​ទាំង​នេះ​កើត​ចេញ​មក​ពី​វប្បធម៌​បុរាណ​មួយ​ដែល​ពេល​ខ្លះ​វា​ទំនង​ជា​មាន​ភាព​ចម្លែក ឬ​ភាព​មិន​ស្រណុក​ក្នុង​ចិត្ត ។ ប៉ុន្តែ​នៅ​ក្នុង​ការសរសេរ​ទាំង​នេះ យើង​ឃើញ​មនុស្ស​ជាច្រើន​កំពុង​មាន​ពិសោធន៍​ដែល​ស្រដៀង​គ្នា ។ យើង​ស្គាល់​បាវចនា​នៃ​ដំណឹងល្អ​ដែល​ធ្វើ​ជា​សាក្សី​ពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ពិតណាស់ មនុស្ស​ដូចជា អ័ប្រាហាំ សារ៉ា ហាណា និង​ដានីយ៉ែល​បាន​រស់​នៅ​ក្នុង​បែប​ជីវិត​ដែល​ខុស​ប្លែក​ពី​យើង ។ ប៉ុន្តែ​ពួកគេ​ក៏​ដក​ពិសោធន៍​នូវ​អំណរ​នៃ​គ្រួសារ និង​ការ​មិន​ចុះ​សម្រុង​ក្នុង​គ្រួសារ គ្រា​នៃ​សេចក្ដី​ជំនឿ និង​គ្រា​នៃ​ភាព​មិន​ច្បាស់​លាស់ ព្រមទាំង​ភាព​ជោគជ័យ និង​ភាព​បរាជ័យ—ដូចជា​យើង​គ្រប់​គ្នា​ជួប​ដែរ ។ សំខាន់​ជាង​នេះ​ទៅទៀត ពួកគេ​បាន​អនុវត្ត​សេចក្ដី​ជំនឿ បាន​ប្រែ​ចិត្ត បាន​ចុះ​សេចក្ដី​សញ្ញា មាន​បទពិសោធន៍​ខាង​វិញ្ញាណ និង​ពុំ​ដែល​បោះបង់​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ នៅពេល​យើង​រៀន​ពី​របៀប​ដែល​ព្រះ​ផ្លាស់ទី​ចូល​ក្នុង​ជីវិត​របស់​ពួកគេ យើង​ក៏ឃើញ​ទ្រង់​នៅក្នុង​របស់​យើងដែរ ហើយ​យើង​និយាយ​ជាមួយ​អ្នកតែង​បទ​ទំនុកដំកើង ៖ « ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង ។ … ហេតុ​នោះ​អ្នក​បម្រើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់ » ( ទំនុកដំកើង ១១៩:១០៥, ១៤០ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​ព្រះវិហារ

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះគម្ពីរ​សញ្ញា​ចាស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ

មធ្យោបាយ​មួយ​ដើម្បី​ស្វែងរក​អាហារ​បំប៉ន​ខាងវិញ្ញាណ​ដ៏សម្បូរ​បែប​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​គឺការស្វែងរក​នំបុ័ង​ជីវិត​ជា ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៦:៤៨ ) ។ ឧទាហរណ៍ តើ​អ្នក​មើល​ឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​រឿង​ដូច​តទៅ​នេះ​ដោយ​របៀប​ណា ?

  • នំម៉ាន៉ា ( និក្ខំមនំ ១៦:៤, ១១–១៥; យ៉ូហាន ៦:៣៥ )

  • ចៀមដែល​បូជា ( និក្ខមនំ ១២:៣–៥; យ៉ូហាន ១:២៩ )

  • ពស់​លង្ហិន ( ជនគណនា ២១:៤–១០; យ៉ូហាន ៣:១៤ )

  • យ៉ូណាស ( យ៉ូណាស ១:៤–១៧; ម៉ាថាយ ១២:៣៨–៤១ )

តើ​ឧទាហរណ៍​ទាំងនេះ​បង្រៀន​អ្វី​ខ្លះ​អំពី​ទ្រង់ ? តើ​សេចក្ដី​យោង​អ្វី​ទៀត​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​បងប្អូន​ធ្លាប់​ស្គាល់​ហើយ ?

នៅក្នុង​សារលិខិត​របស់លោក « ព្រះយេស៊ូវគ្រីស្ទ​គឺជា​កំណប់​ទ្រព្យ » អែលឌើរ ឌែល ជី រិនឡាន់ បាន​លើកទឹកចិត្ត​យើង​ឲ្យ​« ចងចាំ និង​ផ្ដោត​ជានិច្ច​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ » ( លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ទំព័រ ៩៨ ) ។ សូម​ពិចារណា​អាន​សារលិខិត​របស់​លោក ដោយ​រកមើល​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​មិន​ត្រឹមតែ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅក្នុង​ជីវិត​របស់​បងប្អូន​ផងដែរ ។

សូមមើល​ផងដែរ « គំរូ និង​និមិត្តរូប​ទាំងឡាយ​អំពី​ព្រះ​គ្រីស្ទ »​នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » បណ្ណាល័យ​ដំណឹង​ល្អ « ស្វែង​រក​ព្រះ​អម្ចាស់​ពី​ក្មេង » សៀវភៅ​ចម្រៀង​កុមារ ៦៧ ។

ស្វែងរក​និមិត្តរូប​នានា​ដែល​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់​បានបង្រៀន​អ័ដាម​ថា « គ្រប់​អ្វី​ទាំង​អស់​មាន​រូបភាព​ដូច​គ្នា ហើយ​គ្រប់​អ្វី​ទាំង​អស់​ត្រូវ​បាន​បង្កើត ហើយ​ធ្វើ​ឡើង​មក ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​យើង ( ម៉ូសេ ៦:៦៣ ) ។ មិន​ថា​បងប្អូន​កំពុង​សិក្សា ឬ​បង្រៀន​ទេ ការផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​បងប្អូន​ស្វែងរក​អត្ថន័យ​នៅក្នុង​បទគម្ពីរ ហើយ​បង្កើន​សេចក្តីស្រឡាញ់ និង​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ទ្រង់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៧ ) ។

ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖ « ព្រះវរបិតា​បាន​ណែនាំ​អំពី​ព្រះរាជបុត្រា​បង្កើត​តែមួយ​គត់​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ថា​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង រួចទ្រង់​បាន​បង្គាប់​យើង ‹ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ › ។ ចេញពី​ការណែនាំ​នេះ យើង​សន្និដ្ឋាន​ថា កំណត់ត្រា​ព្រះគម្ពីរ​អំពី​ព្រះបន្ទូល​ថ្លែងដោយ ‹ ព្រះ › ឬ ‹ ព្រះអម្ចាស់ › គឺ​សឹងតែ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជានិច្ច ជា​ព្រះអម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ »​( « ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៣ ទំព័រ ១០២ ) ។

14:6

ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ

នៅ​ពេល​មេដឹកនាំ​ពួក​សាសន៍​យូដា​បាន​ចោទ​ប្រកាន់​ព្រះ​យេស៊ូវ​អំពី​អត្តសញ្ញាណ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រកាស​ថា « មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ » ។ បន្ទូល​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​បាន​ស្ដាប់​ឮ​ព្រះយេស៊ូវ​ភ្ញាក់​ផ្អើល ហើយ​ពួកគេ​បាន​ត្រៀមខ្លួន​បម្រុង​យក​ដុំថ្ម​គប់​ទ្រង់ ( សូមមើល យ៉ូហាន ៨:៥៨–៥៩ ) ។ សូម​ពិចារណា​អាន និក្ខំមនំ ៣:១៣–១៥; ៦:៣–៥ ដើម្បី​ដឹងថា​ហេតុអ្វី​បាន​ជា​ពួកសាសន៍​យូដា​មួយចំនួន​ខឹង​នឹងអ្វី​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល ។

ហេតុអ្វី​បានជា​វាមាន​សារៈសំខាន់​ចំពោះ​បងប្អូន​ក្នុងការ​ដឹងថា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះយេហូវ៉ា ?

ព្រះអម្ចាស់​បានស្ដារ​ឡើងវិញ​នូវ​« សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ »​ជាច្រើន​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។

នៅក្នុង​ការនិមិត្ត​មួយ ព្រះអម្ចាស់​បានបង្ហាញ​នីហ្វៃ​អំពី​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​ប៊ីប ដោយ​ពន្យល់ថា « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន » នឹង​ត្រូវបាន​យកចេញ​ពី​ព្រះគម្ពីរ​នេះ ។ សូម​ពិចារណា នីហ្វៃទី១ ១៣:២១–២៩, ៣៨–៤២ ដោយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​គ្រោងទុក​ដើម្បី​« បង្ហាញ​ឲ្យ​ដឹង​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ » ។ យោងតាម នីហ្វៃទី២ ៣:១២ តើ​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើការ​រួមគ្នា​យ៉ាងដូចម្តេច ?

នៅពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​នៅឆ្នាំនេះ បងប្អូន​ក៏នឹង​សិក្សា​« គម្ពីរ​ផ្សេងទៀត »​មួយចំនួន​ដែល​នីហ្វៃ​បានឃើញ​ផងដែរ ។ ទាំងនេះ​រួមមាន ៖

  • គម្ពីរ​ម៉ូសេ គឺជា​ផ្នែក​ដំបូង​នៃ​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះគម្ពីរ​ប៊ីប ។ វា​ស្តារឡើងវិញ​នូវ​សេចក្ដីពិត និង​ដំណើររឿង​ដែល​មិន​បាន​រកឃើញ​នៅក្នុង​អត្ថបទ​បច្ចុប្បន្ន​នៃ លោកុប្បត្តិ ១–៦ ។

  • គម្ពីរ​អ័ប្រាហាំ ដែល​ត្រូវបាន​បើកសម្ដែង​ដល់​យ៉ូសែប ស្ម៊ីធ នៅពេល​លោក​ពិនិត្យមើល​ក្រដាស​បបុស​របស់​សាសន៍​អេស៊ីព្ទ​( សូមមើល​ប្រធានបទ និងសំណួរ « គម្ពីរ​អ័ប្រាហាំ » បណ្ណាល័យ​ដំណឹងល្អ ) ។

  • វគ្គផ្សេងៗ​ពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ដែល​ខ្លះមាន​នៅក្នុង​លេខយោង ឧបសម្ព័ន្ធ​នៃ​ព្រះគម្ពីរ​ប៊ីប និង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់​ដែលបាន​ស្ដារឡើងវិញ​តាមរយៈ យ៉ូសែប ស្ម៊ីធ ៖ ទីក្រុង​ស៊ីយ៉ូន​របស់​ហេណុក ( ម៉ូសេ ៧:១៨–១៩ ) ការនិមិត្ត​របស់​អ័ប្រាហាំ​អំពី​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ ( អ័ប្រាហាំ ៣:២២–២៨ ) និង​ការងារ​បម្រើ​របស់​ម៉ិលគីស្សាដែក ( ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ ) ។ ហេតុអ្វី​បានជា​ដំណើររឿង​ទាំងនេះ « ច្បាស់ និង​ពិសេស »​ចំពោះ​បងប្អូន ?

ទេវតា​លេច​មក​ឯ​អ័ដាម និង​អេវ៉ា

លោក​អ័ដាម និង​នាង​អេវ៉ា​ថ្វាយ​យញ្ញបូជា ដោយ ខេធ ឡាសិន​( លម្អិត )

ព្រះគម្ពីរ​សញ្ញា​ចាស់​ជួយ​ខ្ញុំ​ឲ្យ​យល់ដឹង​ពី​ទំនាក់ទំនង​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ជាមួយនឹង​ព្រះ ។

ព្រះគម្ពីរ​សញ្ញា​ចាស់​គឺជា​ដំណើររឿង​អំពី​ព្រះ​ខិតខំ​ធ្វើឲ្យ​យើង​ក្លាយ​« ដាច់​ជា​របស់ »​ផងទ្រង់​តាមរយៈ​សេចក្ដី​សញ្ញា ( និក្ខមនំ ១៩:៥ ) ។ ដោយ​ហេតុ​នោះ​ហើយ វិធី​ដ៏ល្អ​មួយ​ដើម្បី​រៀបចំខ្លួន​អាន​ព្រះគម្ពីរ​សញ្ញាចាស់​គឺ​ការរៀន​អំពី​សេចក្ដី​សញ្ញា—ជាពិសេស​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​ដែលព្រះ​បានប្រទាន​ដល់​ពួក​ព្យាការី​ពី​បុរាណ​ដូចជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប និង​ពូជពង្ស​ពួកលោក ។ ហើយ​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រៀន​អំពី​សេចក្ដី​សញ្ញា​គឺ​ការសិក្សា​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន⁠ « សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » ( លីអាហូណា ខែ​តុលា ឆ្នាំ​២០២២ ទំព័រ ៤–១១ ) ។

នៅពេល​បងប្អូន​អាន សូម​សួរ​ខ្លួនឯង ៖ ហេតុអ្វី​បានជា​សេចក្ដី​សញ្ញា​សំខាន់​ចំពោះ​ខ្ញុំ ? តើ​« សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស »​អ្វីខ្លះ​ដែល​ខ្ញុំ​ទទួលបាន​ពីព្រះ នៅពេល​ខ្ញុំ​រក្សា​សេចក្ដី​សញ្ញា​របស់ខ្ញុំ​ជាមួយ​ទ្រង់ ? នៅពេល​បងប្អូន​អាន​ព្រះគម្ពីរ​សញ្ញាចាស់​នៅឆ្នាំ​នេះ ចូរ​ឃ្លាំមើល​រឿង​ដែលព្រះ​ចង់​បង្រៀន​បងប្អូន​អំពី​ទំនាក់ទំនង​សេចក្ដី​សញ្ញា​របស់​បងប្អូន​ជាមួយនឹង​ទ្រង់ ។

សូម​មើល​ផងដែរ យេរេមា ៣១:៣១–៣៤ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

ខ្ញុំ​អាចរៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។

  • ពាក្យពេចន៍ និង​វប្បធម៌​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​អាច​ពិបាក​ធ្វើ​ឲ្យ​កុមារ​យល់ ប៉ុន្តែ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​និមិត្តសញ្ញា និង​រឿង​ទាំងឡាយ ។ ប្រហែលជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព​ខាងក្រោម ព្យាការី​អេសាយ​ព្យាករណ៍​ការប្រសូត​របស់​ព្រះគ្រីស្ទ ។ ចូរ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ចង្អុល​បង្ហាញ​ព័ត៌មាន​លម្អិត​ដែល​ពួកគេ​ឃើញ ។ សូម​ទាញយក​ចំណាប់​អារម្មណ៍​របស់​ពួកគេ​ជាពិសេស​ទៅរក​ព្រះឱរស​យេស៊ូវ ។ បន្ទាប់មក​បងប្អូន​អាច​អាន​ជាមួយនឹង​ពួកគេ​នូវអ្វី​ដែល​អេសាយ​បាន​សរសេរ​អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង អេសាយ ៧:១៤; ៩:៦ ។ សូម​ចែកចាយ​ជាមួយ​នឹង​កូនៗ​របស់​បងប្អូន​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ការរកមើល​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​នៅ​ឆ្នាំ​នេះ ។

    អេសាយ​សរសេរ​នៅលើ​ក្រដាសរមូរ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ

    អេសាយ​សរសេរ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ( ព្យាការី​អេសាយ​ប្រាប់ទុក​ជាមុន​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ) ដោយ ហារី អាន់ឌើរសុន

  • បងប្អូន និង​កូនៗ​របស់​បងប្អូន​ក៏អាច​អាន ទំនុកដំកើង ២៣អេសាយ ៥៣:៣–៩ ហើយ​រកឃើញ​ពាក្យ​ពេចន៍​ដែល​រំឭក​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើពាក្យពេចន៍​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះជន្ម និង​ដង្វាយធួន​របស់ទ្រង់ ?

ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចង់​ចុះ​សេចក្ដី​សញ្ញា​ជាមួយនឹង​ខ្ញុំ ។

  • សេចក្ដី​សញ្ញា​គឺជា​ប្រធានបទ​សំខាន់​មួយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ដើម្បី​ណែនាំ​ប្រធានបទ​នេះ​ដល់កូនៗ​របស់​បងប្អូន បងប្អូន​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​ការសន្យា​ដែល​ពួកគេ​ធ្វើ និង​រក្សា​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ ហើយ​ហេតុអ្វី​បានជា​ការរក្សា​ការសន្យា​ទាំងនេះ​មាន​សារៈសំខាន់ ។ បន្ទាប់មក បងប្អូន​អាច​មើល​រូបភាព​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​មួយ ហើយ​និយាយ​អំពី​ការសន្យា ឬ​សេចក្តី​សញ្ញា ដែល​យើង​ធ្វើ​ជាមួយ​ព្រះ​នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:១០, ១៣ ) ។ បងប្អូន​ក៏អាច​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​ចែកចាយ​អារម្មណ៍​របស់​បងប្អូន​អំពី​សេចក្ដី​សញ្ញា​ដែល​យើងបាន​ធ្វើ​នៅទីនោះ ។

  • ទំព័រ​សកម្មភាព​សប្តាហ៍​នេះ​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រំភើបចិត្ត​ក្នុង​ការធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយបទ​អំពី​ការធ្វើ​សេចក្ដី​សញ្ញា ដូចជា « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » ( សៀវភៅ​ចម្រៀងកុមារ ទំព័រ ១០៣ ) ។

ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះយេហូវ៉ា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

  • តើ​កូនៗ​របស់​បងប្អូន​ស្គាល់​នរណាម្នាក់​ដែល​ប្រើ​ឈ្មោះ​ខុសគ្នា​នៅក្នុង​កន្លែង​ផ្សេងៗ​គ្នា​ទេ ? ប្រហែលជា​ឪពុកម្តាយ ឬ​គ្រូបង្រៀន​ម្នាក់​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ខុសគ្នា​នៅ​កន្លែង​ធ្វើការ នៅ​ផ្ទះ និង​នៅ​ព្រះវិហារ ។ សូម​ពិភាក្សា​អំពី​ឈ្មោះ​ទាំងនោះ បន្ទាប់មក​អាន និក្ខមនំ ៦:៣ ជាមួយគ្នា ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ព្រះនាម​ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​គេស្គាល់​មុន​ពេល​ទ្រង់​ប្រសូត ( សូមមើល​ផងដែរ ការបកប្រែ​ដោយ យ៉ូសែប នៅក្នុង​លេខយោង c ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

មនុស្ស​លុត​ជង្គង់​នៅ​ព្រះបាទា​របស់​ព្រះគ្រីស្ទ

មកឯ​ព្រះយេស៊ូវ ដោយ ម៉ៃឃល ម៉លម៍

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចង់​ធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ខ្ញុំ