« គំនិតដែលត្រូវចងចាំ ៖ ការអានព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ការអានព្រះគម្ពីរសញ្ញាចាស់ » ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
គំនិតដែលត្រូវចងចាំ
ការអានព្រះគម្ពីរសញ្ញាចាស់
នៅពេលនីហ្វៃចង់បំផុសគំនិតបងប្អូនលោកឲ្យទុកចិត្តលើព្រះអម្ចាស់ លោកបានចែកចាយដំណើររឿងអំពីម៉ូសេ និងការបង្រៀនពីអេសាយ ។ ពេលដែលសាវកប៉ុលចង់លើកទឹកចិត្តពួកគ្រីស្ទានសម័យដើមឲ្យមានជំនឿលើការសន្យារបស់ព្រះ លោកបានរំឭកពួកគេអំពីជំនឿរបស់ណូអេ អ័ប្រាហាំ សារ៉ា រ៉ាហាប និងអ្នកឯទៀត ។ ហើយនៅពេលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់ពួកអ្នកដឹកនាំសាសន៍យូដាឲ្យ « ស្ទង់មើលគម្ពីរ » ដោយពន្យល់ថា គម្ពីរនោះឯង « ធ្វើបន្ទាល់ពីខ្ញុំ » ( យ៉ូហាន ៥:៣៩ ) បទគម្ពីរដែលទ្រង់បានមានព្រះបន្ទូលអំពីគឺជាសំណេរដែលយើងហៅថា ព្រះគម្ពីរសញ្ញាចាស់ ។
ឬនិយាយម្យ៉ាងទៀតគឺថា នៅពេលបងប្អូនអានព្រះគម្ពីរសញ្ញាចាស់ បងប្អូនកំពុងអានពាក្យសម្តីដែលបានបំផុសគំនិត លួងលោម និងលើកទឹកចិត្តដល់ប្រជារាស្រ្តរបស់ព្រះអស់រាប់ពាន់ឆ្នាំមកហើយ ។
ប៉ុន្តែ តើអ្វីដែលត្រូវបានសរសេរជាយូរមកហើយពិតជាអាចជួយបងប្អូនស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយនាសព្វថ្ងៃនេះឬ ? មែនហើយ វាអាច ! ជាពិសេសប្រសិនបើបងប្អូនចាំថាព្រះគម្ពីរសញ្ញាចាស់គឺពិតប្រាកដជារៀបរាប់អំពីនរណា ។
សក្ខីបទអំពីព្រះយេស៊ូវគ្រីស្ទ
ការប្រឈមអ្វីក៏ដោយដែលបងប្អូន និងក្រុមគ្រួសាររបស់បងប្អូនអាចប្រឈមមុខ ចម្លើយគឺតែងតែជាព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ដូច្នេះ ដើម្បីស្វែងរកចម្លើយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ សូមរកមើលទ្រង់ ។ វានឹងមិនតែងតែងាយស្រួលជានិច្ចនោះទេ ។ បងប្អូនប្រហែលជាត្រូវជញ្ជឹងគិតដោយអត់ធ្មត់ ហើយស្វែងរកការណែនាំខាងវិញ្ញាណ ។ នៅពេលខ្លះ ការលើកឡើងអំពីទ្រង់ហាក់ដូចជាចំៗ ដូចជានៅក្នុងការប្រកាសរបស់អេសាយ « មានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើង … ហើយគេនឹងហៅព្រះនាមទ្រង់ថា…ម្ចាស់នៃមេត្រីភាព » ( អេសាយ ៩:៦ ) ។ នៅកន្លែងផ្សេងៗទៀត ការបង្ហាញអំពីព្រះអង្គសង្រ្គោះគឺមានលក្ខណៈលាក់កំបាំងតាមរយៈនិមិត្តរូប និងភាពស្រដៀងគ្នា—ឧទាហរណ៍ តាមរយៈការពិពណ៌នានៃការបូជាសត្វពាហនៈ ឬដំណើររឿងនៃយ៉ូសែបអភ័យទោសឲ្យពួកបងៗ ហើយបានជួយពួកគេរួចផុតពីគ្រោះទុរភិក្ស ។
ពន្លឺនៃពិភពលោក ដោយ ស្កត ស៊ាំម៉ឺ
ប្រសិនបើបងប្អូនស្វែងរកសេចក្តីជំនឿកាន់តែខ្លាំងទៅលើព្រះអង្គសង្រ្គោះនៅពេលបងប្អូនសិក្សាព្រះគម្ពីរសញ្ញាចាស់ បងប្អូននឹងរកឃើញវា ។ ប្រហែលជានេះអាចជាគោលបំណងនៃការសិក្សារបស់បងប្អូននៅក្នុងឆ្នាំនេះ ។ អធិស្ឋានសូមឲ្យព្រះវិញ្ញាណនឹងដឹកនាំបងប្អូនឲ្យរកឃើញ ហើយផ្តោតលើវគ្គបទគម្ពីរ ដំណើររឿង និងការព្យាករទាំងឡាយដែលនឹងនាំបងប្អូនឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
បានការពារដោយព្រះ
សូមកុំរំពឹងថាព្រះគម្ពីរសញ្ញាចាស់មានប្រវត្តិសាស្រ្តដ៏ល្អិតល្អន់ និងច្បាស់លាស់របស់មនុស្សឡើយ ។ នោះមិនមែនជាអ្វីដែលអ្នកនិពន្ធ និងអ្នកចងក្រងដើមព្យាយាមដើម្បីបង្កើតឡើយ ។ គោលបំណងដ៏ធំរបស់ពួកគាត់គឺដើម្បីបង្រៀនអ្វីមួយអំពីព្រះ—អំពីផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ អំពីអត្ថន័យនៃការធ្វើជាប្រជារាស្រ្តក្នុងសេចក្តីសញ្ញារបស់ទ្រង់ និងអំពីរបៀបដើម្បីស្វែងរកការប្រោសលោះនៅពេលយើងមិនល្អគ្រប់គ្រាន់ ។ នៅពេលខ្លះពួកគាត់សរសេរវា ដោយការភ្ជាប់ទំនាក់ទំនងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា ដូចដែលពួកគាត់យល់អំពីព្រឹត្តិការណ៍ទាំងនោះ រួមទាំងដំណើររឿងចេញពីជីវិតនៃពួកព្យាការីដ៏អស្ចារ្យផងដែរ ។ លោកុប្បត្តិគឺជាគំរូមួយអំពីរឿងនេះ ក៏ដូចជាគម្ពីរយ៉ូស្វេ ពួកចៅហ្វាយ និងពង្សាវតារក្សត្រ ទី១ និង ពង្សាវតារក្សត្រ ទី២ ផងដែរ ។ ប៉ុន្តែអ្នកនិពន្ធព្រះគម្ពីរសញ្ញាចាស់ផ្សេងៗទៀតមិនមានគោលបំណងធ្វើជាប្រវត្តិសាស្រ្តសោះឡើយ ។ ផ្ទុយទៅវិញ ពួកគាត់បានបង្រៀនតាមរយៈស្នាដៃសិល្បៈដូចជា កំណាព្យ និងអក្សរសាស្រ្ត ។ ទំនុកដំកើង និងសុភាសិតត្រូវនឹងផ្នែកនេះ ។ ហើយបន្ទាប់មក មានពាក្យពេចន៍ដ៏មានតម្លៃនៃពួកព្យាការី ដូចជាអេសាយ និងម៉ាឡាគី ដែលពួកលោកបាននិយាយពីព្រះបន្ទូលរបស់ព្រះដល់អ៊ីស្រាអែលពីបុរាណ—ហើយតាមរយៈអព្ភូតហេតុនៃព្រះគម្ពីរប៊ីប ពួកលោកគឺនៅតែបន្តនិយាយមកកាន់យើងនៅសព្វថ្ងៃនេះ ។
តើពួកព្យាការី អ្នកតែងកំណាព្យ និងអ្នកចងក្រងទាំងនេះដឹងថាពាក្យពេចន៍របស់ពួកគាត់នឹងត្រូវបានមនុស្សអានទូទាំងពិភពលោករាប់ពាន់ឆ្នាំ ក្រោយមកដែរឬទេ ? យើងពុំដឹងទេ ។ ប៉ុន្តែយើងស្ញប់ស្ញែងថា នេះជាអ្វីដែលបានកើតឡើងពិតប្រាកដ ។ ប្រជាជាតិបានក្រោកឡើង ហើយដួល ទីក្រុងត្រូវបានដណ្តើមយក ស្តេចដែលមានព្រះជន្មរស់ ក៏បានសុគត ប៉ុន្តែព្រះគម្ពីរសញ្ញាចាស់នៅតែមានជីវិត ពីមួយជំនាន់ទៅកាន់មួយជំនាន់ ពីអ្នកនិពន្ធម្នាក់ទៅអ្នកនិពន្ធម្នាក់ទៀត ពីការបកប្រែមួយទៅការបកប្រែមួយទៀត ។ ពិតប្រាកដណាស់ភាគខ្លះត្រូវបានបាត់ ឬបានកែប្រែ ប៉ុន្តែ ភាគច្រើនត្រូវបានរក្សាទុកដោយអព្ភូតហេតុ ។
ព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយ ជូឌីត អេ. ម៉ែ ( លម្អិត )
ទាំងអស់នេះគឺគ្រាន់តែជារឿងមួយចំនួនដែលត្រូវចងចាំប៉ុណ្ណោះនៅពេលបងប្អូនអានព្រះគម្ពីរសញ្ញាចាស់នៅក្នុងឆ្នាំនេះ ។ ព្រះបានរក្សាទុកការសរសេរពីបុរាណទាំងនេះ ពីព្រោះទ្រង់ជ្រាបដឹងពីបងប្អូន និងអ្វីដែលបងប្អូនកំពុងឆ្លងកាត់ ។ ទ្រង់បានរៀបចំសារលិខិតខាងវិញ្ញាណសម្រាប់បងប្អូននៅក្នុងព្រះបន្ទូលទាំងនេះ ដែលនឹងធ្វើឲ្យបងប្អូនខិតកាន់តែជិតទ្រង់ ហើយស្ថាបនាសេចក្តីជំនឿរបស់បងប្អូននៅលើផែនការរបស់ទ្រង់ និងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ។ ប្រហែលជាទ្រង់នឹងដឹកនាំបងប្អូនទៅកាន់វគ្គបទគម្ពីរ ឬការយល់ដឹងមួយដែលនឹងផ្តល់ពរជ័យដល់នរណាម្នាក់ដែលបងប្អូនស្គាល់—សារដែលបងប្អូននឹងចែកចាយជាមួយមិត្តភក្តិ សមាជិកគ្រួសារ ឬពួកបរិសុទ្ធផ្សេងទៀត ។ មានអ្វីៗជាច្រើនដែលអាចធ្វើទៅបាន ។ តើនោះមិនគួរឲ្យរីករាយទេឬអីដែលគិតអំពីវា ?
នីហ្វៃសរសេរថា « ព្រលឹងខ្ញុំត្រេកអរចំពោះបទគម្ពីរទាំងឡាយ » ( នីហ្វៃទី២ ៤:១៥ ) ។ ប្រហែលជាបងប្អូននឹងមានអារម្មណ៍ដូចគ្នានៅពេលបងប្អូនអានពាក្យពេចន៍ដូចគ្នាជាច្រើនដែលនីហ្វៃបានអាន—ជាអ្វីដែលយើងហៅថាព្រះគម្ពីរសញ្ញាចាស់ ។
គម្ពីរទាំងឡាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់
នៅក្នុងកំណែភាគច្រើននៃព្រះគម្ពីរសញ្ញាចាស់របស់ពួកគ្រីស្ទបរិស័ទ គម្ពីរទាំងឡាយគឺត្រូវបានរៀបចំឡើងខុសៗគ្នាពីរបៀបដើមរបស់វា នៅពេលដំបូងដែលវាត្រូវបានចងក្រងទៅជាបណ្តុំមួយ ។ ដូច្នេះខណៈដែលព្រះគម្ពីរប៊ីបជាភាសាហេព្រើរដាក់គម្ពីរទាំងឡាយទៅជាបីផ្នែក—ក្រិត្យវិន័យ ព្យាការី និងការនិពន្ធ—នោះព្រះគម្ពីរប៊ីបនៃពួកគ្រីស្ទបរិស័ទភាគច្រើនរៀបចំគម្ពីរទាំងឡាយទៅជាបួនផ្នែក ៖ ក្រិត្យវិន័យ ( លោកុប្បត្តិ–ចោទិយកថា ) ប្រវត្តិសាស្រ្ត ( យ៉ូស្វេ–នាងអេសធើរ ) គម្ពីរកំណាព្យ ( យ៉ូប–បទមច្រៀងសាឡូម៉ូន ) និងពួកព្យាការី ( អេសាយ–ម៉ាឡាគី ) ។
ហេតុអ្វីផ្នែកទាំងនេះសំខាន់ ? ដោយសារការដឹងថា គម្ពីរ ប្រភេទ ណាដែលបងប្អូនកំពុងសិក្សាអាចជួយបងប្អូនឲ្យយល់ពី របៀប ដើម្បីសិក្សាវាបាន ។
នេះគឺជាអ្វីមួយដែលបងប្អូនអាចចងចាំនៅក្នុងចិត្តនៅពេលបងប្អូនចាប់ផ្តើមអាន « ក្រិត្យវិន័យ » ឬគម្ពីរប្រាំដំបូងនៃព្រះគម្ពីរសញ្ញាចាស់ ។ គម្ពីរទាំងនេះដែលបានសន្មត់ថាជាការសរសេររបស់ម៉ូសេ ប្រហែលជាត្រូវបានឆ្លងកាត់ដៃអ្នកសរសេរ និងអ្នកចងក្រងជាច្រើនអស់រយៈពេលយ៉ាងយូរ ។ ហើយយើងដឹងថា អស់ជាច្រើនសតវត្សរ៍ « ភាគដ៏ច្បាស់ និងពិសេសៗជាច្រើន » ត្រូវបានដកយកចេញពីព្រះគម្ពីរប៊ីប ( សូមមើល នីហ្វៃទី១ ១៣:២៣–២៦ ) ។ ទោះជាយ៉ាងណាក៏ដោយគម្ពីរទាំងឡាយរបស់ម៉ូសេ ជាព្រះបន្ទូលដែលព្រះបានបំផុសគំនិត ទោះបីជាគម្ពីរទាំងនេះ—ដូចជាកិច្ចការដទៃទៀតនៃព្រះ បានបញ្ជូនតាមរយៈភាពរមែងស្លាប់—មនុស្សតែងតែមានភាពមិនល្អឥតខ្ចោះ ( សូមមើល ម៉ូសេ ១:៤១; មាត្រានៃសេចក្តីជំនឿ ១:៨ ) ។ ពាក្យសំដីនៃមរ៉ូណៃ ដោយយោងទៅលើកំណត់ត្រាពិសិដ្ឋនៃព្រះគម្ពីរមរមនដែលលោកបានជួយចងក្រង គឺមានអត្ថប្រយោជន៍នៅទីនេះ « ប្រសិនបើមានកំហុសណាមួយ គឺជាសេចក្ដីភាន់ច្រឡំរបស់មនុស្សទេ ហេតុដូច្នេះហើយ សូមកុំថ្កោលទោសដល់វត្ថុដែលជារបស់ផងព្រះឡើយ » ( ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) ។ ឬនិយាយម៉្យាងទៀត ព្រះគម្ពីរពុំចាំបាច់គ្មានកំហុសរបស់មនុស្សដើម្បីធ្វើជាព្រះបន្ទូលនៃព្រះនោះទេ ។