ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១២–១៨ ខែមករា  « កាល​ដើម​ដំបូងឡើយ ព្រះ​បានបង្កើត​ផ្ទៃមេឃ និង​ផែនដី » ៖ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥


« ថ្ងៃទី១២–១៨ ខែមករា ‹ កាល​ដើម​ដំបូងឡើយ ព្រះ​បានបង្កើត​ផ្ទៃមេឃ និង​ផែនដី › ៖ លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១២–១៨ ខែមករា ‹ កាល​ដើម​ដំបូងឡើយ ព្រះ​បានបង្កើត​ផ្ទៃមេឃ និង​ផែនដី › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ផែនដី និង​ព្រះចន្ទ

ថ្ងៃទី១២–១៨ ខែមករា ៖ « កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥

ដោយ​សារ​ពិភពលោក​នៅ​ជុំវិញ​យើង​មាន​ភាព​ស្រស់ស្អាត ហើយ​អស្ចារ្យ​ខ្លាំងណាស់ នោះ​វា​ពិបាក​ដើម្បី​នឹក​ស្រមៃ​ពី​ផែនដី​នេះ​ពេល​វា​បាន « ខូច ហើយ​នៅ​ទទេ » « គ្មាន​រូប​រាងទេ ហើយ​នៅ​ទទេ » ( លោកុប្បត្តិ ១:២; អ័ប្រាហាំ ៤:២ ) ។ រឿង​មួយ​ដែល​ដំណើររឿង​នៃ​ការបង្ក​បង្កើត​បង្រៀន​យើង​គឺ​ថា ព្រះ​អាច​ធ្វើ​អ្វី​ដែល​អស្ចារ្យ​កើត​ចេញពី​អ្វី​មួយ​ដែល​រប៉ាត់រប៉ាយ​បន្តិច​ម្តងៗ ។ ការណ៍​នោះ​មាន​ប្រយោជន៍​ដើម្បី​ចងចាំ នៅពេល​ជីវិត​ទំនង​ជា​មាន​ភាព​ចលាចល ។ ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​ព្រះ​ដ៏​បង្ក​បង្កើត ហើយ​ព្រះរាជកិច្ច​ដ៏​ច្នៃប្រឌិត​របស់​ទ្រង់​ទាំងទ្វេ​ជាមួយ​នឹង​ពួកយើង​នៅ​មិន​ទាន់​ចាប់​សព្វ​គ្រប់​ទេ ។ ទ្រង់​ទាំងទ្វេ​អាច​ធ្វើ​ឲ្យ​ពន្លឺ​ភ្លឺ​ចេញ​ពី​គ្រា​ងងឹត​នៅ​ក្នុង​ជីវិត​របស់​យើង​បាន ។ ទ្រង់​ទាំងទ្វេ​អាច​បំពេញ​ភាពទទេ​របស់​យើង​នូវ​ជីវិត ។ ទ្រង់​ទាំងទ្វេ​អាច​ផ្លាស់ប្តូរ​យើង​ទៅ​ជា​តួអង្គ​ដ៏​ទេវភាព​ដែល​យើង​នឹង​ប្រែក្លាយ​ជា ។ នោះហើយ​គឺជា​អត្ថន័យ​អំពី​ការត្រូវ​បានបង្កើត​តាម​រូប​របស់​ព្រះ ឲ្យ​ដូច​ទ្រង់​( សូមមើល លោកុប្បត្តិ ១:២៦ ) ។ យើង​មាន​សក្ដានុពល​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ៖ ត្រូវបានលើក​តម្កើង មានសិរីល្អ ដូចជា​ស្ថានសួគ៌ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​លោកុប្បត្តិ សូម​មើល​« លោកុប្បត្តិ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥; អ័ប្រាហាំ ៤:១–២៥

« ដោយ​សារ​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​យើង ទើប​យើង​បានបង្កើត​របស់​ទាំងនេះ​មក » ។

ទោះបីជា​យើង​មិន​យល់​អ្វី​គ្រប់យ៉ាង​អំពី​របៀប​ដែល​ពិភពលោក​ត្រូវ​បានបង្កើត​ឡើង​ក្តី ក៏​វា​ជា​ការគួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ការកត់សម្គាល់​អ្វី​ដែល​ព្រះ​បានជ្រើសរើស​ដើម្បី​បង្ហាញ​អំពី​ការបង្កបង្កើត​ដែរ ។ តើ​ព្រះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ការណ៍​នេះ​នៅក្នុង លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥ និង អ័ប្រាហាំ ៤:១–២៥ ? ហេតុអ្វី​បាន​ជា​ទ្រង់​ចង់​ឲ្យ​បងប្អូន​ដឹង​ការណ៍​ទាំងនេះ ? នៅពេល​បងប្អូន​ពិចារណា​ដំណើររឿង​ទាំងនេះ នោះ​បងប្អូន​ក៏​អាច​ពិចារណា​ពី​អ្វី​ដែល​វា​បង្រៀន​បងប្អូន​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ពិភពលោក និង​ខ្លួន​បងប្អូន​ផ្ទាល់ ។

ដើម្បី​បង្កើន​ការសិក្សា​របស់​បងប្អូន សូម​ពិចារណា​អាន​ខគម្ពីរ​ទាំងនេះ​ខណៈ​ដែល​ចំណាយ​ពេល​នៅក្នុង​ធម្មជាតិ​ដែលជា​ការបង្កបង្កើត​របស់​ព្រះ ឬ​ពេល​ស្តាប់​បទចម្រៀង​ដូចជា​បទ « ឱ ! អស់​ធម្មជាតិ​នៃ​ព្រះ​យើង​អើយ » ( ទំនុកតម្កើង ល.រ. ២៤ ) ។ បងប្អូន​អាច​ស្វែងរក​រូបភាព​នៃ​ការបង្កបង្កើត​របស់​ទ្រង់​ដែល​ជួយ​បងប្អូន​មាន​អារម្មណ៍​មាន​គារវភាព​សម្រាប់​ព្រះដ៏បង្កបង្កើត ។ សូម​ពិចារណា​ចែកចាយ​រូបភាព​ទាំងនេះ រួម​ជាមួយ​នឹង​ទីបន្ទាល់​របស់​បងប្អូន ជាមួយ​អ្នកដទៃ​ផងដែរ ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:៣២–៣៤ ។

រូបគំនូរ​នៃ​សួនច្បារ​អេដែន

The Garden of Eden [ សួនច្បារ​អេដែន ] ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន

លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–២៧

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។

នៅពេល​បងប្អូន​អាន លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៦–២៧ និង អ័ប្រាហាំ ៤:២៦–២៧ សូម​ជញ្ជឹងគិត​ថាតើ​វា​មាន​ន័យ​យ៉ាង​ណា​ដែរ ដែល​ថា ត្រូវ​បង្កើត​តាម « រូប » ឬ « ដូច » ព្រះ ទាំងបុរស និង​ស្រ្តី ។ ហេតុអ្វី​វា​សំខាន់​ចំពោះ​បងប្អូន​ដើម្បី​ដឹង​ពី​សេចក្តីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ឧទាហរណ៍ តើ​សេចក្តីពិត​ទាំងនេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​បងប្អូន​មើលឃើញ​ខ្លួនឯង អ្នកដទៃ និង​ព្រះ​យ៉ាង​ដូចម្តេច ? តើ​វា​អាច​ជួយ​បងប្អូន​ដោយ​របៀបណា​នៅពេល​បងប្អូន​មាន​អារម្មណ៍​អវិជ្ជមាន​អំពី​ខ្លួនឯង ?

ដើម្បី​ជួយ​បងប្អូន​គិត​អំពី​សំណួរ​ទាំងនេះ សូម​ព្យាយាម​បំពេញ​ប្រយោគ​ដូច​នេះ ៖ « ដោយសារ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​បង្កើត​តាមរូប​របស់​ព្រះ នោះ​ខ្ញុំ​ជ្រើសរើស​ដើម្បី … » សូមមើល « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ទំព័រ ២២–២៩ ) អាច​ជួយ​បាន ។ សូម​ពិចារណា​ជ្រើសរើស​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ​ដើម្បី​បង្ហាញ​ព្រះ​ថា បងប្អូន​ដឹង​ថា​រាងកាយ​របស់​បងប្អូន​គឺ​ពិសិដ្ឋ ។

នៅក្នុង​វីដេអូ « ការបង្កបង្កើត​ដ៏​មហិមា​បំផុត​របស់​ព្រះ » ( បណ្ណាល័យ​ដំណឹងល្អ ) ប្រធាន រ័សុល អិម ណិលសុន ថ្លែង​ទីបន្ទាល់​អំពី​រាងកាយ​មនុស្ស​ដ៏​អស្ចារ្យ ។ នៅពេល​បងប្អូន​មើល​វីដេអូ​នេះ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​គិត​យ៉ាងណា​អំពី​រូបកាយ​របស់​ខ្ញុំ ? » តើ​វា​ខុស​ពី​សារ​ដែល​បងប្អូន​អាច​ស្ដាប់ឮ​ពី​អ្នក​ដទៃ​ដោយ​របៀប​ណា?

2:51

God's Greatest Creation

មនុស្ស​មួយ​ចំនួន​អាច​និយាយ​ថា ការត្រូវបាន​បង្កើត​តាម​រូបភាព​របស់​ព្រះ មានន័យ​ថា គំនិត​របស់​យើង​ទាំងអស់ អារម្មណ៍ និង​បំណងប្រាថ្នា​ត្រូវ​បាន​អនុម័ត​ដោយ​ទ្រង់ ហើយ​ថា​យើង​មិន​ចាំបាច់ ( ឬ​មិន​អាច ) ធ្វើ​ឲ្យ​ប្រសើរឡើង​ទេ ។ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ​អំពី​រឿង​នោះ ? តើ​ការយល់ដឹង​ដែល​បងប្អូន​អាច​ទទួល​បាន​មកពី ម៉ូសាយ ៣:១៩ និង អេធើរ ១២:២៧ មាន​អ្វីខ្លះ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » Liahona ខែសីហា ឆ្នាំ២០១៩ ទំព័រ ៥០–៥៥ ។

លោកុប្បត្តិ ១:២៧–២៨; ២:១៨–២៥; ម៉ូសេ ៣:១៨, ២១–២៤; អ័ប្រាហាំ ៥:១៤–១៨

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

« អ័ដាម និង​អេវ៉ា​ត្រូវ​បាន​រួបរួម​គ្នា​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ដោយ​អំណាច​នៃ​[ ប ]ព្វជិតភាព​ដ៏​អស់កល្ប​អស់កាល​ជានិច្ច » ( រ័សុល អិម ណិលសុន​« Lessons from Eve » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៧ ទំព័រ ៨៧ ) ។ សូម​ពិចារណា​ការណ៍​នេះ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ១:២៧–២៨; ២:១៨–២៥; ម៉ូសេ ៣:១៨, ២១–២៥ និង អ័ប្រាហាំ ៥:១៤–១៩ ។ តើ​បងប្អូន​អាច​ប្រព្រឹត្ត​ចំពោះ​អាពាហ៍ពិពាហ៍​ជាមួយនឹង​ភាពពិសិដ្ឋ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដល់​អាពាហ៍ពិពាហ៍​ដោយ​របៀបណា ?

សូមមើល​ផងដែរ កូរិនថូស ទី១ ១១:១១; « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

លោកុប្បត្តិ ១:២៨; ម៉ូសេ ២:២៨; អ័ប្រាហាំ ៤:២៨

ខ្ញុំ​ទទួល​ខុសត្រូវ​ក្នុងការ​ការថែទាំ​ការបង្កបង្កើត​របស់​ព្រះ ។

តើ លោកុប្បត្តិ ១:២៨; ម៉ូសេ ២:២៨ និង អ័ប្រាហាំ ៤:២៨ ផ្ដល់​មតិយោបល់​អំពី​ការទទួលខុសត្រូវ​របស់​យើង​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ​អ្វីខ្លះ ? តើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:១៦–២១ និង ១០៤:១៣–១៨ បន្ថែម​អ្វីខ្លះ​ទៅលើ​ការយល់ដឹង​របស់​បងប្អូន ?

សូម​មើល​ផងដែរ ជែរលដ៍ ឃូសេ « ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៥៧–៥៩ Topics and Questions « Environmental Stewardship and Conservation » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

លោកុប្បត្តិ ២:២–៣; ម៉ូសេ ៣:២–៣; អ័ប្រាហាំ ៥:២–៣

ព្រះ​បាន​ប្រទាន​ពរ ហើយ​ញែក​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ ។

ព្រះ បាន​ធ្វើ ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ទៅ​ជា​បរិសុទ្ធ ហើយ​ទ្រង់​សុំ​ឲ្យ​យើង រក្សា ថ្ងៃ​នោះ​ឲ្យ​បរិសុទ្ធ ។ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២:២–៣; ម៉ូសេ ៣:២–៣ និង អ័ប្រាហាំ ៥:២–៣ សូម​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ថ្ងៃឈប់សម្រាក « ផ្ដល់ពរ » ដល់​បងប្អូន ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៩–១៣; « The Sabbath Is a Delight » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

0:50

Highlight: The Sabbath Is a Delight

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

លោកុប្បត្តិ ១:១–២៥; ម៉ូសេ ២:១–២៥; អ័ប្រាហាំ ៤:១–២៥

ព្រះយេស៊ូវ​បាន​បង្កើត​ផែនដី ។

  • តើ​បងប្អូន​អាច​ធ្វើ​ឲ្យ​ការរៀន​អំពី​ការបង្កបង្កើត​មាន​ភាពរីករាយ​សម្រាប់​គ្រួសារ​របស់​បងប្អូន​តាម​របៀប​ណា ? បងប្អូន​អាច​នាំ​ពួកគេ​ធ្វើ​ការស្រាវជ្រាវ​នៅ​ខាងក្រៅ​រក​វត្ថុ​ដែល​បានបង្កើត​ឡើង​នៅ​អំឡុង​គ្រា​នៃ​ការបង្កបង្កើត​នីមួយៗ ។ កូនៗ​របស់​បងប្អូន​ក៏​អាច​មើល​រូបភាព​នៃ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្កើត​ផងដែរ ( សូមមើល « ការបង្កបង្កើត​ផែនដី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៨–១២ ) ។ បន្ទាប់មក​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​បងប្អូន​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​បន្ទាប់ពី​អាន​អំពី​ការបង្កបង្កើត ។

  • សូម​ពិចារណា​ច្រៀង​បទ​ចម្រៀង​ជាមួយ​គ្នា​អំពី​ពិភពលោក​ដ៏​ស្រស់ស្អាត​របស់​យើង ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​បន្ថែម​របស់​ផ្សេងៗទៀត​ទៅនឹង​បទចម្រៀង​នោះ អំពី​អ្វី​ដែល​ព្រះ​បានបង្កើត​ដែល​បាន​ជួយ​ពួកគេ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់ ។

សូម​ជួយ​កុមារ​ឲ្យ​បង្ហាញ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ ។ « នៅពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​គូរ សាងសង់ ផាត់ពណ៌ ឬ​សរសេរ​អ្វី​មួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ នោះ​អ្នក​ជួយ​ពួកគេ​ឲ្យ​យល់​គោលការណ៍​នោះ​បាន​កាន់​តែ​ល្អ​ប្រសើរ ហើយ​អ្នក​ផ្តល់​ការរំឭក​យ៉ាង​ច្បាស់​ជាក់​ស្តែង​ដល់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣២ ) ។

លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–២៧

ខ្ញុំ​ត្រូវបាន​បង្កើត​ឡើង​តាមរូប​ព្រះ ។

  • កូនៗ​របស់​បងប្អូន​អាច​អភិវឌ្ឍ​អារម្មណ៍​នៃ​គារវភាព​និង​ការគោរព​ចំពោះ​រាងកាយ​របស់​ពួកគេ​ផ្ទាល់ និង​អ្នកដទៃ​នៅពេល​ដែល​ពួកគេ​រៀន​ថា យើង​ទាំង​អស់គ្នា​ត្រូវ​បានបង្កើត​ឡើង​តាម​រូបភាព​របស់​ព្រះ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នេះ នោះ​បងប្អូន​អាច​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​មើល​រូប​របស់​ពួកគេ​នៅក្នុង​កញ្ចក់ ឬ​រូបភាព ខណៈ​ពេល​ដែល​បងប្អូន​អាន ម៉ូសេ ២:២៦–២៧ ឲ្យ​ពួកគេ​ស្ដាប់ ។ បងប្អូន​ក៏​អាច​បង្ហាញ​ផងដែរ​ដល់​ពួកគេ​នូវ​របៀប​ដែល​កូន​សត្វ​តូចៗ ជា​ញឹកញាប់ « ដូច » ទៅនឹង​មេ​របស់​វា ( សូមមើល​រូបភាព​នៅក្នុង​គម្រោង​នេះ ជា​ឧទាហរណ៍ ) ។ ការណ៍​នេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការសន្ទនា​អំពី​ហេតុអ្វី​វា​មាន​សារៈសំខាន់​ចំពោះ​បងប្អូន​ដើម្បី​ដឹង​ថា បងប្អូន​ត្រូវបាន​បង្កើត​តាម​រូបភាព​របស់​ព្រះវរបិតាសួគ៌​របស់​បងប្អូន ។

    ខ្លាឃ្មុំ និង​កូន
  • បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​គូរ​រូប​រាងកាយ​មនុស្ស និង​កាត់​គំនូរ​ធ្វើ​ជា​ល្បែង​ផ្គុំរូប ។ នៅពេល​ដែល​កូនៗ​របស់​បងប្អូន​ដាក់​ល្បែងផ្គុំ​រូប​របស់​ពួកគេ​រួមគ្នា ពួកគេ​អាច​និយាយ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា ពួកគេ​អរគុណ​ចំពោះ​រាងកាយ​របស់​ពួកគេ ។

លោកុប្បត្តិ ២:២–៣; ម៉ូសេ ៣:២–៣; អ័ប្រាហាំ ៥:២–៣

ថ្ងៃ​ឈប់​សម្រាក​គឺជា​ថ្ងៃ​បរិសុទ្ធ ។

  • នៅពេល​បងប្អូន​អាន ម៉ូសេ ៣:២–៣ សូម​ឲ្យ​កូនៗ​របស់​បងប្អូន​ស្ដាប់​សម្រាប់​អ្វី​ដែល​ព្រះ​បានធ្វើ​នៅ​ថ្ងៃទី​ប្រាំពីរ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក ឬ​គូរ​រូបភាព​នៃ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ថ្ងៃ​បរិសុទ្ធ និង​ខុស​ពី​ថ្ងៃ​ផ្សេង​ទៀត ។ សូម​ចែកចាយ​ជាមួយ​គ្នា​ថា​ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​សម្រាប់​បងប្អូន​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​សម្តែង​ពី​ការពន្យល់​ទៅកាន់​មិត្ត​ម្នាក់​ពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​យក​ការធ្វើ​កិច្ចការ ដែល​គោរព​ដល់​ព្រះ​វរបិតាសួគ៌​និង​ព្រះយេស៊ូវ​នៅថ្ងៃ​អាទិត្យ ។ ចូរ​ឲ្យ​យោបល់​ដល់​ពួកគេ​ឲ្យ​ប្រើ លោកុប្បត្តិ ២:២–៣ នៅក្នុង​ការពន្យល់​របស់​ពួកគេ ។ តើ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្ដេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

ព្រះយេហូវ៉ា​គង់​នៅលើ​ពពក​ដោយ​លា​ព្រះហស្ដ​របស់​ទ្រង់​មក​កាន់​ពិភពលោក ដែល​ទ្រង់​រៀបចំ

ការបង្កបង្កើត ដោយ អានី ហែនរី ណេឌើរ

ទំព័រ​សកម្មភាព​កុមារ ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី