ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
វិវរណៈ


5:41

វិវរណៈ

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ប្រធានបទ​ទីបី​របស់​យើង​គឺ វិវរណៈ ។ វា​គឺជា​ប្រធានបទ​ដែល​ប្រធាន អូក មិន​ត្រឹមតែ​បាន​មាន​ប្រសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រធានបទ​មួយ​ដែល​លោក​បាន​រស់នៅ​តាម​ផងដែរ ។ ដូច​ខ្ញុំ​បាន​និយាយ​ខាង​ដើម លោក​បាន​មាន​ប្រសាសន៍​ថា « ពេញ​មួយ​ជីវិត​របស់​ខ្ញុំ គ្រូបង្រៀន​សំខាន់​បំផុត​របស់​ខ្ញុំ គឺ​ជា​ព្រះសូរសៀង​តូចរហៀង និង​អារម្មណ៍​ដែល​ទាក់ទង​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ » ។

នៅក្នុង​សុន្ទរកថា​ដ៏​មាន​អានុភាព​ដែល​បានផ្តល់​ឲ្យ​ក្នុង​ឆ្នាំ​១៩៩២ លោក​បាន​ប្រាប់​ពី​បទពិសោធន៍​ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត​មួយ ដែល​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បានសង្គ្រោះ​លោក និង​យុវជន​ដែល​មិន​ស្គាល់​ម្នាក់​ពី​សោកនាដកម្ម​ជាក់លាក់​មួយ ។ គាត់​រស់នៅ​ទីក្រុង ឈីកាហ្គោ ។ ក្រោយពី​ការប្រជុំ​សាសនាចក្រ​ដល់ពេល​យប់​មួយ លោក និង​ស៊ីស្ទើរ អូក បាន​ជូន​បងប្អូនស្រី​ម្នាក់​នៅក្នុង​វួដ​របស់​លោក​ទៅ​ផ្ទះ ដែល​គាត់​រស់នៅ​ក្នុង​តំបន់​ឈីកាហ្គោ​ដែល​មិន​សូវ​មាន​សុវត្ថិភាព​មួយ​កន្លែង ។ លោក​បាន​ជូន​បងប្អូនស្រី​រូប​នោះ​ដល់​មាត់​ទ្វារ ។

នៅពេល​លោក​កំពុង​ត្រឡប់​ទៅ​ឡាន​វិញ យុវជន​ម្នាក់​មិន​ដឹង​ចេញ​មក​ពី​ណា កាន់​កាំភ្លើង​ក្នុង​ដៃ ភ្ជង់​កាំភ្លើង​នៅ​ពោះ​របស់​អែលឌើរ អូក ។ វា​បាន​ទារ​លុយ​ពី​គាត់ ទាំង​កាំភ្លើង​នៅ​ភ្ជង់​ពោះ​របស់​លោក ហើយ​បន្ទាប់​ពី​មាន​ការផ្តោះផ្តង​ដ៏​តានតឹង​មួយ​ចំនួន អែលឌើរ អូក ប្រាប់​ពី​ឡានក្រុង​មួយ​មក​ដល់ និង​ការ​បំផុស​គំនិត​ខាងក្រោម​ដែល​បាន​បំផុស​ដល់​លោក ។ សូម​យើង​មើល​ទាំង​អស់​គ្នា ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ១៩៩២ ) ៖ ខណៈ​ដែល​ចោរប្លន់​វ័យ​ក្មេង​នោះ​មើល​មិន​ឃើញអ្វី​ដែល​កំពុង​កើតឡើង​នៅក្រោយ​ខ្នង​គាត់ នោះ​គាត់​មាន​ការ​ភ័យ​ខ្លាច និង​ការរំខាន ។ កាំភ្លើង​របស់​គាត់​រំកិល​ចេញ​ពី​ពោះ​ខ្ញុំ​រហូត​ដល់​កាណុង​របស់​គាត់​​បែរចេញ​ទៅ​ឆ្វេង​ដៃ​ខ្ញុំ​បន្តិច ។ ដៃ​របស់ខ្ញុំ​បានលើក​ឡើង​រួចហើយ ហើយដោយ​ចលនា​រហ័ស​មួយ ខ្ញុំអាច​ចាប់​កាំភ្លើង​នោះ ហើយ​តតាំង​ជាមួយ​គាត់​ដោយមិន​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះកាំភ្លើង​ឡើយ ។ ខ្ញុំ​មាន​កម្ពស់​ខ្ពស់ និង​មានមាឌ​ធំ​ជាង​យុវជន​ម្នាក់​នោះ ហើយ​នៅ​ពេល​នោះ ខ្ញុំ​មាន​កម្លាំង​ខ្លាំង ហើយ​រហ័ស ។ ខ្ញុំ​គិតថា ខ្ញុំ​អាច​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ចំបាប់​រហ័ស​មួយ ប្រសិន​បើ​ខ្ញុំ​អាច​ដក​កាំភ្លើង​ចេញពី​គាត់​បាន ។

កាល​ខ្ញុំហៀប​នឹងធ្វើ​ចលនា​របស់ខ្ញុំ ខ្ញុំ​បាន​មាន​បទពិសោធន៍​ដ៏​ពិសេស​មួយ ។ ខ្ញុំ​មិន​បាន​មើលឃើញ ឬ​ស្ដាប់​ឮ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ បាន​ដឹង រឿងមួយ ។ ខ្ញុំ​បានដឹង​ថា​នឹងមាន​អ្វីកើត​ឡើង ប្រសិនបើ​ខ្ញុំចាប់​កាំភ្លើង​នោះបាន ។ យើង​នឹង​ប្រវាយ​ប្រតប់ ហើយ​ខ្ញុំ​នឹង​បង្វែរ​កាំភ្លើង​នោះ​ទៅ​ទ្រូង​របស់​យុវជន​នោះ ។ វា​នឹង​បាញ់​គ្រាប់​ចេញទៅ ហើយ​គាត់​នឹង​ស្លាប់ ។ ខ្ញុំ​ក៏​យល់​ដែរ​ថា ខ្ញុំ​មិន​ចង់​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​ដោយ​ការសម្លាប់​យុវជន​នោះ​ឡើយ ។

ខ្ញុំ​បាន​ធ្វើចិត្ត​ឲ្យ​ស្រួល ហើយ​ពេល​ឡានក្រុង​បាន​បើក​ចេញទៅ ខ្ញុំ​ក៏​តាំង​ចិត្ត​ដាក់​ដៃ​ស្តាំរបស់ខ្ញុំ​លើ​ស្មា​គាត់ ហើយ​បង្រៀន​គាត់ ។ ជូន និង​ខ្ញុំ​មាន​កូន​ជំទង់ៗ​ពីរបីនាក់​នៅ​ពេល​នោះ ហើយ​ការ​បង្រៀន​កើត​ឡើង​ដោយ​ឯកឯង​ ។

ខ្ញុំបាន​និយាយថា « មើលចុះ រឿង​នេះ​មិនត្រឹម​ត្រូវទេ » ។ អ្វី​ដែល​ប្អូន​កំពុង​ធ្វើ​គឺ​មិន​ត្រឹម​ត្រូវ​ទេ ។ ឡាន​បន្ទាប់​អាច​ជា​ប៉ូលិស ហើយ​ប្អូន​អាច​ត្រូវ​គេ​សម្លាប់ ឬ​បញ្ជូន​ទៅ​គុក​ដោយសារ​រឿង​នេះ » ។

ដោយយក​កាំភ្លើង​មក​ភ្ជង់​លើ​ពោះ​ខ្ញុំ​ម្ដងទៀត ចោរ​វ័យក្មេង​នោះ​បានឆ្លើយ​តប​ទៅនឹង​ការបង្រៀន​របស់​ខ្ញុំ ដោយ​ធ្វើការគំរាម​ទាមទារ​របស់គាត់​ជាលើក​ទីបី ។ ប៉ុន្តែ​លើក​នេះ​សំឡេង​របស់​គាត់​ត្រូវ​បាន​បន្ថយ ។ នៅ​ពេល​គាត់​បាន​ធ្វើការ​គំរាម​កំហែង​ចុង​ក្រោយ​ដោយចង់​សម្លាប់​ខ្ញុំ គាត់​មិនមាន​ភាព​ជឿជាក់​នោះទេ ។ ពេល​ខ្ញុំ​បដិសេធ​ម្តង​ទៀត គាត់​ស្ទាក់​ស្ទើរ​មួយ​សន្ទុះ រួច​ក៏​យក​កាំភ្លើង​ដាក់​ក្នុង​ហោប៉ៅ រួច​រត់​ទៅ​បាត់ ។ ជូន បាន​បើកទ្វារឡាន ហើយ​យើង​ក៏បាន​បើក​ឡាន​ចេញទៅ ដោយ​ពោល​ពាក្យ​អធិស្ឋាន​ថ្លែង​អំណរគុណ ។

អែលឌើរ នែល អិល អាន់ឌើរសិន ជាមួយ​យុវមជ្ឈិមវ័យ ៖ ហើយ​យើង​មាន ចយ, លីនស៊ី, នីកូល និង ម៉ាក ចូលរួម​ជាមួយ​នឹង​យើង ។ ហើយ​យើង​កំពុង​និយាយ​អំពី​វិវរណៈ ។ ប្អូនៗ​បាន​ស្ដាប់​ប្រធាន អូក នៅក្នុង​ព្រឹត្តិការណ៍​នោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​បានមើលឃើញ​អ្វី​ទេ ។ ខ្ញុំ​មិន​បានស្តាប់​ឮ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​រឿងមួយ » ។ តើ​មាន​ប្អូនៗ​ណា​ធ្លាប់​ជួប​ប្រទះ​រឿង​នោះ​ពីមុន​មក ឬ​ស្រដៀង​គ្នា​នេះ​ទេ ?

នីកូល ៖ អ្វី​មួយ​ដែល​ខ្ញុំ​នឹកឃើញ​គឺ​ជា​ការសម្រេចចិត្ត​ដើម្បី​ជ្រើសរើស​គ្រួសារ​មួយ ។ ខ្ញុំ​គិត​ថា វា​ត្រូវការ​ការអធិស្ឋាន និង​ការតម​អាហារ​ជាច្រើន​សម្រាប់​ខ្ញុំ ។ ខ្ញុំ​ចង់​នាំ​ក្មេងៗ​មក​ក្នុង​ពិភពលោក ។ ខ្ញុំ​មិន​ប្រាកដ​ថា តើ​អ្វីៗ​នឹង​ដំណើរការ​ទៅដោយ​របៀប​ណា​ទេ ហើយ​ខ្ញុំ​គ្រាន់តែ​ចាំ​ថា​បាន​យក​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទៅ​ទូល​ព្រះអម្ចាស់ ដោយ​ទូល​ទ្រង់​ថា​ខ្ញុំ​ចង់​មាន​កូន ។

ហើយ​នោះ​គឺជា​បំណងប្រាថ្នា​ដែល​ខ្ញុំ​មាន​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​សុខសាន្ដ​ពី​ព្រះម្ដង​ហើយ​ម្ដងទៀត ដែល​ទ្រង់​ទតឃើញ​ដួងចិត្ត​ខ្ញុំ ថា​ទ្រង់​បានទតឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​គិត ថា​ទ្រង់​ជ្រាប​ដឹង​នូវ​បំណងប្រាថ្នា​របស់​ខ្ញុំ ហើយ​នោះ​ជា​បំណងប្រាថ្នា​ដ៏​ស័ក្តិសម ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ អូលីវ៉ា តើ​ប្អូន​នឹង​ប្រាប់​ពួកគេ​អ្វីខ្លះ ?

អូលីវ៉ា ៖ ខ្ញុំ​គិត​ពី​គ្រាមួយ​ដែល​ខ្ញុំ​ទទួល​បាន​វិវរណៈ ដែល​​ខ្ញុំ​ចងចាំ​មិន​ភ្លេច គឺ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ខ្ញុំ​មិន​​យល់​សោះ​ពី​អ្វីៗ​ទាំងអស់​នៅក្នុង​អំណោយទាន​ពិសិដ្ឋ​នេះ ។ ខ្ញុំ​គិត​ថា​វា​គឺ​ជា—ជាជាង​ការយល់​ច្បាស់​ពី​គ្រប់​ទិដ្ឋភាព​នៅក្នុង​អំណោយទាន​ពិសិដ្ឋ​នោះ វា​ជាការ​កាន់តែ​យល់​ពី​អារម្មណ៍​ថា​ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ទីនោះ​ក្នុង​ពិធីបរិសុទ្ធ ដែល​ភាព​ពេញលេញ​នៃ​បព្វជិតភាព​របស់​ទ្រង់​គឺ​នៅ​ទីនោះ ហើយ​គឺជា​ទ្រង់​ដែល​ញែក​ខ្ញុំ​ជា​បរិសុទ្ធ ហើយ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ការយល់ដឹង​នោះ។

ទំនុកតម្កើង​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​គឺ​បទ « My Shepherd Will Supply My Need » ។ ហើយ​នៅ​ឃ្លា​ចុងក្រោយ​សរសេរ​ថា « មិន​មែន​ជា​មនុស្ស​ចម្លែក ឬ​ជា​ភ្ញៀវ​ទៀត​ឡើយ ប៉ុន្តែ​ដូចជា​កូន​នៅក្នុង​ផ្ទះ » ។ ខ្ញុំ​ដឹង​ថា យើង​ជា​ភ្ញៀវ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ ខ្ញុំ​យល់​យ៉ាង​ច្បាស់​ពី​អារម្មណ៍​ដែល​ធ្វើ​ជា​កូន​នៅក្នុង​ផ្ទះ ។ នៅពេល​ខ្ញុំ​អង្គុយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ព្យាយាម​ទំនាក់ទំនង​ជាមួយ​នឹង​ព្រះ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ល្អ​ណាស់ !

កំណត់​ចំណាំ

  1. « Acknowledgements » ដាល្លិន អេក អូក Life’s Lessons Learned ( Deseret Book ឆ្នាំ២០១១ )

  2. ដាល្លិន អេក អូក « Bible Stories and Personal Protection » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩២