ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
សុន្ទរកថា​បើក​កម្មវិធី


22:38

ការថ្លែង​សុន្ទរកថា​បើក​កម្មវិធី

បទបង្ហាញ​នេះ​អស្ចារ្យ ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ ហើយ​ខ្ញុំ​គិត​ត្រង់​នេះ​នូវ​រូបភាព​ដ៏​ស្រស់ស្អាត​របស់​ព្រះអង្គសង្រ្គោះ Christus [ រូបចម្លាក់​របស់​ព្រះគ្រីស្ទ ] ហើយ​ខ្ញុំ​ដឹង​ថា​ព្រះហស្ដ​របស់​ទ្រង់ គឺ​លាត​ទៅ​រក​បងប្អូន​ទាំងអស់​គ្នា ។ សូម​អរគុណ​ចំពោះ​ការបង្ហាញ​អារម្មណ៍​ដ៏​ស្រស់ស្អាត​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ ។ អរគុណ​ខ្លាំង​ណាស់ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​នៅ​ទូទាំង​ពិភពលោក ខ្ញុំ​សូម​ផ្ញើ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​ទៅ​ដល់​បងប្អូន ហើយ​ខ្ញុំ​សូម​ពាំនាំ​នូវ​សេចក្តីស្រឡាញ់​របស់​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ ដែល​បានរៀបចំ​ឡើងវិញ​មក​ដល់​បងប្អូន​ផងដែរ ដែល​មាន—ប្រធាន ដាល្លិន អេក អូក ប្រធាន ហែនរី ប៊ី អាវរិង ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន ។

ប្រាកដ​ណាស់ ខ្ញុំ​ក៏​សូម​ពាំនាំ​មក​នូវ​សេចក្តីស្រឡាញ់​របស់​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ផងដែរ ។ ខេធី និង​ខ្ញុំ—ពួក​យើង​មាន​អំណរគុណ​ខ្លាំង​ណាស់​ដែល​បាន​ចូលរួម នៅក្នុង​មជ្ឈមណ្ឌល​អ្នកទស្សនា​ព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. នៅ​ជិត​នឹង​ដំណាក់​ដ៏​ស្រស់ស្អាត​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​នៅជាមួយ​បងប្អូន យុវមជ្ឈិមវ័យ​ដ៏​អស្ចារ្យ​របស់​យើង ទាំង​មាន​វត្តមាន​នៅ​ទីនេះ និង​នៅ​ជុំវិញ​ពិភពលោក ។ យើង​ស្រឡាញ់​បងប្អូន ។ យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​សម្រាប់​ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។

ខ្ញុំ​អធិស្ឋាន​ដោយ​ស្មោះសរ​សូម​ឲ្យ​នៅ​អំឡុង​ពេល​មួយ​ម៉ោង​បន្ទាប់​នេះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​គង់​នៅជាមួយ​នឹង​យើង ហើយ​ថា​សេចក្តីជំនឿ​របស់​យើង​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​នៅក្នុង​ដំណឹងល្អ​ដែល​បានស្ដារឡើងវិញ​របស់​ទ្រង់​នឹង​ត្រូវ​បានពង្រឹង និង​បញ្ជាក់ ។ នៅ​យប់​នេះ យើង​នឹង​និយាយ​អំពី​ព្យាការី និង​ព្រះវិហារបរិសុទ្ធ និង​របៀប​ដែល​ព្យាការី និង​ព្រះវិហារ​បរិសុទ្ធ​តម្រង់ទិស​យើង​ទៅកាន់​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ប៉ុន្តែ ជា​ដំបូង មាន​ការបង្ហាញ​ពី​សេចក្តីស្រឡាញ់​ចំពោះ​ប្រធាន អូក មកពី​យុវមជ្ឈិមវ័យ​ដែល​រស់នៅ​ឆ្ងាយ​ពី​ទី​នេះ ។

យុវមជ្ឈិមវ័យ​មកពី​ភាគខាងជើង​នៃ​ប្រទេស​កាណាដា ៖ ជម្រាបសួរ ប្រធាន អូក ។ ពួកយើង​ចង់​ជម្រាប​ជូន​ប្រធាន​ថា ពួកយើង​គិត​អំពី​ប្រធាន និង​ស៊ីស្ទើរ អូក ជានិច្ច ។ ពួក​យើង​អធិស្ឋាន​ជូន​ប្រធាន និង​ស៊ីស្ទើរ អូក និង​ផ្ញើ​សេចក្តីស្រឡាញ់​ពី​ភាគខាងជើង​នៃ​ប្រទេស​កាណាដា ។ ជម្រាបលា !

យុវមជ្ឈិមវ័យ​មកពី​មហាវិទ្យាល័យ Ensign ៖ ប្រធាន អូក ពួក​យើង​ពិត​ជា​មាន​អំណរគុណ​ណាស់​ចំពោះ​គំរូ និង​ការបង្រៀន​របស់​ប្រធាន ។ ពួក​យើង​ទន្ទឹង​រង់ចាំ​រៀនសូត្រ​ពី​ប្រធាន ។

យុវមជ្ឈិមវ័យ​មកពី​អាហ្រ្វិក​ខាងត្បូង ៖ ជម្រាបសួរ​មកពី​ចូហានណេសប៊ឺក នៃ​អាហ្រ្វិក​ខាងត្បូង ។ ពួក​យើង​ស្រឡាញ់​លោក ប្រធាន អូក !

យុវមជ្ឈិមវ័យ​មកពី​ប្រទេស​ហ្វីលីពីន ៖ ជម្រាបសួរ​ប្រធាន អូក មកពី​ប្រទេស​ហ្វីលីពីន ។ ពួកយើង​រំភើប​ណាស់​ដើម្បី​រៀន​ពី​សារលិខិត​របស់​ប្រធាន ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ នៅ​ជុំវិញ​ពិភពលោក ។ ខ្ញុំ​ចង់​ចាប់ផ្ដើម​ដោយ​ចែកចាយ​ដល់​បងប្អូន​ពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ដែល​ខ្ញុំ​ទើប​តែ​មាន​ពីរបី​ថ្ងៃ​កន្លង​ទៅ កាលពី​ថ្ងៃអង្គារ ទី១៤ ខែតុលា​នេះ ។

នៅ​ថ្ងៃ​នោះ​គឺជា​ថ្ងៃ​ដែល​យើង​បាន​ជួបជុំ​គ្នា​ជា​សាវក​១៤​នាក់ ដែល​បាន​តែងតាំង ដោយ​ការតមអាហារ និង​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​ដើម្បី​ទូលសូម​ពរជ័យ​របស់​ព្រះអម្ចាស់ ក្នុង​ការរៀបចំ​គណៈប្រធាន​ទីមួយ​ថ្មី​ឡើងវិញ ។ វា​គឺជា​ពេលវេលា​ដែល​ស្ថានសួគ៌ និង​ផែនដី​ភ្ជាប់​គ្នា ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​សាក្សី​ខាងវិញ្ញាណ​ដ៏​មាន​អានុភាព និង​មិន​អាច​បំភ្លេច​បាន និង​ការបញ្ជាក់​ដែល​បានជ្រោតជ្រាប​ដល់​ខ្ញុំ និង​យើង​ម្នាក់ៗ ជា​បុគ្គល​ម្នាក់ៗ និង​ជា​សមូហភាព ។ សាវក​ទាំង​១៣​នាក់​ដាក់​ដៃ​នៅលើ​ក្បាល​របស់​ប្រធាន ដាល្លិន អេក អូក ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ធ្វើ​ពិធី​ញែកចេញ​សាវក​រៀមច្បង​របស់​ព្រះអម្ចាស់ ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ខ្ញុំ​សូម​ផ្ដល់​ដល់​បងប្អូន​នូវ​សាក្សី​ដ៏​ឧឡារិក និង​រាបទាប​របស់​ខ្ញុំ​ថា លោក​គឺជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ។ លោក​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ លោក​នឹង​ដឹកនាំ​យើង​នៅក្នុង​សេចក្តីពិត និង​តម្រង់​ទិស​យើង​ឆ្ពោះ​ទៅ​រក​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ស្ម័គ្រចិត្ត កាល​យើង​ទទួល​យក​ការបង្រៀន នោះ​គំនិត និង​វិញ្ញាណ​របស់​យើង​នឹង​កើនឡើង ហើយ​អំណាច​នៃ​ស្ថានសួគ៌​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​យើង ។

កូនសោ​នៃ​បព្វជិតភាព​របស់​ព្រះ​ឥឡូវ​នេះ​មាន​ពេញលេញ ដោយ​មាន​នូវ​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​កូនសោ​ទាំងនោះ ដែល​បានកាន់​ដោយ​ប្រធាន ដាល្លិន អេក អូក ។ បងប្អូន​នឹង​ចងចាំ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ទៅកាន់​ពេត្រុស ដែល​ជា​សាវក​របស់​ទ្រង់ ។

ទ្រង់​បាន​មាន​បន្ទូល​ថា « ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ » ។

ព្រះអម្ចាស់​បាន​មានបន្ទូល​អំពី​ព្យាការី​យ៉ូសែប ៖ « ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូចជា​បាន​មក​ពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង » ។ ពាក្យសម្តី​ទាំងនេះ​ក៏​ពិត​សម្រាប់​ព្យាការី​របស់​យើង គឺ​ប្រធាន ដាល្លិន អេក អូក ផងដែរ ។ សូម​គិត​ពី​រឿង​នេះ ។

អស់​រយៈ​ពេល​៤១​ឆ្នាំ​ បម្រើ​នៅក្នុង​ការហៅ​ដ៏​ពិសិដ្ឋ​របស់​លោក នោះ​ប្រធាន អូក បាន​ថ្លែង​ទីបន្ទាល់​ក្នុង​នាម​ជា​សាក្សី​ពិសេស​ម្នាក់​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ សូម​យើង​មើល​ទាំង​អស់​គ្នា ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ១៩៨៤ ) ៖ សន្និសីទ​ពាក់​កណ្តាល​ឆ្នាំ​នេះ​គឺជា​ឱកាស​ដំបូង​របស់​ខ្ញុំ ដើម្បី​ថ្លែង​ទៅកាន់​សមាជិកភាព​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​បង្ហាញ​ពី​ការទទួល​យក​ការហៅ​របស់​ខ្ញុំ​ទៅកាន់​ក្រុមប្រឹក្សា​ដប់ពីរ​នាក់ ។ … ខ្ញុំ​នឹង​លះបង់​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​ខ្ញុំ ចំពោះ​សេចក្តីទុកចិត្ត​ដ៏​ធំធេង​ដែល​ដាក់​នៅលើ​ខ្ញុំ ជាពិសេស​ចំពោះ​ទំនួលខុសត្រូវ​របស់​សាក្សី​ពិសេស​នៃ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅទូទាំង​ពិភពលោក ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ១៩៨៧ ) ៖ យើង​ស្រឡាញ់​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺ​ជា​ព្រះមែស៊ី ជា​ព្រះអង្គសង្គ្រោះ​របស់​យើង និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង ។ ទ្រង់​គឺជា​ព្រះនាម​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​ការសង្រ្គោះ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ១៩៩៤ ) ៖ សេចក្តីជំនឿ​ទៅ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ រៀបចំ​បងប្អូន​សម្រាប់​អ្វីៗ​ដែល​មាន​ក្នុង​ជីវិត ។ សេចក្ដីជំនឿ​ប្រភេទ​នេះ​រៀបចំ​បងប្អូន​ឲ្យ​ប្រឈមមុខ​ទៅនឹង​ឱកាស​ក្នុង​ជីវិត—ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​អ្វី​ដែល​បានទទួល ហើយតស៊ូ​ឆ្លងកាត់​ការ​បាក់ទឹកចិត្ត​នៃ​អស់អ្នក​ដែល​បាត់​បង់ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០០០ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ) ៖ ក្នុង​នាម​ជា​ពួក​សាវក​របស់ទ្រង់​ដែល​បាន​តែងតាំង​ឡើង​ដោយ​ត្រឹមត្រូវ យើង​សូម​ថ្លែង​ជា​សក្ខីភាព—ថា ព្រះយេស៊ូវគឺជា​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ និង​ជា​ព្រះរាជបុត្រា​អមតភាព​របស់​ព្រះ ។ ព្រះអង្គ​គឺជា​ព្រះរាជា​អេម៉ាញូអែល​ដ៏​មហិមា ដែល​សព្វថ្ងៃនេះ​គង់​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់ ។ ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០០៦ ) ៖ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មករក​ទ្រង់ ហើយ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ ។ ទ្រង់​នឹង​ព្យាបាល​របួស​របស់​យើង ហើយ​ទ្រង់​នឹង​សម្រាល​បន្ទុក​ដ៏​ធ្ងន់ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០១៣ ) ៖ ការដើរ​តាម​ព្រះ​គ្រីស្ទ​ពុំ​មែន​ជា​ការ​ប្រព្រឹត្ត​ដោយ​ឥត​ខ្វល់ ឬ​ម្ដង​ម្កាល​នោះ​ទេ ប៉ុន្តែ​ជា​ការ​តាំង​ចិត្ត​ឥត​ឈប់ឈរ ហើយ​អនុវត្ត​ក្នុង​មាគ៌ា​ជីវិត​នៅ​គ្រប់​ពេល និង គ្រប់​ទីកន្លែង ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៥ ) ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះរាជបុត្រា​តែមួយ​គត់​របស់​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ដើរ​តាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា ដែល​នាំ​ទៅ​រក​ការជួបជុំ​គ្រួសារ​នៅ​ស្ថានសួគ៌ ។ អំណាច​បព្វជិតភាព​នៃ​ការផ្សារភ្ជាប់​ដោយ​កូនសោ​ទាំងឡាយ​ដែល​បានស្ដារ​ឡើងវិញ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ នាំ​ឲ្យ​ក្រុមគ្រួសារ​ជួបជុំ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ បច្ចុប្បន្ន​នេះ កូនសោ​ទាំងនោះ​កំពុង​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ជាច្រើន​នៅលើ​ទូទាំង​ពិភពលោក ។ ដំណឹងល្អ​នេះ​គឺ​ពិត ។ សូម​ឲ្យ​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​នេះ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៥ ) ៖ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ជាង​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ថា នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះសិរសា​នៃ​សាសនាចក្រ​នេះ ហើយ​សូម​ឲ្យ​ពរជ័យ​របស់​ទ្រង់​មាន​ដល់​យើង​ទាំងអស់​គ្នា​ដែល​ខិតខំ​បម្រើ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អែលឌើរ នែល អិល អាន់ឌើរសិន ថ្ងៃ​នេះ យើង​ចង់​ពិភាក្សា​អំពី​ការបង្រៀន​ដ៏​មាន​អានុភាព​មួយ​ចំនួន ដែល​យើង​បានទទួល​ពី​ប្រធាន អូក ហើយ​យើង​ចង់​គិត​អំពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​យើង ។ ហើយ​នៅក្នុង​កន្លែង​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​នេះ យើង​ក៏​ចង់​ពិភាក្សា​អំពី​របៀប​ដែល​ដំណាក់​របស់​ព្រះអម្ចាស់​នាំ​មក​នូវ​អំណាច សេចក្តីសុខសាន្ត និង​វិវរណៈ​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​របស់​បងប្អូន ។

ខេធី មាន​បទពិសោធន៍​មួយ​នៅពេល​នៃ​ការប្រកាស​សាងសង់​ព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. ដែល​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ស្ដាប់​ពី​គាត់ ។ សូម​អញ្ជើញ ខេធី !

ស៊ីស្ទើរ ខេធី អាន់ឌើរសិន ៖ ព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. គឺ​ពិសេស​ណាស់​ចំពោះ​ខ្ញុំ ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធំ​ដឹង​ក្តី​ឡើង​នៅ​រដ្ឋ​ផ្លរីដា ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ហើយ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​យើង​បំផុត​មាន​ចម្ងាយ ៣,៧០១ គីឡូម៉ែត្រ នៅក្នុង​ទីក្រុង សលត៍ លេក។

នៅពេល​ខ្ញុំ​មាន​អាយុ​បួន​ឆ្នាំ គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង សលត៍ លេក ដើម្បី​យើង​អាច​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ជា​គ្រួសារ ។ នៅពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. ក៏​ត្រូវ​បាន​ប្រកាស​ពី​ការ​សាងសង់ ។ យើង​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​ដឹង​ថា ឥឡូវ​នេះ​ព្រះវិហារបរិសុទ្ធ​នៅ​ឆ្ងាយ​ពី​យើង​តែ ១,៤៤៨ គីឡូម៉ែត្រ​ប៉ុណ្ណោះ ។

ខ្ញុំ​ចាំ​បាន​យ៉ាងច្បាស់​ថា នៅ​ថ្ងៃ​អាទិត្យ​មួយ​នៅពេល​ប៊ីស្សព​បាន​សុំ​ឲ្យ​ឪពុកម្តាយ​ទាំងអស់ កុំ​អាល​ទៅ​ផ្ទះ​បន្ទាប់ពី​ព្រះវិហារ ហើយ​មាន​ការជួប​ប្រជុំ​គ្នា​ពិសេស​មួយ​ជាមួយ​គាត់ ។ ហើយ​កាល​នៅ​ក្មេង ខ្ញុំ​គ្រាន់​តែ​ងឿងឆ្ងល់—ហើយ​ក៏​រាង​ភ័យខ្លាច​បន្តិច ខ្ញុំ​គិត​ថា ហេតុអ្វី​បាន​ជា​ប៊ីស្សព​ចង់​ជួប​ជាមួយ​ឪពុកម្តាយ​ទាំងអស់ ។

ហើយ​នៅពេល​ពួកគាត់​ចេញពី​ការប្រជុំ យើង​បាន​ឡើង​ឡាន​ដើម្បី​ជិះ​ទៅផ្ទះ​វិញ ហើយ​ម៉ាក់ និង​ប៉ា​ខ្ញុំ​បាន​មាន​និយាយ​មក​កាន់​ខ្ញុំ​ថា « ប៊ីស្សព​បាន​សុំ ហើយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ស្នើសុំ​ឲ្យ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន សម្រាប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី » ។

គ្រួសារ​របស់​ខ្ញុំ​ពុំ​មាន​លុយ​ច្រើន​ទេ ហើយ​ការស្នើសុំ​ឲ្យ​បរិច្ចាគ​នោះ​ហាក់​ដូចជា​មាន​ចំនួន​ច្រើន​ណាស់ ។ ប៉ុន្តែ​ម៉ាក់ និង​ប៉ា​បាន​មាន​ប្រសាសន៍​ថា « យើង​នឹង​ត្រូវ​លះបង់​របស់​ខ្លះៗ​ជា​គ្រួសារ​ទាំងមូល​ដើម្បី​អាច​បរិច្ចាគ​បាន ។ ប៉ុន្តែ​តើ​បងប្អូន​អាច​ស្រមៃ​បាន​ទេ​ថា យើង​នឹង​មាន​ពរ​ខ្លាំង​ណាស់​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ ដែល​មាន​ចម្ងាយ​ត្រឹមតែ ១,៤៤៨ គីឡូម៉ែត្រ​ពី​យើង​ប៉ុណ្ណោះ ? ព្រះវិហារ​បរិសុទ្ធ​នេះ​ជា​កន្លែង​មួយ​ដ៏​ពិសេស​ខ្លាំងណាស់​ក្នុង​ចិត្ត​ខ្ញុំ និង​សម្រាប់​គ្រួសារ​ខ្ញុំ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ សូម​អរគុណ ! ល្អ​ណាស់ ! អរគុណ ខេធី ។

ព្យាការី និង​ព្រះវិហារ​បរិសុទ្ធ​តម្រង់ទិស​យើង​ឆ្ពោះ​ទៅកាន់​ព្រះអង្គសង្រ្គោះ ។ នៅក្នុង​ពិភព​នៃ​ភាពច្របូកច្របល់ ភាពភាន់​ច្រឡំ និង​មាន​ការរំខាន​ជាច្រើន ព្យាការី និង​ព្រះវិហារបរិសុទ្ធ រក្សា​យើង​ឲ្យ​ឈរ​នៅលើ​មូលដ្ឋាន​ខាងវិញ្ញាណ​របស់​យើង ។

នៅពេល​ដែល​ពិភពលោក​ងាកចេញ​ពី​កន្លែង​សម្រាក​ខាងវិញ្ញាណ​របស់​ខ្លួន ព្រះអម្ចាស់​បញ្ជូន​អំណាច​ជាជំនួយ​មក​បងប្អូន ដែល​ជា​សិស្ស​របស់​ទ្រង់ ។ ពរជ័យ​ជា​ជំនួយ​ដ៏​អស្ចារ្យ​បំផុត​ចំនួន​ពីរ​សម្រាប់​បុគ្គល​សុចរិត​គឺជា​ការបង្រៀន​របស់​ព្យាការី និង​អំណោយ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ ។

ប្រធាន ដាល្លិន អេក អូក ត្រូវ​បានរក្សាការពារ រៀបចំ និង​ចម្រាញ់​ជាង​ប្រាំបួន​ទសវត្សរ៍​មក​ហើយ ។ នៅក្នុង​សន្និសីទ​ទូទៅ​មួយ​ខែ​មុន​នេះ លោក​បាន​មាន​ប្រសាសន៍​អំពី​ទុក្ខសោក​ដ៏​ធំ​របស់​លោក​កាល​នៅ​អាយុ​៧​ឆ្នាំ នៅពេល​ដែល​ឪពុក​របស់​លោក​បាន​ទទួល​មរណភាព ។ លោក​ធំ​ឡើង​ដោយ​ការចិញ្ចឹម​បីបាច់​ពី​ម្តាយ​មេម៉ាយ ដែលជា​គ្រូ​បង្រៀន​នៅ​សាលា​រដ្ឋ​ក្នុង​មូលដ្ឋាន​មួយ ។

នៅក្នុង​យុវវ័យ​របស់​លោក គំនិត និង​ស្មារតី​របស់​លោក​បាន​រីក​ដុះដាល ហើយ​លោក​ត្រូវ​បាន​ទទួល​ឲ្យ​ចូលរៀន​នៅក្នុង​សាកលវិទ្យាល័យ​ច្បាប់​ដ៏​មាន​កិត្តិនាម​មួយ​នៅ​សហរដ្ឋអាមេរិក គឺ​សាកលវិទ្យាល័យ ឈីកាហ្គោ ។ លោក​ពូកែ​រហូត​ដល់​ប្រធាន​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក ចៅក្រម អ៊ើល វ៉រិន ដែល​កាន់​ការិយាល័យ​តុលាការ​កំពូល​នៅក្នុង​ប្រទេស​ទាំងមូល​បានជ្រើសរើស ដាល្លិន អេក អូក ចេញពី​សាលា​ច្បាប់​ដើម្បី​ធ្វើ​ជា​ជំនួយការ និង​ជា​ស្មៀន​របស់​គាត់ ។

ការណ៍​នេះ​បានចាប់ផ្តើម​ផ្លូវ​មួយ​ដែល​នឹង​បង្ហាញ​ដល់​យុវជន​ដែល​មាន​ភាពវៃឆ្លាត និង​សមត្ថភាព​រូប​នេះ​នូវ​ឱកាស​ដ៏​ធំ​នៅក្នុង​ពិភពលោក ។ ប្រធាន អូក មិន​បណ្ដោយ​ភាពចម្រុងចម្រើន​ផ្នែក​ហិរញ្ញវត្ថុ និង​ការសាទរ​ខាងលោកិយ​នាំ​លោក​ចាកចេញ​ពី​ផែនការ​របស់​ព្រះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ លោក​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ដ៏​ស្ងប់ស្ងាត់ៗ​ទាំងនោះ នៅពេល​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពេញ​មួយ​ជីវិត​របស់​ខ្ញុំ គ្រូបង្រៀន​ដ៏​សំខាន់​បំផុត​របស់​ខ្ញុំ គឺ​ជា​ព្រះសូរសៀង​តូចរហៀង និង​អារម្មណ៍​ដែល​ទាក់ទង​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ » ។ នៅ​អាយុ​៣៨​ឆ្នាំ លោក​ត្រូវ​បាន​ហៅ​ជា​ប្រធាន សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។

ខ្ញុំ​ផ្ទាល់​បានរៀនសូត្រ ទទួល​ការបង្ហាត់ និង​ទទួល​ឥទ្ធិពល​ពី​ប្រធាន អូក និង​ការបង្រៀន​របស់​លោក​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​ដំបូង​របស់​ខ្ញុំ​ជាមួយ​ប្រធាន អូក បានកើតឡើង​នៅពេល​ដែល​ខ្ញុំ​ត្រឡប់​ពី​បេសកកម្ម​របស់​ខ្ញុំ ហើយ​ពេល​នោះ​លោក​គឺជា​ប្រធាន​សាកលវិទ្យាល័យ​ដ៏​សកម្ម និង​មាន​ចក្ខុវិស័យ​របស់ ប៊ី.វ៉ាយ.យូ. ។ លោក​មាន​ភាពកក់ក្តៅ និង​ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ជា​ទីគោរព​ស្រឡាញ់​របស់​និស្សិត​ទាំងឡាយ ។

នេះ​គឺជា​ឃ្លីប​ខ្លី​មួយ​ពី​សុន្ទរកថា​ដែល​លោក​បាន​ថ្លែង​នៅ​ឆ្នាំ​ដែល​ខ្ញុំ​បានបញ្ចប់​ការសិក្សា ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ១៩៧៥ ) ៖ ក្នុង​កំឡុង​ឆ្នាំ​នោះ ខ្ញុំ​តែងតែ​ទៅ​កន្លែង​អាហារដ្ឋាន​មួយ​នៅ​ក្នុង​សាកលវិទ្យាល័យ​របស់យើង យក​ថាស​មួយ ហើយ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ​ដោយ​ក្តី​រីករាយ​ជាមួយ​ក្រុម​និស្សិត​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន ។ ខ្ញុំ​យល់ឃើញ​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​របស់ខ្ញុំ ដើម្បី​ស្វែងយល់​ពី​អ្វី​ដែល​និស្សិត​របស់​យើង​គិត ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នា​រដូវ​ស្លឹកឈើ​ជ្រុះ​មួយ​ ខ្ញុំ​បាន​ចូល​ទទួល​ទាន​អាហារ​ជាមួយ​និស្សិត​ចូល​ថ្មី​ម្នាក់​នៅ​មជ្ឈមណ្ឌល ខេនណុន ។ ដោយ​ពុំ​បាន​ណែនាំ​ខ្លួន​ខ្ញុំ ខ្ញុំ​ចាប់ផ្តើម​សួរ​ក្រុម​នោះ​អំពី​បទពិសោធន៍ និង​ទស្សនៈ​របស់​ពួកគេ​ចំពោះ ប៊ី.វ៉ាយ.យូ. ។ មិន​យូរ​ប៉ុន្មាន យុវជន​ម្នាក់​ក្នុង​ចំណោម​នោះ ហាក់​ដូចជា​មាន​ការខឹងសម្បា​បន្តិច​ជាមួយនឹង​ការស៊ើបសួរ​នេះ ពី​មនុស្ស​ចម្លែក​ម្នាក់​បាន​និយាយ​ថា « តើ​លោក​ធ្វើការ​នៅ​ទីនេះ ឬ​អី ? » ពេល​ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​ធ្វើការ​នៅ​ទីនេះ គាត់​បាន​សួរ​សំណួរ​មួយ​ចំនួន​របស់​គាត់​ថា « តើ​លោក​ធ្វើ​អ្វី ? » ខ្ញុំ​បានឆ្លើយ​ថា « ខ្ញុំ​ជា​ប្រធាន » ។ ដោយ​មិន​ខ្វល់​ពី​អ្នក​អង្គុយ​ជិត​កេះ​កួយដៃ​គាត់​ទេ គាត់​បាន​បន្ត​សួរ​ទៀត​ថា « តើ​លោក​ជា​ប្រធាន​ផ្នែក​អ្វី ? » ខ្ញុំ​បាន​ពន្យល់ ហើយ​យើង​ទាំង​អស់​គ្នា​សើច​ក្អាកក្អាយ​ជាមួយ​គ្នា ។ ក្រោយមក​គាត់​បានបន្ថែម​មតិ​នេះ​ថា ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។ គាត់​បាន​និយាយ​ថា « អូ ខ្ញុំ​បាន​ចូលរួម​ការប្រជុំ​ទាំងអស់ ហើយ​ខ្ញុំ​បាន​ឃើញ​លោក​នៅ​ទីនោះ ប៉ុន្តែ​លោក​នៅ​ឆ្ងាយ​ពេក ខ្ញុំ​មើល​មិន​ឃើញ​មុខ​លោក​ទេ » ។

នៅពេល​ដែល​និស្សិត​ចូល​ថ្មី​រូប​នេះ​បានបញ្ចេញ​មតិ​នោះ ខ្ញុំ​បានសម្រេច​ចិត្ត​ថា ពេល​ណា​មួយ​ខ្ញុំ​នឹង​ព្យាយាម​ជួយ​និស្សិត​រូប​នោះ​ឲ្យ​មើលឃើញ​មុខ​របស់​ខ្ញុំ ។ ការតាំងចិត្ត​នោះ​កាន់តែ​ជាក់​ច្បាស់​នៅពេល​ក្រោយ​មក នៅពេល​ដែល​ខ្ញុំ​បាន​ប្រាប់​និស្សិត​រូប​នោះ​ថា ភរិយា និង​កូនៗ​ខ្ញុំ និង​ខ្ញុំ​បានបោះជំរុំ​ជាច្រើន ហើយ​ជាក់ស្តែង​បាន​ដេក​នៅក្នុង​តង់​របស់​យើង ដោយ​ដេក​នៅលើ​ដី​នៅក្នុង​រដ្ឋ​ម្ភៃ​ប្រាំ​ផ្សេង​គ្នា​របស់​សហរដ្ឋ ។ គាត់​មិន​ជឿ​ឡើយ ! គាត់​បានសួរ​ថា « តើ​លោក​ពិត​ជា​ធ្វើ​អ៊ីចឹង​មែន​ឬ ? ខ្ញុំ​មិន​អាច​ស្រមៃ​ថា ប្រធាន​មួយ​រូប​ធ្វើ​អ្វី​បែប​អ៊ីចឹង​ទេ » ។

ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​ត្រូវ​បានរំឭក​ថា តួនាទី​ជា​ប្រធាន និង​ចម្ងាយ​នៃ​ការិយាល័យ​គឺ​ឆ្ងាយ​ខ្លាំង​ណាស់ ដែល​មនុស្ស​ភាគច្រើន​មិន​ជឿ​ថា គ្រួសារ​ខ្ញុំ និង​ខ្ញុំ​អាច​ធ្វើ​បាន​នោះ​ទេ ។ សូម្បីតែ​កូនៗ​របស់​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ឆ្ងាយ​ដែរ បន្ទាប់ពី​ពួកគេ​បានឃើញ​ខ្ញុំ​អង្គុយ​នៅលើ​វេទិកា​ឡើង​ថ្លែង​សក្ខីភាព​របស់​ខ្ញុំ ។ កូន​ស្រី​ច្បង​ម្នាក់​ក្នុង​ចំណោម​កូន​ស្រី​ច្បង​ទាំង​ពីរ​របស់​ខ្ញុំ​បាន​និយាយ​ថា « ប៉ា ប៉ា​មើល​ទៅ​មុខ​ក្រញូវ​ណាស់ ។ បើ​កូន​មិន​បាន​ស្គាល់​ប៉ា​ទេ កូន​គិត​ថា ប៉ា​ខឹង​ហើយ » ។ ពាក្យ​នេះ​រំឭក​ខ្ញុំ​ថា មាន​តែ​អ្នក​ដែល​ជិតស្និទ្ធ​នឹង​ខ្ញុំ​បំផុត​ប៉ុណ្ណោះ​ដែល​បានឮ​ខ្ញុំ​សើច ឬ​ដឹង​ថា​ខ្ញុំ​មាន​ភាពសប្បាយរីករាយ​ដែល​មាន​ចរិត​ល្អ ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​ភាពតានតឹង​ខ្លាំង​ក៏​ដោយ ។ ខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​នេះ​តាំងពី​ខ្ញុំ​នៅ​ជា​គ្រូបង្រៀន​មក​ម្ល៉េះ ហើយ​វា​មិន​មែន​ជា​រឿង​ឈ្លាសវៃ​ទេ​សម្រាប់​គ្រូបង្រៀន​ដែល​មិន​សូវ​មាន​ភាពជិតស្និទ្ធ​ជាមួយនឹង​សិស្ស​នោះ ។ វា​ជា​ការសំខាន់​ណាស់​ដែល​បងប្អូន​មើលឃើញ​មុខ​ខ្ញុំ ដូច​ខ្ញុំ​ព្យាយាម​មើល​មុខ​បងប្អូន​ដែរ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ខណៈ​នៅ ប៊ី.វ៉ាយ.យូ. តាមរយៈ​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​មួយ ខ្ញុំ​អាច​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក ។ ខ្ញុំ​បាន​ដកពិសោធ​សេចក្តី​ជំនឿ​របស់​លោក និង​អារម្មណ៍​នៃ​ភាពយុត្តិធម៌ ការ​គិត​គូរ និង​ចំណាប់​អារម្មណ៍​របស់​លោក​ចំពោះ​បុគ្គល​ម្នាក់ៗ ។ លោក​នឹង​ចូលរួម​ពិធី​មង្គលការ​របស់​និស្សិត​ជាច្រើន​នៅ​សាកលវិទ្យាល័យ តាម​ដែល​លោក​អាច​ធ្វើ​បាន ។

លោក​បាន​ចូលរួម​ជាមួយ​ស៊ីស្ទើរ ជូន អូក នៅ​ឯ​ពិធី​ទទួល​ទាន​អាហារ​នៅ​ពិធីមង្គលការ​របស់​យើង ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ការណ៍​នេះ​បាន​កើតឡើង​នៅ​ពីរបី​សប្តាហ៍​ពីមុន​កូន​ទីប្រាំមួយ​របស់​ប្រធាន អូក បាន​កើត គឺ​ជេននី អូក បាកឃឺ ជា​អ្នក​លេង​វីយូឡុង​ដ៏​មាន​ប្រជា​ប្រិយភាព​ម្នាក់ ។

បន្ទាប់ពី ប៊ី.វ៉ាយ.យូ. ខ្ញុំ​បានរៀន​ពី​សុន្ទរកថា និង​ការបង្រៀន​របស់​លោក ។ ប៉ុន្តែ​១៦​ឆ្នាំ​ក្រោយ​មក ក្នុង​ឆ្នាំ១៩៩១ ក្នុង​នាម​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ការចាត់តាំង​របស់​លោក​បាន​នាំ​លោក​ទៅ​ទីក្រុង​បូរដូ ប្រទេស​បារាំង ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម ។

ក្នុង​រយៈពេល​៣២​ឆ្នាំ​របស់​ខ្ញុំ ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ខ្ញុំ​ក៏​ដូចជា​បងប្អូន​ប្រុស​របស់​ខ្ញុំ​ដែរ បាន​ទទួលពរ​ដោយសារ​ឆន្ទៈ​របស់​លោក​ក្នុង​ការបង្រៀន​ខ្ញុំ ស្តាប់​ខ្ញុំ និង​ចែកចាយ​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​លោក​ជាមួយ​ខ្ញុំ ។ នេះ​គឺជា​រូបថត​របស់​ប្រធាន និង​ស៊ីស្ទើរ គ្រីស្ទិន អូក ជាមួយ ខេធី និង​ខ្ញុំ​នៅ​អាមេរិកឡាទីន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។

នៅក្នុង​ជន្មាយុ​៩៣​ឆ្នាំ​នៃ​ជីវិត​របស់​ប្រធាន អូក លោក​សម្រេច​សមិទ្ធផល​ដ៏​មហិមា​ជាច្រើន ហើយ​ក៏​ជួប​នូវ​ទុក្ខលំបាក និង​ការខកចិត្ត​ជា​ច្រើន​ដែរ ។ ខ្ញុំ​ស្គាល់​លោក​កាល​ខ្ញុំ​នៅ​ក្នុង​ក្រុម​ចិត​សិប​នាក់ ហើយ​លោក​នៅក្នុង​ក្រុម​ដប់ពីរ​នាក់ នៅពេល​ភរិយា​របស់​លោក គឺ​ស៊ីស្ទើរ ជូន អូក បាន​ទទួល​មរណភាព​កាលពី ២៧ ឆ្នាំ​មុន ។ ខ្ញុំ​បានមើលឃើញ​ការឈឺចាប់ និង​ទុក្ខលំបាក​របស់​លោក​អស់​ជា​ច្រើន​ខែ​បន្ទាប់​ពី​នោះ ។ ដើម្បី​គោរព​ដល់ ជូន ជា​ទី​ស្រឡាញ់​របស់​លោក លោក​បាន​សរសេរ​សៀវភៅ​ដ៏​គួរ​ឲ្យ​ចាប់​អាមរ្មណ៍​មួយ​អំពី​ជីវិត​របស់​​គាត់ និង​សេចក្តី​ស្រឡាញ់ និង​ការឆ្លុះបញ្ចាំង​ពី​គាត់ ដើម្បី​ចែកចាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ។

រហូត​ដល់​ពីរ​ឆ្នាំ​ក្រោយ​មក ដែល​លោក​បានបើក​បេះដូង​របស់​លោក ហើយ​បាន​ជួប​នឹង​ស៊ីស្ទើរ គ្រីស្ទិន ម៉ាកម៉េន ។ គាត់​បាន​នាំ​មក​នូវ​ក្តីស្រឡាញ់ និង​សុភមង្គល​ដ៏​ធំ​ដល់​ជីវិត​របស់​លោក​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ ។ ខេធី តើ​អូន​ចង់​បន្ថែម​អ្វី​អំពី​ស៊ីស្ទើរ គ្រីស្ទិន អូក ដ៏​អស្ចារ្យ​ដែរ​ទេ ?

ស៊ីស្ទើរ ខេធី អាន់ឌើរសិន ៖ ខ្ញុំ​ចង់​និយាយ​អ្វីមួយ​អំពី​ស៊ីស្ទើរ អូក ។ ខ្ញុំ​ស្រឡាញ់​ស៊ីស្ទើរ គ្រីស្ទិន អូក ។ ហើយ​បើ​បងប្អូន​មិន​ស្គាល់​គាត់​នៅ​ឡើយ​ទេ បងប្អូន​ក៏​នឹង​ស្រឡាញ់​គាត់​ដែរ ។ ស្វាមី​ខ្ញុំ​បាន​មក​ផ្ទះ​ពីរ​បី​ថ្ងៃ​មុន ហើយ​ខ្ញុំ​បាន​និយាយ​ថា « តើ​បង​មាន​បាន​ឃើញ​វីដេអូ​របស់​ប្រធាន និង​ស៊ីស្ទើរ អូក ឬទេ ? »

ហើយ​គាត់​ថា—ខ្ញុំ​មិន​ដឹង​ថា​តើ​បង​បាន​ប្រាប់​ខ្ញុំ ឬ​អត់​នោះទេ—ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ថា « មែនហើយ វា​អស្ចារ្យ​ណាស់ ហើយ​យុវមជ្ឈិមវ័យ​នឹង​ចូលចិត្ត​វីដេអូ​នេះ​ណាស់ » ។ ហើយ​គាត់​បាន​និយាយ​ថា « មែន​ហើយ យុវមជ្ឈិមវ័យ​ប្រហែល​ជា​បានឃើញ​វីដេអូ​នេះ​ហើយ » ។

ខ្ញុំ​បាន​និយាយ​ថា « វា​មិន​សំខាន់​ទេ ។ ពួកគេ​នឹង​ចូល​ចិត្ត​មើល​វីដេអូ​នេះ​ម្តងទៀត ព្រោះ​ខ្ញុំ​ចូលចិត្ត​មើល​វា​ជា​រៀង​រាល់​ថ្ងៃ ។ វា​ល្អ​ណាស់ » ។ ដូច្នោះ​គាត់​ក៏​បាន​ឯកភាព ។

ប្រធាន ដាល្លិន អេក អូក ៖ តើ​អូន​ឲ្យ​ពួកគាត់​និយាយ​រឿង​នេះ​មែនទេ ?

ស៊ីស្ទើរ គ្រីស្ទិន អូក ៖ ខ្ញុំ​មិន​បាន​ឲ្យ​ពួកគាត់​និយាយ​រឿង​នេះ​ទេ ។

ប្រធាន ដាល្លិន អេក អូក ៖ នៅ​ថ្ងៃ​ខួបកំណើត​របស់​អូន បង​ចង់​អរគុណ​អូន​ដែល​ធ្វើ​ឲ្យ​បង​សប្បាយរីករាយ ធ្វើ​ឲ្យ​បង​ក្លាយ​ជា​បុរស​ល្អ​ជាង​មុន និង​ជា​អ្នកដឹកនាំ​សាសនាចក្រ​ដែល​មាន​ការយល់ដឹង​កាន់តែ​ប្រសើរ និង​ជា​ជីតា និង​ជីតា​ទួត និង​ជីតា​លា​ដែល​ប្រសើរ​ជាង​មុន ។ យើង​មាន​ចៅ​២៩​នាក់ និង​ចៅ​ទួត​៧៥​នាក់ ហើយ​មាន​ចៅលា​ពីរ​តែ​នៅពេល​ឆាប់ៗ​នេះ—នឹង​មាន​ចៅ​លា​ចំនួន​បី​នាក់ ។ នេះ​គឺជា​ស្រ្តី​ដែល​កាលពី​នៅ​អាយុ២៨​ឆ្នាំ ដឹកនាំ​ក្រុម​មនុស្ស​ជាច្រើន ។

ស៊ីស្ទើរ ស៊ីស្ទើរ គ្រីស្ទិន អូក ៖ ហើយ​ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធិ​ខ្លាំង​ណាស់ ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ គឺ​ការ​ដែល​អាច​មាន​គ្រួសារ និង​មាន​គ្រួសារ​ដ៏​ស្និទ្ធស្នាល​មួយ និង​ធ្វើ​ជា​ភរិយា​របស់​បង ។

ប្រធាន ដាល្លិន អេក អូក ៖ អរគុណ !

ស៊ីស្ទើរ គ្រីស្ទិន អូក ៖ ខ្ញុំ​តែងតែ​ប្រាប់​គាត់​ថា គាត់​គឺជា​មនុស្ស​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នៅក្នុង​ពិភពលោក​នេះ ។

ប្រធាន ដាល្លិន អេក អូក ៖ ហើយ​គាត់​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ។

ស៊ីស្ទើរ ខេធី អាន់ឌើរសិន ៖ តើ​បង​មិន​ចូលចិត្ត​ទេ​ឬ​អី ? តើ​វា​មិន​ល្អ​ទេ​ឬ ? ស៊ីស្ទើរ គ្រីស្ទិន គឺជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ស្មោះស្ម័គ្រ ។ ជីវិត​របស់​គាត់​ពោរពេញ​ដោយ​សេចក្តីជំនឿ និង​សេចក្តីស្រឡាញ់ ។ គាត់​មាន​ចិត្ត​ទន់ភ្លន់ ហើយ​ខ្ញុំ​គិត​ថា គាត់​គឺជា​ទេវតា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នៅលើ​ផែនដី ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ដែល​ព្រះអម្ចាស់​បានការពារ​ថែរក្សា ដាល្លិន ហារីស អូក ឆ្លងកាត់​ជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​បង្រៀន​លោក បង្ហាត់​លោក និង​រៀបចំ​លោក​សម្រាប់​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក ។

កាល​ពី​លោក​នៅ​ក្មេង លោក​បានបង្កើត​បាវចនា​ផ្ទាល់​ខ្លួន​មួយ ដែល​ថា ៖ « ចូរ​ស្វែងរក​នគរ​នឹង​សេចក្ដីសុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែម​ទៀត​ផង » ។

ការណ៍​នេះ​លោក​បាន​ធ្វើ​ដោយ​មិន​គិត​ពី​កិត្យានុភាព ឬ​ទ្រព្យសម្បត្តិ​នៃ​លោកិយ​នោះ​ទេ ។ ព្រះអម្ចាស់​បានផ្លាស់ប្តូរ​ដួងចិត្ត​របស់​លោក ហើយ​នឹង​ប្រើ​លោក​ដើម្បី​ជួយ​ផ្លាស់ប្តូរ​យើង​ម្នាក់ៗ នៅពេល​លោក​បម្រើ​ជា​ព្យាការី​របស់​ព្រះ​នៅលើ​ផែនដី ។

ដើម្បី​ជួយ​បងប្អូន​យល់​ពី​ព្យាការី​របស់​យើង រូប​គំនូរ​ដ៏​ទាក់ទាញ​នេះ​ដែល មេណើដ ឌីហ្សុន បាន​ព្យួរ​នៅក្នុង​ការិយាល័យ​របស់​គាត់​អស់​ជិត​៤០ឆ្នាំ ។ ចំណងជើង​របស់​វា​គឺ « Forgotten Man [ បុរស​ដែល​គេ​បំភ្លេច​ចោល ] » ។

ផ្ទាំង​គំនូរ​នេះ​បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​អង្គុយ​បាក់​ទឹកចិត្ត​នៅលើ​ខឿន​ផ្លូវ ។ មនុស្ស​នៅ​ជុំវិញ​គាត់​មិន​បាន​ចាប់​អារម្មណ៍​ទៅលើ​គាត់​ឡើយ ។

ប្រធាន អូក ស្រឡាញ់​បុត្រា និង​បុត្រី​របស់​ព្រះ​គ្រប់ៗ​រូប ហើយ​រូប​គំនូរ​នេះ​បានរំឭក​លោក​ថា លោក​ត្រូវតែ​ទៅ​ជួយ​ដល់​អស់​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ បាក់​ទឹក​ចិត្ត ដែល​ត្រូវការ​ដឹង​ពី​តម្លៃ​ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។

ប្រធាន អូក បាន​ចង្អុល​បង្ហាញ​ថា ខណៈ​ដែល​បុរស​នៅក្នុង​រូប​គំនូរ​នេះ​មាន​អារម្មណ៍​ត្រូវ​គេ​បំភ្លេច តែ​ព្រះ​អាទិត្យ​ដែល​កំពុង​រះ​លើ​ក្បាល​របស់​គាត់​បញ្ជាក់​ថា ព្រះវរបិតាសួគ៌​ទ្រង់​ជ្រាប​ពី​ការពុះពារ​របស់​គាត់ ។ ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា រូប​គំនូរ​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​លោក ហើយ​រំឭក​លោក​អំពី​អ្វី​ដែល​លោក​ត្រូវ​ចងចាំ ។ ខ្ញុំ​ស្រឡាញ់​ដួងចិត្ត​របស់​ប្រធាន ដាល្លិន អេក អូក ។

ជាមួយ​យុវមជ្ឈិមវ័យ​របស់​យើង​នៅ​ទីនេះ​នៅក្នុង​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី. យើង​បានពិភាក្សា​អំពី​ប្រធានបទ​សំខាន់ៗ​ចំនួន​បី ដែល​ប្រធាន អូក បានលើកឡើង​ជា​ញឹកញាប់ ។ ប៉ុន្តែ​ជាដំបូង សូម​ស្វាគមន៍​ចំពោះ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​មួយ​ទៀត​ចំពោះ​ប្រធាន អូក មកពី​យុវមជ្ឈិមវ័យ​នៅ​ជុំវិញ​ពិភពលោក ។

ក្រុម​យុវមជ្ឈិមវ័យ​មកពី​ហាវៃ ៖ អាឡូហា ប្រធាន និង​ស៊ីស្ទើរ អូក ! យើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​គំរូ​ដែល​លោក​ទាំងពីរ​បង្ហាញ​ដល់​ពួកយើង និង​សាសនាចក្រ ។ ពួក​យើង​ស្រឡាញ់ និង​គាំទ្រ​ប្រធាន ។

ក្រុម​យុវមជ្ឈិមវ័យ​មកពី អ័ហ្គឌិន យូថាហ៍ ៖ ជម្រាបសួរ​ពី​អ័ហ្គឌិន យូថាហ៍ ។ ប្រធាន អូក ពួកយើង​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ដំបូន្មាន​របស់​លោក ជា​ពិសេស​អំពី​ភាពតម្កើងឡើង​ដែល​ទាក់ទង​នឹង​គ្រួសារ ។ ពួក​យើង​ស្រឡាញ់​ប្រធាន និង​គាំទ្រ​ប្រធាន ។

យុវមជ្ឈិមវ័យ​មកពី​រ៉ូម អ៊ីតាលី ៖ ជម្រាបសួរ​ប្រធាន អូក ។ ពួក​យើង​សូម​ផ្ញើ​សេចក្តីស្រឡាញ់​របស់​យើង​ពី​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ។ ពួក​យើង​ស្រឡាញ់​ការបង្រៀន​របស់​លោក​អំពី​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច ហើយ​ពួកយើង​ទន្ទឹង​រង់ចាំ​ជួប​ប្រធាន​នៅ​ទីនេះ​ក្នុង​ទីក្រុង​អ៊ីធើណល ។ ជម្រាបលា ! ពួកយើង​ស្រឡាញ់​បងប្អូន !

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ប្រធានបទ​របស់​យើង​នៅ​ថ្ងៃ​នេះ​គឺ​ទីមួយ ការឈរ​ការពារ​សេចក្តីពិត ។ ទីពីរ គ្រួសារ អាពាហ៍ពិពាហ៍ និង​កូនចៅ ហើយ​ទីបី គឺជា​វិវរណៈ ។

កំណត់​ចំណាំ

  1. ម៉ាថាយ ១៦:១៩

  2. គោលលទ្ធិ និង​សេចក្តីសញ្ញា ២១:៥

  3. ដាល្លិន អេក អូក « Why Do We Serve? » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៤

  4. ដាល្លិន អេក អូក « The Light and Life of the World » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៧

  5. ដាល្លិន អេក អូក « Faith in the Lord Jesus Christ » Ensign ខែឧសភា ឆ្នាំ១៩៩៤

  6. « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ

  7. ដាល្លិន អេក អូក « He Heals the Heavy Laden » Liahona ខែវិច្ឆិកា ឆ្នាំ២០០៦

  8. ដាល្លិន អេក អូក « ការដើរ​តាម​ព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤

  9. ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០២៥

  10. « Special Announcement: The New First Presidency of The Church of Jesus Christ of Latter-day Saints » នៅក្នុង « Dallin H. Oaks Names 18th President of the Church of Jesus Christ of Latter-day Saints » ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org

  11. ដាល្លិន អេក អូក « The Student Body and the President » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ ) នៅលើ​គេហទំព័រ speeches.byu.edu

  12. ម៉ាថាយ ៦:៣៣