ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
អាពាហ៍ពិពាហ៍ គ្រួសារ និង​កូនៗ


12:5

អាពាហ៍ពិពាហ៍ គ្រួសារ និង​កូនៗ

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ពួកយើង​ទាំងអស់​គ្នា​មាន​ការរំជួលចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សារលិខិត​របស់​ប្រធាន អូក នៅក្នុង​សន្និសីទ​ទូទៅ​ចុងក្រោយ​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ដោយ​អំណាច​ដ៏​អស្ចារ្យ​អំពី​គ្រួសារ អាពាហ៍ពិពាហ៍ និង​កូនចៅ ។ បងប្អូន​ចាំ​នៅពេល​លោក​មាន​ប្រសាសន៍​ថា « ពេលខ្លះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ស្គាល់​ច្បាស់​ថា​ជា​សាសនាចក្រ​ដែល​ផ្ដោត​លើ​ក្រុម​គ្រួសារ ។ ហើយ​វា​ជា​ការពិត ! » សូម​ទស្សនា​វីដេអូ​ខ្លី​នេះ និង​ការពិភាក្សា​របស់​យើង​ជាមួយ​យុវមជ្ឈិមវ័យ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៥ ) ៖ ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ និង​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​គឺ​ត្រូវបាន​ពន្យល់​នៅក្នុង​ពាក្យ​ថា ក្រុមគ្រួសារ ។ … វា​ជា​ការ​សំខាន់​ណាស់​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​មិន​បាត់បង់​ការយល់ដឹង​របស់​ខ្លួន​អំពី​គោលបំណង​នៃ​អាពាហ៍ពិពាហ៍ និង​តម្លៃ​នៃ​កូនចៅ ។ នោះ​គឺជា​អនាគត​ដែល​យើង​ខិតខំ​ព្យាយាម​រក្សា ។

គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្ដោតលើ​ក្រុមគ្រួសារ ។

យើង​ជា​សាសនាចក្រ​ដែល​ផ្តោតលើ​គ្រួសារ ។

ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៣ ) ៖ អាពាហ៍ពិពាហ៍​គឺជា​ចំណុច​សំខាន់​នៃ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​អ្វី​ដែល​មាន​បន្ទាប់មក​ទៀត ។ យើង​ជា​បុត្រា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ដែល​បានបង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ គឺ​ការបង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី ។ ព្រះចេស្តា​នៃ​ការ​បង្កបង្កើត​នោះ​គឺជា​អំណោយ​ទាន​ដ៏​មាន​តម្លៃ​បំផុត​មួយ​ដែល​យើង​មាន​នៅក្នុង​ជីវិត​រមែងស្លាប់ ។ ប៉ុន្តែ​ចំណុច​សំខាន់​នៃ​អំណោយ​ទាន​នោះ​គឺ​ច្បាប់​ព្រហ្មចារីភាព ដែល​ជា​បទបញ្ញត្តិ​ដែល​អំណាច​នៃ​ការបង្ក​កំណើត​របស់​យើង​ត្រូវ​បាន​បង្ហាញ​តែ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ប៉ុណ្ណោះ ។ …

សូម​ពិចារណា​អំពី​អ្វី​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​វ័យ​ក្មេង​ខកខាន នៅពេល​ពួកគេ​ពន្យារ​ពេល​រៀប​អាពាហ៍ពិពាហ៍ ដោយ​ចេតនា​ក្នុង​រយៈពេល​ដ៏​សំខាន់​នេះ ៖ បាត់បង់​ឱកាស ហើយ​ពរជ័យ​ត្រូវ​បាន​ពន្យារ​ពេល ។ ការណ៍នេះ​មាន​ន័យ​ថា ការលូតលាស់​ផ្ទាល់ខ្លួន​ដ៏​សំខាន់​ដែល​កើត​ឡើង​នៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​រវាង បុរស និង​ស្រ្តី ស្វាមី និង​ភរិយា​ត្រូវបាន​ពន្យារពេល ការរីកចម្រើន​ក្នុង​គុណសម្បត្តិ​ដូច​ជា​ការលះបង់ និង​ការបន្ទាប​ខ្លួន​ជាដើម ។ វា​មាន​ន័យ​ថា បាន​កាត់​បន្ថយ​ឱកាស​ដើម្បី​ធ្វើការ​រួមគ្នា​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ ។ ហើយ​ការណ៍​សំខាន់​បំផុត នោះ​មាន​ន័យ​ថា មាន​ក្មេងៗ​តិចតួច​ដែល​កើត​មក​ហើយ​ធំឡើង​ដោយ​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ ។

សូម​ចាំ​ថា ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់​មាន​ផែនការ​មួយ​សម្រាប់​យុវមជ្ឈិមវ័យ​របស់​ទ្រង់ ហើយ​ផ្នែក​មួយ​នៃ​ផែនការ​នោះ​គឺ​អាពាហ៍ពិពាហ៍ និង​កូនៗ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ តើ​បងប្អូន​អាច​ជឿ​ទេ​ថា នេះ​គឺជា​កន្លែង​ដ៏​ស្រស់ស្អាត​នៅ​ចំ​ទេសភាព​ដ៏​ល្បី​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌី.ស៊ី. ? ហើយ​យើង​នៅ​ទីនេះ​ដើម្បី​និយាយ​អំពី​ក្រុម​គ្រួសារ អំពី​អាពាហ៍ពិពាហ៍ និង​អំពី​កូនចៅ ។

ហើយ​យើង​អញ្ជើញ ម៉ាក និង នីកូល ដែល​បានរៀបការ​ហើយ​ឲ្យ​ចូលរួម​ជាមួយ​យើង ។ ហើយ​យើង​ក៏​មាន​នៅ​ខាង​នេះ គ្រីស និង លីនស៊ី ដែល​បានរៀបការ​ហើយ​ផងដែរ ។ តើ​បងប្អូន​បានគិត​ដល់​អ្វី នៅពេល​បងប្អូន​បាន​ស្ដាប់​ប្រធាន អូក មាន​ប្រសាសន៍​នៅ​សន្និសីទ​ចុងក្រោយ​នេះ ?

ម៉ាក ៖ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ប្រធាន អូក និង​ការ​បង្រៀន​របស់​លោក​អំពី​សារៈសំខាន់​នៃ​គ្រួសារ ។ ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំ​ផ្ទាល់ និង​សម្រាប់​នីកូល ការរៀបការ​ជាមួយ​នីកូល គឺជា​ពរជ័យ​ដ៏​មាន​តម្លៃ​បំផុត​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ និងការមាន​គ្រួសារ​ផងដែរ ។ យើង​មាន​កូន​ប្រុស​អាយុ​បី​ឆ្នាំ​ម្នាក់​គឺ ហេណុក ។

នីកូល ៖ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការបង្រៀន​របស់​ព្យាការី និង​ពួក​សាវក​អំពី​សារៈសំខាន់​នៃ​គ្រួសារ ។ ខ្ញុំ​គិត​ថា នៅក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង វា​អាច​ជា​ការលំបាក​ក្នុង​ការព្យាយាម​គិតមើល ថា​តើ​ជីវិត​របស់​យើង​ជាមួយ​អាជីព និង​គ្រួសារ​នោះ​មាន​លក្ខណៈ​បែប​ណា​ផង​ដែរ ។ ខ្ញុំ​ដឹង​សម្រាប់​ខ្ញុំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ចង់​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត ហើយ​ខ្ញុំ​ក៏​ចង់​មាន​គ្រួសារ​មួយ​ផងដែរ ។ ហើយ​ផ្លូវ​ដើម្បី​ធ្វើ​រឿង​ទាំងពីរ​នេះ​មិន​ងាយ​សម្រាប់​ខ្ញុំ​ទេ ។ ហើយ ម៉ាក និង​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​តម​អាហារ និង​អធិស្ឋាន ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ព្យាយាម​រៀន​ពី​របៀប​ធ្វើ​ឲ្យ​រឿង​ទាំងពីរ​មាន​តុល្យភាព ។ ហើយ​យើង​បាន​ទទួល​អារម្មណ៍​បំផុសគំនិត​ថា ប្រសិនបើ​យើង​រើស​គ្រួសារ​ជា​ចម្បង នោះ​អ្វីៗ​នឹង​ដំណើរការ​ទៅ​មុខ ។

ហើយ​យើង​មិន​ដឹង​ថា​ពេល​ខ្លះ ពី​មួយ​ខែ​ទៅ​មួយ​ខែ ថា​តើ​រឿង​ទាំងនោះ​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​វា​បាន​​ដំណើរការ​ទៅ​មុខ ។ ហើយ​ខ្ញុំ​មាន​ទីបន្ទាល់​យ៉ាង​មុតមាំ​អំពី​សារៈសំខាន់​នៃ​គ្រួសារ និង​រើស​គ្រួសារ​ធ្វើ​ជា​អាទិភាព ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ អ៊ីចឹង លីនស៊ី សូម​ប្រាប់​យើង​អំពី​ការរៀបការ​ជាមួយ គ្រីស ។

លីនស៊ី ៖ ពួកយើង​បានរៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ​នេះ ។ ហើយ​ការ​អាច​ផ្សារភ្ជាប់​ជាមួយ​គ្រីស មនុស្ស​ម្នាក់​ដែល​អស្ចារ្យ និង​ផ្អែមល្ហែម​ដូចជា​គ្រីស គឺជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​គ្រាន់តែ​ដឹង​ថា យើង​នៅ​ជាមួយ​គ្នា ប៉ុន្តែ​វា​ក៏​មិនមែន​ត្រឹមតែ​យើង​ពីរនាក់​ដែរ ថា​យើង​គឺ​ជា​គ្រួសារ​មួយ ហើយ​យើង​ផ្តោតលើ​ព្រះគ្រីស្ទ ហើយ​ទោះជា​បញ្ហា​អ្វី​ក៏​ដោយ​ដែល​កើតឡើង​ចំពោះ​យើង មិន​ថា​ការសងប្រាក់​កម្ចី​សិស្ស ឬ​ស្វែងរក ឬ​បង្កើត​អាជីព​នោះ​ទេ ពួកយើង​ដឹង​ថា យើង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​គ្នា​ដោយ​មាន​ព្រះគ្រីស្ទ​គង់​នៅ​ជាមួយ ។

គ្រីស ៖ ប្រហែល​ជា​យើង​រៀបការ​នៅពេល​អាយុ​ច្រើន ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​មែន​ដោយសារ​យើង​មិន​ចង់​រៀបការ​នោះ​ទេ ។ ខ្ញុំ​គិត​ថា ព្រះអម្ចាស់​មាន​ពេល​វេលា​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង ហើយ​ខ្ញុំ​គិត​ថា​យើង​ទាំង​ពីរ​នាក់​ស្មោះត្រង់ និង​មាន​ទំនុក​ចិត្ត​ថា ព្រះអម្ចាស់​មាន​ផែនការ​សម្រាប់​ពួក​យើង ។ ហើយ​ប្រសិនបើ​យើង​ខិតខំ​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ នៅទី​បំផុត នោះ​ពេល​វេលា​របស់​យើង​នឹង​មក​ដល់ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ យើង​អញ្ជើញ អ៊ីថិន, ចយ, អូលីវ៉ា, ហ្សេក, ស៊ូមីតា, លីនស៊ី និង ខេសុន ចូលរួម​ជាមួយ​យើង ។ ហើយ​យើង​នឹង​និយាយ​បន្តិច​អំពី​ពាក្យ​ទាំងបី​នេះ ៖ គ្រួសារ អាពាហ៍ពិពាហ៍ កូនចៅ ។

ខេសុន ៖ ខ្ញុំ​គិត​ថា​មាន​មនុស្ស​ជាច្រើន​ដែល​មាន​ស្ថានភាព​គ្រួសារ​ខុសៗ​គ្នា ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ពរជ័យ​ដោយ​ផ្ទាល់ ដែល​មាន​គ្រួសារ​ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការណែនាំ​ជា​ច្រើន ទិសដៅ​ជាច្រើន គោលបំណង អត្តសញ្ញាណ អារម្មណ៍​សុវត្ថិភាព ។

ខ្ញុំ​ចូល​ចិត្ត​គិតពិចារណា​ពី​ពរជ័យ​ទាំងអស់ ដែល​ខ្ញុំ​បានទទួល​ក្នុង​ការធ្វើ​ជា​ផ្នែក​នៃ​គ្រួសារ​ខ្លួន​ឯង ហើយ​បានឃើញ​បងប្អូន​ប្រុសស្រី​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ពួកគេ ហើយ​ថា​តើ​ជីវិត​គ្រួសារ​អាច​អស្ចារ្យ​ប៉ុនណា ។ ខ្ញុំ​ស្គាល់​មនុស្ស​ជា​ច្រើន ។ ខ្ញុំ​ដឹង​ថា​គ្មាន​គ្រួសារ​ណា​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​មាន​ច្រើន—នៅពេល​ដែល​បងប្អូន​បានភ្លក់​នូវ​ភាពរីករាយ​ដែល​អាច​មាន​នៅក្នុង​គ្រួសារ វា​អាច​ជំរុញ​បងប្អូន​ឲ្យ​ចង់​មាន​គ្រួសារ​ផងដែរ ។

ស៊ូមីតា ៖ ខ្ញុំ​មិន​ទាន់​រៀបការ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ការរៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ដឹង​ថា អាពាហ៍ពិពាហ៍​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ហើយ​ដំណឹងល្អ​នោះផ្ទាល់​បង្រៀន​យើង វា​ផ្តល់​ពរ​ដល់​យើង ហើយ​លើក​តម្កើង​យើង​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ពេល​ខ្លះ​យើង​ចង់​ឲ្យ​អ្វីៗ​ដំណើរការ​ទៅ​មុខ ប៉ុន្តែ​វា​មិន​បាន​សម្រេច ។

ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ជីវិត​របស់​ខ្ញុំ គឺ​ការ​មាន​សេចក្តីជំនឿ​លើ​ពេលវេលា​របស់​ព្រះ ។ ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ផែនការ​សម្រាប់​យើង​ម្នាក់ៗ ហើយ​ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។ ហើយ​មិន​ថា​វា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុនណា​នោះ​ទេ សូម​ទុក​ចិត្ត​លើ​ទ្រង់ ។

ហើយ​រឿង​ទីពីរ​ដែល​ខ្ញុំ​បានរៀន គឺ​រៀបចំ​ខ្លួន​ខ្ញុំ​ខាងវិញ្ញាណ និង​ផ្ទាល់​ខ្លួន ។ ការរៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច មិន​ចាប់ផ្ដើម​នៅពេល​ដែល​បងប្អូន​រកឃើញ​ដៃគូ​នោះ​ទេ ។ បងប្អូន​អាច​ចាប់ផ្តើម​ដំណើរ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ឥឡូវ​នេះ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ឥឡូវ​នេះ ចយ ខ្ញុំ​សង្ឃឹម​ថា​ប្អូន​មិន​ប្រកាន់​នឹង​ខ្ញុំ​និយាយ​អំពី​រឿង​នេះ​ទេ ។ ប្អូន​បាន​ចូលរួម​សាសនាចក្រ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន បន្ទាប់ពី​បានឆ្លងកាត់​អាពាហ៍ពិពាហ៍​ដ៏​សោកសៅ​មួយ ។ តើ​ប្អូន​គិត​អំពី​គ្រួសារ និង​អាពាហ៍ពិពាហ៍​យ៉ាងណា​ដែរ​ឥឡូវ​នេះ ? តើ​ប្អូន​មានទស្សនៈ​យ៉ាង​ណា​ដែរ​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ ?

ចយ ៖ មែនហើយ ខ្ញុំ​ពិត​ជា​ចូលចិត្ត​របៀប​ដែល​ប្រធាន អូក បាន​មាន​ប្រសាសន៍​ទៅកាន់​មនុស្ស​គ្រប់​គ្នា ហើយ​ខ្ញុំ​ចូលចិត្ត​របៀប​ដែល​លោក​ទទួល​ស្គាល់​ថា មិន​មែន​គ្រប់ស្ថានភាព​ទាំងអស់​សុទ្ធតែ​សប្បាយ​រីករាយ​នោះ​ទេ ។ ហើយ​ខ្ញុំ​ពិត​ជា​ចូលចិត្ត​របៀប​ដែល​លោក​មាន​ប្រសាសន៍​ទៅកាន់​ម្តាយ​ទាំងឡាយ ព្រោះ​ខ្ញុំ​ក៏​ជា​ម្តាយ​មួយ​រូប​ចេញពី​អាពាហ៍ពិពាហ៍​បែប​នោះ​ដែរ ហើយ​មាន​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ ។

ហើយ​ខ្ញុំ​ចូល​ចិត្ត​របៀប​ដែល​លោក​បាន​មាន​ប្រសសាសន៍​ដូចជា ទោះបីជា​បងប្អូន​មិន​ទាន់​បានរៀបការ​នៅពេល​នេះ​​ក៏​ដោយ ក៏​បងប្អូន​នៅ​តែ​អាច​បង្រៀន​កូនៗ​របស់​បងប្អូន​ឲ្យ​មើល​ទៅ​កាន់​ពរជ័យ​នៃ​គ្រួសារ និង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បានផងដែរ ។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​លោក​យល់​គ្រប់​កាលៈទេសៈ សូម្បីតែ​ក្នុង​ស្ថានភាព​ដែល​មិន​តាម​ទម្លាប់ ឬ​ដូច​ម្តាយ​ដែល​មិន​បាន​រៀបការ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ មាន​ប្រសាសន៍​បាន​ត្រឹមត្រូវ​ណាស់ ។

អ៊ីថិន ៖ រឿង​មួយ​ដែល​ប្រធាន អូក បាន​មាន​ប្រសាសន៍​ពី​មុន​នៅ ប៊ី.វ៉ាយ.យូ. គឺ​ថា​បងប្អូន​មិន​អាច​បង្ខំ​កិច្ចការ​ខាងវិញ្ញាណ​បាន​ទេ ។ ហើយ​ខ្ញុំ​បាន​អាន​ឃ្លា​នោះ ហើយ​ខ្ញុំ​ពិត​ជា​ទទួល​ឥទ្ធិពល​ពី​ប្រសាសន៍​នោះ​ណាស់ ដោយសារ​យើង​ចង់​បាន​អាពាហ៍ពិពាហ៍​ខាង​វិញ្ញាណ យើង​ចង់​បាន​គ្រួសារ​ខាង​វិញ្ញាណ ។ យើង​ចង់​បាន​គ្រួសារ​មួយ​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ ។ យើង​ចង់​បាន​ដៃគូ​មួយ​ដែល​មាន​សេចក្តីជំនឿ​ថា យើង​អាច​បម្រើ​បាន ដែល​យើង​អាច​ជួយ​បាន ។ ហើយ​វា​មាន​នៅពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​តែប៉ុណ្ណោះ ។ ហើយ​ខ្ញុំ​គិត​ថា ពេលខ្លះ​មាន​ការ​ស្មុគស្មាញ​នៅពេល​ដែល​យើង​នៅ​ក្មេង​ថា « អូ ខ្ញុំ​អាច​ធ្វើ​វា​បាន » ឬ​រឿងនេះ ឬរឿង​នោះ ឬ​អ្វី​ក៏​ដោយ ។ ហើយ​ជាក់​ស្តែង យើង​មិន​អាច​បង្ខំ​រឿង​ខាងវិញ្ញាណ​បាន​ទេ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្អូន​និយាយ ។ ខ្ញុំ​គ្រាន់តែ​នឹង​ចង់​ជំរុញ​ដល់​ប្អូន​ត្រង់​នេះ​បន្តិច ។ ប្អូន​មិន​អាច​បង្ខំ​រឿង​ខាងវិញ្ញាណ​បាន​ទេ ប៉ុន្តែ​ប្អូន​អាច​អញ្ជើញ​ឲ្យ​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​យុវនារី​បន្ថែម​ទៀតបាន ។ តើ​ប្អូន​ធ្វើ​បាន​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ ?

អ៊ីថិន ៖ មែនហើយ ប្រធាន​ដឹង​ហើយ ថា​មាន​វិធីសាស្រ្ត​ជាច្រើន​នៅ​ទីនេះ ។ ខ្ញុំ​តែងតែ​ប្រើ​កែវភ្នែក​សម្លឹង​មើល​ជុំវិញ​បន្ទប់ ។ ហើយ​ក៏​មើល​នៅក្នុង​កម្មវិធី​ណាត់​ជួប​មួយ​ពីរ​ដែរ ។ ប៉ុន្តែ​ជាក់ស្តែង ខ្ញុំ​គិត​ថា វា​ជា​រឿង​សំខាន់​បំផុត​ក្នុង​ការយល់​ថា ការខិតខំ​ប្រឹងប្រែង​គឺជា​រឿង​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​មាន ។

ការដាក់​ខ្លួន​យើង​នៅក្នុង​ស្ថានភាព​នោះ ហើយ​មាន​ទំនុក​ចិត្ត​ក្នុង​ការនិយាយ​ថា ខ្ញុំ​គឺជា​កូន​របស់​ព្រះ ខ្ញុំ​មាន​រឿង​ល្អ​ជា​ច្រើន​សម្រាប់​បងប្អូន ។ ខ្ញុំ​នឹង​ចេញ​ទៅ​ក្រៅ ហើយ​ណែនាំ​ខ្លួន​ឯង​ទៅ​ដល់​នរណា​ម្នាក់ ហើយ​គ្រាន់តែ​រៀន​អំពី​ពួកគេ ហើយ​រៀន​បន្ថែម​ទៀត​ថា ពួកគេ​ជា​នរណា និង​អ្វី​ដែល​ពួកគេ​ជឿ និង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ក្នុង​ជីវិត​របស់​ពួកគេ ។ នៅពេល​យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នកដទៃ នោះ​យើង​អាច​រៀន​​អំពី​ខ្លួន​ឯង​បន្ថែម​ទៀត​កាន់តែ​ច្រើន ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ អូលីវ៉ា ! នៅពេល​ប្អូន​គិត​ពី​មនុស្ស​ដែល​ប្អូន​អាច​រៀបការ​ជាមួយ តើ​ប្អូន​ចង់​បាន​គុណសម្បត្តិ​អ្វី​ខ្លះ ?

អូលីវ៉ា ៖ ខ្ញុំ​គិត​ថា ជា​ដំបូង ខ្ញុំ​ចង់​បាន​នរណា​ម្នាក់​ដែល​គោរព​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយនឹង​ព្រះ ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ហ្សេក ប្អូន​ដឹង​ទេ​អ្វីមួយ​ដែល​ប្រធាន អូក មាន​ប្រសាសន៍​ជា​ញឹកញាប់​គឺ​ការ​ប្រកាស​អំពី​ក្រុម​គ្រួសារ ។ តើ​ប្អូន​គិត​អំពី​គោលការណ៍​ខុសៗ​គ្នា​នៅក្នុង​នោះ​យ៉ាង​ណា​ដែរ ? ហើយ​តើ​ប្អូន​បាន​គិត​អំពី​វា​នា​ពេល​ថ្មីៗ​នេះ​ដែរ​ឬ​ទេ ?

ហ្សេក ៖ ខ្ញុំ​គិតថា ខ្ញុំ​មាន​គំនិត​ពីរ ។ ហើយ​ទី​មួយ​គឺ​ថា វា​អាច​ពិបាក​ក្នុង​ការស្តាប់​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​អាន​ការ​ប្រកាស​អំពី​ក្រុមគ្រួសារ ហើយ​មើល​ថា​ជីវិត​របស់​ខ្ញុំ​អាច​នឹង​មិន​អាច​វាស់វែង​បាន​នៅ​ពេល​នេះ ហើយ​វា​អាច​ជា​ការលំបាក​ជា​ខ្លាំង ។ ប៉ុន្តែ​ដោយសារ​តែ​វា​ពិបាក ឬ​យ៉ាប់យឺន មិន​មែន​មាន​ន័យ​ថា វា​មិន​ពិត ឬ​ពិត​នោះ​ទេ ។ ហើយ​ខ្ញុំ​គិត​ថា​គំនិត​ទី​ពីរ ដូច​ដែល​យើង​បានស្តាប់​នៅក្នុង​វីដេអូ ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា ការរីកចម្រើន​ដ៏​ធំ​បំផុត​កើតឡើង​នៅក្នុង​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ ហើយ​ការដឹង​ថា នោះ​ជា​ការពិត—ការជឿ ការទុកចិត្ត​ថា នោះ​ជា​ការពិត—មិន​ដោះសា​ឲ្យ​ខ្ញុំ ក្នុង​នាម​មនុស្ស​មិន​ទាន់​រៀបការ ពី​ការផ្តោតលើ​សេចក្ដីសញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​ព្យាយាម​រីកចម្រើន​ដូច​ព្រះគ្រីស្ទ​តាម​គ្រប់​របៀប​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ត្រឹមត្រូវ​ណាស់ ! អរគុណ​សម្រាប់​ទស្សនវិស័យ​ដ៏​ល្អ ។

តើ​យើង​អាច​មាន​ការបង្ហាញ​សេចក្តី​ស្រឡាញ់​ចុងក្រោយ​មួយ​ទៀត​ចំពោះ​ប្រធាន អូក មុន​នឹង​និយាយ​អំពី​ប្រធានបទ​ទី​បី​របស់​យើង​បាន​ដែរ​ឬ​ទេ ?

យុវមជ្ឈិមវ័យ​មកពី​តុងហ្គា ៖ ពួក​យើង​អធិស្ឋាន​ជូន​ប្រធាន​ពី​កោះ​តុងហ្គា​ដ៏​ស្រស់ស្អាត​នេះ ។

យុវមជ្ឈិមវ័យ​មកពី​កូរ៉េ ៖ សូម​ផ្ញើ​សេចក្តីស្រឡាញ់​ពី​ប្រទេស​កូរ៉េ ! ពួក​យើង​ស្រឡាញ់​លោក ប្រធាន អូក !

យុវមជ្ឈិមវ័យ​មកពី​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ៖ វា​ជា​អភ័យ​ឯកសិទ្ធិ​របស់​ពួកយើង​ដែល​បាន​គាំទ្រ​ប្រធាន ជា​ព្យាការី​ក្នុង​អំឡុងពេល​រដូវកាល​នៃ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នេះ ។ ពួកយើង​ទន្ទឹង​រង់ចាំ​ធ្វើ​តាម​ប្រធាន ហើយ​រីករាយ​ដើម្បី​គាំទ្រ​ប្រធាន​ក្នុងនាម​ជា​យុវមជ្ឈិមវ័យ​មកពី​ជុំវិញ​ពិភពលោក ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០២៥

  2. ដាល្លិន អេក អូក « The Family-Centered Gospel of Jesus Christ »