ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
សុន្ទរកថា​បញ្ចប់


7:21

សុន្ទរកថា​បញ្ចប់

អែលឌើរ នែល អិល អាន់ឌើរសិន ៖ ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​នៅជាមួយ​បងប្អូន ដែល​បាន​ចូលរួម​ក្នុង​ការពិភាក្សា​ទាំងនេះ ហើយ​បានស្ងើច​សរសើរ​យ៉ាងខ្លាំង​ចំពោះ​ការតាំងចិត្ត​របស់​បងប្អូន និង​ភាព​ជា​សិស្ស​របស់​បងប្អូន ។ សម្រាប់​បងប្អូន​ដែល​ចង់​មើល​ការសន្ទនា​ទាំងនេះ​បន្ថែម​ទៀត ការសន្ទនា​នេះ​នឹង​ភ្ជាប់​ទៅ​កំណែ​អេឡិចត្រូនិច​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​នេះ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខេធី និង​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​នៅជាមួយ​បងប្អូន​នៅ​យប់​នេះ ។ ខេធី តើ​អូន​ចង់​ចែកចាយ​គំនិត​ខ្លះៗ​សម្រាប់​ការបញ្ចប់​ដែល​អូន​អាច​ជា​មាន នៅពេល​យើង​មាន​ការប្រជុំ​ធម្មនិដ្ឋាន​នេះ​ដែរ​ឬ​ទេ ?

ស៊ីស្ទើរ ខេធី អាន់ឌើរសិន ៖ អរគុណ ! ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឯកសិទ្ធិ ក្នុង​ការនៅ​ទីនេះ​ជាមួយ​ស្វាមី​របស់​ខ្ញុំ​នៅ​ល្ងាច​នេះ និង​ជាមួយ​នឹង​បងប្អូន​ទាំង​អស់​គ្នា ។ រាត្រី​នេះ​គឺជា​រាត្រី​ដ៏​ពិសេស​មួយ ហើយ​យើង​ជ្រោតជ្រាប​យ៉ាងខ្លាំង​នៅក្នុង​ដួងចិត្ត​របស់​យើង ។

ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​សម្រាប់​ឱកាស​នៅ​ថ្ងៃ​ខាង​មុខ មិនថា​នៅក្នុង​សន្និសីទ​ស្តេក ឬ​មើល​សន្និសីទ​ទូទៅ ដើម្បី​អាច​លើក​ដៃ​ខ្ញុំ និង​គាំទ្រ​ប្រធាន ដាល្លិន អេក អូក ជា​ព្យាការី ជា​អ្នក​មើល​ឆុត និង​ជា​អ្នក​ទទួល​វិវរណៈ និង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ​ទេ ។

ហើយ​ទំរាំ​ដល់​ពេល​នោះ​មក​ដល់ នៅពេល​ដែល​ខ្ញុំ​អាច​លើក​ដៃ​របស់​ខ្ញុំ​បាន​ខ្ពស់​បំផុត​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ និង​នៅក្នុង​ការអធិស្ឋាន​របស់​ខ្ញុំ ខ្ញុំ​សូម​អរគុណ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​សម្រាប់​បុរស​ជា​ទីស្រឡាញ់​រូប​នេះ ដែល​ឥឡូវនេះ​គឺជា​ព្យាការី​របស់​ព្រះ ។ មាន​បទគម្ពីរ​មួយ​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាននិយាយ​ជា​ញឹកញាប់ ពេល​យើង​គិត​ដល់​ប្រធាន អូក ។ វា​គឺជា​បទគម្ពីរ​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា កាលដែល​ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​អំពី ហៃរុម ស្ម៊ីធ ។

ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « យើង … ស្រឡាញ់​គាត់ មក​ពី​សេចក្ដី​ស្មោះ​នៃ​ចិត្ត​របស់​គាត់ និង​មក​ពី​គាត់​បាន​ស្រឡាញ់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ចំពោះ​យើង » ។ ហើយ​អ្វី​ដែល​ខ្ញុំ​គិត​ថា​យើង​បាននិយាយ​ជា​ច្រើន​ដង​ក្នុង​ជីវិត​របស់​យើង គឺជា​បេះដូង​របស់​ប្រធាន ដាល្លិន អេក អូក ។

ខ្ញុំ​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​នៅក្នុង​ពាក្យពេចន៍​នៃ​តន្ត្រី​ដ៏​សែន​ពិរោះ​នេះ ដែល​យើង​បាន​ស្ដាប់​នៅ​យប់​នេះ​ពី​ក្រុម​ចម្រៀង​នេះ ៖ « ថ្វាយ​ពរ​ព្រះអម្ចាស់​ដ៏​អស្ចារ្យ ជា​ស្តេច​នៃ​ការបង្កើត » ។ ហើយ​បន្ទាប់​មក​ឃ្លា​មួយ​ទៀត​និយាយ​ថា ៖ « ថ្វាយ​ពរ​ដល់​ព្រះអម្ចាស់ ។ ឱ សូម​ឲ្យ​ខ្ញុំ​បាន​សព្វ​ព្រះ​ទ័យ » ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​សព្វ​ព្រះទ័យ​ទ្រង់​អស់​ពី​ដួងចិត្ត និង​អស់​ពី​ព្រលឹង​របស់​ខ្ញុំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អែលឌើរ នែល អិល អាន់ឌើរសិន ៖ បង​នឹង​ជូន​អូន​ទៅ​កន្លែង​អង្គុយ ។

បង​ស្រឡាញ់​អូន ។

យើង​អរ​សប្បាយ​នឹង​សេចក្ដី​ល្អ​របស់​បងប្អូន និង​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ យើង​ចូលចិត្ត​ជួប​ជាមួយ​ប្អូនៗ និង​ជាមួយ​មនុស្ស​គ្រប់​គ្នា​នៅ​ទូទាំង​ពិភពលោក—ទាំង​បុរស និង​ស្ត្រី បុត្រា និង​បុត្រី​របស់​ព្រះ បុត្រ​នៃ​សេចក្ដីសញ្ញា សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ស្ងប់ស្ងែង​ចំពោះ​ការលះបង់​របស់​បងប្អូន​ចំពោះ​ព្រះអង្គសង្គ្រោះ ហើយ​យើង​អរគុណ​ព្រះ​ដែល​បងប្អូន​ចូលរួម​ជាមួយ​យើង នៅពេល​យើង​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់—ជា​គ្រា​ដែល​ការល្បួង​មាន​ច្រើន ជា​ពេល​ដែល​បទដ្ឋាន​នៃ​ពិភពលោក​ខុស​គ្នា​ខ្លាំង​ពី​បទដ្ឋាន​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​រស់នៅ​ក្នុង​គ្រា​មួយ​ដែល​យើង​មិន​អាច​រស់នៅ​តាម​ធម្មតា​អំពី​ភាព​ជា​សិស្ស​របស់​យើង​ផ្ទាល់​បាន​ទេ ។ នៅពេល​ខ្ញុំ​នៅ​អាយុ​ស្របាល​បងប្អូន ព្យាការី​របស់​ព្រះ​បាន​មាន​ប្រសាសន៍​ថា « [ សមាជិក​ម្នាក់ៗ ] គឺជា​ជញ្ជាំង​បម្រុង​នៃ​សេចក្តីជំនឿ … ត្រូវតែ​ឈរ​ការពារ​សេចក្តីជំនឿ​របស់​គាត់ [ ឬ​នាង ] » ។ ខ្ញុំ​ដឹង​ថា នេះ​ជា​ការពិត ។

ព្យាការី​ម្នាក់​ទៀត​របស់​ព្រះ​បាន​មាន​ប្រសាសន៍​ថា « មនុស្ស​ម្នាក់​មិន​បាន​ប្រែចិត្ត​ជឿ​ពិតប្រាកដ​ឡើយ ទាល់តែ​គាត់​មើលឃើញ​ព្រះចេស្ដា​នៃ​ព្រះ​សណ្ឋិត​លើ​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នេះ ហើយ​រហូត​ទាល់តែ​វា​ជ្រាបចូល​ទៅ​ក្នុង​ដួងចិត្ត​គាត់ [ ឬ​នាង ] ដូចជា​ភ្លើង » ។ នេះ​ក៏​ជា​ការពិត​ដែរ ។

ព្យាការី និង​ព្រះវិហារ​បរិសុទ្ធ​តម្រង់​ទិស​យើង​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ។ ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ សូម​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​វិញ​របស់​ទ្រង់ យើង​រឹងមាំ​តាម​របៀប​ដែល​មិន​អាច​គណនា​បានតាមរយៈ​សាក្សី​របស់​យើង​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​ដំណាក់​នៃ​ព្រះអម្ចាស់ ។

ព្រម​ជាមួយនឹង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ ព្យាការី និង​ព្រះវិហារបរិសុទ្ធ គឺជា​ពរជ័យ​ដ៏​ជា​ជំនួយ​ដ៏​មាន​អានុភាព​ពីរ ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​យើង នៅក្នុង​ពិភពលោក​ដ៏​រញ៉េរញ៉ៃ​របស់​យើង ដើម្បី​ញែក​សេចក្តីល្អ​ចេញ​ពី​សេចក្តី​អាក្រក់ ដើម្បី​យល់​ពី​គោលបំណង​ពិត​របស់​យើង​នៅក្នុង​ជីវិត​រមែងស្លាប់​របស់​យើង និង​ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​យ៉ាង​ពិតប្រាកដ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ប្រធាន ដាល្លិន អេក អូក ។ លោក​ត្រូវ​បានរៀបចំ និង​ចម្រាញ់​នៅក្នុង​ភ្លើង​នៃ​សេចក្តី​លំបាក ដោយ​បានបន្ត​នៅក្នុង​រូបកាយ និង​ដួង​ចិត្ត​របស់​លោក ដើម្បី​ដឹកនាំ​យើង​នៅពេល​នេះ ដើម្បី​មាន​ប្រសាសន៍​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះវិហារបរិសុទ្ធ​ដែលនៅ​ចំពោះ​មុខ​យើង​នេះ ហើយ​នឹង​គ្រប់​ដំណាក់​ដ៏​ពិសិដ្ឋ​របស់​ព្រះអម្ចាស់ គឺ​ពោរពេញ​ដោយ​ព្រះចេស្តា សេចក្តីសុខសាន្ត ការលួងលោម និង​វិវរណៈ ដែល​បង្កប់​ដោយ​កូនសោ​នៃ​បព្វជិតភាព​ដែល​អនុញ្ញាត​ឲ្យ​កិច្ចការ​ទាំងនោះ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​នៅលើ​ផែនដី ត្រូវ​បាន​ផ្សារភ្ជាប់​នៅ​ស្ថានសួគ៌ ។ យើង​មាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ចំនួន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ដែល​កំពុង​សាងសង់​ពាសពេញ​ផែនដី ។

វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ដើម្បី​រស់នៅ ជា​ពេលវេលា​នៃ​ការរំពឹងទុក និង​ការរៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ទ្រង់​បាន​លើក​ទឹកចិត្ត​យើង​ថា ៖ « ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បានឈ្នះ​លោកីយ៍​ហើយ » ។

នៅក្នុង​សិទ្ធិអំណាច​នៃ​សាវក​របស់​ខ្ញុំ ខ្ញុំ​សូម​ផ្ដល់​ពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ព្យាយាម​រៀបចំ​ខ្លួន​របស់​បងប្អូន សម្រាប់​ការយាង​មកវិញ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង ថា​បងប្អូន​នឹង​ត្រូវ​បាន​ផ្តល់​ជា​សាក្សី​បញ្ជាក់​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ និង​អំពី​អំណាច​ដ៏​ពិសិដ្ឋ​នៃ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ទេវតា​នៃ​ស្ថានសួគ៌​នឹង​ប្រទានពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ខិតខំ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គសង្រ្គោះ និង​ជា​ព្រះប្រោសលោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ នេះ​គឺជា​ទីបន្ទាល់​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៤:១៥

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon Is the Word of God » Tambuliខែឧសភា ឆ្នាំ១៩៩៨ ទំព័រ ៦ Ensignខែឧសភា ឆ្នាំ១៩៧៥ ទំព័រ ៦៥ ។

  3. ហារ៉ូល ប៊ី លី « The Strength of the Priesthood » Ensign ខែកក្កដា ឆ្នាំ១៩៧២

  4. យ៉ូហាន ១៦:៣៣