ការ ផ្សាយ ប្រចាំ ឆ្នាំ
អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ


24:6

អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ​២០២៥

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

សេចក្តីផ្ដើម

ឱ នោះ​ជា​សារលិខិត​ដ៏​អស្ចារ្យ​ណាស់​ដែល​បងប្រុស វិប បានចែកចាយ ។ ហើយ​វា​ជា​ពេល​វេលា​មួយ​ដ៏​រំភើប​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ យើង​មាន​កម្មវិធីសិក្សា​ថ្មី​អំពី​ការរៀបចំ​ជីវិត ។ យើង​មាន​គំនិត​ផ្តួចផ្តើម​ថ្នាក់​វិទ្យាស្ថាន​ដ៏​មាន​នវានុវត្តន៍ ។ ការចុះឈ្មោះ​ចូលរៀន​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​កំពុង​តែ​មាន​ចំនួន​កើន​ឡើង ។ ហើយ​ខ្ញុំ​គិត​ថា​អ្វីៗ​ដែល​យើង​កំពុង​ធ្វើ​ទាំងអស់​នេះ​គឺ​ជួយ​ស្ថាបនា និង​ធ្វើ​ឲ្យ​ថ្នាក់រៀន​និង​សិស្ស​របស់​យើង​ទទួល​បាន​បទពិសោធន៍​ដ៏​អស្ចារ្យ ។ ប៉ុន្តែ​ខ្ញុំ​ពិតជា​យល់​ស្រប​ជាមួយ​បងប្រុស​វិប ថា​មាន​កម្លាំង​បន្ថែម​ទៀត​ដែល​បាន​មក​តាម​រយៈ​សេចក្ដី​សញ្ញា​ទាំងឡាយ ។ ហើយ​នៅពេល​ក្មួយៗ​វ័យក្មេង—យុវវ័យ និង​យុវមជ្ឈិមវ័យ—​ចូល ធ្វើ និង​រំឭក​សេចក្តីសញ្ញា​របស់​ពួកគេ​ឡើង​វិញ នោះ​មាន​កម្លាំង​ដល់​ការងារ​របស់​យើង ដែល​ពង្រឹង​នូវ​អ្វីៗ​ដែល​យើង​ធ្វើ ។

ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​បន្តិច​អំពី​ការពង្រឹង​ការរៀនសូត្រ​នៅ​ក្នុង​ថ្នាក់រៀន​របស់​យើង ។ ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ម្តងម្កាល​ខ្ញុំ​ធ្វើ​នូវ​អ្វី​មួយ​ដែល​ហៅ​ថា ការធ្វើ​ទស្សនកិច្ច​បេសកកម្ម ដែល​យើង​នឹង​ពិនិត្យ​មើល​អំពី​ការរីកចម្រើន​របស់​បេសកកម្ម​មួយ សង្កេត​មើល​ថ្នាក់​ដឹកនាំ​បេសកកម្ម និង​វាយតម្លៃ​អំពី​វប្បធម៌ និង​ស្មារតី​របស់​ពួកផ្សព្វផ្សាយសាសនា ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ ខ្ញុំ​មាន​ពេល​វេលា​ដ៏​រំជួលចិត្ត​មួយ​ក្នុង​ការសង្កេតមើល​ក្រុមប្រឹក្សា​ថ្នាក់ដឹកនាំ​បេសកកម្ម ដែល​រួមមាន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​មាន​ការចាត់តាំង​ជា​អ្នកដឹកនាំ​នៅ​ទូទាំង​បេសកកម្ម ។ ពួក​អ្នក​ដឹកនាំ​វ័យ​ក្មេង​ទាំង​នេះ​សុទ្ធ​តែ​ស្មោះត្រង់ ប៉ុន្តែ​ពួកគេ​កំពុងពុះពារ​ក្នុង​ការសម្រេចចិត្ត​មួយ​ទាក់ទងនឹង​ថា​តើ​ត្រូវ​ឲ្យ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ដែល​មិន​សូវ​មាន​បទពិសោធន៍​មួយ​ចំនួន​មាន​ការទទួល​ខុសត្រូវ​ដែល​ប្រធាន​បេសកកម្ម​បាន​ប្រគល់​ឲ្យ​បេសកកម្ម​ទាំងមូល​ដែរ​ឬ​ទេ ។ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​សម្តែង​ការព្រួយ​បារម្ភ​ជាក់លាក់​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​គឺ​មិន​អាច​ជឿ​ទុកចិត្ត​បាន​ជាមួយ​នឹង​ការរំពឹងទុក​ដ៏​ខ្ពស់​ទាំងនេះ​ទេ ។ គាត់​មិន​ប្រាកដ​ថា អ្នក​ផ្សេង​ទៀត​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំពេញ​កិច្ចការ​នោះ​ទេ ហើយ​ថា​ពួកគេ​ខ្វះ​ភាពចាស់ទុំ​ខាង​វិញ្ញាណ​ដើម្បី​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព ។ ចំពោះ​អ្នក​ផ្សេង​ទៀត ការចូលរួម​ពី​អ្នកផ្សព្វផ្សាយសាសនា​ដែល​មិនសូវ​មាន​បទពិសោធន៍ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ការងារ​ច្រើន ហើយ​ពួកគេ​អាច​គិត​ថា​ការឲ្យ​ក្រុម​អ្នកដឹកនាំ​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង វា​មាន​ប្រសិទ្ធភាព​ជាង ។

ខ្ញុំ​ត្រូវតែ​ញញឹម ពេល​ខ្ញុំ​មើល​ទៅ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ទាំងនេះ ដែល​តាម​ទស្សនវិស័យ​ដ៏​ទូលំទូលាយ​របស់​សាសនាចក្រ ពិត​ជា​មិន​មាន​បទពិសោធន៍​ច្រើន​ជាង​មិត្តភក្ដិ​របស់​ពួកគេ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការបារម្ភ​ច្រើន​នោះ​ទេ ។ បន្ទាប់​មក ខ្ញុំ​បាន​សុំ​ក្រុម​ថ្នាក់​ដឹកនាំ​ឲ្យ​នឹកគិត​អំពី​ឱកាស​ដែល​ព្រះវរបិតាសួគ៌​យើង​ប្រទាន​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ដើម្បី​ប្រព្រឹត្ត និង​រីកចម្រើន និង​ទទួលយក​ទំនួល​ខុសត្រូវ​នៅក្នុង​ដំណឹងល្អ ។ ខ្ញុំ​ទទួល​ស្គាល់​ថា ទស្សនវិស័យ​របស់​ពួកគេ ប្រហែល​ជា​មាន​ភាពខុសគ្នា​ខ្លាំង​រវាង​បទពិសោធន៍ និង​សមត្ថភាព​របស់​ពួកគេ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកដទៃ​ផ្សេង​ទៀត​ទាំងអស់​នៅ​ក្នុង​បេសកកម្ម ។ បន្ទាប់​មក ខ្ញុំ​បាន​សុំ​ពួកគេ​ឲ្យ​ពិចារណា​មើល​ថា នៅ​ក្នុង​ទស្សនវិស័យ​របស់​ព្រះ តើ​ទ្រង់​នឹង​ទត​មើល​មក​យើង​ទាំង​អស់​គ្នា​យ៉ាង​ដូច​ម្តេច ។

គម្លាត​រវាង​ថ្នាក់​ដឹកនាំ​បេសកកម្ម និង​អ្នក​ដទៃ​ទៀត​ទាំងអស់​នៅ​ក្នុង​បេសកកម្ម​អាច​ពិបាក​ក្នុងការ​បែងចែក​ បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថានភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ដែល​ទត​មើល​មក​យើង​ទាំង​អស់គ្នា ។ ផ្ទុយ​ទៅ​វិញ ទ្រង់​តែងតែ​ប្រទាន​នូវ​ការទទួលខុសត្រូវ​ដ៏​សំខាន់ ហើយ​ឲ្យ​យើង​ជាច្រើន​បាន​ចូល​រួម ក្នុង​នាម​ជា​ប៊ីស្សព ប្រធាន​សមាគម​សង្គ្រោះ ប្រធាន​កូរ៉ុម​អែលឌើរ និង​មែនហើយ អ្នកដឹកនាំ​ហ្សូន និង​អ្នកដឹកនាំ​ការបំពាក់បំប៉ន​ស៊ីស្ទើរ ។

នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា យើង​អាន​ថា « យើង​ប្រាប់​ជា​ប្រាកដ​ថា មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន ។ ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម្ល៉ោះ​ហើយ ពួកគេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​ល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ » ។

ថ្ងៃនេះ ខ្ញុំ​ចង់​និយាយ​អំពី​ទំនុកចិត្ត​ដែល​តម្រូវ​ឲ្យ​គ្រូបង្រៀន​មាន ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​របស់​ពួកគាត់​ប្រើ​សិទ្ធិជ្រើសរើស​ដើម្បី​ពង្រឹង​ការរៀនសូត្រ និង​ការប្រែចិត្តជឿ ។ ខ្ញុំ​នឹង​ដកស្រង់​ឲ្យ​បាន​ច្រើន​ពី​ផ្នែក​នៃ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ចំណងជើង​ថា « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម » ។

នៅក្នុង អេធើរ ជំពូកទី​៣ បងប្រុស​របស់​យ៉ារេឌ​បាន​អង្វរ​ព្រះអម្ចាស់​ថា « ឱ​ព្រះ​អម្ចាស់​អើយ ដោយ​ព្រះអង្គុលី​របស់​ទ្រង់ ហើយ​រៀបចំ​ឲ្យ​វា​អាច​បាន​ភ្លឺ​ចែងចាំង​ក្នុង​ទី​ងងឹត … ដើម្បី​ឲ្យ​យើង​ខ្ញុំ​អាច​មាន​ពន្លឺ នៅ​ពេល​យើង​ខ្ញុំ​ឆ្លងកាត់​សមុទ្រ » ។ មែនហើយ ខ្ញុំ​បាន​អាន​រឿងនេះ​ជា​យូរ​មក​ហើយ ហើយ​ការ​ផ្លាស់ប្តូរ​ផ្ទាល់ខ្លួន​នេះ​ជា​ទង្វើ​នៃ​គំនិត​ផ្តួចផ្តើម និង​សិទ្ធិជ្រើសរើស​របស់​បងប្រុស​របស់​យ៉ារេឌ ។ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​មិន​បាន​ដឹង​អំពី​តួនាទី​ដែល​ព្រះអម្ចាស់​បាន​មាន​ក្នុង​ការអញ្ជើញ​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​មាន​ការទទួលខុសត្រូវ​ជា​មុន​ឡើយ ។ មុនពេល​ដែល​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន​រូប​នេះ​រកឃើញ​ថ្ម​ដែល​អាច​បំភ្លឺ​បាន នោះ​គឺ​ព្រះអម្ចាស់​ដែល​បាន​អញ្ជើញ​លោក​ឲ្យ​ទទួល​យក​ទំនួល​ខុសត្រូវ មិន​ត្រឹមតែ​ចំពោះ​ការសង់​ភេត្រា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​ដំណោះស្រាយ​ដ៏​មាន​សក្តានុពល និង​ការរកឃើញ​ដំណោះស្រាយ​ដើម្បី​ឲ្យ​ភេត្រា​មាន​ពន្លឺ​ថែម​ទៀត​ផង ។

មុនពេល​ដែល​បងប្រុស​របស់​យ៉ារេឌ បាន​ផ្ដល់​យោបល់​ពី​ដំណោះស្រាយ គឺ​ព្រះអម្ចាស់​នោះហើយ​ដែល​បាន​បង្គាប់​លោក​ឲ្យ​ធ្វើតាម​ថា ៖« តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​រៀបចំ​អ្វី​ឲ្យ​អ្នក​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពន្លឺ កាលណា​អ្នក​រាល់​គ្នា​ត្រូវ​លេប​ទៅ​ក្នុង​ទី​ជម្រៅ​នៃ​សមុទ្រ » ? ការណ៍​នេះ​វា​នៅ​នឹង​មុខ​ខ្ញុំ ។ ពីមុន​ខ្ញុំ​មិន​ដែល​យល់​ពី​វា​នោះ​ទេ ។ ប៉ុន្តែ​ពីមុន​បងប្រុស​របស់​យ៉ារេឌ​បាន​ធ្វើ​សកម្មភាព​ដែល​យើង​ស្ងើចសរសើរ​នោះ លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព ដើម្បី​ទទួល​យក​ទំនួល​ខុសត្រូវ​សម្រាប់​ដំណោះស្រាយ​នោះ ។ មែនហើយ បងប្រុស​របស់​យ៉ារេឌ​ពិតជា​បាន​ផ្តួចផ្តើម​គំនិត ប៉ុន្តែ លោកគ្រូ​ដ៏​ជា​ព្រះអម្ចាស់​បាន​បង្កើន​ឱកាស និង​លទ្ធភាព​ដើម្បី​ឲ្យ​រឿង​នេះ​កើត​ឡើង ដោយ​អញ្ជើញ​លោក​ឲ្យ​គិត ធ្វើ​សកម្មភាព និង​ស្វែងរក​ដំណោះស្រាយ ។

នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាន​ថា « វា​ជា​រឿង​មួយ​ដែល​បំផុស​ឲ្យ​ស្ងើច​អស្ចារ្យ ដើម្បី​មើល​ព្រះអង្គសង្គ្រោះ​យាង​នៅលើ​ទឹក ។ ប៉ុន្តែរឿងនោះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ពេត្រុស​ទេ ។ លោក​ចង់​ធ្វើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ទៅកន្លែង​ណា​ដែល​ទ្រង់​បាន​យាង​ទៅ និង​មាន​បទពិសោធន៍​ដូចគ្នា​ផ្ទាល់​ខ្លួន​លោក​តែ​ម្តង » ។ ម្យ៉ាង​វិញ​ទៀត ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​សិស្ស​របស់​ទ្រង់​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ ដូច​ទ្រង់​ធ្វើ​សម្រាប់​យើង​ទាំងអស់​គ្នា​ដែរ ។

ថ្ងៃ​នេះ​ខ្ញុំ​នឹង​ផ្អែកលើ​របៀប​បី​យ៉ាង​ដែល​យើង​អាច​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម​ដូច​មាន​នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ទីមួយ « អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន » ។ ទីពីរ « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » ។ ទីបី « អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន » ។

ពេល​ខ្ញុំ​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​នីមួយៗ​ទាំងនេះ​ដើម្បី​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ធ្វើ​រឿង​ពីរ​យ៉ាង ៖ ទីមួយ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​គិត​ពី​សិស្ស​របស់​យើង​ដូច​ដែល​ព្រះ​ទត​ឃើញ​ពួកគេ​ដែរ ដោយ​ដឹង​ថា អំណាច​គឺ​មាន​នៅ​ក្នុង​ពួកគេ ហើយ​ចេញ​ពី​ទស្សនវិស័យ​របស់​ព្រះ យើង​ទាំងអស់​គ្នា​មាន​សមត្ថភាព​ក្នុង​ការរៀនសូត្រ នៅពេល​ដែល​បាន​ផ្តល់​ឲ្យ​ឱកាស​ស្មើគ្នា ដើម្បី​ធ្វើ​សកម្មភាព​និង​ប្រើប្រាស់​សិទ្ធិជ្រើរើស​របស់​យើង ។ ទីពីរ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​គិតពិចារណា​ពី​វិធី​ដែល​អ្នក​អាច​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ប្រសិន​បើ​មាន​ចំណុច​ដែល​អ្នក​អាច​កែលម្អ ។ ហើយ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​នឹង​ជួយ​បំភ្លឺ​ឱកាស​ទាំងនោះ​នៅក្នុង​ការបង្រៀន​របស់​បងប្អូន​ផ្ទាល់ ។

នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង យើង​អាន​ថា « ការរៀន​មកពី​គ្រូបង្រៀន​ល្អ​គឺ​មាន​សារៈសំខាន់ ប៉ុន្តែ​វា​ក៏​សំខាន់​ផងដែរ​សម្រាប់​អ្នក ក្នុងការ​មាន​បទពិសោធន៍​សិក្សា​ដ៏​មាន​អត្ថន័យ​ចេញ​មកពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក » ។ របៀប​មួយ​ដែល​យើង​អញ្ជើញ​សិស្ស​របស់​យើង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន គឺ​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ ។ យើង​គួរ​តែ​ជួយ​សិស្ស​របស់​យើង​​ឲ្យ​បន្ថយ​ការពឹងផ្អែក​លើ​ថ្នាក់រៀន​សម្រាប់​ការលូតលាស់​ផ្ទាល់ខ្លួន នៅពេល​ពួកគេ​រៀន​ដើម្បី​បង្កើត​ទំនាក់ទំនង​ផ្ទាល់ និង​ផ្ទាល់ខ្លួន​ជាមួយ​ព្រះអម្ចាស់​តាមរយៈ​ព្រះ​គម្ពីរ​ទាំងឡាយ ។ លើស​ពី​ការអញ្ជើញ​ទូទៅ​របស់​យើង​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​វិទ្យាស្ថាន យើង​អញ្ជើញ​សិស្ស​យើង​ម្នាក់ៗ​ឲ្យ​អាន​ព្រះគម្ពីរ និង​សារលិខិត​ដ៏​ព្យាករ​ផ្សេង​ទៀត ។ ការណ៍​នេះ​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​ដែល​វា​កើត​ឡើង​មុន​ពេល​ការពិភាក្សា​ក្នុង​ថ្នាក់រៀន ពីព្រោះ​ការរៀបចំ​នេះ​ធ្វើ​ឲ្យ​ការរៀនសូត្រ​កាន់​តែ​ស៊ីជម្រៅ និង​បង្កើន​ការពិភាក្សា​ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ ។

មាន​របៀប​ជា​ច្រើន​ដើម្បី​ជួយ​សិស្ស​រៀបចំ​ខ្លួន​ដើម្បី​រៀន ។ របៀប​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​ការណ៍​នេះ​បាន​គឺ​ដោយ​ការបញ្ចប់​មេរៀន​នីមួយៗ​ជាមួយនឹង​ការរំឭក​ឲ្យ​អាន​សម្រាប់​ថ្នាក់​លើកក្រោយ ។ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ថ្នាក់រៀន ជាញឹកញាប់ ខ្ញុំ​នឹង​ធ្វើ​វា​ដោយ​សរសេរ​កិច្ចការ​អំណាន​នៅ​ជ្រុង​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​នៃ​ក្ដារខៀន ហើយ​និយាយ​ពីវា​នៅ​ចុង​បញ្ចប់​នៃ​មេរៀន ។ ជា​ការពិត​ណាស់ នៅក្នុង​ការកំណត់​នៅលើ​អនឡាញ ការណ៍​នេះ​អាច​ធ្វើ​បាន​ដោយ​ឯកឯង​ព្រោះ​វា​ត្រូវបាន​កំណត់​នៅក្នុង​ការរៀបចំ​កម្មវិធី​វគ្គសិក្សា​នេះ​រួចហើយ ។ របៀប​ផ្សេង​ទៀត​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការសិក្សា​ព្រះគម្ពីរ​មុន​មក​រៀន អាច​រួមមាន​ការផ្ញើ​អ៊ីមែល ឬ​សារ​ជា​អក្សរ​ដើម្បី​រំឭក​សិស្ស​ពីមុន​ការពិភាក្សា​ជា​ថ្នាក់រៀន ។ អ្នក​ក៏​អាច​ពង្រឹង​ការសិក្សា​ព្រះគម្ពីរ​នា​ពេល​អនាគត ដោយ​ទទួល​ស្គាល់​ការរៀបចំ​ដែល​សិស្ស​របស់​អ្នក​បាន​ធ្វើ ដោយ​ឲ្យ​នរណា​ម្នាក់​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បានរៀន​ពី​ការអាន​ព្រះគម្ពីរ​របស់​ពួកគេ ឬ​សំណួរ​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ចម្លើយ នៅពេល​ពួកគេ​មក​រៀន​នៅ​ល្ងាច​នោះ ។

ក្រៅ​ពី​ការសិក្សា​ព្រះគម្ពីរ មាន​របៀប​ផ្សេង​ទៀត​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន ។ ខ្ញុំ​បាន​ឃើញ​គ្រូបង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ផ្ញើ​សំណួរ​ត្រិះរិះ​ឲ្យ​សិស្ស​របស់​ពួកគាត់​មុន​ការពិភាក្សា​ក្នុង​ថ្នាក់ ។ ធនធាន​រៀបចំ​ដ៏​មានប្រសិទ្ធភាព​ផ្សេង​ទៀត គឺ​ជ្រើសរើស​សិស្ស​ឲ្យ​រៀបចំ​មុន​ថ្នាក់​រៀន ដើម្បី​បង្រៀន​គោលគំនិត​មួយ​ក្នុង​មេរៀន​នោះ ឬ​ចែកចាយ​បទពិសោធន៍​ដែល​អាច​ធ្វើ​ឲ្យ​ការរៀនសូត្រ​កាន់តែ​ស៊ីជម្រៅ​សម្រាប់​អ្នក​ដទៃ ។ ​គ្រូបង្រៀន​ធ្វើការ​វិនិយោគ​ច្រើន​ទៅលើ​កិច្ចខិតខំ​ទាំងនេះ ហើយ​ជារឿយៗ​វា​តម្រូវ​ឲ្យ​បងប្អូន​ដឹង​ច្រើន​អំពី​តម្រូវការ និង​បទពិសោធន៍​របស់​សិស្ស ប៉ុន្តែ​កិច្ចខិតខំ​ទាំងនេះ​មាន​ឥទ្ធិពល​ដ៏​មហិមាលើ​ការធ្វើ​ឲ្យ​បទពិសោធន៍​រៀនសូត្រ​កាន់​តែ​ស៊ី​ជម្រៅ​ដល់​សិស្យ​ក្នុង​ថ្នាក់​ទាំងមូល ។

ខ្ញុំ​តែងតែ​យល់​បាន​ថា នៅពេល​ណា​ដែល​គ្រូបង្រៀន​បាន​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ទុក​ជាមុន ពីព្រោះ​ការអញ្ជើញ​ទាំងនោះ​ត្រូវ​បាន​ទទួល​ដោយ​ការខិតខំ​ប្រឹងប្រែង​របស់​សិស្ស នោះ​ការពិភាក្សា​គឺ​កាន់តែ​ស៊ីជម្រៅ កាន់តែ​មាន​អត្ថន័យ និង​មាន​ព្រះវិញ្ញាណ​គង់នៅ​ពេញលេញ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​រៀបចំ​ដើម្បី​រៀន​ជា​មុន​អំពី​ការពិភាក្សា ឬ​សកម្មភាព​របស់​ថ្នាក់​រៀន ។

ឥឡូវ​នេះ ការរៀនសូត្រ​ដែល​ស៊ីជម្រៅ​តម្រូវ​ឲ្យ​មាន​ច្រើន​ជាង​ការគ្រាន់​តែ​ស្តាប់​ដោយ​គ្មាន​សកម្មភាព​ឡើយ ។ យើង​ត្រូវការ​ឲ្យ​សិស្ស​របស់​យើង​ឱន​ទៅមុខ ហើយ​ចូលរួម​ក្នុង​ការសិក្សា ។ របៀប​មួយ​ដែល​ការណ៍​នេះ​កើត​ឡើង​គឺ​នៅពេល​ដែល​សិស្ស​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​ជាមួយ​អ្នកដទៃ ។ ប្រសិនបើ​បងប្អូន​ដឹង​ថា បងប្អូន​ត្រូវបាន​រំពឹង​ឲ្យ​ចែកចាយ​អ្វី​ដែល​បានបង្រៀន នោះ​បងប្អូន​រៀបចំ​ខុស​ពី​នេះ។ ការរំពឹងទុក​នេះ​ក៏​នឹង​ជួយ​បងប្អូន​ប្រុងស្តាប់​ខុស​ពី​នេះ ហើយ​កាន់តែ​សកម្ម​នៅក្នុង​ការស្ដាប់​របស់​បងប្អូន ។ ជាការពិតណាស់ សកម្មភាព​នៃ​ការបង្ហាញ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ធ្វើ​ឲ្យ​ការយល់ដឹង​ទាំងនោះ​កាន់តែ​ស៊ី​ជម្រៅ និង​បញ្ជាក់​ច្បាស់​ពី​អ្វី​ដែល​សិស្ស​កំពុង​រៀន និង​ទទួលយក​បទពិសោធន៍ ។

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​យើង​ត្រូវបាន​ដាស់តឿន​ថា « ចូរ​តាំង​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ចូរ​កុំ​ឲ្យ​ទាំងអស់​គ្នា​និយាយ​ព្រម​គ្នា​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​និយាយ​ម្នាក់​ម្ដង ហើយ​ចូរ​ឲ្យ​ទាំង​អស់​គ្នា​ស្ដាប់​ពាក្យ​សម្ដី​របស់​អ្នក​នោះ [ ហើយ ] ប្រយោជន៍​កាលណា​ទាំង​អស់​គ្នា​និយាយ នោះ​ទើប​ឲ្យ​ទាំង​អស់​បាន​ស្អាង​ឡើង​ទាំង​អស់​គ្នា ហើយ​ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​សិទ្ធិ​ស្មើ​គ្នា » ។

ជា​ការពិត​ណាស់ គ្រូបង្រៀន​ដែល​ត្រូវ​បាន​ចាត់តាំង ជា​ធម្មតា​មាន​បទពិសោធន៍​ច្រើន​ជាង ហើយ​សន្និដ្ឋាន​ថា​បាន​សិក្សា​សម្ភារ​ស៊ីជម្រៅ​ជាង​សិស្ស​ភាគច្រើន ។ ប៉ុន្តែ​សូម​ចាំ​ពី​បទពិសោធន៍​ដែល​ខ្ញុំ​បាន​ចែកចាយ​នៅ​ដើម​ដំបូង​នៃ​សារលិខិត​របស់​ខ្ញុំ អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​មិន​ទុកចិត្ត​អ្នក​ដទៃ​ឲ្យ​ទទួលយក​ទំនួលខុសត្រូវ​សម្រាប់​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​របស់​ពួកគេ ? នៅពេល​គ្រូបង្រៀន​គ្រប់គ្រង​បទពិសោធន៍​នៃ​ការរៀនសូត្រ​តែ​ឯង នោះ​គាត់​ប្រហែល​ជា​គិត​ថា គាត់​ជា​គ្រូបង្រៀន​ដ៏​មាន​ប្រសិទ្ធភាព​ម្នាក់ ពីព្រោះ​សារលិខិត​របស់​គាត់​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​បង្ហាញពី​អារម្មណ៍​របស់​គាត់​ផ្ទាល់ ។ ផ្ទុយទៅវិញ ដោយការមិន​ឲ្យ​សិស្ស​ចូលរួម នោះ​គាត់​ហាក់ដូចជា​មិន​ដឹង​ថា តើ​ការណែនាំ​នេះ​មាន​ឥទ្ធិពល​លើ​ការរៀនសូត្រ​របស់​ពួកគេ​យ៉ាង​ណា​នោះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រភព​នៃ​ការណែនាំ​តែ​មួយ ជាញឹកញាប់ ដកហូត​ឱកាស​ដ៏​ជ្រាលជ្រៅ​ដូចគ្នា​ពី​អ្នករៀន​ដទៃ​ទៀត​ក្នុង​ការចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

មាន​របៀប​ជា​ច្រើន​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ រឿង​ដ៏​សាមញ្ញ​បំផុត​មួយ​ក្នុងការ​ធ្វើ​ដូច្នេះ គឺ​ទុក​ពេល​ដើម្បី​គិតពិចារណា ។ ការណ៍​នេះ​អាច​មក​តាមរយៈ​កំណត់​ហេតុ​ការរៀនសូត្រ ឬ​សូម្បី​តែ​សកម្មភាព​គិតពិចារណា​ដែល​ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា ។ ការណ៍​នេះ​ក៏​អាច​ធ្វើ​បាន​តាមរយៈ​ការណែនាំ​ពី​រឿង​ប្រៀបប្រដូច ស្ថានភាព​ជីវិត ឬ​ការអនុវត្ត​ផ្ទាល់​ខ្លួន ហើយ​បន្ទាប់​មក​អនុញ្ញាត​ឲ្យ​សិស្ស​គិតពិចារណាតាមរយៈ​ការសង្កេត​ជា​សំណេរ​មុន​ពេល​ចែកចាយ​ជាមួយ​អ្នក​ដទៃ ។

របៀប​មួយ​ទៀត​ដើម្បី​ឲ្យ​សិស្ស​ទាំងអស់​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​បទពិសោធន៍​រៀនសូត្រ​គឺ​ការដឹកនាំ​ការពិភាក្សា​ជាមួយ​នឹង​សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​គិត និង​ចែកចាយ​ការយល់​ដឹង​របស់​ពួកគេ ។ ខ្ញុំ​ធ្លាប់​និយាយ​ថា បើ​ខ្ញុំ​មាន​សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​បី​ប៉ុណ្ណោះ ខ្ញុំ​អាច​បង្រៀន​ថ្នាក់​រៀន​បាន​មួយ​ម៉ោង ។ នៅ​ក្នុង​ការរៀបចំ​ការបង្រៀន​របស់​ខ្ញុំ ជា​ដំបូង​ខ្ញុំ​នឹង​បង្កើត​ជា​សំណួរ​ដោយ​ផ្តោត​ទៅ​លើ​ប្រធាន​បទ និង​គោលបំណង​នៃ​ការរៀន​មេរៀន​នោះ ។ ខ្ញុំ​សម្រេចចិត្ត​ថាតើ​វគ្គ​បទគម្ពីរ សេចក្តី​ថ្លែងការណ៍​ដ៏​ប្រកប​ដោយ​ការព្យាករណ៍ ឬ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ណា​ដែល​ត្រូវ​​នឹង​គោលបំណង​នៃ​ការរៀន​សូត្រ​នោះ​បំផុត បន្ទាប់មក​ខ្ញុំ​សរសេរ​ហើយ​សរសេរ​ទៀត​អំពី​សំណួរ​ផ្សេងៗ​ជា​ច្រើន​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​នឹង​ជួយ​សិស្ស​រក​ឃើញ​សេចក្តីពិត​អំពី​គោលបំណង​នៃ​ការរៀនសូត្រ​ទាំងនោះ ។ សំណួរ​មួយ​ចំនួន​ដែល​ខ្ញុំ​សរសេរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​សំណួរ​ផ្សេង​ទៀត ប៉ុន្តែ​សំណួរ​ផ្សេង​ទៀត​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ធ្វើ​ឲ្យ​សំណួរ​ទាំងឡាយ​ផ្តោត​លើ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​អំពី​ប្រធាន​បទ ឬ​គោលបំណង​ដ៏​សំខាន់​របស់​ខ្ញុំ ។

វា​ក៏​មាន​របៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​សំណួរ និង​បរិយាកាស​ពិភាក្សា​របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព​ផងដែរ ។ ការដែល​មាន​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​គ្រប់គ្រង់​លើ​ការពិភាក្សា​ក៏​មិន​ខុស​ពី​ការ​ឲ្យ​គ្រូបង្រៀន​គ្រប់គ្រង​ការបង្រៀន​នោះ​ដែរ ។ នៅ​ពេល​ខ្ញុំ​កំពុង​សួរ​សំណួរ​នៅ​ក្នុង​មជ្ឈដ្ឋាន​ជា​ក្រុម ខ្ញុំ​ច្រើន​តែ​ទុក​ពេល បន្ទាប់​ពី​ខ្ញុំ​សួរ​សំណួរ មុន​ពេល​ហៅ​សិស្ស​ឲ្យ​ឆ្លើយ ។ ការធ្វើ​បែប​នេះ​អាច​នឹង​មាន​អារម្មណ៍​តានតឹង​សម្រាប់​គ្រូបង្រៀន​ដែល​តែងតែ​ចង់​បាន​ការឆ្លើយតប​ភា្លមៗ ប៉ុន្តែ​ការទុក​ពេល​ផ្អាក​បន្តិច​វា​ផ្តល់​ឲ្យ​នូវ​កិច្ចការ​ពីរ​យ៉ាង ។ ទីមួយ វា​ទុក​ពេល​ឲ្យ​សិស្ស​នឹកគិត ។ ទីពីរ វា​ផ្តល់​ពេល​បន្ថែម​ឲ្យ​គ្រូបង្រៀន ដើម្បី​ពង្រីក​ក្រុម​ដល់​អ្នក​ដែល​ឆ្លើយតប​ទៅ​នឹង​ការពិភាក្សា​នេះ ។ សូម​ចាំ​ថា បងប្អូន​មិន​ចាំបាច់​ត្រូវតែ​ហៅ​អ្នក​លើក​ដៃ​មុន​គេ​នោះ​ទេ ។ ខ្ញុំ​ក៏​បាន​រកឃើញ​ផង​ដែរ​ថា ការសួរ​សិស្ស​ជាមុន​នូវ​អ្វី​ដែល​អ្នក​អាច​សួរ​ក្នុង​ថ្នាក់ ជួយ​ពួកគេ​ឲ្យ​រៀបចំ និង​អាច​មាន​ប្រសិទ្ធភាព​ដ៏​ពិសេស​សម្រាប់​សិស្ស​ដែល​ខ្មាស​អៀន ឬ​មាន​អារម្មណ៍​ថា មតិ​របស់​ពួកគេ​ប្រហែល​ជា​មិន​មាន​តម្លៃ ។ សូម​ចងចាំ​ផង​ដែរ​ថា ការអញ្ជើញ​ឲ្យ​ចូលរួម​ទាមទារ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា គំនិត​របស់​ពួកគេ​ត្រូវ​បាន​ទទួល​យក​ក្នុង​គ្រប់​វិធី​ទាំងអស់ ។ ការស្ថាបនា​លើ​មតិយោបល់​របស់​សិស្ស ឬ​សូម្បី​តែ​ការផ្ញើសារ​បន្ទាប់​ពី​នោះ គឺ​ជា​វិធី​ដើម្បី​ពង្រឹង​ការចូលរួម និង​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា ការចូលរួម​របស់​ពួក​គេ​មាន​តម្លៃ ។

ជា​ចុង​ក្រោយ សូម្បី​តែ​ការពិភាក្សា​ជា​ក្រុម​ដែល​ល្អ​បំផុត ប្រហែល​ជា​មិន​អាច​អនុញ្ញាត​ឲ្យ​សិស្ស​ទាំងអស់​ចូលរួម ឬ​ក៏​សិស្ស​ភាគ​ច្រើន​ចូលរួម​នៅ​ក្នុង​ពេល​វេលា​ដែល​បាន​កំណត់​នោះ​ទេ ។ ជា​ញឹកញាប់​ខ្ញុំ​តែង​យក​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​សំខាន់ៗ​ទាំងឡាយ​របស់​ខ្ញុំ ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ តាម​របៀប​មួយ​ដែល​ប្រាកដ​ថា សិស្ស​ក្នុង​ថ្នាក់​ទាំងអស់ មាន​ឱកាស​យ៉ាង​ហោច​ណាស់​មួយ​ដើម្បី​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន​ជាមួយ​អ្នក​ដទៃ ។ នៅ​ពេល​យើង​លើកទឹកចិត្ត​អ្នករៀន​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន នោះ​យើង​កំពុង​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ ។

នីហ្វៃ​បង្រៀន​ថា អំណាច​នៃ​ការជ្រើសរើស គឺ​ថា វា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង ហើយ​ពុំ​មែន​ទទួល​សកម្មភាព​នោះ​ទេ ។ តើ​មជ្ឈដ្ឋាន​នៅ​ក្នុង​ថ្នាក់​រៀន​របស់​យើង​ជា​ថ្នាក់​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ធ្វើ​សកម្មភាព និង​ទទួល​ខុសត្រូវ​សម្រាប់​ការរៀនសូត្រ​របស់​ពួកគេ ឬ​ជា​មជ្ឈដ្ឋាន​ដ៏​សកម្ម​ដែល​សិស្ស​អាច​ធ្វើ​សកម្មភាព​យ៉ាង​សាមញ្ញ​ពេល​ពួកគេ​ស្តាប់​ដោយ​ស្ងៀមស្ងាត់​ដែរ​ឬ​ទេ ? ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​មើល​ថ្នាក់​របស់​អ្នក តើ​ពួកគេ​នឹង​ឃើញ​ថា សិស្ស​ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​ចូលរួម​នៅ​ក្នុង​ដំណើរការ​រៀនសូត្រ​ដែរ​ឬ​ទេ ? វា​ជា​ការលំបាក​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដ៏​ឧស្សាហ៍ ប្រសិន​បើ​យើង​មិន​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ការយល់ដឹង ការបំផុសគំនិត​ផ្ទាល់​របស់​ពួកគេ និង​សង្កេត​មើល​សេចក្តីពិត​នោះ​ទេ ។ សូម​លើកទឹកចិត្ត​អ្នករៀន​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន និង​ធ្វើ​ឲ្យ​ការចែកចាយ​នោះ​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ក្នុង​ថ្នាក់​របស់​អ្នក ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព​គឺ​សំខាន់ ដោយសារ​សេចក្ដីជំនឿ​លើ​ព្រះអង្គសង្គ្រោះ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ក្នុងនាម​ជា​អ្នកបម្រើ​នៃ​ព្រះអម្ចាស់ តួនាទី​របស់​ខ្ញុំ​មិនមែន​គ្រាន់តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ ។ ប្រសិនបើ​មនុស្ស​ត្រូវ​បង្កើន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​ត្រូវ​ធ្វើ​សកម្មភាព​តាម​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ » ។

គោលបំណង​នៃ​ការអប់រំ​ខាង​សាសនា​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់​សាសនាចក្រ​គឺ​ដើម្បី « បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ … [ របៀប ]​ដែល​[ ជួយ ]​សិស្ស​ម្នាក់ៗ … ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ដែល​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា ស្រឡាញ់​ព្រះ និង​អ្នកដទៃ ហើយ​ជា​អ្នក​ដែល​មាន​សមត្ថភាព មានឆន្ទៈ ហើយ​តាំងចិត្ត​ដើម្បី​ប្រមូល​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន » ។ ភាពជាសិស្ស​បែប​នោះ​នឹង​មិន​កើត​ឡើង​ទេ លុះត្រាតែ​ការបង្រៀន​របស់​យើង​មាន​រួមបញ្ចូល​នូវ​ការអញ្ជើញ​ឲ្យ​ក្លាយ​ជា​អ្វី​មួយ​បន្ថែម​ទៀត ហើយ​រស់​នៅ​តាម​អ្វី​ដែល​យើង​កំពុង​រៀន ។

វគ្គ​បទគម្ពីរ​ខាង​ក្រោម​នេះ ដក​ស្រង់​ដោយ​ផ្ទាល់​ពី ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ៖ « ‹ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក › ។ ‹ ចូរ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក › ។ ‹ ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក › ។ ‹ ចូរ​ឲ្យ​ចូលតាម​ទ្វារ​ចង្អៀត › ។ [ ម៉ាថាយ ៥:១៦, ៤៤៧:៧, ១៣ ] ។ ការអញ្ជើញ​មួយ​ចំនួន​ដ៏​ច្បាស់លាស់ និង​គួរ​ឲ្យ​ចងចាំ​បំផុត​នៅក្នុង​ការងារ​បម្រើ​ទាំង​មូល​របស់​ព្រះអង្គសង្គ្រោះ​នៅលើ​ផែនដី ត្រូវ​បាន​ថ្លែង​នៅពេល​ទ្រង់​បាន​បង្រៀន​ពួកសិស្ស​របស់​ទ្រង់​នៅ​តាម​ជើង​ភ្នំ​ដែល​ស្ថិត​នៅ​សមុទ្រ​កាលីឡេ ។ គោលបំណង​របស់​ព្រះអង្គសង្គ្រោះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត​មនុស្ស ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ជាក់ច្បាស់​តាមរយៈ​ការអញ្ជើញ​ជា​រួម​របស់​ទ្រង់​ថា ៖ ‹ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម › [ ម៉ាថាយ ៧:២៤ការគូស​បញ្ជាក់​បាន​បន្ថែម ] » សូម​អញ្ជើញ​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​រស់​នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ក្នុង​ការរៀបចំ​សម្រាប់​សារលិខិត​របស់​ខ្ញុំ ខ្ញុំ​បាន​សុំ​ឲ្យ​បងប្អូន​រាល់គ្នា​រៀបចំ​ដោយ​សិក្សា​ផ្នែក « អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ព្យាយាម » នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។ ដោយសារ​យើង​មិន​នៅ​ជាមួយ​គ្នា​ផ្ទាល់ ហើយ​បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​កំពុង​ទស្សនា​រៀងៗ​ខ្លួន ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ចែកចាយ​ការយល់ដឹង​អំពី​សំណួរ​ខាងក្រោម​ជាមួយ​ក្រុម​ជួបជុំ​របស់​បងប្អូន​ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ ដែល​យើង​នឹង​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​​របស់​បងប្អូន​ជួយ​ធ្វើការ​សម្របសម្រួល ។ សំណួរ​ទាំង​នេះ​រួម​មាន ៖

  • ហេតុអ្វី​បាន​ជា​ការរៀនសូត្រ​ដំណឹងល្អ​មាន​ប្រសិទ្ធភាព​ជាង នៅ​ពេល​ការសិក្សា​នេះ​រួម​បញ្ចូល​ទាំង​សកម្មភាព​ផ្ទាល់​ខ្លួន ការរៀបចំ ការចែកចាយ និង​ការឆ្លើយតប​ចំពោះ​ការអញ្ជើញ​ផ្ទាល់​ខ្លួន ?

  • តើ​សេចក្ដី​ថ្លែងការណ៍​ពី​បទគម្ពីរ និង​ដ៏​ព្យាករ​ណា​ខ្លះ​ដែល​បញ្ជាក់​ពី​ការសង្កេត​របស់​បងប្អូន​ចំពោះ​សំណួរ​មុន ?

  • ហើយ​ចុះ​ចំណែក​សេចក្តីថ្លែងការណ៍​ទាំងនេះ មាន​ឥទ្ធិពល​លើ​បងប្អូន​ផ្ទាល់​យ៉ាង​ណា​ដែរ ?

ជាចុងក្រោយ សូម​ពិចារណា​គោលការណ៍​នីមួយៗ​ខាងក្រោម ដែល​យើង​បាន​ពិនិត្យមើល និង​របៀប​ដែល​គោលការណ៍​នេះ​អាច​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍ព្យាយាម ដល់​សិស្ស​របស់​បងប្អូន ៖ ទីមួយ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន​សូត្រ ។ ទីពីរ លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន និង ទីបី អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ការអញ្ជើញ​ជា​ចុងក្រោយ​របស់​ខ្ញុំ​គឺ​ដើម្បី​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ពង្រឹង​ការបង្រៀន​របស់​បងប្អូន​នៅ​ក្នុង​ផ្នែក​នីមួយៗ​នៃ​ផ្នែក​ទាំងបី​នេះ ៖

  • តើ​ខ្ញុំ​អាច​អញ្ជើញ​សិស្ស​របស់​ខ្ញុំ​ឲ្យ​រៀបចំខ្លួន មុន​បទពិសោធន៍​រៀនសូត្រ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ​ដោយ​របៀបណា ?

  • តើ​របៀប​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​លើកទឹកចិត្ត​សិស្ស​របស់ខ្ញុំ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន និង​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ថ្នាក់​របស់ខ្ញុំ ?

  • ជាចុងក្រោយ តើ​ការអញ្ជើញ​អ្វី​ខ្លះ​ដែល​នឹង​ពង្រឹង​សិស្ស​របស់​ខ្ញុំ និង​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ?

បងប្អូនប្រុសស្រី យើង​ស្រឡាញ់​បងប្អូន​ខ្លាំង​ណាស់ ហើយ​យើង​មាន​ឱកាស​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ដើម្បី​អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ព្យាយាម ។ សូម​ទុក​ចិត្ត​សិស្ស​របស់​បងប្អូន ។ នេះ​គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​ពួកគេ​នឹង​ក្លាយ​ជា​នរណា​ម្នាក់​ដែល​ព្រះសព្វព្រះទ័យ​ឲ្យ​ពួកគេ​ប្រែក្លាយ ។ យើង​មិនមែន​ផ្សព្វផ្សាយ​ព័ត៌មាន​ទេ ហើយក៏​មិន​គ្រាន់តែ​បំផុស​គំនិត​ដោយ​សាមញ្ញ​ដល់​សិស្ស​របស់​យើង​ជាមួយនឹង​បុគ្គលិកលក្ខណៈ​ប្រកបដោយ​ភាពស្វាហាប់ និង​មេរៀន​ដែល​មាន​ការចូលរួម​នោះ​ទេ ។ យើង​កំពុង​រៀបចំ​សិស្ស​ឲ្យ​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ​ក្នុង​រដូវកាល​ដ៏​លំបាក​មួយ ។ ការរស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ​នឹង​អាស្រ័យ​លើ​សមត្ថភាព​ក្នុង​ការទទួលស្គាល់​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ។

នៅពេល​យើង​បង្រៀន​សិស្ស​របស់​យើង​ឲ្យ​រៀន​ដោយ​ឧស្សាហ៍ព្យាយាម ដោយ​ក្លាយ​ជា​អ្នក​ចូលរួម​ដ៏​សកម្ម យើង​ក៏​កំពុង​បង្រៀន​ពួកគេ​ពី​របៀប​ស្វែងរក និង​ទទួល​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ។ គឺ​សំណុំ​ជំនាញ​នេះ​ហើយ​ដែល​នឹង​ផ្តល់​ពរ​ដល់​ពួកគេ​ដ៏​យូរ​អង្វែង បន្ទាប់​ពី​ពួកគេ​បាន​ចាកចេញ​ពី​ថ្នាក់​រៀន​របស់​យើង​ទៅ ។ នៅពេល​បងប្អូន​ព្យាយាម​អញ្ជើញ​ឲ្យ​មាន​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាមនេះ ខ្ញុំ​សន្យា​ថា បងប្អូននឹង​មើលឃើញ​អព្ភូតហេតុ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​សិស្ស​បងប្អូន ។ អំណាច​គឺ​មាន​នៅ​ក្នុង​ពួកគេ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕