ការ ផ្សាយ ប្រចាំ ឆ្នាំ
មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ


14:57

មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ​២០២៥

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

បងប្រុស ឆាដ អេច វិប ៖ ខ្ញុំ​មាន​អំណរ​ណាស់​សម្រាប់​ការបំពាក់​បំប៉ន​មេរៀន​នៃ​ការរៀបចំ​ជីវិត​នេះ ។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​អាច​មាន​អំណរគុណ ចំពោះ​របៀប​ដែល​មេរៀន​ទាំង​នេះ​ទាក់ទង​នឹង​យុវវ័យ​របស់​យើង ។ ហើយ​ពេល​ខ្ញុំ​បាន​មើល​វីដេអូ​នេះ វា​បាន​រំឭក​ខ្ញុំ​ពី​របៀប​ដែល​មេរៀន​ទាំងនេះ​អាច​ផ្តោតទៅ​លើ​ព្រះគ្រីស្ទ​កម្រិត​ណា ។ ការប្រើប្រាស់​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ព្រះអង្គសង្រ្គោះ​ដែល​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​ទាំងនេះ និង​ការពិភាក្សា​ពី​របៀប​ដែល​ទ្រង់​អាច​ជួយ​សិស្ស​របស់​យើង​នៅ​ក្នុង​កាលៈទេសៈ​របស់​ពួកគេ ពិតជា​មាន​អានុភាព​ខ្លាំង​ណាស់ ។

ខ្ញុំ​ក៏​ចូលចិត្ត​ដែរ​ថា មេរៀន​ទាំងនេះ​ត្រូវ​បាន​ផ្តោតទៅ​លើ​ព្រះបន្ទូល​នៃ​ព្រះ ទាំង​ការប្រើ​ឧទាហរណ៍​ពី​ព្រះគម្ពីរ និង​ពី​ការបង្រៀន​របស់​ពួកព្យាការី​នៅ​សម័យ​ទំនើប ។ ខ្ញុំ​ជឿ​លើ​វិធីសាស្ត្រ​ដូចគ្នា​ដែល​ជួយ​យើង​បង្រៀន​បទគម្ពីរ​ទាំងឡាយ​ប្រកបដោយ​ប្រសិទ្ធភាព អាច​បត់បែន​ដើម្បី​បង្រៀន​សារលិខិត​ដែល​បំផុស​គំនិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ប្រកបដោយ​ប្រសិទ្ធភាព ។ សូម​អរគុណ​ចំពោះ​គំរូ​ដ៏​អស្ចារ្យ និង​ការបំពាក់បំប៉ន់​ដ៏​ល្អ​នេះ ។

ឥឡូវនេះ ខ្ញុំ​ចង់​ផ្លាស់ប្តូរ​ការផ្ដោត​យកចិត្ត​ទុកដាក់ ហើយ​បន្ត​ទៅ​ប្រធានបទ​មួយ​ទៀត ដែល​មាន​នៅ​ក្នុង​គំនិត និង​ចិត្ត​របស់​ខ្ញុំ ។ យើង​ទាំងអស់​គ្នា​មាន​ពរជ័យ​តាមរយៈ​ការបង្រៀន និង​ការងារបម្រើ​របស់​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ចំពោះ​លោក និង​ថ្លែង​ទីបន្ទាល់​ថា លោក​គឺជា​ព្យាការី​ដែល​បាន​ជ្រើសរើស​របស់​ព្រះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអម្ចាស់​ក្នុង​ការថែរក្សា​លោក និង​សម្រាប់​ចំណេះ​ដឹង ការដឹកនាំ និង​កម្លាំង​ដែល​ខ្ញុំ​ផ្ទាល់​ទទួល​បាន​តាមរយៈ​ការបំផុស​គំនិត​ដែល​មកពី​ព្រះអម្ចាស់​ចំពោះ​ប្រធាន​ណិលសុន ។

ការអញ្ជើញ​មួយ​ដែល​ប្រធាន​ណិលសុន​បាន​អញ្ជើញ​ជា​ញឹកញាប់​ដល់​ពួក​យើង គឺ​ត្រូវ​រៀន​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្តីសញ្ញា និង​ព្រះវិហារ​បរិសុទ្ធ ។ ដូច្នេះ នៅ​ក្នុង​ការប្រជុំ​នាយក​ប្រចាំ​តំបន់​នា​ពេល​ថ្មីៗ​បំផុត​របស់​យើង យើង​បាន​សម្រេចចិត្ត​ចាប់ផ្តើម​សិក្សា​រាល់​ព្រឹក​នូវ​អ្វី​ដែល​ប្រធាន ណិលសុន និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​បង្រៀន​អំពី​សេចក្តីសញ្ញា និង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​ពិត​ជា​រំជួល​ចិត្ត​ដោយសារ​បទពិសោធន៍​នោះ​ណាស់ ជា​ពេល​ដែល​ខ្ញុំ​បាន​សុំ​ឲ្យ​អ្នកចូលរួម​មួយចំនួន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

បងប្រុស ៖ នៅពេល​ដែល​ប្រធាន ណិលសុន បានបង្រៀន​ពី​អត្ថន័យ​នៃ​ការធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ខ្ញុំ​បានរៀន​ថា ខ្ញុំ​មិន​គួរ​ចាត់ទុក​ទ្រង់​ជា CEOឬ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នៅ​ស្ថានសួគ៌​ដែល​កំពុង​រង់ចាំ​ខ្ញុំ​ឲ្យ​បំពាន​កិច្ចសន្យា​នោះ​ទេ ។ ប៉ុន្តែ​ផ្ទុយទៅវិញ វា​គឺ​ជា​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ព្រះវរបិតា​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់ ហើយ​ដោយ​សារតែ​ហេតុនោះ​ហើយ ទ្រង់​នឹង​មិន​ដែល​នឿយហត់​ក្នុងការ​គាំទ្រ​ដល់​ខ្ញុំ​នោះទេ ហើយ​ខ្ញុំ​នឹង​មិន​ដែល​បង្អស់​ការអត់ធ្មត់​ដ៏​មេត្តាករុណា​របស់​ទ្រង់​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ថា តាមរយៈ​សេចក្តីសញ្ញា​នេះ ខ្ញុំ​មាន​កន្លែង​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ព្រះទ័យ​របស់​ព្រះ ។ វា​បានផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ខ្ញុំ​នូវ​រឿង​មួយ​ចំនួន​ដូច​ជា​ការអធិស្ឋាន​របស់​ខ្ញុំ ជាជាង​ការមាន​អារម្មណ៍​ថា​ខ្ញុំ​នឹង​លុតជង្គង់​ចុះ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​មួយ ហើយ​ប្រែចិត្ត ហើយ​វា​នឹង​ក្លាយ​ជា​បន្ទុក​ចំពោះ​ទ្រង់ នោះ​ខ្ញុំ​ខិតចូលទៅជិត​ទ្រង់ ហើយ​ខ្ញុំ​ចង់​ទូល​ទៅ​កាន់​ទ្រង់ ហើយ​ខ្ញុំ​ដឹង​ថា​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ តបស្នង​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ ។

បងស្រី ៖នៅពេល​ខ្ញុំ​គិត​អំពី​សេចក្តីសញ្ញា ខ្ញុំ​គិត​អំពី​អ្វី​ដែល​ប្រធាន ណិលសុន បាន​បង្រៀន​យើង ថា​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ជឿ និង​រាល់​ការសន្យា​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​គឺ​មក​ជា​មួយគ្នា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មិន​អាច​បំបែក​ព្រះវិហារ​បរិសុទ្ធ​ចេញ​ពី​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​បាន​ទេ ព្រោះ​នៅ​ទីនោះ​ហើយ​ដែល​ខ្ញុំ​រៀន​ពី​អត្ថន័យ​នៃ​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការសន្យា​នៃ​សេចក្តីសញ្ញា​ទាំងនោះ​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ពរជ័យ​ទាំងអស់​នៃ​ស្ថានសួគ៌​នឹង​ត្រូវបាន​ផ្ដល់​ដល់​ខ្ញុំ​ក្នុង​នាម​ជា​បុត្រី​នៃ​ព្រះ ។ ហើយ​វា​បាន​កើន​ឡើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នៅពេល​ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​អំពី​អំណោយទានពិសិដ្ឋ និង​អំណោយ​ដ៏​ពិសេស​នោះ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង ។

បងប្រុស ៖ ដូច្នេះ ខ្ញុំ​បាន​រៀន​ពី​ប្រធាន ណិលសុន ថា នៅពេល​យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​នឹង​ផ្លាស់ប្តូរ​ជា​រៀងរហូត ។ ហើយ​នោះ​វា​ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ ដោយសារ​ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ហើយ​កត្តា​ដែល​ថា ទ្រង់​បានបង្កើត​ផ្លូវ​មួយ​ដែល​ខ្ញុំ​នឹង​អាច​ខិត​ទៅ​ជិត​ទ្រង់ ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ ហើយ​នៅ​ទីបំផុត​មាន​សក្តានុពល​ដើម្បី​ប្រែក្លាយដូច​ជា​ទ្រង់ ។ រឿង​អំពី​សេចក្ដីសញ្ញា​គឺ​ថា មិន​ថា​យើង​នឹង​ឆ្លងកាត់​អ្វី​ក្នុង​ជីវិត​ទេ ព្រះវរបិតាសួគ៌​គង់​នៅ​ជាមួយ​យើង ទ្រង់​ដើរ​ក្បែរ​យើង ទ្រង់​កាន់​ដៃ​យើង ទ្រង់​កំពុង​ដឹកនាំ​យើង ។ ហើយ​នោះ​គឺ​ដោយ​សារ​តែ​សេចក្ដី​សញ្ញា ។

បងប្រុស ៖ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ពរជ័យ​នៃ​ការមាន​ព្យការី ។ តាមរយៈ​ការបង្រៀន​របស់​លោក ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​អំពី​សេចក្តីស្រឡាញ់​ដ៏​ពិសេស​ដែល​ព្រះ​មាន​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចូល​ទៅ​ក្នុង​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ។ ហើយ​ការពិត​នោះ​គឺថា ទ្រង់​នឹង​មិន​ដែល​បោះបង់​ចោល​នូវ​ទំនាក់ទំនង​នោះ​ទេ លើស​ពី​នេះ ទ្រង់​នឹង​មិន​ដែល​ឈប់​ប្រទាន​ឱកាស​ឲ្យ​យើង​ប្រែចិត្ត និង​ផ្លាស់ប្តូរ​ឡើយ ។ ការស្គាល់​និស្ស័យ​នៃ​ព្រះ​បាន​ក្លាយ​ជា​ចំណង​នៃ​ក្តី​សង្ឃឹម និង​ការព្យាបាល​ដល់​ដួងចិត្ត​របស់​ខ្ញុំ ។

បងប្រុស ៖ នៅពេល​យើង​ត្រូវ​បាន​ចងភ្ជាប់​ទៅ​នឹង​ព្រះគ្រីស្ទ ប្រធាន ណិលសុន​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា យើង​ទៅ​កន្លែង​ណា​ដែល​ទ្រង់​ទៅ យើង​ធ្វើ​អ្វី​ដែល​ទ្រង់​ធ្វើ ។ ឧទាហរណ៍ បើ​សិន​ខ្ញុំ​នឹម​នឹង​ទ្រង់ ហើយ​ទ្រង់​គឺ​ជា​គោ​ដំបូង នោះ​ខ្ញុំ​នឹង​ទៅ​ទី​ណា​ដែល​ទ្រង់​នឹង​ទៅ ខ្ញុំ​នឹង​និយាយ​នូវ​អ្វី​ដែល​ទ្រង់​មាន​បន្ទូល ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ទ្រង់​ធ្វើ—នៅទៅ​បំផុត ។ ហើយ​សង្ឃឹម​ថា ទំនាក់ទំនង​នោះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ដូច​ទ្រង់ ។ លើស​ពី​អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ចង់​ផ្គាប់​ព្រះទ័យ​ដល់​ទ្រង់ ។ ខ្ញុំ​ចង់​ទៅ​ដល់​ចំណុច​មួយ​ដែល​ជីវិត និង​ដួងចិត្ត​ខ្ញុំ​ផ្ទាល់​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​ផ្គាប់​ព្រះទ័យ​ទ្រង់ ។ ខ្ញុំ​មិន​ដឹង​ពី​របៀប​ដើម្បី​តបស្នង​ដល់​ព្រះអង្គសង្គ្រោះ​វិញ​សម្រាប់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្រៅ​តែ​ពី​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​នោះ​ទេ ។

បងប្រុស ៖ នៅពេល​ខ្ញុំ​បាន​ស្តាប់​ប្រធាន ណិលសុន ខ្ញុំ​បាន​ឮថា នៅពេល​យើង​ចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ថា​យើង​ត្រូវបាន​ផ្តល់​អំណាច​បន្ថែម​នៅក្នុង​ជីវិត​របស់​យើង វា​ជា​អំណាច​ជាក់ស្តែង ។ វាជាអំណាចជាក់ស្តែង ។ វា​ជា​អ្វី​មួយ​ដែល​អាច​នាំ​មក​យើង​នូវ​ក្តី​សង្ឃឹម និង​ការព្យាបាល និង​ជំនឿ ហើយ​អាច​ជា​អ្វី​មួយ​ដែល​លើកស្ទួយ​យើង​នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​របស់​យើង ។ ផ្នែក​ដ៏​ស្រស់​ស្អាត​អំពី​ចំណង​នៃ​សេចក្ដីសញ្ញា​នេះ​គឺ​ថា យើង​មាន​ព្រះវរបិតាសួគ៌ ដែល​មិន​បោះបង់​យើង​ចោល​ឡើយ ។ នៅពេល​យើង​ពុះពារ​នឹង​ការសង្ស័យ ទ្រង់​នឹង​ជួយ​យើង​ជំនួស​ការសង្ស័យ​នោះ​ដោយ​សេចក្តីជំនឿ​វិញ ។ នៅពេល​យើង​ពុះពារ​នឹង​ការញៀន ទ្រង់​នឹង​ជួយ​យើង​ជំនួស​ការញៀន​នោះ​ដោយ​សេរីភាព​វិញ ។ នៅពេល​យើង​ពុះពារ​នឹង​ភាពអស់សង្ឃឹម ទ្រង់​នឹង​ជួយ​បំពេញ​ព្រលឹង​យើង​ដោយ​ពន្លឺ ។ អព្ភូតហេតុ​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ គឺ​ថា ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​ប្រភេទ​នៃ​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស ដែល​តែងតែ​ទាញ​យើង​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។

បងប្រុស វិប ៖ បងប្អូន​ប្រហែល​ជា​ទទួល​បាន​ការបង្រៀន​របស់​ប្រធាន ណិលសុន ឬ​សេចក្តី​ថ្លែងការណ៍​ជាក់លាក់​ជា​ច្រើន​ដែល​បាន​ក្លាយ​ជា​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​ប្រហែល​ជា​ចាំ​ថា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ​ក្នុង​ឆ្នាំ​២០១៨ ប្រធាន ណិលសុន បានសុំ​ឲ្យ​យើង​ចាប់ផ្តើម​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​ច្បាស់លាស់ ។ ពេល​មាន​ប្រសាសន៍​ពី​ទីក្រុង សលត៍​លេក លោក​បាន​មាន​ប្រសាសន៍​ថា « ទីបញ្ចប់​ដែល​យើង​ម្នាក់ៗ​ខិតខំ គឺ​ដើម្បី​ត្រូវបាន​ប្រទាន​ដោយ​អំណោយទាន​ពិសិដ្ឋ​ជាមួយ​នឹង​អំណាច​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ » ។

នៅ​ក្នុង​ឆ្នាំ២០២១ លោក​មាន​ប្រសាសន៍​ថា « កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​ដើម្បី​មានជីវិត ខាង​វិញ្ញាណ គឺ​ការរស់ នៅ​តាម សេចក្ដីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន » ។

នៅ​ក្នុង​ឆ្នាំ២០២៤ លោក​បាន​បង្រៀន​ថា « គ្មាន​អ្វី​នឹង​ជួយ​បងប្អូន ច្រើនជាង ការថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​…​ដើម្បី​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់ខ្ជួន​ជានិច្ច​នោះទេ ។… គ្មាន​អ្វី​ដែល​នឹង​ការពារ​បងប្អូន ជាងនោះ​ទេ ។… គ្មាន​អ្វី​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ឬ​ជួយ​បងប្អូន​ឲ្យ​យល់​ពី​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ ជាង​នេះនោះ​ទេ » ។

អំឡុងពេល​សុន្ទរកថា​ថ្មីៗ​បំផុត​របស់​លោក​នៅក្នុង​សន្និសីទ​ទូទៅ លោក​បាន​ថ្លែង​ថា « នេះ​ជា​ការសន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន ៖ អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ហើយ​ជា​ចុងក្រោយ នៅ​ក្នុង​អត្ថបទ លីអាហូណា ដែល​មាន​ចំណង​ជើង​ថា « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លោក​បានបង្រៀន​ថា « ពេលយើង​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណង​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ដែល​បាន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​ដ៏​ពិសេស​មួយ ។… ទ្រង់​នឹង​បន្ត​ធ្វើការ​ជាមួយ​ពួកគេ ហើយ​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ ។ ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ។ ហើយ​បើ​ពួកគេ​វង្វេងផ្លូវ ទ្រង់​នឹង​ជួយ​ពួកគេ​រកផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។… ដោយសារតែ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ នោះ​ទ្រង់​ពុំ​ដែល​នឿយហត់​ខិតខំ​ជួយ​យើង​ឡើយ ហើយ​យើង​នឹង​មិន​ដែល​បង្អស់​ការអត់ធ្មត់​ដ៏​មេត្តាករុណា​របស់​ទ្រង់​ជាមួយ​យើង​ដែរ » ។

ប្រធាន ណិលសុន មិន​ត្រឹមតែ​បាន​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តី​សញ្ញា ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាល​ពី​ជាង ១៥ ឆ្នាំ​មុន នៅពេល​ដែល​យើង​មាន​បញ្ហា​ជាមួយ​នឹង​ភាសា​សម្រាប់​សេចក្តីថ្លែងការណ៍​ពី​គោលបំណង​ថ្មី​របស់​ថ្នាក់ ស&វ ពេល​នោះ អែលឌើរ រ័សុល អិម ណិលសុន កំពុង​បម្រើ​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​អប់រំ បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​បញ្ចូល​ឃ្លា​ទីពីរ​នៃ​គោលបំណង​របស់​យើង​ដែល​ថ្លែង​ថា « យើង​ត្រូវ​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ » ។

ខ្ញុំ​ឆ្ងល់​ថា តើ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​បង្រួម​សេចក្តីថ្លែងការណ៍​នៃ​គោលបំណង​របស់​យើង ដែល​យើង​បាននិយាយ​តែ​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការធ្វើ​ឲ្យ​ការប្រែចិត្តជឿ​កាន់​តែ​ស៊ីជម្រៅ​មែន​ទេ ? ខណៈ​ដែល​យើង​កំពុង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ដ៏​អស្ចារ្យ ហើយ​ការសង្កត់ធ្ងន់​គួរតែ​បន្ត ខ្ញុំ​ជឿ​ថា​មាន​អ្វី​ច្រើន​ទៀត​ដែល​យើង​អាច​ធ្វើ​ដើម្បី​បញ្ជាក់​ផ្នែក​ទីពីរ​នៃ​គោលបំណង​របស់​យើង និង​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​បន្ថែម​ទៀត​ឲ្យ​មាន​ភាពស័ក្តិសម​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មិន​ស្នើ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​សរសេរ​មេរៀន​ថ្មី ឬ​បង្កើត​កម្មវិធី​ថ្មី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ស្នើ​សុំ​ឲ្យ​បងប្អូន​គិត​ពិចារណា រួមទាំង​អធិស្ឋាន​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ផ្ទាល់ខ្លួន​បន្ថែម​ទៀត​នៅក្នុង​បរិបទ​នៃ​អ្វី​ដែល​បងប្អូន​កំពុង​ធ្វើ​រួច​ហើយ ។

នៅ​ពេល​ខ្ញុំ​សួរ​សំណួរ​ទាំង​នេះ​ដល់​មនុស្ស​មួយ​ចំនួន ខ្ញុំ​បាន​ឮ​នូវ​ការឆ្លើយតប​ដ៏​អស្ចារ្យ​ជា​ច្រើន ។ ក្នុង​ចំណោម​ការឆ្លើយតប​ទាំង​នោះ នេះ​ជា​យោបល់​ទាំងឡាយ ៖ ទីមួយ ចូរ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការសង្កត់​ធ្ងន់​ដ៏​ប្រកប​ដោយ​ការព្យាករណ៍ និង​ការបង្រៀន​របស់​ព្យាការី​ទាក់ទង​នឹង​សេចក្ដីសញ្ញា និង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ទីពីរ សូម​មាន​ចេតនា​ក្នុង​ការភ្ជាប់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​មាន​ភាពស័ក្តិសម​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ទីបី យោង​ទៅ​រក​សំណួរ​ចេញ​ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ នៅ​ពេល​ដែល​សមរម្យ ។ ទីបួន យោង​ទៅ​សេចក្ដីសញ្ញា​ជាក់លាក់ នៅពេល​យើង​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដោយ​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នៃ​សេចក្ដីសញ្ញា​ទាំងនោះ ។ ទីប្រាំ ចែកចាយ​សេចក្តីស្រឡាញ់ និង​ការដឹងគុណ​របស់​យើង​ផ្ទាល់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ហើយ​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពរជ័យ​ដែល​បាន​ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​ការរក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ ។ បងប្អូន​នឹង​មាន​គំនិត​ផ្សេងៗ​ជាច្រើន​ទៀត សូម​បន្ត​ការពិភាក្សា​ការណ៍នេះ​តាម​ផ្នែក​នីមួយៗ និង​ក្នុង​ក្រុម​អនុវត្ត​ជាក់ស្តែង ហើយ​ចែកចាយ​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។

តាមរយៈ​ឧទាហរណ៍​នៃ​អ្វី​ដែល​ខ្ញុំ​ជឿថា អាចនឹង​កើត​ឡើង ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បងប្អូន​នូវ​ការអភិវឌ្ឍ​ថ្មីៗ​មួយ ។ កាលពី​ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅកោះហ្គាំ ជាមួយ​នាយក​ប្រចាំ​តំបន់ និង​ភូមិភាគ​មកពី​អាស៊ី និង​ប៉ាស៊ីហ្វិក ។ នៅក្នុង​ការប្រជុំ​មួយ​ដែល​យើង​បានពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​ជួយ​សិស្ស​ច្រើន​ថែម​ទៀត​ឲ្យ​មាន​ភាពស័ក្តិសម​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​ពី​ការប្រជុំ​ទាំងនោះ នាយក​តំបន់​របស់​យើង​ក្នុង​ប្រទេស​ហ្វីលីពីន លោក ជូលៀស ប៊ែរីអិនថូស បាន​ជួប​ជាមួយ​ក្រុមប្រឹក្សា​នាយក​ប្រចាំភូមិភាគ​របស់​គាត់ ហើយ​ពួកគេ​បាន​កំណត់​ថា ពួកគេ​នឹង​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើម្បី​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​បាន​ច្រើន​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។ ពួកគេ​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​គណៈប្រធាន​តំបន់​របស់​ពួកគេ ដែល​មាន​គោលដៅ​បង្កើន​ការកាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រចាំ​តំបន់​របស់​ពួកគេ​រួច​ទៅ​ហើយ ។ ថ្នាក់​ដឹកនាំ និង​អ្នក​សម្របសម្រួល​ថ្នាក់ ស&វ. ក៏​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​គ្រប់​លំដាប់​ថ្នាក់ ហើយ​ពួកគេ​ពិភាក្សា​រួមគ្នា​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ និង​រាយការណ៍​ពី​ការរីកចម្រើន​របស់​ពួកគេ ។

ខ្ញុំ​ចង់​និយាយ​ឲ្យ​ច្បាស់​អំពី​ចំណុច​នេះ ៖ ពួកគាត់​មិន​បាន​ធ្វើ​ដោយ​ឯករាជ្យ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទេ ។ ពួកគេ​បាន​ជួយ​ដល់​ថ្នាក់​ដឹកនាំ​ដែល​មាន​គោលដៅ និង​ផែនការ​រួច​ហើយ ហើយ​ដែល​ជា​អ្នក​កំពុង​ធ្វើ​តាម​ការណែនាំ​របស់​គណៈប្រធាន​តំបន់​របស់​ពួកគេ ។ ប៉ុន្តែ​ថ្នាក់ ស.&វ. បាន​ជួយ​ដោយ​ការផ្ដោត​លើ​សេចក្ដីសញ្ញា និង​ព្រះវិហារ​បរិសុទ្ធ ដោយ​ការបង្រៀន​ដំណើរ​រឿង​ទាំងនេះ​តាម​របៀប​សាមញ្ញ​នៅ​គ្រប់​ឱកាស​ទាំងអស់ និង​ដោយ​ការនិយាយ​ជា​ញឹកញាប់​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ក្នុង​រយៈពេល​បី​ឆ្នាំ ដោយ​មាន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ឪពុកម្តាយ និង​គ្រូបង្រៀន​ថ្នាក់​ស.&វ. នោះ​ចំនួន​នៃ​អ្នក​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​យុវវ័យ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ដល់ ២៧៧ ភាគរយ ។ ប៉ុន្តែ​ពរជ័យ​មិន​ត្រឹម​តែ​ជា​ចំនួន​ប៉ុណ្ណោះ​ទេ ឥទ្ធិពល​ដែលមាន​លើ​យុវវ័យ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់ ។ វា​បាន​កើត​ឡើង​ដល់​ក្រុម​គ្រួសារ ថូភីយ៉ាឌ័រ មកពី​ស្តេក ប៉ាយ៉ាមបាំង ដូច​ក្នុង​រូបភាព​នេះ​ផងដែរ ។ ដូច​ជា​ក្រុមគ្រួសារ​ជាច្រើន​ទៀត​ក្នុង​ប្រទេស​ហ្វីលីពីន​ដែរ សព្វ​ថ្ងៃ​នេះ គ្រួសារ​ ថូភីយ៉ាឌ័រ ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា​ជា​ញឹក​ញាប់ ។ ពរជ័យ​នៃ​គ្រួសារ​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា មាន​សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច ហើយ​ជា​ចំណុច​សំខាន់​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​បាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ ខ្ញុំ​ជឿ​ថា តាមរយៈ​ការខិតខំ​របស់​យើង​ដើម្បី​ផ្ដោត​លើ​ពរជ័យ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​កាន់តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ។

ដើម្បី​បញ្ចប់ ខ្ញុំ​ចង់​ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ​ដ៏​សាមញ្ញ​មួយ ។ ខ្ញុំ​បាន​គិត​អំពី​អានុភាព​នៃ​សេចក្ដី​សញ្ញា និង​របៀប​ដែល​យើង​អាច​ពន្យល់​អំពី​ការណ៍​នេះ​យ៉ាង​ច្បាស់ សូម្បី​តែ​ក្មេង​ម្នាក់​ក៏​អាច​យល់​បាន​ដែរ ។ នៅ​ពេល​ខ្ញុំ​ធ្វើ វា​បាន​រំឭក​ខ្ញុំ​ពី​មេរៀន​ដោយ​ប្រើ​វត្ថុ​មួយ ដែល​មនុស្ស​មួយ​ចំនួន​បាន​ឃើញ​ហើយ ។ ខ្ញុំ​គិត​ថា ជា​ដំបូង​ខ្ញុំ​បាន​ឃើញ​បងប្រុស ឆាត វិលគិនសុន ប្រើ​វា ។

បើ​ខ្ញុំ​សុំ​នរណា​ម្នាក់​មក​កាច់​ខ្មៅ​ដៃ​នេះ នោះ​បងប្អូន​ណា​ម្នាក់​ក៏​អាច​កាច់​បាន​ដែរ ។ ប៉ុន្តែ ចុះ​បើ​ខ្ញុំ​យក​ខ្មៅដៃ​បិទ​ស្កុត​ជាប់​នឹង​ដំបង​វាយ​កូនបាល់​នេះ​វិញ ? ឥឡូវនេះ តើ​បងប្អូន​អាច​កាច់​ខ្មៅដៃ​នេះ​បាន​ទេ ? នៅ​ក្នុង​ការបង្ហាញ​នេះ តើ​ខ្មៅដៃ​ជា​អ្វី ឬ​ជា​នរណា ? តើ​ដំបង​វាយ​កូនបាល់​នេះ​ជា​អ្វី ឬ​ជា​នរណា ? តើ​ស្កុត​បិត​នោះ​ជា​អ្វី ? មេរៀន​ដោយ​ប្រើ​វត្ថុ​នេះ​កំពុង​ផ្ដល់​យោបល់​ថា ខ្មៅដៃ​តំណាង​ឲ្យ​បងប្អូន និង​រូបខ្ញុំ ដំបង​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្កុត​តំណាង​ឲ្យ​សេចក្តីសញ្ញា​របស់​យើង ។

អំណាច​នៃ​សេចក្តីសញ្ញា​គឺ​ថា សេចក្តីសញ្ញា​នោះ​ចង​យើង​ទៅ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមចាំថា គ្មាន​អ្វី​អាច​នឹង​ការពារ​បងប្អូន​ជាង​នេះ​ទេ ។ កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​ការរស់​នៅ​តាម​សេចក្តីសញ្ញា​របស់​យើង ។ ហើយ​នៅ​ពេល​ដែល​យើង​រំឭក​សេចក្តីសញ្ញា​របស់​យើង​កាន់តែ​ច្រើន នោះ​ចំណង​កាន់តែ​រឹងមាំ​ជាង​មុន ។ ហើយ​ប្រសិនបើ​ខ្មៅដៃ​បាន​បាក់​ក៏ដោយ ក៏​តាមរយៈ​សេចក្ដីសញ្ញា​ទាំងឡាយ នោះ​ព្រះអង្គសង្គ្រោះ​អាច​ព្យាបាល​យើង​បាន​ដែរ ។ ហើយ​ប្រសិន​បើ​មនុស្ស​ពីរ​នាក់​ចង់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត នោះ​សេចក្ដី​សញ្ញា​នឹង​ចង​ពួកគេ​ជាមួយ​គ្នា និង​ជាមួយ​ព្រះអម្ចាស់ ។

ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ព្រះអម្ចាស់​ស្រឡាញ់​យើង​គ្រប់គ្រាន់​ដើម្បី​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង​សេចក្តីសញ្ញា ។ សូម​ឲ្យ​យើង​ធ្វើ​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា ហើយ​សូម​ឲ្យ​យើង​ជួយ​យុវវ័យ និង​យុវមជ្ឈិមវ័យ​ជា​ច្រើន​ថែម​ទៀត​ឲ្យ​មាន​ភាពស័ក្តិសម​សម្រាប់​ពរជ័យ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ ជា​កន្លែង​ដែល​អស់​អ្នក​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ស្មោះត្រង់​នឹង​រក​ឃើញ​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

ឥឡូវ​នេះ ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​ណែនាំ​ពី​អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ។ អែលឌើរ ហ្គីលប៊ឺត ត្រូវបាន​ហៅ​ជា​ពួក​ចិតសិប​នាក់ ដែល​មាន​សិទ្ធិអំណាច​ទូទៅ​នៅ​ឆ្នាំ២០២១ ។ បច្ចុប្បន្ន​គាត់​បម្រើ​ជា​អ្នកតំណាង​នៃ​ប្រពន្ធ័​អប់រំ​សាសនាចក្រ ។ គាត់​បាន​ទទួល​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ, ស្តេនវើត និង ហាវួដ ហើយ​បានចាប់ផ្តើម​អាជីព​របស់​គាត់​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ ហាវួដ ។ គាត់​ធ្លាប់​ជា​នាយក​ប្រតិបត្តិ​របស់ Deseret News និង Deseret Digital Media ។ គាត់​ក៏​បាន​បម្រើ​ជា​ប្រធាន ប៊ី.វ៉ាយ.យូ-អៃដាហូ និង BYU-Pathway ផងដែរ ។ គាត់​បាន​រៀបការ​ជាមួយ គ្រីស្ទីន ខាលឌើរ ហើយ​ពួកគាត់​មាន​កូន​ប្រាំបី​នាក់ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អែលឌើរ ហ្គីលប៊ឺត ។ គាត់​គឺ​ជា​អ្នកណែនាំ​ដ៏​អស្ចារ្យ​ម្នាក់ ។ គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការងារ​របស់​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ។ ខ្ញុំ​មាន​អំណរគុណ​ដែល​គាត់​មាន​ភាព​ស្របគ្នា​ជាមួយ​ប្រធាន ណិលសុន និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត និង​ពី​របៀប​ដែល​គាត់​តែងតែ​ស្វែងរក​ឱកាស​ដើម្បី​អភិវឌ្ឍន៍​ការបង្រៀន​របស់​ពួកគាត់ ។ គាត់​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ធ្វើការ​ដោយ​មិន​នឿយហត់​ដើម្បី​បម្រើ​ទ្រង់ ហើយ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​រំភើប និង​មាន​អំណរគុណ​​សម្រាប់​ឱកាស​រៀន​សូត្រ​ពី​គាត់​នៅ​ថ្ងៃនេះ ។