ការរៀបចំ និងការបង្រៀនមេរៀននៃការរៀបចំជីវិត ៖ សេចក្តីផ្តើម
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ២០២៥
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
បងប្រុស ចេសុន វិលឡឺឌ ៖ ជម្រាបសួរ ខ្ញុំឈ្មោះ ចេសុន វិលឡឺឌ ។ ដូចជាបងប្អូនទាំងអស់គ្នាដែរ ខ្ញុំស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ អស់ពីដួងចិត្តខ្ញុំ ។ ខ្ញុំស្រឡាញ់យុវវ័យ និងយុវមជ្ឈិមវ័យនៅទូទាំងពិភពលោក ។ ដូចបងប្អូនទាំងអស់គ្នាដែរ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺជួយពួកគេឲ្យមានការប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ មានភាពស័ក្តិសមដើម្បីទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកដទៃទៀតសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។
ដោយហេតុនោះហើយ ខ្ញុំចង់ចែកចាយគំនិតមួយចំនួនដែលវានឹងធ្វើឲ្យកាន់តែមានភាពងាយស្រួលសម្រាប់បងប្អូនដើម្បីរៀបចំ និងបង្រៀនមេរៀននៃការរៀបចំជីវិត ។ នៅខែមករា ឆ្នាំ២០២៤ បងប្រុស ឆាត វិប បានណែនាំប្រធានបទនៃមេរៀនទាំងនេះ ដែលនឹងត្រូវបានបង្រៀនម្តងទៅពីរដងជារៀងរាល់សប្តាហ៍នីមួយៗ ។ មេរៀនទាំងនេះត្រូវបានបង្កើតឡើងពីប្រធានបទដូចជា បេសកកម្ម ព្រះវិហារបរិសុទ្ធ និងការរៀបចំសម្រាប់ការអប់រំ ជំនាញសិក្សាព្រះគម្ពីរ ភាពធន់ខាងសតិអារម្មណ៍ ជំនាញក្នុងជីវិត និងការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយ ។
គាត់ក៏បានចែកចាយជាមួយយើងពីចក្ខុវិស័យ នឹងគោលបំណងនៃមេរៀននៃការរៀបចំជីវិត នៅពេលគាត់មានប្រសាសន៍ ៖
បងប្រុស ឆាត អេច វិប ៖ សេចក្ដីសង្ឃឹមរបស់យើង គឺដើម្បីជួយរៀបចំជំនាន់យុវវ័យឲ្យដឹងអំពីរបៀបសិក្សាព្រះគម្ពីរ ហើយតោងជាប់ទៅនឹងការបង្រៀនរបស់ព្យាការីដែលនៅរស់ ។ ជំនាន់នៃយុវវ័យដែលមានភាពរឹងមាំខាងផ្លូវចិត្តមានជំនាញ និងសមត្ថភាពដើម្បីទទួលបានជោគជ័យនៅក្នុងសាលា ក្លាយជាឪពុក និងម្ដាយដ៏សុចរិត និងជាអ្នកដឹកនាំក្នុងសាសនាចក្រ និងសហគមន៍របស់ពួកគេ ។ សេចក្ដីសង្ឃឹមរបស់យើង គឺដើម្បីជួយដល់ជំនាន់មួយឲ្យត្រៀមខ្លួនយល់ដឹងអំពីសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ជាជំនាន់ដែលតាំងចិត្តរក្សាសេចក្ដីសញ្ញាទាំងនេះយ៉ាងខ្លាំង និងជាជំនាន់នៃពួកអ្នកផ្សព្វផ្សាយសាសនាដែលមានភាពស័ក្តិសម មានគុណសម្បត្តិគ្រប់គ្រាន់ មានថាមពលខាងវិញ្ញាណ និងត្រៀមខ្លួនដើម្បីធ្វើជាតំណាងឲ្យព្រះអង្គសង្គ្រោះនៅក្នុងការអញ្ជើញពិភពលោកឲ្យមករកទ្រង់ ។
សេចក្ដីសង្ឃឹមរបស់យើង គឺដើម្បីរៀបចំជំនាន់នៃពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលបានប្រែចិត្តជឿយ៉ាងខ្លាំងទៅលើទ្រង់ និងដំណឹងល្អដែលបានស្ដារឡើងវិញពេញមួយជីវិតរបស់ពួកគេ ។
បងប្រុស ចេសុន វិលឡឺឌ ៖ កាលយើងបានចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ដែលបានបង្រៀនមេរៀនតាមប្រធានបទទាំងនេះកាលពីឆ្នាំមុន យើងឃើញថាក្តីសង្ឃឹមនេះកំពុងក្លាយជាការពិតហើយ ។ លោកគ្រូអ្នកគ្រូ ដែលចាប់ផ្តើមគិតពិចារណាអំពីកិច្ចការនេះជាមុន នោះចក្ខុវិស័យដែលយើងសង្ឃឹមថាជំនាន់កំពុងពេញវ័យនេះប្រែក្លាយជាអ្វីនោះ គឺជាការមើលឃើញអព្ភូតហេតុដែលបងប្រុស វិប បានមើលឃើញវែងឆ្ងាយទៅមុខ ។ ជាមួយនឹង មូលហេតុ នៃមេរៀននៃការរៀបចំជីវិតបានធ្វើឲ្យមានការចងចាំយ៉ាងច្បាស់នៅក្នុងគំនិតយើង ចូរនិយាយអំពី របៀប នៃការរៀបចំ និងការបង្រៀនមេរៀនតាមប្រធានបទ ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានទៅថ្នាក់សិក្ខាសាលាមួយដើម្បីបង្រៀនមេរៀននៃការរៀបចំជីវិតមួយក្នុងចំណោមមេរៀនទាំងនេះ ។ ព្រោះតែខ្ញុំគឺជាលោកអយ្យកោដែលបានតែងតាំងនៅក្នុងស្តេករបស់ខ្ញុំ ខ្ញុំបានគិតថា វាជាការងាយស្រួលដើម្បីបង្រៀនអំពីមេរៀននៃពររបស់លោកអយ្យកោ ។ ដូចច្នេះ ខ្ញុំបានទៅថ្នាក់រៀននោះ ដោយមានគោលបំណងដើម្បីបង្រៀនអំពីពររបស់លោកអយ្យកោ ។
វាជាបទពិសោធន៍មួយដ៏ល្អ ។ បន្ទាប់ពីខ្ញុំបានបង្រៀនថ្នាក់នោះរួចមក ខ្ញុំបានចុះសួរសុខទុក្ខអ្នកសរសេរកម្មវិធីសិក្សារបស់យើងម្នាក់ ហើយខ្ញុំបានដឹងថាមេរៀននេះ ព្រមជាមួយនឹងមេរៀននៃការរៀបចំជីវិតផ្សេងទៀតដែរ ត្រូវបានសរសេរតាមរបៀបមួយដើម្បីជួយគ្រូបង្រៀនធ្វើកិច្ចការទាំងឡាយលើសពីការគ្រាន់តែបង្រៀនអំពីប្រធានបទជាក់លាក់មួយ ។ ខ្ញុំបានរកឃើញថាមេរៀននីមួយៗមានចំណុចសំខាន់ៗចំនួនបីគឺ ៖ គោលបំណងជាក់លាក់មួយ សេចក្តីពិតដ៏សំខាន់ៗដែលមាននៅក្នុងព្រះបន្ទូលនៃព្រះ និងសកម្មភាពមួយដែលសិស្សគ្រប់រូបនឹងមានឱកាសដើម្បីបង្ហាញពីការរៀនសូត្ររបស់ពួកគេ ។
ដោយមានចំណុចសំខាន់ៗទាំងបីនេះនៅក្នុងគំនិត ខ្ញុំបានរៀបចំបង្រៀនមេរៀនដូចគ្នាទៅថ្នាក់សិក្ខាសាលាផ្សេងទៀតប៉ុន្មានសប្តាហ៍ក្រោយមក ។ ភាពខុសគ្នានៅក្នុងបទពិសោធន៍ការរៀនសូត្រគឺ មានការភ្ញាក់ផ្អើលជាខ្លាំង ! សិស្សដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេរួចហើយបានបង្ហាញបំណងប្រាថ្នាដោយស្មោះក្នុងការសិក្សាពររបស់ពួកគេកាន់តែយកចិត្តទុកដាក់ ។ មានយុវជនម្នាក់ធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបាន ដោយគាត់បានចែកចាយជាមួយសិស្សផ្សេងទៀតនូវបំណងប្រាថ្នារបស់គាត់ក្នុងការរៀបចំខ្លួនបន្ថែមទៀតដោយឧស្សាហ៍ព្យាយាម សម្រាប់បេសកកម្មដែលពររបស់គាត់បានលើកឡើង ។
ក្នុងចំណោមសិស្សដែលមិនទាន់បានទទួលពររបស់លោកអយ្យកោរបស់ពួកគេ មានយុវនារីម្នាក់ដែលបានចែកចាយទាំងទឹកភ្នែកអំពីអារម្មណ៍ចង់ទទួលបានពររបស់នាងភ្លាមៗ ។ ខ្ញុំមិនមែនជាអ្នកជំនាញ—ខាងពរលោកអយ្យកោ—ដែលបង្រៀនអំពីពររបស់លោកអយ្យកោទៀតទេ ។ ខ្ញុំកំពុងតែធ្វើអ្វីដែលលោកគ្រូអ្នកគ្រូឯទៀតនឹងធ្វើគ្រប់ទីកន្លែងនៅក្នុងពិភពលោក ដោយសារតែជំនាញសំខាន់ៗទាំងបីនេះ ។ ដើម្បីជួយបងប្អូន និងសិស្សរបស់បងប្អូន មានមេរៀននៃការរៀបចំជីវិតដែលផ្លាស់ប្តូរជីវិត សូមមើលអ្វីដែលបាននិយាយក្នុងសៀវភៅមេរៀននៃការអនុវត្តជាក់ស្តែង ការរៀបចំមេរៀនផ្ទាល់ខ្លួនរបស់គ្រូបង្រៀន ហើយជាចុងក្រោយ នៅក្នុងថ្នាក់រៀនជាមួយសិស្សទាំងឡាយ ។