ការ ផ្សាយ ប្រចាំ ឆ្នាំ
ការរៀបចំ និង​ការបង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត ៖ ការបំពាក់បំប៉ន​គ្រូបង្រៀន


10:58

ការរៀបចំ និង​ការបង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត ៖ ការបំពាក់បំប៉ន​គ្រូបង្រៀន

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ​២០២៥

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

បងប្រុស យ៉ារ៉េន ដាយរ៉េង ៖ មែនហើយ យើង​ពិត​ជា​រំភើបណាស់​ដែល​បាន​មក​ទីនេះ​នៅ​ថ្ងៃ​នេះ ហើយ​សម្រាប់​ឱកាស​ដែល​យើង​ត្រូវ​ជជែក​ជាមួយគ្នា ។ បងប្អូន​ប្រហែល​ជា​បាន​ឮ​ច្រើន​ហើយ​អំពី​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ និង​រឿង​ដែល​យើង​នឹង​និយាយ​អំពី​នៅ​ថ្ងៃ​នេះ ។ ជំនាញ​ដែល​យើង​នឹង​ពិភាក្សា​ក្នុង​ការអនុវត្ត​នឹង​ក្លាយជា​ជំនួយ​ដ៏​ធំ នៅពេល​យើង​រៀបចំ​បង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ​នៅ​ឆ្នាំ​ក្រោយ ។

ដើម្បី​ណែនាំ​ពី​ការបំពាក់បំប៉ន​របស់​យើង​នៅថ្ងៃ​នេះ ខ្ញុំ​ចង់​អញ្ជើញ​ប្អូនប្រុស ខាវិនណ័រ ឲ្យ​អាន​ការណែនាំ​នេះ ។ បងប្អូន​បានទទួល​សំណៅចែក​មួយ​ច្បាប់ ហើយ​ខ្ញុំ​ចង់​អញ្ជើញ​ប្អូនប្រុស ខាវិនណ័រ ឲ្យ​អាន​សេចក្ដីណែនាំ​អំពី​ការណ៍​នោះ ដែល​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​បរិបទ​នៃ​អ្វី​ដែល​យើង​នឹង​ពិភាក្សា​នៅ​ថ្ងៃ​នេះ​ជាមួយ​គ្នា ។ សូម​អញ្ជើញ !

ប្អូនប្រុស ខាវិនណ័រ ៖ មេរៀន​នៃ​ការរៀបចំ​ជីវិត​ជួយ​បំពាក់​ឲ្យ​សិស្ស​មាន​សមត្ថភាព​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​ទាំង​ឧបសគ្គ​ក្នុង​ជីវិត និង​ឱកាស​ដ៏​អស្ចារ្យ ។ ដូចជា​វគ្គសិក្សា​មេរៀន​បទគម្ពីរ​ទាំងអស់​ផ្សេងទៀត​ដែរ មេរៀន​រៀបចំ​ជីវិត​គឺ​ត្រូវបាន​រៀបរៀង​ឡើង​ដើម្បី​ជួយ​យុវវ័យ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ដើម្បី​មាន​ភាពស័ក្តិសម​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​រៀបចំ​ពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នក​ដទៃទៀត​ដើម្បី​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតា​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌ ។

មេរៀន​ទាំងនេះ​ផ្តោត​សំខាន់​លើ​ព្រះយេស៊ូវ​គ្រីស្ទ ចាក់ឫស​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ផ្តោតលើ​ការបំពេញ​តម្រូវការ​របស់​សិស្ស ។ មាន​ជំនាញ​សំខាន់ៗ​ពីរបី​ដែល​អាច​ជួយ​បងប្អូន​រៀបចំ​បង្រៀន​ដោយ​មាន​ប្រសិទ្ធភាព​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​របស់​ថ្នាក់ ស&វ ។ សូម​ពិចារណា​អំពី​ការប្រៀបធៀប​ខាងក្រោម ៖ គ្រូ​បង្វឹក​បាញ់ធ្នូ​ម្នាក់​ដែល​រៀបចំខ្លួន​បង្រៀន​នឹង​ត្រូវ​ផ្តល់​ផ្ទាំងស៊ីប ធ្នូ និង​ព្រួញ ព្រមទាំង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​គ្រប់​រូប​ដើម្បី​ហាត់សម ។

សូម​អនុវត្ត​ការប្រៀបធៀប​នេះ​ទៅ​នឹង​ការរៀបចំ​ខ្លួន​ដើម្បី​បង្រៀន​មេរៀន​ថ្នាក់​សិក្ខាសាលា ។

បងប្រុស ដាយរ៉េង ៖ អរគុណ​ច្រើន ។ ដូច្នេះ ខ្ញុំ​សូម​លើក​ទឹកចិត្ត​យើង​ទាំងអស់​គ្នា​ឲ្យ​រក្សា​ការអធិស្ឋាន​ក្នុង​ចិត្ត​របស់​យើង នៅពេល​យើងពិភាក្សា​នៅ​ថ្ងៃ​នេះ ។ ដូច​អ្វីដែលខ្ញុំ​បាននិយាយ ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​ឱកាស​នេះ​ខ្លាំង​ណាស់ ហើយ​ដឹង​ថា​វា​នឹង​ក្លាយ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​សម្រាប់​យើង និង​សិស្ស​របស់​យើង នៅពេល​ដែល​យើង​អនុវត្ត​ជំនាញ​ទាំងនេះ ។ ដូច្នេះ សូម​ចាប់ផ្តើម​ដោយ​និយាយ​អំពី​គោលដៅ និង​អ្វី​ដែល​តំណាង​ឲ្យ​នៅក្នុង​ការប្រៀបធៀប​នេះ ។

ខ្ញុំ​សូម​អញ្ជើញ​ប្អូនប្រុស សាយមិន ឲ្យ​អាន​ផ្នែក​ដំបូង​បំផុត​នៃ​សំណៅចែក​នៅទីនោះ នៅក្រោម​គោលបំណង​មេរៀន ។

ប្អូនប្រុស សាយមិន ៖ គោលបំណង​នៃ​មេរៀន​នេះ​ផ្តល់​នូវ​គោលដៅ​ច្បាស់លាស់​សម្រាប់​អ្វី​ដែល​យើង​សង្ឃឹម​ថា​សិស្ស​នឹង​ដឹង ទទួល​អារម្មណ៍ ឬ​ធ្វើ ដែលជា​លទ្ធផល​នៃ​បទពិសោធន៍​រៀនសូត្រ ។ នៅពេល​យើង​មាន​គោលបំណង​មេរៀន​ច្បាស់លាស់​សម្រាប់​ការរៀនសូត្រ​របស់​សិស្ស យើង​អាច​ផ្តោត​កាន់តែ​ខ្លាំង​លើ​អ្វី​ដែល​យើង​មាន​ផែនការ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ក្នុង​អំឡុង​មេរៀន​នេះ ។ ជំនាញ​ទី​មួយ ៖ ស្វែងយល់ និង​គូសចំណាំ​គោលបំណង​មេរៀន​ដែល​មាន​នៅក្នុង​ប្រយោគ​ចុងក្រោយ​នៃ​កថាខណ្ឌ​បុព្វកថា​ពី​មេរៀន​នោះ ។

បងប្រុស ដាយរ៉េង ៖ បាទ ដូច្នេះ​នៅក្នុង​ការរៀបចំ​មេរៀន​ទី ១៧៧ ដែល​ជា « ការទទួល​ខុសត្រូវ​លើ​ផ្នែក​បច្ចេកវិទ្យា » បងប្អូន​ម្នាក់ៗ​មាន​ច្បាប់ចម្លង​នៃ​ឯកសារ​នោះ ។ ខ្ញុំ​មើល​កថាខណ្ឌ​បុព្វកថា​នោះ ហើយ​ប្រយោគ​ចុងក្រោយ​ប្រាប់​ពី​គោលបំណង​នៃ​មេរៀន​នេះ ។ ហើយ​សំណេរ​ថា « មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការការពារ​សុវត្ថិភាព​ដើម្បី​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ » ។ ដូច្នេះ ខ្ញុំ​គូសចំណាំ​វា​យ៉ាងច្បាស់​ក្នុង​មេរៀន​នេះ ។

ឥឡូវនេះ យើង​នឹង​អនុវត្ត​ជំនាញ​ដ៏​សាមញ្ញ​នេះ ។ មេរៀន​ទី ១៨៥ គឺជា​មេរៀន​បន្ទាប់​អំពី​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​យើង ហើយ​នោះ​គឺ « ការស្ថាបនា​ភាពរឹងមាំ​ខាងសតិអារម្មណ៍​នៅក្នុង​ព្រះអម្ចាស់ » ។ ដូច្នេះ ខ្ញុំ​សូម​ទុក​ពេល​ឲ្យ​បងប្អូន​ម្នាក់ៗ​មើល​កថាខណ្ឌ​បុព្វកថា​នេះ ហើយ​កំណត់ និង​គូសចំណាំ​គោលបំណង​មេរៀន​នេះ​ឲ្យ​បានច្បាស់ ។

បងប្រុស ដាយរ៉េង ៖ យើង​នឹង​បន្ត​ទៅ​ជំនាញ​ទីពីរ​ឥឡូវ​នេះ ។ ដូច្នេះ ខ្ញុំ​នឹង​អញ្ជើញ​ប្អូនប្រុស អាល់ខាឡា តើ​ប្អូន​អាច​​អាន​និយមន័យ​នៃ​ជំនាញ​ទីពីរ​របស់​យើង​នៅក្រោម​សេចក្តីពិត​ដែល​មាន​អក្សរ​ដិត​បាន​ទេ ? ឥឡូវនេះ​យើង​បន្ត​ទៅ​ធ្នូ និង​ព្រួញ ។

ប្អូនប្រុស អាល់ខាឡា ៖ សេចក្តីពិត​សំខាន់ៗ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដូច​ជា​ធ្នូ និង​ព្រួញ ផ្តល់​ឲ្យ​សិស្ស​នូវ​ឧបករណ៍​ចាំបាច់​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។ នៅពេល​បទពិសោធន៍​នៃ​ការរៀនសូត្រ​ត្រូវ​បាន​ផ្ដោតទៅ​លើ​ព្រះបន្ទូល​នៃ​ព្រះ យើង​បង្កើន​លទ្ធភាព​ដែល​សិស្ស​នឹង​រៀន​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជំនាញ​ទីពីរ ៖ ស្វែងរក​សេចក្តីពិត​សំខាន់ៗ​នៅក្នុង​មេរៀន ហើយ​គូសចំណាំ​កន្លែង​ដែល​សេចក្តីពិត​នោះ​ត្រូវ​បានរកឃើញ​នៅក្នុង​ព្រះគម្ពីរ និង​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

បងប្រុស ដាយរ៉េង ៖ អរគុណ​ច្រើន ។ ដូច្នេះ សូម​ត្រឡប់​ទៅ​មេរៀន​ទី ១៧៧ វិញ ។ នៅពេល​ខ្ញុំ​រៀបចំ​មេរៀន​នេះ ខ្ញុំ​ស្វែងរក​សេចក្តីពិត​ដែល​មាន​អក្សរ​ដិត ហើយ​ខ្ញុំ​សង្កេតឃើញ​ថា នៅក្នុង​មេរៀន​ជាក់លាក់​នេះ​មាន​សេចក្តីពិត​ពីរ ។ ទី​មួយ​ថ្លែង « ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​មិន​បង្ខាត​ពេលវេលា​របស់​យើង​ឡើយ » ។ ហើយ​សេចក្ដីពិត​ទី​ពីរ​ថ្លែង « អ្វី​ដែល​ពង្រឹង និង​បញ្ចុះបញ្ចូល​ឲ្យ​ធ្វើល្អ​គឺ​មកពី​ព្រះ » ។

បន្ទាប់មក ខ្ញុំ​សិក្សា​បទគម្ពីរ និង​សម្រង់​ពីរ​មកពី​អែលឌើរ បែដណា ហើយ​គូសចំណាំ​ពាក្យ និង​ឃ្លា​ដែល​បង្រៀន​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ប្រភព​ទាំងនេះ ។ ដូច្នេះ ជា​ឧទាហរណ៍ សូម​ក្រឡេក​មើល​សេចក្តីពិត​ដំបូង​នោះ ៖ « ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​មិន​បង្ខាត​ពេលវេលា​របស់​យើង​ឡើយ » ។ ហើយ​យើង​នឹង​អាន​បទគម្ពីរ​ដែល​ទាក់ទង​នឹង​សេចក្ដីពិត​នេះ ។

ដូច្នេះ ប្រសិនបើ​បងប្អូន​អាច​បើក​ទៅ​ជាមួយ​ខ្ញុំ សូម​បើក​ទៅកាន់ គោលលទ្ធិ និង​សេចក្តីសញ្ញា កណ្ឌ​ទី ៥៨ ខទី ២៦ និង ២៧ ។

ហើយ​នៅពេល​ខ្ញុំ​អានបទគម្ពីរ​ទាំងនេះ ខ្ញុំ​គូសចំណាំ​ឃ្លា « មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន តាម​បំណង​ចិត្ត​របស់​ខ្លួន » ។ ឥឡូវ​នេះ សូម​យើង​បើក​ទៅ​បទគម្ពីរ​បន្ទាប់ ដែល​ជា ​គោលលទ្ធិ និង​សេចក្តីសញ្ញា កណ្ឌ​ទី ៦០ ខទី ១៣ ។ ហើយ​នៅក្នុង​បទគម្ពីរ​នេះ ខ្ញុំ​គូស​ចំណាំ​ឃ្លា « អ្នក​មិន​ត្រូវ​បង្ខាត​ពេល​វេលា​របស់​ខ្លួន … នោះ​ឡើយ » ។ ហើយ​បន្ទាប់​មក ខ្ញុំ​ធ្វើ​បែប​នេះ​ជាមួយ​នឹង​បទគម្ពីរ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​មេរៀន​នេះ ។

ឥឡូវនេះ សូម​ទៅ​មើល​សម្រង់មក​ពី​អែលឌើរ បែដណា ដែល​ទាក់ទង​នឹង​សេចក្ដីពិត​នោះ ។ ហើយ​នៅពេល​ខ្ញុំ​មើល​សម្រង់​នេះ ហើយ​ខ្ញុំ​មើល​សេចក្តីពិត​នេះ ខ្ញុំ​បានជ្រើសរើស​គូសចំណាំ​ឃ្លា​ពីរ ។ ទីមួយ​គឺ​កន្លែង​ដែល​អែលឌើរ បែដណា ថ្លែង​ថា « បុគ្គល​ម្នាក់​ដែល​មិនទាន់​ពេញវ័យ ឬ​មាន​ការយល់​ខុស​អាច​ចំណាយ​ពេលវេលា​មិន​សម​ហេតុផល​ក្នុង​ការលេង​ហ្គេម មើល​វីដេអូ ឈែត​តាម​អនឡាញ ឬ​តាម​របៀប​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ឌីជីថល​គ្រប់គ្រង​រឿង​ទាំងឡាយ​តាម​ដែល​មាន » ។

ហើយ​បន្ទាប់មក​នៅ​ចុង​បញ្ចប់​នៃ​សម្រង់​នោះ ខ្ញុំ​ក៏​គូសចំណាំ​កន្លែង​ដែល​វា​និយាយ​ថា « បន្ដិច​ម្ដងៗ ការកម្សាន្ត​ដែល​ហាក់​ដូចជា​គ្មាន​កំហុស​អ្វីសោះ​អាច​ក្លាយជា​ទម្រង់​នៃ​ការធ្វើ​ជា​ទាសករ​ដ៏​អាក្រក់ » ។ ឥឡូវនេះ សូម​ត្រឡប់​ទៅ​មេរៀនទី ១៨៥ ហើយ​ផ្តល់​ឲ្យ​បងប្អូន​នូវ​ឱកាស​ដើម្បី​អនុវត្ត​ជំនាញ​នេះ ។ ដូច្នេះ​បើ​បងប្អូន​អាច​រកឃើញ​សេចក្តីពិត​ដែល​មាន​អក្សរ​ដិត​នៅក្នុង​មេរៀន​នេះ ហើយ​បន្ទាប់មក​អាច​រកឃើញ​បទគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​ទាក់ទង​នឹង​សេចក្ដីពិត​នោះ ហើយ​គូសចំណាំ​កន្លែង​ណា​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ​ដែល​សេចក្ដីពិត​នោះ​ត្រូវបាន​បង្រៀន​យ៉ាងច្បាស់ ។

មែនហើយ ការណ៍​នោះ​នាំយើង​ទៅកាន់​ជំនាញ​ទីបី​របស់​យើង ។ ខ្ញុំ​ចង់​អញ្ជើញ​ស៊ីស្ទើរ រ៉ូប៊ីនស៍ ឲ្យ​អាន​និយមន័យ​ជំនាញ​ទីបី​របស់​យើង ។

ស៊ីស្ទើរ រ៉ូប៊ីនស៍ ៖ បង្ហាញ​ការរៀនសូត្រ ។ សកម្មភាព​រៀនសូត្រ​នៅ​ជិត​ចុងបញ្ចប់​នៃ​មេរៀន​នេះ​អនុញ្ញាត​ឲ្យ​សិស្ស​ម្នាក់ៗ​បង្ហាញ​ពី​ការរៀនសូត្រ​របស់​ពួកគេ ឬ​ជា​ឱកាស​ដើម្បី​សាកល្បង​អនុវត្ត​ជាក់ស្តែង ។ ឧទាហរណ៍​មួយចំនួន​នៃ​អ្វី​ដែល​សិស្ស​អាច​ធ្វើ​នៅក្នុង​សកម្មភាព​រៀនសូត្រ​នេះ​អាច​រួមបញ្ចូល​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ ការពន្យល់ ការចែកចាយ ការដាក់​ផែនការ ការអនុវត្តជំនាញ ឬ​ការបង្កើត​អ្វីមួយ ។ ជំនាញ​ទីបី​គឺ​កំណត់ និង​គូសចំណាំ​សកម្មភាព​នៅក្នុង​មេរៀន ដែល​សិស្ស​ទទួល​បាន​ឱកាស​ដើម្បី​បង្ហាញ​ការរៀនសូត្រ​របស់​ពួកគេ​តាម​គោលបំណង​មេរៀន​នេះ ។

បងប្រុស ដាយរ៉េង ៖ ដូច្នេះ យើង​បានបង្កើត​ផ្ទាំងស៊ីប​មួយ ។ យើង​មាន​ឧបករណ៍—ធ្នូ និង​ព្រួញ ។ ហើយ​ឥឡូវនេះ សិស្ស​នឹង​ទទួល​បាន​ឱកាស​បាញ់ព្រួញ​នោះ​នៅ​ឯ​ផ្ទាំងស៊ីប ។ ដូច្នេះ ក្រឡេក​មើល​ទៅ​មេរៀនទី ១៧៧ វិញ​ខ្ញុំ​មើល​ទៅ​ជិត​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ហើយ​ស្វែងរក​កន្លែង​ដែល​សិស្ស​គ្រប់​គ្នា​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​បង្ហាញ​គោលបំណង​មេរៀន ។ ហើយ​ខ្ញុំ​កត់សម្គាល់​ថា​នៅក្នុង​មេរៀន​ជាក់លាក់​នេះ​មាន​កន្លែង​ពីរ​ដែល​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការការពារ​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ ។

កន្លែង​មួយ​ក្នុង​ចំណោម​នេះ​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ផែនការ​ជាមុន​សម្រាប់​របៀប​ដែល​ពួកគេ​នឹង​ទទួល​ខុសត្រូវ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ ។ ហើយ​បន្ទាប់មក កន្លែង​មួយ​ទៀត​គឺជា​ឱកាស​មួយ​សម្រាប់​ពួកគេ​ដើម្បី​ធ្វើ​ផែនការ​អំពី​របៀប​ដែល​ពួកគេ​នឹង​ផ្អាក​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ជួប​ប៉ះ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​សមរម្យ ។ ដូច្នេះហើយ ខ្ញុំ​គូសចំណាំ​យ៉ាងច្បាស់​នៅក្នុង​មេរៀន​ទាំងពីរ​នៃ​ឱកាស​ទាំងនោះ​សម្រាប់​សិស្ស ។

ឥឡូវនេះ យើង​នឹង​ត្រឡប់​ទៅ​មេរៀនទី ១៨៥ វិញ ហើយ​ផ្តល់​ឲ្យ​ឱកាស​មួយ​ឲ្យ​បងប្អូន​ដើម្បី​អនុវត្ត​ជំនាញ​នេះ ។ ដូច្នេះ បើ​បងប្អូន​មើល​នៅ​ជិត​ចុង​បញ្ចប់​មេរៀន​នេះ ហើយ​ស្វែងរក​កន្លែង​ដែល​សិស្ស​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​បង្ហាញ​គោលបំណង​មេរៀន ហើយ​បន្ទាប់មក​គូសចំណាំ​ត្រង់​នោះ ។ ខ្ញុំ​នឹង​ផ្តល់​ឲ្យ​បងប្អូន​មួយ​នាទី​ដើម្បី​រកមើល​វា ។

ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​ម្នាក់ៗ ។ នៅពេល​បងប្អូន​រៀបចំខ្លួន និង​បង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ​នៅ​ឆ្នាំ​នេះ តើ​បងប្អូន​នឹង​អនុវត្ត​ជំនាញ​ទាំងបី​ដែល​យើង​បាន​ពិភាក្សានៅ​ថ្ងៃ​នេះ​ឬ​ទេ ?

ទាំងអស់គ្នា ៖ យល់ព្រម !

បងប្រុស ដាយរ៉េង ៖ ខ្ញុំ​ដឹង​ថា នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ជួយ​សិស្ស​របស់​យើង​ឲ្យ​កាន់តែ​ពង្រឹង​ការប្រែចិត្តជឿ​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​នៅក្នុង​ដំណើរការ​នោះ អ្វីមួយ​នឹង​កើតឡើង​នៅក្នុង​ចិត្ត​របស់​យើង​ផងដែរ ។

ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា យើង​ត្រូវបាន​ដឹកនាំ និង​ណែនាំ​ដោយ​ព្រះវរបិតាសួគ៌​ និង​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ធ្វើ​តាម ហើយ​ស្តាប់​ថ្នាក់ដឹកនាំ​ដែល​ទ្រង់​ទាំងទ្វេ​បាន​តែងតាំង​ឲ្យ​ដឹកនាំ និង​ណែនាំ​យើង​នៅ​ថ្ងៃចុងក្រោយ​នេះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​កម្មវិធី​សិក្សា​នេះ​ដែល​យើង​ទទួល​បាន និង​ឱកាស​ដែល​ផ្តល់​ឲ្យ​យើង​ដើម្បី​ជួយ​ពង្រឹង​ការប្រែចិត្តជឿ​ចំពោះ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។

ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​ជាមួយ​នឹង​បងប្អូន​នៅថ្ងៃ​នេះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។