ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ

ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបបង្រៀនយើងអំពីផែនការរបស់ព្រះ និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។

ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលនៃព្រះ

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សាវកប៉ុលបានបង្រៀនថា « គ្រប់ការទាំងអស់នឹងបានសម្រេច ដោយនូវមាត់ស្មរបន្ទាល់ពីរ ឬបីនាក់ » ( កូរិនថូស ទី២ ១៣:១ ) ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយស្រឡាញ់ព្រះគម្ពីរប៊ីប ដែលជាសាក្សីមួយក្នុងចំណោមសាក្សីទាំងនោះ និងព្រះគម្ពីរមរមនដែលជាសាក្សីមួយទៀតនៃព្រះយេស៊ូវគ្រីស្ទ ។

ដូចជាព្រះគម្ពីរប៊ីបដែរ ព្រះគម្ពីរមរមនគឺជាកំណត់ត្រាដ៏បំផុសគំនិតដ៏ទេវភាព ដែលចងក្រងដោយព្យាការីពីបុរាណ ។ វាកត់ត្រាព្រះបន្ទូលរបស់ព្រះទៅកាន់បុត្រាបុត្រីរបស់ទ្រង់នៅទ្វីបអាមេរិក ។ អ្នកអាចទទួលបានការបំផុសគំនិត ការយល់ដឹង និងការណែនាំច្បាស់លាស់ តាមរយៈការអានព្រះគម្ពីរទាំងពីរនេះជាមួយគ្នា ។
ទិដ្ឋភាពសង្ខេបអំពីព្រះគម្ពីរមរមន

សាសនាចក្ររបស់ព្រះគ្រីស្ទមានវត្តមាននៅទ្វីបអាមេរិក

ព្រះគម្ពីរមរមន ចាប់ផ្តើមជាមួយនឹងដំណើររឿងរបស់ព្យាការីម្នាក់ឈ្មោះ លីហៃ ដែលព្រះបានព្រមានលោកនៅប្រហែលឆ្នាំ ៦០០ មុន គ.ស. ថាក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញ ។ លីហៃ និងភរិយារបស់លោក គឺសារ៉ាយ ដែលបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះ បាននាំគ្រួសាររបស់ពួកគេឆ្លងកាត់មហាសមុទ្រ ដែលជាកន្លែងដែលនៅទីបំផុតកូនចៅរបស់ពួកគេបានក្លាយជាប្រជាជាតិពីរ ដែលគេស្គាល់ថាជាសាសន៍នីហ្វៃ និងសាសន៍លេមិន ។ ដំណើររឿងរបស់ពួកគេអំពីសេចក្តីជំនឿលើព្រះ និងការរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ផ្តល់នូវគំរូដ៏បំផុសគំនិត ដើម្បីធ្វើតាម ខណៈដំណើររឿងផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមនបញ្ជាក់អំពីសេចក្តីមេត្តាករុណារបស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ឬព្រមានប្រឆាំងនឹងអំពើបាប ។

ព្រឹត្តិការណ៍កំពូលនៃព្រះគម្ពីរមរមន គឺការយាងមករបស់ព្រះយេស៊ូវទៅជួបពួកអ្នកដើរតាមទ្រង់នៅទ្វីបអាមេរិកបន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ការយាងមកនេះបានបំពេញតាមការបង្រៀនរបស់ទ្រង់នៅក្រុងយេរូសាឡិម ៖
ខ្ញុំក៏មានចៀមឯទៀតដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ ។
បន្ទាប់ពីព្រះយេស៊ូវបានបង្រៀនគោលលទ្ធិរបស់ទ្រង់ ហើយបានបង្កើតសាសនាចក្ររបស់ទ្រង់នៅទ្វីបអាមេរិកហើយ នោះប្រជាជននៅទីនោះបានរស់នៅដោយសេចក្ដីសុខសាន្ដ និងសេចក្តីសុចរិតអស់ជាច្រើនជំនាន់ ។

នៅទីបំផុត ប្រជាជនបានធ្លាក់ចុះទៅក្នុងសង្រ្គាម និងអំពើទុច្ចរិត ហើយពួកសាសន៍នីហ្វៃត្រូវបានបំផ្លាញចោល ។ សាសន៍នីហ្វៃម្នាក់ដែលនៅរស់ក្នុងចំណោមពួកសាសន៍នីហ្វៃចុងក្រោយបង្អស់គឺ មរមន បានចងក្រងកំណត់ត្រារបស់ពួកគេចូលទៅកំណត់ត្រាដែលត្រូវបានគេស្គាល់នៅក្នុងសម័យទំនើបថាជាព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។

កំណត់ត្រាបុរាណមួយដែលបានបកប្រែនៅក្នុងជំនាន់របស់យើង

ព្រះបានជ្រើសរើស យ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការី ដើម្បីស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញនៅជំនាន់យើង ហើយរៀបចំផ្លូវសម្រាប់យ៉ូសែប ឲ្យរកឃើញកំណត់ត្រាបុរាណដែលបានចងក្រងដោយមរមន ហើយបកប្រែគម្ពីរនេះតាមរយៈវិវរណៈដ៏ទេវភាព ។ ចាប់តាំងពីពេលនោះមក ព្រះគម្ពីរមរមនបានបំផុសគំនិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកឲ្យផ្លាស់ប្តូរកាន់តែប្រសើរឡើង ហើយក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ស្មោះត្រង់ ។ វាក៏អាចបំផុសគំនិតអ្នកផងដែរ ។
Series of images of people studying in groups, individually, in families sitting in Congo

ព្រះគម្ពីរប៊ីបគឺជាព្រះបន្ទូលនៃព្រះ

ព្រះគម្ពីរប៊ីបដ៏បរិសុទ្ធគឺជាគម្ពីរដ៏ពិសិដ្ឋនៃព្រះគម្ពីរដែលព្រះបានប្រទានដល់យើង—ដល់បុត្រាបុត្រីរបស់ទ្រង់—សម្រាប់ជាប្រយោជន៍ដល់យើង ។ ការបង្រៀនរបស់វាអាចផ្តល់ឲ្យអ្នកនូវប្រភពនៃកម្លាំង ការបំផុសគំនិត និងការដឹកនាំ ។

នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ្នកអាច ៖
  • រៀនសូត្របន្ថែមទៀតអំពីព្រះ និងគោលបំណងនៃជីវិត ដោយអានអំពីការបង្កបង្កើតផែនដី និងការយាងមករបស់ព្រះអង្គសង្គ្រោះ ដែលបានបើកសម្តែងដល់ព្យាការីពីបុរាណដូចជាអេសាយ ។
  • ស្វែងរកគំរូដ៏មានអានុភាពនៃសេចក្តីជំនឿដូចជាម្ចាស់ក្សត្រីអេសធើរ ។
  • ទាញយកការលួងលោមពីកំណាព្យដ៏ពិរោះនៃទំនុកតម្កើង និងសុភាសិត ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី អ្នកអាច ៖
  • រៀនសូត្របន្ថែមទៀតអំពីព្រះអង្គសង្គ្រោះរបស់អ្នក គឺព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នករៀនអំពីការងារបម្រើរបស់ទ្រង់ក្នុងព្រះជន្មរមែងស្លាប់ ។ អ្នកនឹងអានអំពីព្រះជន្មរបស់ទ្រង់ អព្ភូតហេតុ និងគំរូដ៏ល្អឥតខ្ចោះ ។
  • ស្វែងរកផ្លូវ តាមរយៈការបង្រៀនរបស់ព្រះយេស៊ូវ ទៅកាន់ជីវិតដ៏កាន់តែមានន័យ មានភាពសុខសាន្ត និងសេចក្តីសង្គ្រោះដ៏អស់កល្បជានិច្ចវិញ ។
  • សំខាន់បំផុត រៀនអំពីពលិកម្មរបស់ព្រះយេស៊ូវសម្រាប់អ្នក និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ដោយសារទ្រង់ អ្នកអាចរីកចម្រើនដើម្បីឈានទៅរកសក្ដានុពលដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ហើយរៀបចំខ្លួនដើម្បីរស់នៅជាមួយព្រះ និងមនុស្សជាទីស្រឡាញ់របស់អ្នកជារៀងរហូត ។
    Photograph of a person reading scripture. We can see the words “Philemon” from the new testament on the page.

ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ

ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយបង្រៀនអំពីផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ គម្ពីរនេះមិនជំនួសគម្ពីរណាផ្សេងទេ ប៉ុន្តែពួកវាបំពេញការបង្រៀនឲ្យគ្នាទៅវិញទៅមក ស្រដៀងនឹងរបៀបដែលគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ផ្ដល់នូវទស្សនៈផ្សេងគ្នាដើម្បីបង្កើតជារូបភាពពេញលេញនៃគោលលទ្ធិ ឬដំណើររឿងដូចគ្នាដែរ ។


តាមរយៈការសិក្សាអំពីព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបជាមួយគ្នា នោះអ្នកអាចយល់កាន់តែច្បាស់អំពីព្រះ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ ដើម្បីចាប់ផ្តើម អ្នកអាចឃើញអ្វីដែលព្រះគម្ពីរទាំងពីរនិយាយអំពីប្រធានបទទាំងនេះ ៖
« ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ ។

ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា ។

តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ » ( អេសាយ ៥៣:៣–៥ [ ព្រះគម្ពីរប៊ីប ] ) ។

« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់។

ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ [ ព្រះគម្ពីរមរមន ] ) ។
« ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ( ម៉ាថាយ ៦:៣៣ [ ព្រះគម្ពីរប៊ីប ] ) ។

« ដ្បិតមើលចុះ ជីវិតនេះគឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រុងប្រៀបខ្លួនទៅជួបនឹងព្រះ មែនហើយមើលចុះ ពេលវេលានៃជីវិតនេះ គឺជាពេលវេលាសម្រាប់ឲ្យមនុស្សប្រព្រឹត្តការងារទាំងឡាយរបស់ខ្លួន ។

… ហើយឥឡូវនេះ ដូចដែលខ្ញុំបានប្រាប់អ្នកពីមុនមក ដោយអ្នករាល់គ្នាមានសាក្សីជាច្រើន ហេតុដូច្នេះហើយ ខ្ញុំសូមអង្វរដល់អ្នកថា ចូរអ្នករាល់គ្នាកុំបង្អង់នូវពេលវេលាចំពោះការប្រែចិត្តទុកដល់ទីអវសាននោះឡើយ ព្រោះបន្ទាប់ពីពេលវេលានៃជីវិតនេះ ដែលបានប្រទានដល់យើង ដើម្បីប្រុងប្រៀបខ្លួនសម្រាប់ដល់ភាពដ៏នៅអស់កល្បជានិច្ច មើលចុះ បើសិនជាយើងពុំបានធ្វើល្អឡើង កាលនៅក្នុងជីវិតនេះទេ លំដាប់នោះ យប់នៃសេចក្ដីងងឹតនឹងមកដល់ ហើយយើងនឹងពុំអាចប្រព្រឹត្តការងារអ្វីទៀត នៅក្នុងពេលនោះបានឡើយ » ( អាលម៉ា ៣៤:៣២–៣៣ [ ព្រះគម្ពីរមរមន ] ) ។
« ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ៖

ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ » ( យ៉ូហាន ១១:២៥–២៦ [ ព្រះគម្ពីរប៊ីប ] ) ។

« ហើយបន្ទាប់មក ហេតុការណ៍នឹងកើតឡើងថា វិញ្ញាណរបស់ពួកសុចរិតនឹងបានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ ដែលជាស្ថានភាពឈប់សម្រាក ស្ថានភាពសុខសាន្ត ជាកន្លែងដែលគេនឹងបានសម្រាកពីអស់ទាំងកង្វល់ ពីអស់ទាំងការបារម្ភ និងពីទុក្ខព្រួយ ។

ព្រលឹងនឹងបានផ្គុំចូលទៅក្នុងរាងកាយ ឯរាងកាយក៏នឹងបានផ្គុំទៅនឹងព្រលឹង មែនហើយ អវយវៈទាំងអស់ និងគ្រប់សន្លាក់ឆ្អឹង ត្រូវបានផ្គុំទៅនឹងរាងកាយវិញ មែនហើយ ទាំងសក់មួយសរសៃនៅលើក្បាលក៏ពុំបាត់ដែរ ហើយអ្វីៗទាំងអស់នឹងបានសាងទៅជារូបរាងដ៏ត្រឹមត្រូវ និងល្អឥតខ្ចោះឡើងវិញ ។

ហើយបន្ទាប់មក មនុស្សសុចរិតនឹងចែងចាំងនៅក្នុងនគរព្រះ » ( អាលម៉ា ៤០:១២, ២៣, ២៥ [ ព្រះគម្ពីរមរមន ] ) ។
« នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:៤០ [ ព្រះគម្ពីរប៊ីប ] ) ។

« ហើយមើលចុះ យើងសូមប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានប្រាជ្ញា ដើម្បីឲ្យអ្នករាល់គ្នាអាចបានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ [ ព្រះគម្ពីរមរមន ] ) ។

ទទួលបានដំណើររឿងពេញ

ព្រះគម្ពីរមរមន និងព្រះគម្ពីរប៊ីបអាចជាព្រះគម្ពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែផ្នែកខ្លះមានដំណើររឿងដូចគ្នា ។ សូមទទួលការណែនាំអំពីព្រះគម្ពីរមរមន ហើយសិក្សាព្រះគម្ពីរទាំងពីរជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។