ការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ៖ មេរៀនទី ២០៣
ការរៀបចំខ្លួនចូលព្រះវិហារបរិសុទ្ធដោយមានភាពស័ក្តិសម
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងថា ៖
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ និងជាជម្រកពីពិភពលោកនេះ ។ ព្រះវិញ្ញាណរបស់ទ្រង់គ្របដណ្តប់ការពារអស់អ្នកដែលថ្វាយបង្គំនៅក្នុងអគារដ៏ពិសិដ្ឋទាំងនោះ ។ ទ្រង់ដាក់បទដ្ឋានឲ្យយើងធ្វើតាម ពេលយើងចូលជាភ្ញៀវរបស់ទ្រង់ ។ ( « Recommended to the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ២៣ )
ព្រះវិហារបរិសុទ្ធ ប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ជាផ្នែកមួយនៃផែនការដ៏ពេញដោយសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ នោះទ្រង់ និងព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ បានបង្កើតបទដ្ឋានដើម្បីចូលព្រះវិហារបរិសុទ្ធ ។ ការធ្វើតាមបទដ្ឋានទាំងនេះធ្វើឲ្យយើងមានភាពស័ក្ដិសមដើម្បីចូលនៅក្នុងដំណាក់របស់ទ្រង់ទាំងទ្វេ ។
សូមយកចិត្តទុកដាក់ទៅលើអារម្មណ៍ និងគំនិតដែលអាចចូលមកក្នុងដួងចិត្ត និងគំនិតរបស់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣ ) ។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យដឹងទាំងអ្វីដែលអ្នកកំពុងធ្វើបានល្អ និងរបៀបដែលអ្នកអាចពង្រឹងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីធ្វើតាមបទដ្ឋានរបស់ទ្រង់ទាំងទ្វេដើម្បីមានភាពស័ក្ដិសមចូលទៅក្នុងដំណាក់របស់ទ្រង់ទាំងទ្វេ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យជញ្ជឹងគិតអំពីភាពស័ក្ដិសមរបស់អ្នក ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
រៀនអំពីរបៀបធ្វើ
ការចូលទៅក្នុងព្រះវិហារបរិសុទ្ធដើម្បីថ្វាយបង្គំព្រះអម្ចាស់
នៅប៉ុន្មានឆ្នាំថ្មីៗនេះ ព្រះអម្ចាស់បានពន្លឿនការសាងសង់ព្រះវិហារបរិសុទ្ធនៅទូទាំងពិភពលោក ។ ដោយមិនធ្លាប់មានពីមុនមក ឥឡូវនេះសមាជិកនៃសាសនាចក្ររបស់ទ្រង់មានឱកាសកាន់តែច្រើនដើម្បីចូលទៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ នៅពេលពួកគេត្រៀមខ្លួន និងមានភាពស័ក្តិសមដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ សូមគូសសម្គាល់អ្វីដែលអ្នករៀនអំពីការចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។
-
ទំនុកដំកើង ២៤:៣–៤ ( « ភ្នំនៃព្រះយេហូវ៉ា » អាចតំណាងឲ្យព្រះវិហារបរិសុទ្ធ ) ។
-
យេរេមា ៧:១–៣ ( យេរេមាគឺជាព្យាការីនៅអំឡុងពេលកើតមានអំពើទុច្ចរិតនៅក្នុងស្រុកយូដា ) ។
-
អេសេគាល ៤៤:៤–៥, ៩ ( « ផ្ចង់ចិត្ត » នៅក្នុង ខទី ៥ អាចមានន័យថា « យកចិត្តទុកដាក់ » ហើយ « កាត់ស្បែកខាងចិត្ត » នៅក្នុង ខទី ៩ អាចមានន័យមិនបំបែកខ្លួនពួកគេចេញពីអំពើបាប និងពិភពលោក ) ។
ការរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ជួយអ្នកឲ្យក្លាយកាន់តែដូចទ្រង់ ។ ការរក្សាបទដ្ឋានរបស់ព្រះអម្ចាស់អាចប្រទានពរដល់អ្នកនូវព្រះវិញ្ញាណ និងភាពសុខសាន្ដរបស់ទ្រង់ ។ មនុស្សគ្រប់គ្នាត្រូវបានអញ្ជើញឲ្យរៀបចំខ្លួនដើម្បីទៅកាន់ព្រះវិហារបរិសុទ្ធ អស់អ្នកដែលជ្រើសរើសដើម្បីចូលទៅដំណាក់របស់ទ្រង់ត្រូវតែបំពេញតាមគ្រប់បទដ្ឋាននៃភាពស័ក្ដិសមរបស់ព្រះអម្ចាស់ ។
បងប្រុស ប្រាដលី អរ វីលខក់ ក្នុងគណៈប្រធានយុវជនទូទៅ បានបង្រៀន ៖
មនុស្សមួយចំនួនទទួលយកសារលិខិតដោយយល់ខុសថា ដោយសារពួកគេមិនអាចបោះបង់ចោលទម្លាប់អាក្រក់ទាំងស្រុងបាន នោះពួកគេមិនស័ក្ដិសមដើម្បីចូលរួមយ៉ាងពេញលេញក្នុងដំណឹងល្អឡើយ ។ សារលិខិតរបស់ព្រះគឺថា ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះនោះទេ ។ ភាពស័ក្ដិសមគឺជាការប្រព្រឹត្តដោយស្មោះត្រង់ និងការព្យាយាម ។ ( « ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៦២ )
ភាពស័ក្តិសម ការប្រែចិត្ដ
សូមជញ្ជឹងគិតពីរបៀបដែលបទដ្ឋានរបស់ព្រះអម្ចាស់ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នក ។
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
របៀបមួយដើម្បីវាយតម្លៃការរីកចម្រើនរបស់អ្នកនៅលើផ្លូវនៃសេចក្ដីសញ្ញា គឺការពិនិត្យមើលឡើងវិញនូវសំណួរសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ វាគឺជាសំណួរដែលអ្នកត្រូវបានសួរ នៅពេលអ្នកសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ សូមអានសំណួរសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធទាំងអស់ ហើយជញ្ជឹងគិត (១) ថាតើអ្នកយល់ពីអ្វីដែលសំណួរកំពុងសួរឬទេ និង (២) តើការរស់នៅតាមបទដ្ឋានទាំងនេះអាចរៀបចំយើងឲ្យចូលទៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ដោយរបៀបណា ។
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ជាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាចឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ? តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ? តើអ្នកគំាទ្រអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រដែរឬទេ ?
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្រប់ការណ៍ទាំងអស់គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។ តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតផ្នែកសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ? តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
-
តើអ្នកធ្វើតាមការបង្រៀននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ទាំងអាកប្បកិរិយាផ្ទាល់ខ្លួន និងជាសាធារណៈជាមួយសមាជិកក្នុងគ្រួសារអ្នក និងអ្នកដទៃដែរឬទេ ?
-
តើអ្នកគាំទ្រ ឬលើកកម្ពស់ដល់ការបង្រៀន ការអនុវត្ត ឬគោលលទ្ធិណាមួយដែលផ្ទុយទៅនឹងការបង្រៀន ការអនុវត្ត ឬគោលលទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?
-
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?
-
តើអ្នកព្យាយាមមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើដែរឬទេ ?
-
តើអ្នកជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញឬទេ ?
-
តើអ្នកយល់ និងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?
-
តើមានអំពើបាបធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នក ដែលអ្នកចាំបាច់ត្រូវដោះស្រាយជាមួយនឹងអ្នកមានសិទ្ធិអំណាចបព្វជិតភាព ជាចំណែកនៃការប្រែចិត្តរបស់អ្នកដែរឬទេ ?
-
តើអ្នកគិតថា អ្នកមានភាពស័ក្តិសម ដើម្បីចូលក្នុងដំណាក់របស់ព្រះអម្ចាស់ និងចូលរួមក្នុងពិធីបរិសុទ្ធ នានានៃព្រះវិហារបរិសុទ្ធដែរឬទេ ?
សូមជ្រើសរើសសំណួរមួយក្នុងចំណោមសំណួរទាំងនេះដែលអ្នកចង់ស្វែងយល់បន្ថែមអំពីវា ។
សូមប្រើធនធានមួយ ឬច្រើន ខាងក្រោមដើម្បីដឹកនាំការសិក្សារបស់អ្នក ។ សូមកត់ត្រាអ្វីដែលអ្នករកឃើញនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
ស្វែងរកខគម្ពីរមួយ ឬច្រើនដែលអាចជួយអ្នកឲ្យយល់ពីបទដ្ឋាននេះដែលបានមកពីព្រះអម្ចាស់ ។
-
មើលផ្នែកនៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស [ ឆ្នាំ២០២២ ] ដែលអាចមានប្រយោជន៍ដើម្បីកាន់តែយល់អំពីបទដ្ឋាននេះ ។ កំណត់ចំណាំ ៖ សំណួរជាច្រើនក្នុងសំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ត្រូវបានរាយបញ្ជីនៅចុងបញ្ចប់នៃផ្នែកនីមួយៗនៅក្នុងសៀវភៅណែនាំ ។
-
ប្រើបណ្ណាល័យដំណឹងល្អដើម្បីស្វែងយល់អំពីពាក្យ ឬឃ្លាដែលអាចជួយក្មេងវ័យជំទង់ឲ្យយល់ពីបទដ្ឋានរបស់ព្រះអម្ចាស់ដើម្បីចូលទៅក្នុងដំណាក់របស់ទ្រង់ ។ ឧទាហរណ៍ អ្នកអាចស្រាវជ្រាវនៅក្នុង ប្រធានបទ និងសំណួរ ឬ ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គទេសក៍ចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ [ ឆ្នាំ២០២៣ ] ។
ការសិក្សាស៊ីជម្រៅ ៖ សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធអាចរកបាននៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមគិតពិចារណាអំពីភាពស័ក្ដិសមផ្ទាល់ខ្លួនរបស់អ្នកដើម្បីចូលក្នុងដំណាក់របស់ព្រះអម្ចាស់ ។ របៀបមួយដែលអ្នកអាចធ្វើបានគឺអានសំណួរសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធឡើងវិញ ហើយឆ្លើយសំណួរនីមួយៗដោយស្ងៀមស្ងាត់សម្រាប់ខ្លួនឯង ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីខ្លះ ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យជញ្ជឹងគិតអំពីភាពស័ក្ដិសមរបស់អ្នក ដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សំណួរសម្រាប់ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលអ្នកបានសិក្សា និងអ្វីដែលអ្នកបានរៀន ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?