ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ មេរៀនទី ១៤៧
យ៉ូអែល
« យើងនឹងចាត់វិញ្ញាណរបស់យើង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នេះគឺជាពេលដ៏គួរឲ្យរំភើបដើម្បីរស់នៅលើផែនដីនេះ ! ការព្យាករ និងការសន្យាជាច្រើនមកពីព្រះអម្ចាស់កំពុងត្រូវបានបំពេញ ។ នៅក្នុងចំណោមការសន្យាទាំងនេះគឺជាសេចក្តីសន្យារបស់ព្រះអម្ចាស់ថា « យើងនឹងចាត់វិញ្ញាណរបស់យើង » ( យ៉ូអែល ២:២៨; សូមមើលផងដែរ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។ សូមគិតអំពីវា—អង្គបង្កបង្កើតពិភពលោកចង់ប្រទានពរអ្នកឲ្យមានព្រះវិញ្ញាណរបស់ទ្រង់ ! មេរៀននេះអាចជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សិក្សាព្រះគម្ពីរ
នៅឆ្នាំ២០១៨ អ្នកស្រុកចំនួន៤លាននាក់នៃទីក្រុងខេប ថោន ប្រទេសអាហ្វ្រិកខាងត្បូងមានកង្វះខាតទឹកស្អាត ត្រូវប្រើទឹកស្អាតដោយសន្សំសំចៃ ។ ពួកគេត្រូវបានកំណត់ឲ្យប្រើទឹកត្រឹមតែ៤៩លីត្រក្នុងមនុស្សម្នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដូច្នេះហើយអ្នកស្រុកចាប់ផ្តើមកាត់បន្ថយអ្វីៗគ្រប់យ៉ាងចាប់ពីការងូតទឹក រហូតដល់ទឹកបង្គន់ ។ ប្រជាជនបានចាប់ផ្តើមតម្រង់ជួរនៅខាងក្រៅហាងលក់គ្រឿងទេស ដើម្បីមានឱកាសទិញទឹកដប ។ មន្ត្រីបានព្រមានអ្នកស្រុកថា ថ្ងៃនោះនឹងមកដល់នៅពេលដែលពួកគេនឹងបើកក្បាលម៉ាស៊ីនរ៉ូប៊ីណេ ហើយមិនមានទឹកបន្តិចសោះឡើយ ។
នៅទីបំផុត វិបត្តិនេះត្រូវបានដោះស្រាយ ។ ប៉ុន្តែ អ្នកស្រុកជាច្រើនមិនមើលរំលងនូវពរជ័យនៃទឹកដែលហូរចេញពីក្បាលម៉ាស៊ីនរ៉ូប៊ីណេរបស់ពួកគេឡើយ ។
យ៉ូអែលបានព្យាករអំពីព្រឹត្តិការណ៍ដ៏អាក្រក់ ដែលនឹងមានមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូអែល ២:១–១១ ) ។ លោកក៏បានព្យាករពីវិវរណៈដ៏អស្ចារ្យដែលព្រះអម្ចាស់នឹងចាក់ស្រោចមក ដើម្បីទ្រទ្រង់យើងផងដែរ ។
សូមអាន យ៉ូអែល ២:២១–២៣, ២៦–២៧ ។ សូមគូសសម្គាល់ឃ្លានីមួយៗដែលបង្ហាញពីអារម្មណ៍ដែលព្រះអម្ចាស់មានបន្ទូលថាយើងអាចនឹងមាន សូម្បីតែពេលប្រឈមមុខនឹងឧបសគ្គក៏ដោយ ។
សូមអាន យ៉ូអែល ២:២៨–២៩ ហើយរកមើលអ្វីដែលព្រះអម្ចាស់នឹងប្រទានដើម្បីជួយយើង នៅពេលយើងប្រឈមមុខនឹងឧបសគ្គ ។ សូមដាក់ស្លាកអ្វីដែលអ្នករកឃើញថា « វិវរណៈ » និង « ថ្ងៃចុងក្រោយ » ។
ទឹករស់ ដោយ ស៊ីម៉ូន ឌូវី
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានសំដៅទៅលើអង្គទ្រង់ថាជា « ទឹករស់ » ( យ៉ូហាន ៤:១០ ) ។ សូមភ្ជាប់ឃ្លា « ចាត់វិញ្ញាណរបស់យើង » នៅក្នុង យ៉ូអែល ២:២៨ ទៅ យ៉ូហាន ៤:១០ ។
ដូចជាយើងពឹងលើទឹកសម្រាប់ការរស់រានមានជីវិតខាងរូបកាយដែរ នោះការរស់រានខាងវិញ្ញាណរបស់យើងក៏ពឹងលើព្រះវិញ្ញាណនៃព្រះអម្ចាស់ដែលចាត់មកយើងផងដែរ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ៩៦ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើវិវរណៈមកពីព្រះអម្ចាស់អាចមានសភាពដូចម្តេចនៅសព្វថ្ងៃនេះ ?
ដូចដែលយ៉ូអែលបានព្យាករមកថា ព្រះអម្ចាស់អាចប្រើសុបិន និងការនិមិត្ត ដើម្បីបើកសម្តែងពីសេចក្តីពិតនៅសព្វថ្ងៃនេះ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយគំរូដ៏មានអានុភាពអំពីព្រះដែលបើកសម្តែងពីសេចក្តីពិតតាមរយៈសុបិនក្នុងជំនាន់របស់យើង ។
កាលពីក្មេង ប្អូនស្រី កាលុមបូ រូសេត ខាំវ៉ានយ៉ា មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលឥឡូវនេះកំពុងបម្រើនៅក្នុងបេសកកម្មកូតេ ឌីវ៉ូ អាប៊ីចាន់ខាងលិច បានតមអាហារ ហើយអធិស្ឋានរយៈពេលបីថ្ងៃដើម្បីស្វែងរកទិសដៅដែលព្រះសព្វព្រះទ័យឲ្យនាងទៅ ។ នៅក្នុងការនិមិត្តមួយនាវេលាយប់ នាងបានឃើញអគារពីរ និងអ្វីដែលនាងឥឡូវនេះដឹងថាជាព្រះវិហារបរិសុទ្ធ ។ នាងបានចាប់ផ្ដើមស្រាវជ្រាវ ហើយរំពេចនោះបានរកឃើញសាលាប្រជុំដែលនាងបានសុបិនឃើញ ។ ស្លាកសញ្ញានោះបានសរសេរថា « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ ប្អូនស្រី ខាំវ៉ានយ៉ា បានជ្រមុជទឹក រួចហើយម្ដាយនាង ព្រមទាំងប្អូនប្រុសប្រាំមួយនាក់របស់នាងផងដែរ ។ ( « The Joy of the Saints » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ១៦ )
ស៊ីស្ទើរ កាលុមបូ រូសេត ខាំវ៉ានយ៉ា
ជាពិសេសនោះ ព្រះអម្ចាស់បានចាត់វិវរណៈតាមរបៀបជាច្រើនជាងការសុបិន និងការនិមិត្តទៅទៀត ។ ជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់ប្រធាន ណិលសុន ឲ្យរៀនពីរបៀបដែលព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទមានបន្ទូលមកកាន់យើង សាសនាចក្របានបង្កើតកម្រងវីដេអូដែលចែកចាយរបៀបផ្សេងៗដែលថ្នាក់ដឹកនាំសាសនាចក្រស្ដាប់តាមទ្រង់ ។
សូមមើលវីដេអូមួយ ឬច្រើន នៃវីដេអូ Hear Him videos ហើយរកមើលរបៀបដែលព្រះអម្ចាស់អាចចាត់ព្រះវិញ្ញាណរបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ។ ឬ ស្វែងរកបទគម្ពីរផ្សេងទៀតយ៉ាងហោចណាស់ពីរ ដែលចែកចាយពីរបៀបដែលព្រះអម្ចាស់បើកសម្តែងសេចក្តីពិត ។
ជម្រើស ខ
តើខ្ញុំអាចរៀបចំខ្លួនខ្ញុំដើម្បីទទួលវិវរណៈបន្ថែមទៀតនៅក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម និងគូសចំណាំការណែនាំដែលអ្នកគិតថា អាចជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—ពិតណាស់ ជាបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់បងប្អូន ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលបងប្អូនធ្វើដំណើការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ បងប្អូននឹង « រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ » ។ ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ )
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
យើងម្នាក់ៗនៅតែតម្រូវឲ្យខិតខំអនុវត្តអំណោយទានខាងវិញ្ញាណ បន្ទាប់មកយាងអញ្ជើញ ហើយរៀនស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណ ។ គោលការណ៍ណែនាំចំនួនបួនដើម្បីជួយយើងក្នុងការខិតខំខាងវិញ្ញាណដ៏សំខាន់នេះគឺ ៖
ឈរនៅក្នុងទីបរិសុទ្ធ ។
ឈរជាមួយបុគ្គលបរិសុទ្ធ ។
ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏បរិសុទ្ធ ។
សូមស្តាប់ព្រះវិញ្ញាណបរិសុទ្ធ ។
សមត្ថភាពរបស់បងប្អូនក្នុងការយាងអញ្ជើញ និងទទួលស្គាល់ការបំផុសគំនិតនៃព្រះវិញ្ញាណនឹងអភិវឌ្ឍមួយជំហានម្តងៗ ។ ( « ការបំផុសគំនិតពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៥ )
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ដោយផ្អែកលើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមធ្វើផែនការមួយសម្រាប់របៀបដែលអ្នកនឹងស្វែងរកការណែនាំមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលអ្នកបានបញ្ចប់ផែនការរបស់អ្នកហើយ សូមធ្វើការណ៍មួយដូចខាងក្រោម ៖
-
សរសេរផែនការរបស់អ្នកនៅលើក្រដាសមួយសន្លឹក ហើយបិតវានៅកន្លែងដែលអ្នកអាចមើលឃើញវាជាញឹកញាប់ ។
-
ចែកចាយគម្រោងរបស់អ្នកជាមួយនរណាម្នាក់ដែលអ្នកទុកចិត្ត ហើយសុំគំនិត និងយោបល់បន្ថែម ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួនមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
អ្វីដែលអ្នកបានរៀនមកពីព្រះគម្ពីរ និងវីដេអូ Hear Him ដែលនិយាយអំពីរបៀបព្រះចាត់ព្រះវិញ្ញាណរបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ។
-
ផែនការរបស់អ្នកសម្រាប់របៀបដែលអ្នកនឹងស្វែងរកវិវរណៈផ្ទាល់ខ្លួន ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?