អេសាយ ៥០–៥៧ ៖ មេរៀនទី ១២៣
អេសាយ ៥១–៥២
« ចូរប្រុងស្តាប់តាមយើង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តាមរយៈអេសាយ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់រាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ទាំងកាលពីបុរាណ និងនៅសម័យនេះ ។ ទ្រង់បានបន្តការសន្យាដ៏ថ្លៃថ្លាដល់ពួកគេ ប្រសិនបើពួកគេជ្រើសរើសស្តាប់តាមការអញ្ជើញដែលពេញដោយក្តីស្រឡាញ់របស់ទ្រង់ ។ ក្នុងនាមជារាស្ត្រក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ព្រះអម្ចាស់បានបន្តការសន្យា និងការអញ្ជើញដូចគ្នាទាំងនេះដល់យើងដែរ ។ មេរៀននេះអាចជួយអ្នកឲ្យស្តាប់តាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
សិក្សាព្រះគម្ពីរ
ពេលខ្លះ សមត្ថភាពក្នុងការស្តាប់ និងការធ្វើសកម្មភាពអាចធ្វើឲ្យមានភាពខុសគ្នាខ្លាំងណាស់ ។
នៅឆ្នាំ២០២២ ឌែរិន ហារីសុន បានជិះយន្តហោះតូចមួយ ដែលមានម៉ាស៊ីនមួយ ជាអ្នកដំណើរសម្រាប់ការហោះហើរដ៏ខ្លីមួយ ។ ប៉ុន្មានម៉ោងក្រោយមក គាត់បានបញ្ជូនសារដូចតទៅនេះ ៖ « ខ្ញុំមានស្ថានភាពធ្ងន់ធ្ងរមួយនៅទីនេះ ។ អ្នកបើកយន្តហោះរបស់ខ្ញុំទៅជារវើរវាយ ។ ខ្ញុំមិនចេះបើកយន្តហោះនោះទេ » ។ មិនយូរប៉ុន្មាន អ្នកណែនាំផ្នែកហោះហើរម្នាក់អង្គុយផ្ដល់ការណែនាំតាមវិទ្យុ អំពីរបៀបចុះចតយន្តហោះ ។
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពនេះ តើអ្នកអាចមានអារម្មណ៍យ៉ាងណាដែរ ?
-
តើភាពធ្ងន់ធ្ងរនៃស្ថានភាពនេះនឹងជះឥទ្ធិពលលើរបៀបដែលអ្នកស្តាប់យ៉ាងដូចម្តេច ?
បន្ទាប់ពីស្តាប់តាមការណែនាំដោយប្រុងប្រយ័ត្ន ឌែរិន បានចុះចតយន្តហោះដោយជោគជ័យ ។ អ្នកបើកយន្ដហោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ គាត់បានទទួលការព្យាបាលសម្រាប់ស្ថានភាពសុខភាពធ្ងន់ធ្ងរ ប៉ុន្តែក្រោយមកបានជាសះស្បើយឡើងវិញ ។
ការរស់រានមានជីវិតរបស់ ឌែរិន អាស្រ័យលើសមត្ថភាពរបស់គាត់ក្នុងការទទួល និងការគោរពតាមការណែនាំទាំងឡាយ ។ សមត្ថភាពរបស់អ្នកក្នុងការទទួល និងការគោរពតាមការណែនាំមកពីព្រះ គឺសំខាន់ខ្លាំងណាស់ចំពោះសុវត្ថិភាព និងការរស់រានមានជីវិតខាងវិញ្ញាណរបស់អ្នក ។
នៅក្នុង អេសាយ ៥១ ព្រះអម្ចាស់បានណែនាំយើងម្តងហើយម្តងទៀតឲ្យ « ស្ដាប់តាម » ( ខទី ១, ៤ និង ៧ ) ។ សូមគូសសម្គាល់រាល់ពេលដែលអ្នកឃើញពាក្យនេះ ។ សូមចម្លង ឬដាក់តំណភ្ជាប់ផ្នែកមួយនៃនិយមន័យខាងក្រោមនេះមកពីប្រធាន រ័សុល អិម ណិលសុន នៅជាប់នឹងពាក្យ « ស្តាប់តាម » ទីមួយដែលបង្ហាញឡើងនៅក្នុង អេសាយ ៥១ ។
វាមានន័យថា « ស្ដាប់ដោយបំណងចិត្តគោរពតាម » ។ ការប្រុងស្ដាប់មានន័យថា « ស្ដាប់ទ្រង់ »—ដើម្បី ឮ នូវអ្វីដែលព្រះអង្គសង្គ្រោះមានបន្ទូល បន្ទាប់មក ផ្ទៀងស្ដាប់ ដំបូន្មានរបស់ទ្រង់ ។ នៅក្នុងពាក្យទាំងពីរម៉ាត់នេះ—« ស្ដាប់ទ្រង់ »—ព្រះប្រទានលំនាំសម្រាប់ជោគជ័យ សុភមង្គល និងអំណរនៅក្នុងជីវិតនេះ ។ យើងត្រូវ ស្ដាប់ ព្រះបន្ទូលរបស់ព្រះអម្ចាស់ ប្រុងស្ដាប់ ព្រះបន្ទូលទាំងនោះ ហើយ ផ្ទៀងស្ដាប់ អ្វីដែលទ្រង់បានប្រាប់ដល់យើង ! ( « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៩ )
សូមអាន អេសាយ ៥១:៣ ហើយគូសសម្គាល់អ្វីដែលព្រះអម្ចាស់សន្យាចំពោះអ្នកដែលស្តាប់តាមទ្រង់ និងរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។
សូមប្រៀបធៀបដំណើររឿងរបស់ ឌែរិន ហារីសុន ទៅនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនរបស់អ្នក ។ សូមសរសេរកំណត់ចំណាំមួយជាប់នឹង ខទី ៣ ហើយពន្យល់ពីមូលហេតុដែលអ្នកគិតថា ការស្តាប់តាមការណែនាំមកពីព្រះដែលញាណដឹងទាំងអស់ នឹងនាំមកនូវការលួងលោម អំណរ និងសេចក្តីរីករាយ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមធ្វើជម្រើសពីរ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងបំភ្លេចខ្ញុំដែរឬទេ ?
សូមអាន អេសាយ ៥២:១–៣ ហើយរកមើលការអញ្ជើញរបស់ព្រះអម្ចាស់ទៅដល់រាស្រ្តរបស់ទ្រង់ ។ ចំណាំ ៖ យ៉ូសែប ស៊្មីធ បានទូលសូមជំនួយពីព្រះអម្ចាស់ ដើម្បីយល់ពីវគ្គបទគម្ពីរនេះ ។ សូមដាក់តំណភ្ជាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៣:៧–១០ ទៅនឹងវគ្គបទគម្ពីរនេះ ។
សូមសរសេរកំណត់ចំណាំនៅជាប់នឹង ខទី ១ និង ២ ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បី « ពាក់កំឡាំងរបស់ឯង » ឬទទួលបានពរជ័យដែលបានផ្តល់ឲ្យតាមរយៈបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះ ?
-
តើព្រះអម្ចាស់អញ្ជើញយើងឲ្យពាក់ ឬរលាស់ចេញ និងយកអ្វីខ្លះចេញពីជីវិតរបស់យើង ? តើយើងអាចពាក់ ឬរលាស់របស់ទាំងនោះចេញដោយរបៀបណា ?
ជម្រើស ខ
តើខ្ញុំអាចទទួលបានការណែនាំរបស់ព្រះអម្ចាស់នៅឯណា ?
សូមអាន អេសាយ ៥២:៧–១០ ហើយរកមើលពរជ័យរបស់ព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្តាប់តាមព្រះយេស៊ូវគ្រីស្ទ និងអ្នកបម្រើរបស់ទ្រង់ ។
អេសាយ ៥២:៧ អាចសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ និងអ្នកដែលផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ ។
សូមចំណាំថា « ពួកចាំយាម » នៅក្នុងខទី៨ សំដៅទៅលើពួកព្យាការីរបស់ព្រះអម្ចាស់ ។ អ្នកអាចដាក់ស្លាកខទី៨ថា « ព្យាការី » ។
ឃ្លា « ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ » ( អេសាយ ៥២:១០ ) សំដៅទៅលើព្រះអម្ចាស់ ដែលបង្ហាញពីព្រះចេស្ដារបស់ទ្រង់ ។
សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹង ខទី ៧ និង ៨ ហើយឆ្លើយសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាវាសំខាន់ ដែលព្រះអម្ចាស់ប្រើព្យាការីឲ្យផ្តល់ការណែនាំដល់យើង ?
ជម្រើស គ
តើខ្ញុំអាចមានភាពក្លាហានដោយរបៀបណា នៅពេលខ្ញុំមានអារម្មណ៍ភ័យខ្លាច ?
សូមអាន អេសាយ ៥២:១១–១២ ហើយរកមើលការអញ្ជើញ និងពរជ័យទាំងឡាយរបស់ព្រះអម្ចាស់ ។ ដើម្បីជួយអ្នកឲ្យយល់ពីពរជ័យរបស់ទ្រង់ សូមកត់ចំណាំថា ពាក្យ « ខាងក្រោយ » ( អេសាយ ៥២:១២ ) សំដៅទៅលើនរណាម្នាក់ដែលការពារកងទ័ព ឬបុគ្គលម្នាក់ពីខាងក្រោយ ។
ព្រះអម្ចាស់បានធ្វើការសន្យាស្រដៀងគ្នានេះទៅកាន់ យ៉ូសែប ស្ម៊ីធ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៨ ហើយដាក់តំណភ្ជាប់វាទៅនឹង អេសាយ ៥២:១២ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ព្រះអម្ចាស់គឺជាផ្នែកខាងក្រោយរបស់យើងតាមរបៀបណាខ្លះ នៅពេលយើងស្តាប់តាមការណែនាំរបស់ទ្រង់ ?
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
សូមជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ និងការអញ្ជើញ ឬការប្រឹក្សាណាមួយដែលអ្នកទទួលអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានដល់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមពិចារណាពីសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែលព្រះអម្ចាស់កំពុងអញ្ជើញអ្នកឲ្យធ្វើអ្វីដើម្បីទទួលបានជំនួយរបស់ទ្រង់ជាមួយនឹងបញ្ហាប្រឈម កង្វល់ ឬសំណួរទាំងឡាយរបស់អ្នក ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្តាប់តាមការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
កំណត់ចំណាំយ៉ាងហោចណាស់ពីរ ដែលអ្នកបានសរសេរនៅក្នុង អេសាយ ៥២ និងខគម្ពីរដែលអ្នកបានសរសេរនៅជាប់នោះ ។
-
ការសរសេរនៅក្នុងសៀវភៅកត់ចំណាំ ដែលអ្នកបានសរសេរអំពីព្រះអម្ចាស់ដែលជាផ្នែកខាងក្រោយរបស់យើង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?