ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៤ ៖ អេសាយ ៥៣—ព្រះយេស៊ូវ​គ្រីស្ទ​បាន « ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង »


ព្រះយេស៊ូវ​គ្រីស្ទ​លី​ឈើឆ្កាង​របស់​ទ្រង់

អេសាយ ៥០–៥៧ ៖ មេរៀន​ទី ១២៤

អេសាយ ៥៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន « ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការលំបាក​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​អាច​បណ្តាល​ឲ្យ​យើង​ងឿង​ឆ្ងល់​ថា តើ​មាន​នរណា​ម្នាក់​យល់ពី​អ្វី​ដែល​យើង​កំពុង​ជួបប្រទះ​ដែរ​ឬ​ទេ ហើយ​តើ​មាន​នរណា​ម្នាក់​អាច​ជួយ​យើង​បាន​ទេ ។ តាមរយៈ​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួល​អារម្មណ៍​គ្រប់​យ៉ាង ដែល​យើង​អាច​ជួប​ប្រទះ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ដោយសារ​តែ​ដង្វាយ​ធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​យើង​ក្នុង​ការរងទុក្ខ​របស់​យើង​បាន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

សិក្សា​ព្រះគម្ពីរ

យុវនារី​ម្នាក់​កំពុង​លួងលោម​យុវនារី​ម្នាក់​ទៀត

អាណា និង មីរ៉ា គឺជា​កល្យាណ​មិត្ត​នឹង​គ្នា​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​នៅពេល​ជីតា​របស់​អាណា​បាន​ទទួល​មរណភាព មីរ៉ា​បាន​ប្រញាប់​ទៅ​ផ្ទះ​របស់​នាង ដើម្បី​ផ្តល់​ការលួងលោម ។ អាណា​បាន​បើក​ទ្វារ​ឆ្លើយ​ទាំង​ទឹកភ្នែក ។ មីរ៉ា​បាន​និយាយ​ថា « ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់ ។ ខ្ញុំ​ដឹង​ថា ឯង​កំពុង​ពិបាក​ចិត្ត ។ ពូ​របស់​ខ្ញុំ​បាន​ស្លាប់​កាលពី​ឆ្នាំ​មុន ដូច្នេះ​ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​ឯង » ។

អាណា​ញញឹម​ដោយ​គួរសម ប៉ុន្តែ​ដក​ដង្ហើម​ធំ​ក្នុង​ចិត្ត ។ នាង​គិត​ថា « ទេ ឯង​មិន​ដឹង​ទេ ។ ឯង​ដឹង​ថា ឯង​មាន​អារម្មណ៍​បែបណា ។ វា​ខុសគ្នា ដូច្នេះ​កុំ​ធ្វើ​ដូចជា​វា​ដូចគ្នា​អី ។ គ្មាន​នរណា​ដឹង​ពី​អារម្មណ៍​របស់​ខ្ញុំ ក្រៅពី​ខ្ញុំ​នោះ​ទេ » ។

  • តើ​អ្នក​យល់ស្រប​នឹង​គំនិត​របស់​អាណា​ដែរ​ឬ​ទេ ? តើ​វា​អាច​ទៅ​រួច​ទេ ដើម្បី​យល់ពី​អារម្មណ៍​របស់​អ្នកដទៃ​បាន​យ៉ាង​ច្បាស់​ឥតខ្ចោះ​នោះ ?

  • ហេតុអ្វី​បានជា​វា​មាន​ប្រយោជន៍ ប្រសិនបើ​អ្នក​មាន​នរណាម្នាក់​ដែល​យល់​ច្បាស់​ពី​អារម្មណ៍​របស់​អ្នក ?

ប្រសិនបើ​មាន សូម​មើល​វីដេអូ « The Savior Understands Me » ពី​នាទី​ទី ១:៤៥–៣:៣៧ ។

3:37

តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​ដឹង និង​យល់​យ៉ាង​ឥតខ្ចោះ​ពី​បទពិសោធន៍​នៃ​ជីវិត​របស់​យើង ។ នៅក្នុង អេសាយ ៥៣ ព្យាការី​អេសាយ​បាន​បង្រៀន​អំពី​ពលិកម្ម​ដ៏ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិអេសាយ ៥៣:៣–៥ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ « [ ព្រះយេស៊ូវ​គ្រីស្ទ ] បាន​ទ្រាំទ្រ​រង​អស់​ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត » ។ សូម​សរសេរ​សេចក្ដីយោង​នេះ​នៅលើ​ក្រដាស​ដោយ​ប្រើ​ខ្មៅដៃ បន្ទាប់មក​លុប​ពាក្យ ឬ​លេខ​ថ្មី​មួយ រាល់ពេល​ដែល​អ្នក​ទន្ទេញ​វា រហូត​ដល់​ទំព័រ​នេះ​ទទេ​ម្តងទៀត ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ៥៣:១–១២ ហើយ​គូសសម្គាល់​អ្វី​ខាងក្រោម​នេះ​តាម​របៀប​ពីរ​ផ្សេងគ្នា ៖

  • អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លងកាត់ ជា​ផ្នែក​មួយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។

  • អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​បាន​សម្រាប់​ខ្ញុំ ដោយសារ​តែ​ដង្វាយធួន​របស់​ទ្រង់ ។

រូបតំណាង​កត់​ចំណាំប្រសិនបើ​អ្នក​ពិបាក​យល់​ឃ្លា​មួយ​ចំនួន នៅពេល​អ្នក​អាន សូម​ពិនិត្យ​មើល​លេខយោង​នៃ​មេរៀន​នេះ ដើម្បី​មើល​ការបកស្រាយ​ដែល​អាច​មាន ។ អ្នក​អាច​សរសេរ​កំណត់​ចំណាំ​មួយ​នៅ​ជាប់​នឹង​ឃ្លា​នីមួយៗ ដែល​រួមបញ្ចូល​ការបកស្រាយ​ដែល​អាច​មាន​ផងដែរ ។

  • « គ្មាន​ភាពលម្អ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ » ( អេសាយ ៥៣:២ )

  • « ទ្រង់​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល » ( អេសាយ ៥៣:៣ )

  • « ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺចាប់​របស់​យើង » ( អេសាយ ៥៣:៤ )

  • « ឯ​ការវាយផ្ចាល​ដែល​នាំឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ » ( អេសាយ ៥៣:៥ )

  • « ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ( អេសាយ ៥៣:៥ )

  • « គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជាមួយ​នឹង​ពួកអាក្រក់ » ( អេសាយ ៥៣:៩ )

  • « គង់​តែ​ព្រះយេហូវ៉ា​បាន​សព្វ​ព្រះហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ » ( អេសាយ ៥៣:១០ )

  • « ពូជពង្ស​របស់​ទ្រង់ » ( អេសាយ ៥៣:១០ )

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​អារម្មណ៍​របស់​ខ្ញុំ​មួយណា ដែល​ព្រះយេស៊ូវ​យល់ ?

អេសាយ​មិន​មែន​ជា​ព្យាការី​តែ​ម្នាក់​គត់ ដែល​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​យល់ពី​អារម្មណ៍​របស់​យើង​នោះ​ទេ ។

រូបតំណាង​តំណ​ភ្ជាប់សូម​ដាក់​តំណភ្ជាប់ អេសាយ ៥៣:៣–៥ ទៅកាន់ អាលម៉ា ៧:១១–១៣ ។ បន្ទាប់​មក សូម​អាន អាលម៉ា ៧:១១–១៣ ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា ព្រះគ្រីស្ទ​បាន​រងទុក្ខ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ជ្រាលជ្រៅ​កម្រិតណា ៖

16:23
អែលឌើរ ដេវីឌ អេ បែដណា

គ្មាន​ការឈឺចាប់​ខាង​សាច់ឈាម ការរង​របួស​ខាងវិញ្ញាណ និង​ការឈឺចិត្ត​ក្នុង​ព្រលឹង ការចុកចាប់ ជំងឺ ឬ​ភាពទន់ខ្សោយ​ណា​ដែល​អ្នក ឬ​ខ្ញុំ​ជួប​ក្នុងជីវិត​នេះ ដែល​ព្រះអង្គ​សង្គ្រោះ​មិន​ធ្លាប់​បាន​មាន​បទពិសោធន៍​ជាមុន​នោះទេ ។ នៅក្នុង​គ្រា​នៃ​ភាពទន់ខ្សោយ​មួយ យើង​អាច​នឹង​ស្រែក​ឡើង​ថា « គ្មាន​នរណា​ម្នាក់​ស្គាល់​ពី​អារម្មណ៍​នេះ​ទេ ។ គ្មាន​នរណា​ម្នាក់យល់​ទេ » ។ ប៉ុន្តែ​ព្រះរាជបុត្រា​នៃ​ព្រះ​ត្រាស់ដឹង និង​យល់​ដ៏​ឥតខ្ចោះ ដ្បិត​ទ្រង់​បាន​ដឹង និង​រែក​បន្ទុក​របស់​យើង​ម្នាក់ៗ ។ ហើយ​ព្រោះតែ​ពលិកម្ម​ដ៏​និរន្តរ៍ និង​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ( សូម​មើល អាលម៉ា ៣៤:១៤ ) នោះ​ទើប​ទ្រង់​មាន​ការយល់ដឹង​ដ៏​ឥតខ្ចោះ ហើយ​អាច​លាត​ព្រះហស្ដ​នៃ​សេចក្តី​មេត្តា​កុរណា​របស់​ទ្រង់​មក​រក​យើង ។ ទ្រង់​អាច​ឈោង​ព្រះហស្ដ ប៉ះ ជួយ​សង្គ្រោះ ប្រោស និង​ពង្រឹង​យើង ហួស​ពី​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន ដោយ​ការពឹង​តែទៅ​លើ​អំណាច​យើង​ផ្ទាល់​នោះ ។ ( « Bear Up Their Burdens with Ease » Liahona ខែ​ឧសភា ឆ្នាំ​២០១៤ ទំព័រ​៩០ )

រូបតំណាង​ចែកចាយតើ​អ្នក​ស្គាល់​នរណាម្នាក់ ដែល​ពុះពារ​ជាមួយ​អារម្មណ៍​មួយ​ដូចជា​គ្មាន​នរណាម្នាក់​យល់ពី​ពួកគេ​ដែរ​ឬ​ទេ ? សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​គម្ពីរ​អេសាយ អាលម៉ា និង​អែលឌើរ បែដណា ដើម្បី​សរសេរ​ការឆ្លើយតប​មួយ​ទៅកាន់​ពួកគេ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ នៅពេល​អ្នក​រួចរាល់​ហើយ សូម​ពិចារណា​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​ពួកគេ ។

ជម្រើស ខ

ហេតុអ្វី​បានជា​ខ្ញុំ​គួរតែ​ងាក​ទៅរក​ព្រះយេស៊ូវ ជាជាង​ងាក​ទៅរក​នរណាម្នាក់​ផ្សេងទៀត ?

ប្រសិនបើ​មាន សូម​មើល​វីដេអូ « He Will Give You Help » ( ៤:៤៣ ) ។

4:43

រូបតំណាង​សៀវភៅ​កត់ចំណាំ ដោយ​ផ្អែកលើ​ដំណើររឿង និង​បទគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • ហេតុអ្វី​បានជា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដ៏ល្អ​បំផុត​ដើម្បី​ងាក​ទៅរក នៅពេល​អ្នក​ឆ្លងកាត់​នឹងសេចក្ដី​ទុក្ខព្រួយ សេចក្ដី​ឈឺចាប់ ឬ​ការឈឺចាប់ ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​អារម្មណ៍​ពី​ការលួងលោម​របស់​ព្រះអង្គ​សង្គ្រោះ ពេល​កំពុង​ឆ្លងកាត់​សេចក្ដី​ទុក្ខព្រួយ សេចក្ដី​ឈឺចាប់ ឬ​ការឈឺចាប់​យ៉ាង​ដូចម្ដេច ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ដឹងគុណ​ចំពោះ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​សរសេរ​សម្រាប់​នរណាម្នាក់ ដែល​មាន​អារម្មណ៍​ថា​គ្មាន​នរណាម្នាក់​យល់ពី​ពួកគេ​នោះ​ទេ ។

  • កំណត់​ចំណាំ​ក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ដែល​អ្នក​បាន​សរសេរ​នៅក្នុង​ជម្រើស ខ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?

កំណត់​ចំណាំ

  1. ភាពលម្អ​អាច​មាន​ន័យ​ថា មិនមាន​អ្វី​អំពី​រូបរាងកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​នឹង​ទាក់ទាញ​មនុស្ស​មករក​ទ្រង់​នោះ​ទេ ។

  2. ការណ៍​នេះ​អាច​សំដៅ​ទៅលើ​មនុស្ស​ដែល​មិន​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ឬ​បេសកកម្ម​របស់​ទ្រង់ ( សូម​មើល ម៉ាថាយ ២៧:២២–២៣; លូកា ៤:១៦–៣០ និង យ៉ូហាន ១:១១ ) ។

  3. អស់​ទាំង​សេចក្ដី​ឈឺចាប់​អាច​សំដៅ​ទៅលើ​ការឈឺចាប់​របស់​យើង ទុក្ខ​លំបាក ជំងឺ និង​ភាពទន់ខ្សោយ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​លើ​ព្រះកាយ​របស់​ផង​ទ្រង់ ( សូម​មើល អាលម៉ា ៧:១១–១២ ) ។

  4. « ការវាយផ្ចាល​ដែល​នាំឲ្យ​យើង​បាន​ជា​មេត្រី​ » អាច​សំដៅ​ទៅលើ​ការដាក់ទោស​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួល​រង​សម្រាប់​អំពើបាប​របស់​យើង ។

  5. ស្នាម​រំពាត់​អាច​សំដៅ​ទៅលើ​របួស ដែល​បន្សល់ទុក​នៅលើ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ដែល​ទ្រង់​ត្រូវបាន​គេ​វាយ​នឹង​រំពាត់ ( សូម​មើល ម៉ាថាយ ២៧:២៦ ) ។

  6. ព្រះយេស៊ូវ​ត្រូវបាន​គេ​ឆ្កាង​ជាមួយ​ចោរ​ពីរ​នាក់ ( សូម​មើល លូកា ២៣:៣២–៣៣ ) ។

  7. ការណ៍​នេះ​អាច​មាន​ន័យ​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ដែល​ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ប្រទាន​អង្គ​ទ្រង់​ជា​ពលិកម្ម​សម្រាប់​អំពើបាប​របស់​យើង ។

  8. ការណ៍​នេះ​សំដៅ​ទៅលើ​អ្នក​ដែល​ជឿ​លើ​ទីបន្ទាល់​របស់​ពួកព្យាការី​ទាក់ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ូសាយ ១៥:១០–១៣ ) ។

  9. ជួយ អាច​ពិពណ៌នា​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​យកចិត្ត​ទុកដាក់​លើ​យើង ។