ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀនទី ១០២
ទំនុកដំកើង ២៣
« ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកចង់កែលម្អការសិក្សាព្រះគម្ពីររបស់អ្នកដែរឬទេ ? សូមសាករៀនគិតក្នុងចិត្ត ។ ការចំណាយពេលដើម្បីគិតក្នុងចិត្តអំពីការពិពណ៌នានៅក្នុងព្រះគម្ពីរ អាចនាំឲ្យមានអំណាចដ៏អស្ចារ្យទៅលើពាក្យពេចន៍ដែលយើងអាន ។ នៅក្នុង ទំនុកដំកើង ២៣ ស្ដេចដាវីឌបានពិពណ៌នាអំពីទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះយេស៊ូវគ្រីស្ទ តាមរយៈវគ្គបទគម្ពីរជាច្រើនដែលពិពណ៌នាអំពីសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ពីលក្ខណៈដែលពេញដោយក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ តាមរយៈការគិតក្នុងចិត្តអំពីសាច់រឿងវគ្គបទគម្ពីរ ។
សិក្សាព្រះគម្ពីរ
សូមមើលរូបភាពខាងក្រោមនេះឲ្យបានដិតដល់ ។ តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះ នៅពេលអ្នកគិតអំពីពន្លឺ ឬថ្មដា ?
ការគិតក្នុងចិត្ត គឺជាជំនាញសិក្សាមួយដែលបង្កើតរូបភាពនៅក្នុងចិត្ត ចេញពីព័ត៌មានលម្អិតដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរ ។ យើងអាចបិទភ្នែក ហើយស្រមៃថាមានវត្តមាននៅក្នុងព្រឹត្តិការណ៍នានា ។ យើងអាចផ្អាកបន្ដិច ហើយស្រមៃពីឃ្លាដូចជា « ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្តីងងឹតនៃទូលបង្គំភ្លឺឡើង » ( ទំនុកដំកើង ១៨:២៨ ) និង « ក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា ? » ( ទំនុកដំកើង ១៨:៣១ ) ។ នៅពេលអ្នកបង្អង់ល្បឿនដើម្បីជញ្ជឹងគិតពីអ្វីដែលអ្នករៀនមកពីរូបភាពដែលអ្នកគិតក្នុងចិត្ត នោះអ្នកយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកយល់ដោយចិត្ត និងគំនិតរបស់អ្នក ។
សូមគិតពិចារណាពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកបង្អង់ល្បឿនដើម្បីគិតក្នុងចិត្តពីអ្វីដែលអ្នកកំពុងសិក្សានៅក្នុងព្រះគម្ពីរញឹកញាប់ប៉ុនណាដែរ ?
-
តើអ្នកគិតថា ការបង្អង់ល្បឿនដើម្បីគិតក្នុងចិត្តពីអ្វីដែលអ្នកបានអាន អាចជួយអ្នកឲ្យស្គាល់ព្រះអង្គសង្គ្រោះបានកាន់តែច្បាស់ដោយរបៀបណា ?
សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកគិតក្នុងចិត្តអំពីការពិពណ៌នានៅក្នុង ទំនុកដំកើង ២៣ នៅថ្ងៃនេះ ។
សូមអាន ទំនុកដំកើង ២៣:១ ។ សូមគូសសម្គាល់រូបភាពដែលបានប្រើ ដើម្បីពិពណ៌នាពីព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីរៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ សូមជ្រើសរើសយកធនធានមួយក្នុងចំណោមធនធានខាងក្រោម ហើយស្រមៃថា ទ្រង់គឺជាអ្នកគង្វាលដែលថែរក្សាកូនចៀមរបស់ទ្រង់ ។ អ្នកអាចដាក់តំណភ្ជាប់វគ្គបទគម្ពីរទាំងនេះទៅនឹង ទំនុកដំកើង ២៣:១ ។
-
អេសេគាល ៣៤:១១–១៦
-
យ៉ូហាន ១០:១១–១៥
-
« បណ្ដូលចិត្តរបស់អ្នកគង្វាល » ( ទំនុកតម្កើង ល.រ. ១៣៦ )
នៅក្នុងកំណត់ចំណាំនៅក្បែរ ទំនុកដំកើង ២៣:១ សូមឆ្លើយនឹងសំណួរមួយ ឬទាំងពីរនៅខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទមកពីការគិតក្នុងចិត្តថា ទ្រង់គឺជាអ្នកគង្វាលរបស់អ្នក ?
-
តើព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលនៅក្នុងជីវិតរបស់អ្នក ឬជីវិតមនុស្សនៅជុំវិញអ្នកដោយរបៀបណា ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។ បន្ទាប់មក សូមបញ្ចប់ផ្នែក « ឥឡូវត្រូវធ្វើដូចម្តេចទៀត ? » នៅចុងបញ្ចប់នៃមេរៀននេះ ។
ជម្រើស ក
តើការគិតក្នុងចិត្តអាចជួយខ្ញុំឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមអាន ទំនុកដំកើង ២៣:២–៦ ហើយជ្រើសរើសខគម្ពីរមួយ ដែលអ្នកចង់ផ្តោតលើសម្រាប់សកម្មភាពដែលនៅសេសសល់នេះ ។ សូមធ្វើតាមជំហានដែលបានរាយបញ្ជីមក ហើយកត់ត្រាអ្វីដែលអ្នកបានរៀននៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
សូមគិតក្នុងចិត្តអំពីរូបភាពដែលស្តេចដាវីឌបានប្រើនៅក្នុងខគម្ពីររបស់អ្នក ដើម្បីពិពណ៌នាពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ឬអ្វីមួយដែលទ្រង់ធ្វើសម្រាប់យើង ។ សូមគូររូបភាពនៃអ្វីដែលអ្នកកំពុងគិតក្នុងចិត្ត ឬស្វែងរករូបភាពឌីជីថលមួយ ដែលអាចតំណាងឲ្យអ្វីដែលអ្នកគិតក្នុងចិត្តរបស់អ្នក ។
-
សូមសរសេរយ៉ាងហោចសេចក្តីថ្លែងការណ៍នៃសេចក្តីពិតមួយអំពីព្រះអង្គសង្គ្រោះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ដែលអ្នកបានរៀនមកពីការគិតក្នុងចិត្តអំពីការពិពណ៌នារបស់ដាវីឌ ។ ឧទាហរណ៍មួយចំនួនរួមមាន ៖ ព្រះអម្ចាស់ជួយយើងឲ្យដើរតាមផ្លូវសុចរិត ( ខទី ៣ ) ឬ ព្រះអម្ចាស់នឹងចិញ្ចឹមបីបាច់យើង សូម្បីតែក្នុងស្ថានភាពលំបាកក្ដី ( ខទី ៥ ) ។
-
សូមកំណត់អ្វីដែលអ្នកបានរៀនផ្ទាល់ខ្លួន ដោយការជញ្ជឹងគិតថា ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ឬរបៀបដែលវាអាចពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ជម្រើស ខ
តើអ្នកអាចប្រើការគិតក្នុងចិត្តដើម្បីជួយអ្នកដទៃដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមអំពីរបៀបដែលយើងអាចបម្រើអ្នកដទៃបាន ៖
អ្នកគង្វាលដ៏ល្អ ខ្វល់ខ្វាយដោយក្ដីស្រឡាញ់ចំពោះចៀមទាំងអស់ដែលនៅក្នុងក្រោលរបស់ទ្រង់ ហើយយើងជាអ្នកនៅក្រោមបង្គាប់ដ៏ពិតរបស់ទ្រង់ ។ អភ័យឯកសិទ្ធិរបស់យើងគឺ ទទួលសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយបន្ថែមសេចក្ដីស្រឡាញ់យើងផ្ទាល់ទៅដល់មិត្តភក្តិ និងអ្នកជិតខាង—ដូចជា ឲ្យអាហារ មើលថែទាំ និងចិញ្ចឹមបីបាច់ពួកគេ ដូចព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យយើងធ្វើ ។ ( « Shepherds, Lambs, and Home Teachers » Liahona ខែសីហា ឆ្នាំ១៩៩៤ ទំព័រ ១៩ )
សូមអាន ទំនុកដំកើង ២៣:១–៦ ។ កាលអ្នកអាន សូមគិតពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលកំពុងជួបការលំបាកក្នុងជីវិតរបស់ពួកគេ ។
បន្ទាប់ពីសិក្សាហើយ សូមចែកចាយអ្វីមួយដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ដោយការសរសេរអត្ថបទលើកទឹកចិត្ត ឬសំបុត្រមួយច្បាប់ទៅកាន់បុគ្គលនេះ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
បងប្អូនប្រុសស្រីទាំងឡាយ អ្នកគង្វាលល្អរបស់យើងហៅយើងដោយសំឡេងរបស់ទ្រង់ និងព្រះនាមរបស់ទ្រង់ ។ ទ្រង់ស្វែងរក ប្រមូលផ្ដុំ ហើយមករករាស្ត្ររបស់ទ្រង់ ។ តាមរយៈព្យាការីនៅរស់របស់ទ្រង់ និងយើងម្នាក់ៗ ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យស្វែងរកភាពសុខសាន្ដ គោលបំណង ការព្យាបាល និងអំណរនៅក្នុងភាពពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ហើយស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញារបស់ទ្រង់ ។ តាមរយៈគំរូ ទ្រង់បង្រៀនដល់អ្នកគង្វាលនៃអ៊ីស្រាអែលឲ្យផ្តល់ការងារបម្រើដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ។ ( « Good Shepherd, Lamb of God » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ១០០ )
សូមឆ្លើយសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកអាចនឹងខកខាន ប្រសិនបើអ្នកមិនបង្អង់ល្បឿនដើម្បីគិតក្នុងចិត្តអំពីរូបភាពនៅក្នុង ទំនុកដំកើង ២៣ ទេនោះ ?
-
តើអ្នកគិតក្នុងចិត្តឃើញរូបភាពអ្វីខ្លះ ដែលជួយអ្នកឲ្យមើលឃើញលក្ខណៈដ៏ទន់ភ្លន់ និងពេញដោយក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបណ្ដុះបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីទុកចិត្តលើព្រះអម្ចាស់ នៅពេលអ្នកប្រឈមមុខនឹងការសាកល្បង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ខគម្ពីរ គំនូរ និងសេចក្តីថ្លែងការណ៍នៃសេចក្តីពិត ដែលជួយអ្នករៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ ។
-
ចម្លើយរបស់អ្នកចំពោះសំណួរមួយនៅក្នុងផ្នែក « ឥឡូវត្រូវធ្វើដូចម្ដេចទៀត ? » ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?