ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ មេរៀនទី ១០១
បុព្វកថានៃគម្ពីរទំនុកដំកើង ផ្នែកទី ២
ថ្វាយបង្គំព្រះអម្ចាស់ ហើយសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
របៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺការបង្ហាញសេចក្តីស្រឡាញ់ និងភក្តីភាពរបស់អ្នកចំពោះទ្រង់ទាំងទ្វេ ។ ទំនុកដំកើងជាច្រើនគឺជាគំរូកំណាព្យនៃការថ្វាយបង្គំព្រះវរបិតា និងព្រះរាជបុត្រាក្នុងការសរសើរ ការអង្វរ និងការអធិស្ឋាន ។ មេរៀននេះអាចជួយអ្នកឲ្យបង្ហាញពីអារម្មណ៍របស់អ្នកអំពីការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សិក្សាព្រះគម្ពីរ
តើការថ្វាយបង្គំព្រះមានអត្ថន័យយ៉ាងណាចំពោះអ្នក ? សូមសរសេរនិយមន័យមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ ប្រសិនបើមានវចនានុក្រម សូមប្រៀបធៀបនិយមន័យរបស់អ្នកទៅនឹងនិយមន័យនៅក្នុងវចនានុក្រម ។ សូមកែតម្រូវនិយមន័យរបស់អ្នកតាមតម្រូវការ ហើយឆ្លើយនឹងសំណួរខាងក្រោម ។
-
តើអ្នកនឹងពិពណ៌នាពីភាពខុសគ្នាយ៉ាងដូចម្ដេច រវាងការគ្រាន់តែចូលរួមក្នុងសាសនាចក្រ ព្រះវិហារបរិសុទ្ធ ឬថ្នាក់សិក្ខាសាលា ធៀបនឹងការថ្វាយបង្គំព្រះនៅពេលអ្នកចូលរួម ?
អែលឌើរ ឌីន អិម ដេវីស ដែលនៅពេលនោះបម្រើក្នុងគណៈប៊ីស្សពជាអធិបតី បានចែកចាយពីរបៀបមួយចំនួនដែលយើងអាចថ្វាយបង្គំព្រះ នៅពេលគាត់បង្រៀន ៖
ពេលយើងថ្វាយបង្គំព្រះ យើងទៅរកទ្រង់ដោយសេចក្ដីស្រឡាញ់ដ៏គារវភាព ចិត្តរាបសា និងភាពអស្ចារ្យ ។ យើងទទួលស្គាល់ ហើយទទួលយកទ្រង់ជាស្ដេច ជាព្រះបង្កបង្កើតសកលលោក ជាព្រះវរបិតារបស់យើង ។
យើងគោរព ហើយមានគារវភាពចំពោះទ្រង់ ។
យើងបន្ទាបខ្លួនចំពោះទ្រង់ ។
យើងបើកដួងចិត្តរបស់យើងក្នុងការអធិស្ឋានដ៏ខ្លាំងក្លា ស្រឡាញ់បន្ទូលទ្រង់ រីករាយចំពោះព្រះគុណទ្រង់ ហើយតាំងចិត្តដើរតាមទ្រង់ដោយភាពស្មោះស្ម័គ្រ ។ ( « The Blessings of Worship » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៩៤ )
នៅចុងបញ្ចប់នៃមេរៀននៅថ្ងៃនេះ អ្នកនឹងចាប់ផ្តើមរៀនបង្ហាញពីអារម្មណ៍របស់អ្នក ។ សូមចងចាំការណ៍នេះក្នុងចិត្ត នៅពេលអ្នកសិក្សា ។ សូមគិតពីរបៀបដែលអ្នកប្រហែលជាចង់បង្ហាញពីអ្វីដែលអ្នករៀន និងទទួលអារម្មណ៍ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកក្នុងការខិតខំរបស់អ្នក ។
ទំនុកដំកើងជាច្រើនគឺជាការបង្ហាញបែបកំណាព្យប្រកបដោយការអធិស្ឋានអំពីគំនិត អារម្មណ៍ ក្ដីសង្ឃឹម និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់អ្នកនិពន្ធ ។ ខណៈដែលបទគម្ពីរជាច្រើនកត់ត្រាព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះយើង គម្ពីរទំនុកដំកើងតែងតែឆ្លុះបញ្ចាំងពីពាក្យសម្ដីរបស់អ្នកនិពន្ធទៅកាន់ទ្រង់ ។
សូមអាន ទំនុកដំកើង ១៨:១–៦ ហើយគូសសម្គាល់ពាក្យ និងឃ្លាដែលដាវីឌបានប្រើដើម្បីបង្ហាញពីអារម្មណ៍របស់ទ្រង់អំពីព្រះអម្ចាស់ ។
អ្នកអាចរកឃើញឃ្លាផ្សេងគ្នាជាច្រើនដូចជា ៖
-
ព្រះយេហូវ៉ាដ៏ជាកម្លាំងនៃទូលបង្គំ ( ខទី ១ ) ។
-
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្តីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង ( ខទី ២ ) ។
-
ព្រះយេហូវ៉ាដែលទ្រង់គួរសរសើរយ៉ាងនោះ ( ខទី ៣ ) ។
-
ទ្រង់ក៏ឮសំឡេងទូលបង្គំ ( ខទី ៦ ) ។
ទំនុកដំកើងបង្ហាញពីរបៀបជាច្រើន ដែលយើងអាចចែកចាយអារម្មណ៍របស់យើងទៅកាន់ព្រះអម្ចាស់ ។
សូមសិក្សាវគ្គបទគម្ពីរមួយ ឬច្រើន នៅខាងក្រោមនេះយឺតៗ ។ សូមគូសសម្គាល់ពាក្យ និងឃ្លាដែលឆ្លុះបញ្ចាំងពីអារម្មណ៍ របស់អ្នក ចំពោះព្រះអម្ចាស់ ។
-
ទំនុកដំកើង ៨:១–៩
-
ទំនុកដំកើង ២៧:១–៩
-
ទំនុកដំកើង ៣០:១–១២
-
ទំនុកដំកើង ៤៦:១–១១
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរកឃើញទំនុកដំកើងអំពីការថ្វាយបង្គំនៅកន្លែងណាទៀត ?
ដូចជាស្តេចដាវីឌដែរ ស្ត្រី និងបុរសស្មោះត្រង់ដទៃទៀតក៏បានសរសេរទំនុកដំកើងនៅក្នុងគម្ពីរជាច្រើនទៀតក្នុងព្រះគម្ពីរផងដែរ ។
សូមជ្រើសរើសវគ្គបទគម្ពីរមួយ ឬច្រើន នៅខាងក្រោមនេះយកមកសិក្សា ។ សូមសរសេរកំណត់ចំណាំមួយដើម្បីដាក់ស្លាកវគ្គបទគម្ពីរ ( ទាំងនេះ ) ដែលអ្នកសិក្សាថា ទំនុកដំកើង ( ឧទាហរណ៍ ៖ ទំនុកដំកើងរបស់ហាណា ) ។ អ្នកក៏អាចបង្កើតស្លាកនានា ដោយផ្អែកលើបំណងប្រាថ្នា អារម្មណ៍ និងគំនិតដែលអ្នកនិពន្ធម្នាក់ៗមានដូចគ្នាផងដែរ ។
-
សាំយូអែល ទី១ ២:១–១០—ទំនុកដំកើងរបស់ហាណា
-
លូកា ១:៤៦–៥៥—ទំនុកដំកើងរបស់ម៉ារ៉ា
-
នីហ្វៃទី២ ៤:១៦–២៥—ទំនុកដំកើងរបស់នីហ្វៃ
-
នីហ្វៃទី២ ៤:២៦–៣៥—ទំនុកដំកើងរបស់នីហ្វៃ
-
អាលម៉ា ២៦:៨–២០—ទំនុកដំកើងរបស់អាំម៉ូន
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមរើសយកជម្រើសមួយ ក្នុងចំណោមជម្រើសខាងក្រោមនេះ ដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
សូមតែងកំណាព្យ ឬនិពន្ធបទចម្រៀងពីរបីវគ្គ ។
-
អ្នកនិពន្ធទំនុកដំកើងតែងតែប្រៀបធៀបព្រះអង្គសង្គ្រោះទៅនឹងអ្វីផ្សេងទៀត ដើម្បីបង្ហាញថា ទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះពួកគេ ។ ឧទាហរណ៍ « ព្រះយេហូវ៉ាទ្រង់ជាពន្លឺ » ( ទំនុកដំកើង ២៧:១ ) ។ សូមធ្វើបញ្ជីមួយអំពីរឿងនានាក្នុងជីវិតរបស់អ្នក ដែលអាចតំណាងឲ្យអារម្មណ៍របស់អ្នកចំពោះព្រះអម្ចាស់ ។
-
សូមកត់ត្រាបទពិសោធន៍មួយ ដែលបានជះឥទ្ធិពលលើអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ជម្រើស ខ
តើមានរបៀបណាខ្លះទៀត ដែលខ្ញុំអាចបង្ហាញការសរសើរ និងការថ្វាយបង្គំរបស់ខ្ញុំបាន ?
ការសរសេរ និងការគិតពិចារណាគឺជារបៀបពីរយ៉ាង ដើម្បីបង្ហាញការសរសើររបស់យើងចំពោះព្រះអម្ចាស់ ប៉ុន្ដែមានរបៀបផ្សេងទៀតដើម្បីថ្វាយបង្គំ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ បានបង្រៀន ៖
តន្ត្រីពិសិដ្ឋមានសមត្ថភាពពិសេសមួយដើម្បីទាក់ទងអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ ។ ការប្រាស្រ័យទាក់ទងប្រភេទនេះគឺជាជំនួយដ៏អស្ចារ្យមួយដល់ការថ្វាយបង្គំរបស់យើង ។ មនុស្សជាច្រើនមានការលំបាកក្នុងការបង្ហាញអារម្មណ៍ថ្វាយបង្គំជាពាក្យសម្ដី ប៉ុន្តែអ្នកទាំងអស់គ្នាអាចចូលរួមក្នុងការប្រាស្រ័យទាក់ទងអារម្មណ៍បែបនេះតាមរយៈពាក្យពេចន៍ដ៏បំផុសគំនិតនៃទំនុកតម្កើងរបស់យើង ។ ( « Worship through Music » Liahona ខែវិច្ឆិកា ឆ្នាំ១៩៩៤ ទំព័រ ១០ )
ប្រសិនបើមាន សូមមើលវីដេអូមួយ ឬច្រើន ខាងក្រោមនេះ ដែលបង្ហាញពីអារម្មណ៍នានាចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈរបាំ តន្ត្រី ឬសិល្បៈ ។
-
របាំ ៖ « Trust in the Lord: Music Video » ( ៤:១១ )
4:11 -
តន្ត្រី ៖ « Here I Am, I Will Follow Jesus Christ » ( ៣:០៧ ) ឬ « Peace in Christ » ( ៤:០៩ )
4:10 -
សិល្បៈ ៖ រូបគំនូររបស់ស៊ីស្ទើរ គ្រីស្ទីន អិម យី អំពីព្រះអង្គសង្គ្រោះ
សូមចំណាយពេលខ្លះដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរបៀបមួយក្រៅពីការសរសេរ ។ សូមជ្រើសយកជម្រើសមួយ ក្នុងចំណោមជម្រើសខាងក្រោម ឬបង្កើតជម្រើសមួយដោយខ្លួនឯង ៖
-
ធ្វើវីដេអូមួយ ឬថតសំឡេង ។ សម្រាប់វីដេអូ អ្នកអាចបញ្ចូលរូបភាពដ៏ពិសិដ្ឋមួយ ដែលអ្នកចូលចិត្តមកពី បណ្ណាល័យដំណឹងល្អ ។
-
គូររូបគំនូរ មីម រូបភាពរចនា ឬស្នាដៃសិល្បៈផ្សេងទៀត ។
-
ស្វែងរករូបភាពពិសិដ្ឋជាច្រើន ហើយបង្កើតជាកម្រងរូបភាព ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្ហាញពីអារម្មណ៍របស់អ្នកអំពីការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
និយមន័យរបស់អ្នកអំពី « ការថ្វាយបង្គំ » និងរបៀបដែលអ្នកបានកែតម្រូវវា ។
-
អ្វីដែលអ្នកបានសរសេរ ឬបង្កើតដើម្បីបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?