យ៉ូប និងមិត្តភក្តិរបស់លោក ដោយ អាយលីយ៉ា រីនភីន
យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀនទី ៩៩
យ៉ូប ២១–២៤; ៣៨–៤០; ៤២
ការមើលទៅការសាកល្បងដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានទុក្ខវេទនា ? យ៉ូប និងមិត្តភក្តិរបស់លោកបានព្យាយាមយល់ពីមូលហេតុដែលលោកបានរងទុក្ខ ប៉ុន្ដែព្រះមិនបានផ្ដល់មូលហេតុនោះទេ ។ ផ្ទុយទៅវិញ ព្រះបានជួយយ៉ូបឲ្យមើលទៅការសាកល្បងរបស់លោកតាមរបៀបដ៏ខ្ពស់ជាងនេះ និងដ៏បរិសុទ្ធជាងនេះ ។ មេរៀននេះអាចជួយអ្នកណែនាំដល់អ្នកដទៃឲ្យមើលទៅការសាកល្បងរបស់ពួកគេ ដោយទស្សនវិស័យដ៏អស់កល្បជានិច្ច ។
សិក្សាព្រះគម្ពីរ
តើអ្នកធ្លាប់សួរខ្លួនឯងនូវសំណួរទាំងនេះដែរឬទេ ?
-
« ខ្ញុំច្បាស់ជាធ្វើអ្វីៗគ្រប់យ៉ាងខុសហើយ ។ ហេតុអ្វីបានជាជីវិតខ្ញុំពិបាកម្ល៉េះ ? »
-
« ប្រសិនបើខ្ញុំធ្វើតាមដំណឹងល្អ ហេតុអ្វីបានជាខ្ញុំមិនអាចចៀសផុតពីការសាកល្បង និងការរងទុក្ខបាន ? »
-
« ខ្ញុំគិតថា ព្រះស្រឡាញ់ខ្ញុំ ។ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យជីវិតខ្ញុំលំបាកខ្លាំងម្ល៉េះ ? »
-
« ប្រសិនបើព្រះមានពិតមែន ហេតុអ្វីបានជាទ្រង់មិនបញ្ឈប់ការរងទុក្ខរបស់មនុស្ស ? »
ក្នុងអំឡុងការសាកល្បងរបស់យ៉ូប លោកមានមិត្តភក្តិបីនាក់ដែលបានទៅសួរសុខទុក្ខលោក ។ យ៉ូប និងមិត្តភក្តិរបស់លោកបានព្យាយាមកំណត់មូលហេតុនៃការរងទុក្ខរបស់លោក ។ ពួកគេប្រហែលជាបានសួរសំណួរស្រដៀងគ្នាអំពីយ៉ូប ខណៈដែលព្យាយាមយល់ពីការសាកល្បងរបស់លោក ។
ការសិក្សាប្រភពដែលបានតែងតាំងដ៏ទេវភាព អាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងការសិក្សារបស់យើង ។ សូមយកចិត្តទុកដាក់លើការយល់ដឹងដែលទ្រង់អាចនឹងបង្រៀនអ្នក នៅពេលអ្នកអានបទគម្ពីរ និងសេចក្ដីថ្លែងការណ៍ក្នុងមេរៀននេះ ។ សូមពិចារណាពីរបៀបដែលការយល់ដឹងទាំងនេះអាចជួយអ្នកដទៃឲ្យឆ្លើយសំណួរអំពីការសាកល្បងរបស់ពួកគេបាន ។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការសាកល្បងផ្ទាល់ខ្លួនរបស់អ្នក ។
សូមអាន យ៉ូប ១៩:៦–១១ ហើយគូសសម្គាល់ឃ្លាដែលបង្ហាញពីអ្វីដែលយ៉ូបសន្មតថាជាប្រភពនៃការសាកល្បងរបស់លោក ។ បន្ទាប់មក សូមអាន យ៉ូប ២២:៥–១០ ហើយគូសសម្គាល់អ្វីដែលមិត្តភក្ដិរបស់លោកឈ្មោះ អេលីផាស បានសន្មតថាជាមូលហេតុនៃការពុះពាររបស់យ៉ូប ។
ជាញឹកញាប់ យើងធ្វើការសន្មតស្រដៀងគ្នានេះ ។ ប៉ុន្ដែមិនយូរប៉ុន្មាន ព្រះបានបង្ហាញយ៉ូបថា ការសន្មតរបស់បុរសទាំងពីរអំពីប្រភពនៃការសាកល្បងនេះគឺខុសហើយ ។
នៅពេលយ៉ូបបន្តតស៊ូក្នុងការសាកល្បងរបស់លោក ព្រះបានមានបន្ទូលទៅលោក ។ ព្រះបានសួរយ៉ូបនូវសំណួរជាច្រើនអំពីការបង្កើតពិភពលោក ដែលយ៉ូបមិនអាចឆ្លើយបាន ( សូមមើល យ៉ូប ៣៨–៤១ ) ។
សូមអាន យ៉ូប ៣៨:៤–៧ ដោយរកមើលឧទាហរណ៍នៃសំណួរដែលព្រះបានសួរយ៉ូប ។
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីការឆ្លើយតបរបស់ព្រះចំពោះអសមត្ថភាពរបស់យ៉ូបក្នុងការឆ្លើយតបទៅទ្រង់ ៖
វាដូចជាប្រសិនបើព្រះបានមានព្រះបន្ទូលដោយអត់ធ្មត់ និងដោយសប្បុរសទៅកាន់យ៉ូបថា « ប្រសិនបើឯងមិនអាចឆ្លើយសូម្បីតែសំណួររបស់យើងអំពីផែនដីដែលយើងបានបង្កើតផង តើវាអាចទៅរួចទេដែលឯងយល់អំពីច្បាប់ដ៏អស់កល្បជានិច្ច ? តើមានការសន្មតដែលឯងបានធ្វើមិនត្រឹមត្រូវទេ ? តើឯងយល់ពីការជំរុញចិត្តរបស់យើង និងរបៀបដែលផែនការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់យើងដំណើរការដែរឬទេ ? ហើយតើឯងអាចមើលឃើញជាមុននូវជោគវាសនារបស់ឯងដែរឬទេ ? »
ព្រះទ្រង់ជ្រាបថា ផ្នែកដ៏សំខាន់នៃបទពិសោធន៍ជីវិតរមែងស្លាប់របស់យើងគឺការមិនដឹងអ្វីគ្រប់យ៉ាង ។ មានអ្វីមួយអំពីការទុកចិត្តលើទ្រង់ ដែលអនុញ្ញាតឲ្យយើងរីកចម្រើនដើម្បីប្រែក្លាយដូចជាទ្រង់ ។ ( « Trust God and Let Him Prevail » Liahona ខែសីហា ឆ្នាំ២០២២ ទំព័រ ៥ )
សូមអាន យ៉ូប ៤២:១–៦ ហើយរកមើលចម្លើយរបស់យ៉ូបចំពោះព្រះអម្ចាស់ ។
នៅក្បែរ យ៉ូប ៤២:២–៣ សូមសរសេរសេចក្ដីពិតនេះ ៖ ព្រះអាចជួយយើងឲ្យមើលទៅការសាកល្បងរបស់យើងជាមួយនឹងទស្សនវិស័យដ៏អស់កល្ប ។
យ៉ូបបានទទួលស្គាល់ការយល់ដឹងដែលមានកម្រិតរបស់លោក ធៀបនឹងព្រះបញ្ញាញាណរបស់ព្រះ ហើយយ៉ូបបានផ្លាស់ប្ដូររបៀបដែលលោកមើលទៅការសាកល្បងរបស់លោក ។ លោកបានដឹងថា ការរងទុក្ខរបស់លោកមិនមែនជាលទ្ធផលនៃអំពើបាប ឬការដាក់ទណ្ឌកម្មរបស់ព្រះនោះទេ ។ ព្រះបានប្រទានពរដល់យ៉ូបយ៉ាងខ្លាំងនៅចុងបញ្ចប់នៃជីវិតរបស់លោក ( សូមមើល យ៉ូប ៤២:១២–១៣ ) ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចយល់កាន់តែច្បាស់អំពីគោលបំណងនៃការសាកល្បងតាមរបៀបណា ?
ប្រហែលជាយើងមិនយល់ពីមូលហេតុសម្រាប់បញ្ហាប្រឈមរបស់យើងជានិច្ចនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានប្រទានប្រភពដ៏ទេវភាពជាច្រើន ដែលអាចជួយយើងឲ្យមើលទៅការសាកល្បងរបស់យើងជាមួយនឹងទស្សនវិស័យដ៏អស់កល្បជានិច្ច ។
សូមអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ សូមដាក់ស្លាកយ៉ាងហោចណាស់មួយ សម្រាប់វគ្គបទគម្ពីរនីមួយៗ ដែលសង្ខេបនូវអ្វីដែលវាបង្រៀន ជាពាក្យមួយទៅបីម៉ាត់ ។
-
យ៉ូប ២៣:១០
-
យ៉ូហាន ៩:១–៣
ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ បានបង្រៀន ៖
នៅពេលគ្រាលំបាកមកដល់ ខ្ញុំព្យាយាមចងចាំថា ខ្ញុំបានជ្រើសរើសដើរតាមព្រះគ្រីស្ទ មុនពេលខ្ញុំបានមកកាន់ផែនដីនេះ ហើយថាឧបសគ្គចំពោះសេចក្ដីជំនឿ សុខភាព និងការតស៊ូរបស់ខ្ញុំគឺជាផ្នែកមួយនៃមូលហេតុទាំងអស់ ដែលខ្ញុំព្រមមកទីនេះ ។ ហើយខ្ញុំត្រូវប្រាកដថា ខ្ញុំមិនដែលគិតថា ការសាកល្បងនៅសព្វថ្ងៃនេះបង្កើតឲ្យមានការសង្ស័យលើសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់ខ្ញុំ ឬអនុញ្ញាតឲ្យវាបង្វែរសេចក្ដីជំនឿរបស់ខ្ញុំលើទ្រង់ទៅជាការសង្ស័យនោះទេ ។ ការសាកល្បងមិនមែនមានន័យថា ផែនការនេះបរាជ័យនោះទេ វាគឺជាផ្នែកមួយនៃផែនការនេះ ដែលមានបំណងដើម្បីជួយខ្ញុំឲ្យស្វែងរកព្រះ ។ ខ្ញុំក្លាយកាន់តែដូចជាទ្រង់ ពេលខ្ញុំស៊ូទ្រាំដោយអត់ធន់ ហើយសង្ឃឹមថាពេលខ្ញុំឈឺចាប់ ខ្ញុំអធិស្ឋានកាន់តែស្មោះសរជាងមុនដូចជាទ្រង់ដែរ ( សូមមើល លូកា ២២:៤៤ ) ។ ( « ដោយស្មោះអស់ពីដូងចិត្ត » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៦១–៦២ )
ជម្រើស ខ
តើខ្ញុំអាចជួយអ្នកដទៃឲ្យឆ្លងកាត់ការសាកល្បងរបស់ពួកគេបានដោយរបៀបណា ?
សូមស្រមៃថា មិត្តម្នាក់មករកអ្នក ខណៈដែលពួកគេកំពុងឆ្លងកាត់ការសាកល្បងដ៏លំបាកមួយចំនួន ហើយសួរសំណួរមួយក្នុងចំណោមសំណួរទាំងបួននេះ ដែលមាននៅដើមមេរៀន ។ សូមជ្រើសរើសសំណួរមួយ ដើម្បីឆ្លើយតប ។ សូមកត់សំណួរនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
សូមស្រាវជ្រាវក្នុងបណ្ណាល័យដំណឹងល្អ ដោយប្រើពាក្យដូចជា « ទុក្ខលំបាក » និង « ការសាកល្បង » ។ សូមសិក្សាដើម្បីទទួលបានការយល់ដឹងបន្ថែម ដើម្បីជួយអ្នកឆ្លើយនឹងសំណួរដែលអ្នកបានជ្រើសរើសនេះ ។
នៅក្រោមសំណួរនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាចម្លើយទៅកាន់មិត្តភក្តិរបស់អ្នក ។ សូមរួមបញ្ចូលអ្វីដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នក និងមកពីបទពិសោធន៍របស់យ៉ូប ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកណែនាំដល់អ្នកដទៃឲ្យមើលទៅការសាកល្បងរបស់ពួកគេ ដោយទស្សនវិស័យដ៏អស់កល្បជានិច្ច ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
របៀបដែលអ្នកបានឃើញសេចក្ដីពិតនៃការបង្រៀនទាំងឡាយដែលអ្នកបានសិក្សា នៅក្នុងការសាល្បងរបស់អ្នកផ្ទាល់ ។
-
អ្វីដែលអ្នកបានរៀនមកពីការសិក្សារបស់អ្នក ដែលអាចជួយនរណាម្នាក់ឲ្យទទួលបានទស្សនវិស័យដ៏អស់កល្បជានិច្ច ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?