យ៉ូប ដោយ ហ្គារី អិល ខាប
យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ មេរៀនទី ៩៧
យ៉ូប ១–៣; ១២–១៣
« គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកធ្លាប់ពុះពារក្នុងការរក្សាសេចក្ដីជំនឿរបស់អ្នកក្នុងអំឡុងពេលលំបាកដែរឬទេ ? សូមស្រមៃពីយ៉ូបទៅមើល ។ លោកធ្លាប់មានអ្វីៗគ្រប់យ៉ាង ៖ ទ្រព្យសម្បត្តិ គ្រួសារ និងសុខភាពល្អ ។ តែមិនគួរឲ្យនឹកស្មានដល់ លោកបានបាត់បង់គ្រប់យ៉ាងទាំងអស់ ។ ទោះបីជាមានការលំបាកទាំងនេះក្ដី ក៏យ៉ូបមិនដែលបាត់បង់ទំនុកចិត្តរបស់លោកលើព្រះយេស៊ូវគ្រីស្ទដែរ ។ មេរៀននេះអាចជួយអ្នកឲ្យបណ្ដុះបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីទុកចិត្តលើព្រះអម្ចាស់ នៅពេលអ្នកប្រឈមមុខនឹងការសាកល្បង ។
គម្ពីរទាំងឡាយនៅក្នុងព្រះគម្ពីរ ។ គម្ពីរចំនួនប្រាំបន្ទាប់ទៀតនៃព្រះគម្ពីរប៊ីប ( យ៉ូប–បទចម្រៀងសាឡូម៉ូន ) ត្រូវបានគេស្គាល់ថាជាគម្ពីរនៃកំណាព្យ ឬអក្សរសិល្ប៍អំពីប្រាជ្ញា ។ វាត្រូវបានសរសេរជាទម្រង់កំណាព្យ ។ ដូចជាគម្ពីរផ្សេងទៀតដែរ គម្ពីរទាំងនេះអាចចង្អុលបង្ហាញយើងឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ហើយជួយយើងឲ្យធ្វើតាមទ្រង់ ។ ( ចំណាំ ៖ យ៉ូសែប ស្ម៊ីធ បានពិពណ៌នាអំពីបទចម្រៀងសាឡូម៉ូនថាជា « ការសរសេរដែលមិនបានបំផុសគំនិត » [ Joseph Smith Translation, note on Song of Solomon ] ) ។
សិក្សាព្រះគម្ពីរ
តើអ្នកអាចបណ្ដុះបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីទុកចិត្តលើព្រះអម្ចាស់ នៅពេលអ្នកប្រឈមមុខនឹងការសាកល្បងដោយរបៀបណា ? សូមមើល « Mountains to Climb » ( ៥:០៥ ) ។ សូមរកមើលអ្វីដែលអាចបង្កើនទំនុកចិត្តរបស់អ្នកលើព្រះអម្ចាស់នៅអំឡុងពេលសាកល្បង ។
នៅលើខ្នាតពី ១–៥ ( ១ មិនពិតចំពោះអ្នកទាល់តែសោះ និង ៥ ជាការពិតខ្លាំងចំពោះអ្នក ) សូមគិតថា តើសេចក្តីថ្លែងការណ៍ខាងក្រោមនេះពិតសម្រាប់អ្នកប៉ុនណាដែរ ៖
-
ខ្ញុំឆ្លើយតបបានយ៉ាងល្អចំពោះការសាកល្បងទាំងឡាយ ។
-
ខ្ញុំរកឃើញកម្លាំងពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅអំឡុងពេលនៃការសាកល្បង ។
សូមបើកចិត្តទូលាយដើម្បីទទួលអារម្មណ៍ ឬរៀនអ្វីៗអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកឲ្យប្រឈមមុខនឹងការសាកល្បងរបស់អ្នក ដោយបង្កើនការទុកចិត្តលើទ្រង់ទាំងទ្វេ ។
សូមអាន យ៉ូប ១:១–៣ ។ សូមគូសសម្គាល់រឿងនីមួយៗដែលអ្នកបានរៀនអំពីយ៉ូប ។ ( ចំណាំ ៖ ពាក្យ ល្អឥតខ្ចោះ ប្រែថា « ធ្វើឲ្យជា ពេញលេញ មានសុចរិតភាព » ) ។
វាជាការសំខាន់ក្នុងការយល់ថា យ៉ូបគឺជាមនុស្សពិតប្រាកដ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:១០ ) ប៉ុន្តែជីវិតរបស់យ៉ូបត្រូវបានប្រាប់ដោយប្រើធាតុកំណាព្យមួយចំនួន ។ ឧទាហរណ៍ នៅពេលដែលដំណើររឿងរបស់យ៉ូបចាប់ផ្តើម ព្រះអម្ចាស់ និងសាតាំងត្រូវបានពិពណ៌នាថាមានការសន្ទនាពីរ ។ ការសន្ទនាទាំងនេះមិនមែនជាការប្រាស្រ័យទាក់ទងពិតប្រាកដរវាងព្រះអម្ចាស់ និងសាតាំងទេ ប៉ុន្តែបង្ហាញពីតួនាទីរបស់សាតាំងជាមារសត្រូវ ឬសត្រូវរបស់យើង ។ វាអាចជាការសន្ទនាបែបកំណាព្យមួយ ដើម្បីរៀបចំអ្នកអានសម្រាប់អ្វីដែលនឹងកើតឡើងក្នុងជីវិតរបស់យ៉ូប—ពោលគឺសេចក្ដីវេទនា ការល្បួង និងការបាត់បង់ទ្រព្យសម្បត្តិខាងលោកិយរបស់លោក ។
សូមអាន យ៉ូប ១:៦–១២ ។ សូមគិតអំពីអ្វីដែលសាតាំងបានអះអាងអំពីសុចរិតភាពរបស់យ៉ូប និងអ្វីដែលវាចង់ឲ្យកើតឡើងលើយ៉ូប ។
សូមប្រើតារាងខាងក្រោមនេះ ។ អ្នកអាចគូសសម្គាល់អ្វីដែលយ៉ូបបានរងទុក្ខដោយពណ៌មួយ និងរបៀបដែលលោកបានឆ្លើយតបដោយពណ៌មួយទៀត ។
|
តើយ៉ូបបានរងទុក្ខអ្វីខ្លះ ? |
តើយ៉ូបបានឆ្លើយតបយ៉ាងដូចម្ដេច ? |
|---|---|
តើយ៉ូបបានរងទុក្ខអ្វីខ្លះ ? សូមអាន យ៉ូប ១:១៣–១៩; ២:៧ ។ | តើយ៉ូបបានឆ្លើយតបយ៉ាងដូចម្ដេច ? សូមអាន យ៉ូប ១:២០–២២; ២:៩–១០; ១៣:១៥; ២៣:១០ ។ |
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើការឆ្លើយតបអ្វីរបស់យ៉ូបដែលអ្នកចាប់អារម្មណ៍ ?
-
តើយ៉ូបអាចយល់យ៉ាងណាអំពីព្រះ ទើបលោកបានឆ្លើយតបតាមរបៀបដែលលោកបានធ្វើ ?
យើងអាចរៀនមកពីគំរូរបស់យ៉ូបបានថា យើងអាចជ្រើសរើសទុកចិត្តលើព្រះបាន ក្នុងអំឡុងពេលការសាកល្បងរបស់យើង ។ សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹង យ៉ូប ១៣:១៥ ហើយកត់ត្រាសេចក្ដីពិតនេះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើមានអ្នកណាទៀតមកពីព្រះគម្ពីរ ដែលបានរៀនដើម្បីទុកចិត្តលើព្រះ ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរ ៖
ព្រះអង្គសង្គ្រោះមានព្រះចេស្ដាក្នុងការធ្វើអ្វីៗគ្រប់យ៉ាងឲ្យបានត្រឹមត្រូវ ហើយមានព្រះទ័យចង់ធ្វើដូច្នេះ ។ ទ្រង់ចូលចិត្តកែប្រែ សូម្បីតែដួងចិត្តដែលខ្ទេចខ្ទីជាយូរហើយក្តី ( សូមមើល ទំនុកដំកើង ១៤៧:៣ ) ។ មេរៀនចុងក្រោយនៃគម្ពីរយ៉ូបគឺថា យើងម្នាក់ៗអាចជ្រើសរើសជីវិតរបស់យើងដោយទុកចិត្តលើព្រះ និងផែនការរបស់ទ្រង់ ទោះបីជាមានរឿងអ្វីក៏ដោយ ។ ( « Trust God and Let Him Prevail » Liahona ខែសីហា ឆ្នាំ២០២២ ទំព័រ ៧ )
Daniel Interprets Nebuchadnezzar’s Dream [ ដានីយ៉ែលបកស្រាយសុបិនរបស់នេប៊ូក្នេសា ] ដោយ ហ្រ្គេន រ៉មនី ខ្លសិន
វិធីមួយដើម្បីបណ្ដុះបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីទុកចិត្តលើព្រះ គឺត្រូវរៀនពីគំរូនៅក្នុងព្រះគម្ពីរ ។ សូមធ្វើតាមជំហានដែលបានរាយបញ្ជីនេះ ដើម្បីរៀនពីអ្នកដទៃ ដែលបានទុកចិត្តលើព្រះក្នុងអំឡុងពេលសាកល្បង ។ ប្រសិនបើអ្នកត្រូវការជំនួយជាមួយជំហានដំបូង អ្នកអាចប្រើគំរូខាងក្រោមនេះបាន ៖
-
ដានីយ៉ែល ២:១៩–២៣ ៖ ដានីយ៉ែលបានប្រឈមមុខនឹងការបញ្ជារបស់ស្ដេចនេប៊ូក្នេសា ដែលថាអ្នកប្រាជ្ញទាំងអស់ក្នុងនគរ ( រួមទាំងដានីយ៉ែលផងដែរ ) នឹងត្រូវសម្លាប់ចោល ប្រសិនបើគ្មានអ្នកណាអាចបកស្រាយសុបិនរបស់ទ្រង់បានទេ ។
-
សូមស្វែងរកគំរូមួយនៅក្នុងព្រះគម្ពីរ ដែលនរណាម្នាក់បានជ្រើសរើស ដើម្បីទុកចិត្តលើព្រះក្នុងអំឡុងពេលនៃការសាកល្បងរបស់ពួកគេ ។
-
សូមគូសចំណាំពាក្យ ឬឃ្លាដែលពន្យល់ពីមូលហេតុដែលបុគ្គលរូបនេះទុកចិត្តលើព្រះ ។
-
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកពីរបៀបដែលគំរូនេះ និងអ្វីៗទាំងឡាយដែលអ្នកបានគូសសម្គាល់ អាចជួយអ្នកឲ្យទុកចិត្តលើព្រះបាន ។
ជម្រើស ខ
តើខ្ញុំអាចលួងលោមអ្នកដទៃដោយរបៀបណា ?
សូមគិតពីមិត្តរបស់យ៉ូប ដែលបានលួងលោមលោក ។ ទោះបីជានៅទីបំផុត ពួកគេបានចោទប្រកាន់យ៉ូបពីការប្រព្រឹត្តអំពើបាបក្ដី ក៏មិត្តភក្តិរបស់លោកបានមកទួញសោកជាលើកដំបូងជាមួយយ៉ូប ហើយលួងលោមលោកដែរ ។
សូមអាន យ៉ូប ២:១១–១៣ ហើយរកមើលឃ្លាដែលអ្នកចាប់អារម្មណ៍អំពីមិត្តភក្តិរបស់យ៉ូប ។ សូមដាក់ស្លាកឃ្លាទាំងនោះដែលអ្នករកឃើញថា « មិត្តភាព » ។
សូមដាក់តំណភ្ជាប់ខគម្ពីរទាំងនេះទៅនឹង ម៉ូសាយ ១៨:៨–១០ ហើយរកមើលការប្រឹក្សាដែលទាក់ទង ដែលមាននៅក្នុងព្រះគម្ពីរមរមន ។
អែលឌើរ ចន អេ ម៉ាខុន នៃពួកចិតសិបនាក់ បានមានប្រសាសន៍ ៖
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនបានរួចផុតពីឧបសគ្គ និងការសាកល្បងនៅក្នុងជីវិតរបស់យើងនោះទេ ។ ជារឿយៗ យើងត្រូវធ្វើអ្វីៗដែលពិបាក ប្រសិនបើចង់ធ្វើតែម្នាក់ឯង នោះអាចនឹងមានអារម្មណ៍សន្ធប់ ហើយប្រហែលជាមិនអាចទៅរួចឡើយ ។ នៅពេលយើងទទួលការអញ្ជើញរបស់ព្រះអង្គសង្រ្គោះឲ្យ « ចូរមករកខ្ញុំ » [ ម៉ាថាយ ១១:២៨ ] ទ្រង់នឹងផ្តល់ការគាំទ្រ ការលួងលោម និងសេចក្ដីសុខសាន្ដដែលចាំបាច់ ។ … ទោះបីជានៅក្នុងឧបសគ្គដ៏លំបាកខ្លាំងរបស់យើងក្ដី ក៏យើងអាចមានអារម្មណ៍កក់ក្តៅនៃសេចក្តីស្រឡាញ់របស់ទ្រង់បានដែរ ពេលយើងទុកចិត្តលើទ្រង់ ហើយទទួលយកព្រះទ័យរបស់ទ្រង់ ។ យើងអាចទទួលបានអំណរដែលបានទុកសម្រាប់សិស្សស្មោះត្រង់របស់ទ្រង់ដ្បិត« ព្រះគ្រីស្ទគឺជាសេចក្តីអំណរ » [ រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨២ ] ។ ( « Come unto Christ—Living as Latter-day Saints » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៣៦ )
សូមគិតអំពីនរណាម្នាក់ដែលអាចត្រូវការការយកចិត្តទុកដាក់របស់អ្នក ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរឈ្មោះរបស់បុគ្គលនេះ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយ ឬលួងលោមដល់បុគ្គលនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបណ្ដុះបំណងប្រាថ្នាកាន់តែខ្លាំង ដើម្បីទុកចិត្តលើព្រះអម្ចាស់ នៅពេលអ្នកប្រឈមមុខនឹងការសាកល្បង ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
គំរូមកពីបទគម្ពីរដែលអ្នកបានសិក្សា និងរបៀបដែលគំរូរបស់ពួកគេអាចជួយអ្នកឲ្យទុកចិត្តលើព្រះ ។
-
អ្វីដែលអ្នកបានសរសេរដើម្បីជួយ ឬលួងលោមនរណាម្នាក់ ( សូមរក្សាឈ្មោះបុគ្គលជាក់លាក់ទាំងឡាយជាអនាមិក )
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?