នាងអេសធើរ ៖ មេរៀនទី ៩៤
នាងអេសធើរ ផ្នែកទី ១
« សម្រាប់ពេលនេះឯង »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌បាននាំអ្នកទៅកាន់កន្លែងនេះ នៅពេលនេះ ហើយតើទ្រង់មានកិច្ចការអ្វីខ្លះសម្រាប់អ្នកធ្វើ ? ស្ត្រីសាសន៍យូដាកំព្រាម្នាក់ឈ្មោះអេសធើរ ប្រហែលជាមានសំណួរស្រដៀងគ្នានេះដែរ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ដាក់អ្នកនៅក្នុងស្ថានភាពទាំងឡាយ ដើម្បីជួយទ្រង់ឲ្យសម្រេចកិច្ចការរបស់ទ្រង់ ។
សិក្សាព្រះគម្ពីរ
តើអ្នកដឹងអ្វីខ្លះអំពីការលេងអុក ?
អ្នកលេងអុកដ៏អស្ចារ្យប្រើចំណុចខ្លាំងនៃកូនអុកនីមួយៗនៅលើក្តារអុក ។ រាល់ជំហានកូនអុកនីមួយៗគឺជាផ្នែកមួយនៃផែនការដ៏ធំ ។
អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
ជីវិតរបស់យើងប្រៀបដូចក្ដារអុក ហើយព្រះអម្ចាស់រុញយើងពីកន្លែងមួយទៅកន្លែងមួយ—បើយើងអើពើទៅនឹងការបំផុសគំនិតខាងវិញ្ញាណ ។ ពេលយើងមើលទៅអតីតកាល យើងអាចឃើញព្រះហស្តទ្រង់ក្នុងជីវិតយើង ។ ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៥ )
ដំណើររឿងរបស់នាងអេសធើរបង្ហាញពីរបៀបដែលឥទ្ធិពលរបស់ព្រះ ដាក់នាងអេសធើរឲ្យនៅក្នុងស្ថានភាពមួយដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
បន្ទាប់ពីពួកពើស៊ីវាយយកក្រុងបាប៊ីឡូនបាន ពួកសាសន៍យូដាជាច្រើននាក់បន្តនៅស្រុកពើស៊ី រួមទាំងនាងអេសធើរ និងអាណាព្យាបាលរបស់នាង ម៉ាដេកាយផងដែរ ។ ស្ដេចនៃស្រុកពើស៊ី អ័ហាស៊ូរុសបានមិនពេញព្រះទ័យនឹងអគ្គមហេសីរបស់ទ្រង់ ព្រះនាងវ៉ាសធីទេ ហើយបានបញ្ជូនព្រះនាងទៅឆ្ងាយ ( សូមមើល នាងអេសធើរ ១:១–១២ ) ។ ពេលស្វែងរកអគ្គមហេសីថ្មី អ័ហាស៊ូរុសបានអំពាវនាវឲ្យនាំស្ត្រីសាសន៍ពើស៊ីទាំងអស់ទៅគាល់ចំពោះមុខទ្រង់ ( សូមមើល នាងអេសធើរ ២:១–៤ ) ។ ក្នុងចំណោមស្ត្រីទាំងអស់ ស្តេចបានជ្រើសរើសយកនាងអេសធើរជាអគ្គមហេសី ( សូមមើល នាងអេសធើរ ២:៨–១៧ ) ។
នៅពេលអានវគ្គបទគម្ពីរធំៗនៅក្នុងព្រះគម្ពីរ វាអាចជាការលំបាកក្នុងការយល់ពីអ្វីដែលកំពុងកើតឡើង ។ សូមជ្រើសរើសវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តទាំងបីខាងក្រោមនេះ ឬផ្សំចូលគ្នា ហើយរើសយករបៀបមួយណាដែលត្រូវ ដើម្បីជួយដល់អ្នក នៅពេលអ្នកសិក្សាដំណើររឿងអំពីនាងអេសធើរ ដែលមាននៅក្នុងបញ្ជីវគ្គបទគម្ពីរនេះ ។
-
សូមគូសសម្គាល់ពាក្យ ឬឃ្លាដែលបង្ហាញពីកាលៈទេសៈលំបាកៗ ដែលនាងអេសធើរ និងម៉ាដេកាយបានប្រឈមមុខ ។
-
សូមអានឮៗជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
សូមប្រើ ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ដើម្បីជួយអ្នកមើលឃើញដំណើររឿងនេះ ។
-
នាងអេសធើរ ៣:១–១៣
-
នាងអេសធើរ ៤:១–៩
ប្រសិនបើមានវីដេអូនេះ អ្នកក៏អាចមើល « For Such a Time as This » ( ១៣:៤៤ ) បានផងដែរ ។
អែលឌើរ រ៉ាសបាន បានថ្លែងទីបន្ទាល់បន្ថែមទៀត ៖
ខ្ញុំដឹងថា ព្រះអម្ចាស់នឹងជំរុញយើងឲ្យនៅលើក្តារអុកនោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។ អ្វីដែលមើលទៅដូចជាឱកាសចៃដន្យ គឺតាមពិតបានមើលខុសត្រូវដោយព្រះវរបិតាដែលពេញដោយសេចក្ដីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ដែលអាចរាប់អស់ទាំងសរសៃសក់របស់បងប្អូនម្នាក់ៗបាន ។ …
ព្រះវរបិតាសួគ៌អាចដាក់យើងក្នុងស្ថានភាពមួយក្នុងព្រះរាជបំណងជាក់លាក់ ។ ទ្រង់បានធ្វើដូច្នេះនៅក្នុងជីវិតរបស់ខ្ញុំ ហើយទ្រង់កំពុងធ្វើដូច្នេះនៅក្នុងជីវិតរបស់អ្នកដែរ ។ ( « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៥–៥៦ )
សូមអាន នាងអេសធើរ ៤:១១–១៤ ។ សូមគូសសម្គាល់ឃ្លា « ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេដឹង ? » សូមសរសេរកំណត់ចំណាំមួយដែលឆ្លើយនឹងសំណួរ មួយ ឬទាំងពីរ នៅខាងក្រោមនេះ ៖
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនអំពីព្រះវរបិតាសួគ៌មកពីដំណើររឿងរបស់នាងអេសធើរ និងអែលឌើរ រ៉ាសបាន ?
-
តើអ្នកបានឃើញព្រះហស្ដរបស់ព្រះវរបិតាសួគ៌ដាក់អ្នកនៅជុំវិញមនុស្សជាក់លាក់ ឬក្នុងស្ថានភាពមួយចំនួន « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) នៅពេលណាដែរ ?
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះមានកិច្ចការជាក់លាក់សម្រាប់មនុស្សគ្រប់គ្នាដែរទេ ?
ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន ដែលជាភរិយារបស់ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ព្រះមានកិច្ចការដ៏ពិសេសមួយសម្រាប់ពួកយើងម្នាក់ៗ ៖
មិត្តជាទីស្រឡាញ់របស់ខ្ញុំ កាលពីជីវិតមុនផែនដី ប្អូនៗ និងខ្ញុំបានទទួលបេសកកម្មដ៏អស្ចារ្យមួយដើម្បីបំពេញ ខណៈពេលយើងនៅលើផែនដីនេះ ។ …
ការជ្រើសរើសគឺជារបស់ប្អូនៗ និងខ្ញុំ ។ តើយើងនឹងជ្រើសរើសធ្វើ អ្វីៗក៏ដោយ ដើម្បីបំពេញបេសកកម្មដ៏អស្ចារ្យដែលយើងត្រូវបានបញ្ជូនមកលើផែនដីឬទេ ? …
កាលពីជីវិតមុនផែនដី បងប្អូន និងខ្ញុំបានតាំងចិត្តមកធ្វើកិច្ចការដ៏អស្ចារ្យមួយខណៈពេលនៅលើផែនដីនេះ ។ ហើយដោយមានជំនួយពីព្រះអម្ចាស់ នោះយើងអាចធ្វើវាបាន ! ( រ័សុល អិម ណិលសុន និង ស៊ីស្ទើរ វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅក្នុងបណ្ណាល័យដំណឹងល្អ )
ក្នុងចំណោមដំណើររឿងខាងក្រោមនេះ សូមជ្រើសយកដំណើររឿងពីរ ឬច្រើន ដែលអ្នកមានអារម្មណ៍ថាបង្ហាញពីឥទ្ធិពលដ៏ទេវភាពរបស់ព្រះអម្ចាស់ ។ សូមដាក់ស្លាកខគម្ពីរ ឬឃ្លាមួយនៅក្នុងដំណើររឿងនីមួយៗថា « ការរចនារបស់ព្រះ » ឬប្រើស្លាកផ្សេងទៀតជាជម្រើសរបស់អ្នក ។
-
នាងរស់ ១:១៤–១៩—នាងរស់ និងន៉ាអូមី
-
ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦—ស្រ្ដីនៅក្រុងសារិបតា និងអេលីយ៉ា
-
ពង្សាវតារក្សត្រ ទី២ ៥:១–៣—ក្មេងស្រីបម្រើ និងណាម៉ាន់
-
អាលម៉ា ១៩:១៦–១៧—អ័ប៊ីស និងពួកសាសន៍លេមិន
ជម្រើស ខ
តើខ្ញុំអាចស្គាល់ការណែនាំរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
ខណៈដែលបទពិសោធន៍របស់នាងអេសធើរមានឥទ្ធិពលដល់មនុស្សរាប់ពាន់នាក់ នោះជារឿយៗ ការសម្រេចបានកិច្ចការរបស់ព្រះអម្ចាស់អាចជាបទពិសោធន៍តូចតាច ប៉ុន្ដែមានសារៈសំខាន់ ។
សូមសិក្សាធនធាន មួយ ឬច្រើន ពីធនធានទាំងបួនខាងក្រោមនេះ ។ សូមរកមើលសេចក្ដីពិត ដែលអាចជួយអ្នកឲ្យស្គាល់ការណែនាំរបស់ព្រះវរបិតាសួគ៌នៅក្នុងជីវិតរបស់អ្នក ។
-
អែលឌើរ ស៊ាយរ៉ូ ឈឺម៉ែល ក្នុងពួកចិតសិបនាក់ « ធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ » ៖
ដូចជាទ្រង់បានធ្វើជាមួយនឹងនាងអេសធើរដែរ នោះព្រះអម្ចាស់ដាក់យើងនៅកន្លែងដែលយើងអាចជួយបំពេញព្រះរាជបំណងរបស់ទ្រង់បាន ។ …
ឱកាសដើម្បីធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់គឺមាននៅជុំវិញខ្លួនយើង ។ ការទទួលខុសត្រូវរបស់យើងគឺត្រូវត្រៀមខ្លួនធ្វើសកម្មភាព ។ ជារឿយៗ យើងមិនដឹងពីពេល ឬរបៀបដែលឱកាសទាំងនោះនឹងកើតឡើងឡើយ ។ យើងចាំបាច់ត្រូវតែរស់នៅដោយស័ក្ដិសមនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ មានដួងចិត្តដែលស្ម័គ្រតាម ។ បន្ទាប់មកព្រះអម្ចាស់នឹងដឹកនាំយើងឲ្យធ្វើអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ ។ ( « ធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ » លីអាហូណា ខែកក្កដា ឆ្នាំ២០២២ ទំព័រ ៤៣ )
-
ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ អតីតទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ « ភ្នែកដើម្បីមើលឃើញ » ៖
6:27 -
អែលឌើរ ប្រ៊ូក ភី ហែល៍ ក្នុងពួកចិតសិបនាក់ « ចម្លើយចំពោះការអធិស្ឋាន » ៖
12:39 -
ប្រធាន រ័សុល អិម ណិលសុន « ការអង្វរដល់បងប្អូនស្រីរបស់ខ្ញុំ » ៖
15:34
សូមចែកចាយសេចក្ដីពិតមួយដែលអ្នកបានរកឃើញជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។ សូមចែកចាយពីរបៀបដែលអ្នកគិតថា សេចក្ដីថ្លែងរបស់ម៉ាដេកាយនៅក្នុង នាងអេសឌើរ ៤:១៤ អាចពិពណ៌នាអំពីយុវវ័យនៅថ្ងៃចុងក្រោយនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ដាក់អ្នកនៅក្នុងស្ថានភាពទាំងឡាយ ដើម្បីជួយទ្រង់ឲ្យសម្រេចកិច្ចការរបស់ទ្រង់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សេចក្ដីពិតដែលអ្នកបានរកឃើញ នៅពេលអ្នកសិក្សាដំណើររឿងអំពីនាងអេសធើរ ។
-
របៀបដែលអ្នកបានឃើញព្រះដាក់អ្នកនៅជុំវិញមនុស្ស ឬនៅក្នុងស្ថានភាព « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?