Nehemiah Inspects the Walls of Jerusalem [ នេហេមាត្រួតពិនិត្យកំផែងក្រុងយេរូសាឡិម ] ដោយ រ៉ូប៊ើត ធី បារេត
អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ មេរៀនទី ៩៣
នេហេមា
« ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ព្រះបានបំផុសគំនិតនេហេមាឲ្យការពារប្រជាជនរបស់លោក ដោយសាងសង់កំផែងឡើងវិញនៅជុំវិញក្រុងយេរូសាឡិម ។ ប្រជាជនរបស់នេហេមាត្រូវតែយកឈ្នះលើការគំរាមកំហែង និងការរំខានឥតឈប់ឈរទាំងឡាយ ដើម្បីសម្រេចកិច្ចការនេះ ។ យើងក៏បានទទួលកិច្ចការដ៏សំខាន់ពីព្រះដែរ ហើយយើងអាចប្រឈមនឹងការលំបាកក្នុងការសម្រេចកិច្ចការនោះ ។ មេរៀននេះអាចជួយអ្នកឲ្យនៅតែផ្តោតទៅលើកិច្ចការ ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យអ្នកធ្វើ ។
សិក្សាព្រះគម្ពីរ
សូមមើលវីដេអូ « Doing What Matters Most » ( ១:៤២ ) ឬអានដំណើររឿងខាងក្រោម ៖
-
ជាច្រើនឆ្នាំកន្លងទៅ នៅពេលដែលអ្នកបើកយន្តហោះរៀបចំចុះចតយន្តហោះ អំពូលភ្លើងតូចមួយនៅក្នុងកាប៊ីនយន្តហោះបានឆេះលែងភ្លឺ ។ អ្នកបើកយន្តហោះបានផ្តោតយ៉ាងខ្លាំងទៅលើអំពូលភ្លើងនោះ រហូតដល់ពួកគេមិនបានសង្កេតឃើញយន្តហោះធ្លាក់ចូលទៅក្នុងវាលភក់មួយឡើយ ។ យន្តហោះនេះបានធ្លាក់ដោយបានសម្លាប់មនុស្សជាង១០០នាក់ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាគណៈប្រធានទីមួយ បានបង្រៀនមេរៀនដ៏សំខាន់មួយពីសោកនាដកម្មនេះ ៖
យន្តហោះនោះមានលក្ខណៈបច្ចេកទេសល្អឥតខ្ចោះ ។ អ្វីៗទាំងអស់ដំណើរការយ៉ាងត្រឹមត្រូវ—លើកលែងតែរឿងមួយប៉ុណ្ណោះ ៖ គឺអំពូលភ្លើងមួយបានឆេះខូច ។ អំពូលភ្លើងដ៏តូចនោះ—មានតម្លៃតែ២០សេនប៉ុណ្ណោះ—បានបង្កើតឲ្យមានសេរីព្រឹត្តិការណ៍ជាលំដាប់លំដោយ ដែលទីបំផុតនាំទៅរកហេតុការណ៍មនុស្សស្លាប់ដ៏រន្ធត់ដល់ទៅជាង១០០នាក់ ។
ពិតប្រាកដណាស់ ការខូចអំពូលមិនបានបង្កឲ្យមានបញ្ហានោះទេ វាកើតឡើងដោយសារតែក្រុមការងារលើយន្តហោះនោះ ផ្តោតយកចិត្តទុកដាក់ទៅលើអ្វីៗដែលហាក់ដូចជាសំខាន់ក្នុងពេលនោះ ខណៈដែលភ្លេចពីអ្វីដែលសំខាន់បំផុត ។
ទំនោរចិត្ត និងការផ្តោតអារម្មណ៍ទៅលើអ្វីដែលមិនសូវសំខាន់ ហើយបណ្ដោយឲ្យមានការខូចខាតធំនោះ គឺមិនមែនមានតែចំពោះអ្នកបើកយន្តហោះនោះទេ គឺមានចំពោះមនុស្សគ្រប់គ្នា ។ យើងទាំងអស់គ្នាមានហានិភ័យ ។ ( « We Are Doing a Great Work and Cannot Come Down » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៥៩ )
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ សូមទូលទៅព្រះវរបិតាសួគ៌ឲ្យណែនាំអ្នកតាមរយៈព្រះវិញ្ញាណ ដើម្បីយល់ពីរបៀបដែលសារលិខិតនេះអនុវត្តចំពោះអ្នកផ្ទាល់ ។
ប្រធាន អុជដូហ្វ បានបន្ដ ៖
សូមផ្អាកមួយភ្លែតសិន ហើយពិនិត្យមើលថាដួងចិត្ត និងគំនិតរបស់អ្នកនៅឯណា ។ តើអ្នកបានផ្តោតលើអ្វីដែលសំខាន់បំផុតដែរឬទេ ? របៀបដែលអ្នកចំណាយពេលស្ងប់ស្ងាត់របស់អ្នកអាចផ្ដល់នូវតម្រុយដ៏មានតម្លៃមួយ ។ តើគំនិតរបស់អ្នកទៅកន្លែងណា នៅពេលសម្ពាធនៃកាលកំណត់បានកន្លងផុតទៅ ? តើគំនិត និងដួងចិត្តរបស់អ្នកបានផ្តោតលើរឿងក្នុងរយៈពេលខ្លីនោះដែលសំខាន់ ឬលើរឿងដែលសំខាន់បំផុត ? ( « We Are Doing a Great Work and Cannot Come Down » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៦០ )
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកនូវរឿងបីយ៉ាង ដែលព្រះបានសុំឲ្យអ្នកផ្តោតលើ តាមរយៈព្យាការីរបស់ទ្រង់ ។ អ្នកអាចមើលក្នុងសុន្ទរកថា សន្និសីទទូទៅ ដែលថ្មីបំផុត ឬអានក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ។
សាសន៍អ៊ីស្រាអែលម្នាក់ឈ្មោះនេហេមា គឺជាអ្នកបម្រើរបស់ ថាស៊ើកសេស ជាស្តេចនៃពើស៊ី ។ ពួកសាសន៍អ៊ីស្រាអែលជាច្រើនបានត្រឡប់ទៅក្រុងយេរូសាឡិមវិញជាច្រើនឆ្នាំមុន ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ នេហេមាបានដឹងថា ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការវាយប្រហារ ដោយសារកំផែង និងច្រកទ្វារការពារនៅជុំវិញក្រុងយេរូសាឡិមបានបែកបាក់អស់ហើយ ។
នេហេមាត្រូវបានបំផុសគំនិតឲ្យសង់កំផែងនៅជុំវិញក្រុងយេរូសាឡិមឡើងវិញ ( សូមមើល នេហេមា ១:១–៤; ២:១–៦, ១១–១២, ១៧–១៨ ) ។
សូមអាន នេហេមា ២:១៩ និង ៤:១; ៧–៨ ។ សូមគូសសម្គាល់របៀបដែលពួកសត្រូវរបស់សាសន៍យូដា មានប្រតិកម្មនឹងកិច្ចការដែលព្រះបានប្រទានឲ្យពួកគេ ។
សូមបន្ថែមទៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក នូវរបៀបដែលសាតាំងប្រើល្បិចស្រដៀងគ្នានៅសព្វថ្ងៃនេះ ដើម្បីធ្វើឲ្យយើងបាត់បង់ការផ្ដោតទៅលើអ្វីដែលព្រះសុំឲ្យយើងធ្វើ ។
សូមអាន នេហេមា ៤:៩; ១៤–២០ ។ សូមគូសចំណាំអ្វីដែលអ្នកបានរៀនអំពីការយកឈ្នះលើការរំខាន និងការលំបាកទាំងឡាយ ។
សូមអាន នេហេមា ៦:១–៤; ១៥–១៦ ហើយជញ្ជឹងគិតពីអ្វីដែលអ្នកបានរៀនមកពីការឆ្លើយតបរបស់នេហេមា ចំពោះការប៉ុនប៉ងរបស់ពួកសត្រូវរបស់លោកដើម្បីទាញលោកចេញពីកិច្ចការរបស់ព្រះ ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរសេចក្តីសង្ខេបមួយប្រយោគអំពីអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍អំពីការធ្វើកិច្ចការដែលព្រះវរបិតាសួគ៌បានប្រទានឲ្យអ្នក ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះសព្វព្រះទ័យឲ្យខ្ញុំផ្ដោតទៅលើអ្វី ?
សូមអាន នេហេមា ៦:៣ ។ សូមគូសសម្គាល់ចម្លើយរបស់នេហេមា នៅពេលដែលលោកត្រូវបានសុំឲ្យឈប់ផ្តោតលើកិច្ចការរបស់ព្រះ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
[ សូម ] គិតអំពីអំណាចដែលយើងនឹងមានក្នុងនាមជាបុគ្គល … ប្រសិនបើក្នុងការឆ្លើយតបនឹងរាល់ការល្បួងឲ្យបាត់បង់ការផ្តោត ឬបន្ទាបបទដ្ឋានរបស់យើង—បទដ្ឋានរបស់ព្រះ នោះយើងបានឆ្លើយតបថា « ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន » ។ …
ព្រះវរបិតាសួគ៌របស់យើងស្វែងរកអស់អ្នកដែលបដិសេធមិនអនុញ្ញាតឲ្យរឿងតូចតាចរារាំងពួកគេក្នុងការស្វែងរកភាពដ៏នៅអស់កល្បជានិច្ច ។ ទ្រង់ស្វែងរកអស់អ្នកដែលមិនអនុញ្ញាតឲ្យមានការទាក់ទាញនៃភាពងាយស្រួល ឬអន្ទាក់របស់មារសត្រូវដើម្បីបង្វែរពួកគេពីកិច្ចការដែលទ្រង់បានប្រទានឲ្យពួកគេធ្វើ ។ ទ្រង់ស្វែងរកអស់អ្នកដែលប្រព្រឹត្តទង្វើស្របតាមពាក្យសម្ដីរបស់ពួកគេ—ពួកអ្នកដែលមានជំនឿថា « ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន » ។ ( « We Are Doing a Great Work and Cannot Come Down » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៥៩ )
សូមសរសេរកំណត់ចំណាំមួយមកពីការឆ្លើយតបរបស់នេហេមានៅក្នុង នេហេមា ៦:៣ ។ សូមសរសេរចម្លើយរបស់លោកឡើងវិញ តាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
សូមបំពេញសេចក្តីថ្លែងការណ៍ខាងក្រោម ដោយផ្អែកលើជីវិតរបស់អ្នកនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
ខ្ញុំជឿថា ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យខ្ញុំផ្តោតលើ ។
-
ការរំខាន ឬការលំបាកមួយចំនួនដែលអាចកើតមាន ដែលខ្ញុំអាចប្រឈមមុខគឺ ។
-
របៀបមួយចំនួនដែលខ្ញុំនៅតែអាចផ្តោតទៅលើកិច្ចការរបស់ព្រះវរបិតាសួគ៌បានគឺ ។
ជម្រើស ខ
តើខ្ញុំទទួលបានការការពារយ៉ាងដូចម្តេច ដោយសារការបន្ដផ្តោតលើកិច្ចការរបស់ព្រះ ?
នេហេមាបានបង្ហាញពីរបៀបដែលការផ្តោតលើព្រះ អាចជួយសម្រេចបានកិច្ចការរបស់ទ្រង់ ។ លីហុនតៃ ដែលជាមេដឹកនាំសាសន៍នីហ្វៃក្នុងព្រះគម្ពីរមរមន ត្រូវបានរំខានដោយអ្នកជំទាស់សាសន៍នីហ្វៃដ៏ទុច្ចរិតម្នាក់ឈ្មោះថា អាម៉ាលិកាយ ។
សូមប្រៀបធៀបបទពិសោធន៍របស់នេហេមា និងលីហុនតៃអំពីការរំខាន ។
សូមអាន អាលម៉ា ៤៧:១០–១១ ហើយរកមើលអ្វីដែលអាម៉ាលិកាយចង់ឲ្យលីហុនតៃធ្វើនៅពេលនោះ ។ សូមគូសសម្គាល់ការប៉ុនប៉ងនីមួយៗ ។ តើការណ៍នេះដូចជាស្ថានភាពរបស់នេហេមាយ៉ាងដូចម្តេច ?
សូមអាន អាលម៉ា ៤៧:១២–១៩ ហើយរកមើលអ្វីដែលបានកើតឡើង ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមកត់ត្រាអ្វីដែលអ្នកបានរៀនមកពីគំរូរបស់នេហេមា និងលីហុនតៃ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីលើកទឹកចិត្តអ្នកឲ្យនៅតែផ្តោតទៅលើកិច្ចការ ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យអ្នកធ្វើ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
ការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ទាំងបី ដែលអ្នកបានធ្វើទាក់ទងនឹងការផ្តោតលើកិច្ចការរបស់ព្រះវរបិតាសួគ៌ ។
-
អ្វីដែលអ្នកបានរៀនមកពីគំរូរបស់នេហេមា និងលីហុនតៃ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?