ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៥ ៖ នាង​អេសធើរ ផ្នែកទី ២—« បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ »


នាង​អេសធើរ​ដើរ​ចូល​ទៅក្នុង​ដំណាក់​របស់​ស្តេច​អ័ហាស៊ូរុស

នាង​អេសធើរ ៖ មេរៀន​ទី ៩៥

នាង​អេសធើរ ផ្នែកទី ២

« បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ក្នុងនាមជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ខ្លះ អ្នក​នឹង​ត្រូវ​បង្ហាញ​ភាពក្លាហាន ។ នៅក្នុង​ការប្រឈម​មុខ​នឹង​ការស្លាប់ នាង​អេសធើរ​បាន​បង្ហាញ​ភាពក្លាហាន និង​បាន​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​របស់​នាង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ​១៩២៧–២០១៨ ) បាន​ចែកចាយ​ដំណើររឿង​ដូច​ខាងក្រោម ៖

16:18
ប្រធាន ថូម៉ាស អេស ម៉នសុន

ពេល​កំពុង​បម្រើ​ជា​កងនាវិក​សហរដ្ឋ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ខ្ញុំ​បាន​រៀន​អំពី​សកម្មភាព​ក្លាហាន ឧទាហរណ៍​អំពី​ភាពក្លាហាន និង​គំរូ​នៃ​ភាពក្លាហាន ។ ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ភាពក្លាហាន​បែប​ស្ងាត់ស្ងៀម​របស់​នាវិក​ដែល​មាន​អាយុ​១៨​ឆ្នាំ​ម្នាក់—ដែល​មិនមែន​ជា​សមាជិក​យើង​ទេ—បាន​អធិស្ឋាន​ដោយ​គ្មាន​ភាពខ្មាស់អៀន ។ ក្នុង​ចំណោម​បុរស​២៥០​នាក់​នៃ​កងនាវិក​នោះ គាត់​ជា​បុរសតែ​ម្នាក់គត់ ដែល​បាន​លុត​ជង្គង់ចុះ​អធិស្ឋាន​រាល់​យប់ ជិត​គ្រែ​ខ្លួន ខណៈដែល​ពួកអ្នក​ដែល​មិន​ជឿ​បាន​ចំអក និង​បង្អាប់​គាត់ ។ គាត់​បាន​អធិស្ឋាន​ដល់​ព្រះ ដោយ​ការឱន​ក្បាល ។ គាត់​ពុំ​ដែល​រេរា​ឡើយ ។ គាត់​មិន​ដែល​រអាក់រអួល​ទេ ។ គាត់​មាន​ភាពក្លាហាន ។ ( « Be Strong and of a Good Courage » Liahona ខែ​ឧសភា ឆ្នាំ​២០១៤ ទំព័រ ៦៧ )

សូម​អាន​សេចក្តី​សង្ខេប​ខាងក្រោម ឬ​ពិចារណា​មើល​វីដេអូ « For Such a Time as This » ( ១៣:៤៤ ) ដើម្បី​រំឭក​ពី​ដំណើររឿង​របស់​នាង​អេសធើរ ។

13:44

នាង​អេសធើរ​បាន​ក្លាយ​ជា​អគ្គមហេសី​របស់​ស្តេច​អ័ហាស៊ូរុស​នៃ​ស្រុក​ពើស៊ី ។ ម៉ាដេកាយ ដែល​ជា​អាណាព្យាបាល​របស់​នាង​អេសធើរ មិន​ព្រម​ក្រាប​ថ្វាយបង្គំ​ហាម៉ាន ដែល​ជា​ទីប្រឹក្សា​របស់​ស្ដេច​ឡើយ ។ ហាម៉ាន​បាន​ខឹង ហើយ​បាន​ទទួល​ការអនុញ្ញាត​ពី​ស្តេច​ឲ្យ​បំផ្លាញ​ពួកសាសន៍​យូដា​ទាំងអស់​ក្នុង​នគរ ។ ម៉ាដេកាយ​បាន​សុំ​នាង​អេសធើរ​ឲ្យ​ស្វែងរក​ការអន្តរាគមន៍​ពី​ស្តេច ដោយ​ប្រាប់​នាង​ថា ប្រហែលជា​ព្រះ​បាន​ដាក់​នាង​ឲ្យ​នៅក្នុង​ស្ថានភាព​នេះ « សម្រាប់​ពេល​នេះ​ឯង​ » ( នាង​អេសធើរ ៤:១៤ ) ។

សូម​អាន នាង​អេសធើរ ៤:១៥–១៧ ហើយ​រកមើល​របៀប​ដែល​នាង​អេសធើរ​បង្ហាញ​ភាពក្លាហាន នៅពេល​នាង​រៀបចំ​ខ្លួន​ដើម្បី​ចូល​គាល់​ស្តេច ។

ទោះជា​ការចូល​ទៅក្នុង​ដំណាក់​របស់​ស្ដេច​ដោយ​គ្មាន​ការអញ្ជើញ​គឺ​ត្រូវ​ដាក់ទោស​ដល់​ស្លាប់​ក្ដី ក៏​នាង​អេសធើរ​នៅតែ​ដើរចូល​ដោយ​ភាពក្លាហាន​ដែរ ។ សំណាង​ល្អ ស្តេច​បាន​សម្រេច​ព្រះទ័យ​ដើម្បី​ស្តាប់​សំណើ​របស់​នាង​អេសធើរ ( នាង​អេសធើរ ៥:១–៤ ) ។ នាង​អេសធើរ​បាន​ពន្យល់​ពី​ស្ថានភាព​ទាំង​ទឹកភ្នែក ហើយ​បាន​ស្នើសុំ​ឲ្យ​ស្តេច​បញ្ឈប់​ព្រះរាជបញ្ជា​ឲ្យ​បំផ្លាញ​ពួកសាសន៍​យូដា​ទៅ ( សូម​មើល នាង​អេសធើរ ៧:៣–៤; ៨:៣–៦ ) ។

សូម​អាន នាង​អេសធើរ ៧:៥–៦; ៩–១០ ដើម្បី​មើល​ពី​របៀប​ដែល​ស្តេច​អ័ហាស៊ូរុស​បាន​ឆ្លើយតប​នឹង​សំណើ​របស់​នាង​អេសធើរ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​នាង​អេសធើរ​បាន​ពង្រឹង​ភាពក្លាហាន​របស់​នាង​ដោយ​របៀប​ណា ?

រូបតំណាង​ស្លាកសូម​អាន​ឡើងវិញ​ក្នុង នាង​អេសធើរ ៤:១៥–១៧ ហើយ​បង្កើត​ស្លាក​មួយ ដែល​ប្រាប់​ពី​អ្វី​ដែល​នាង​អេសធើរ និង​សហគមន៍ និង​មិត្តភក្តិ​របស់​នាង​បាន​ធ្វើ មុនពេល​នាង​ដើរ​ទៅមុខ​ស្តេច​យ៉ាង​ក្លាហាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

គោលលទ្ធិ​នៃ​ការតម​អាហារ​គឺ​មានពី​បុរាណ​មក ។ វា​ត្រូវបាន​វីរបុរស​ក្នុង​គម្ពីរ​ប៊ីប​អនុវត្ត​តាម​ចាប់តាំង​ពី​ជំនាន់​ដើម​បំផុត ។ ម៉ូសេ អែសរ៉ា នេហេមា អេសធើរ អេសាយ ដានីយ៉ែល យ៉ូអែល និង​មនុស្ស​ដទៃទៀត​ជាច្រើន​បាន​តមអាហារ និង​បាន​ផ្សាយ​អំពី​ការតម​អាហារ ។ តាមរយៈ​ការសរសេរ​របស់​អេសាយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ តើ​មិន​មែន​ជា​ការតមអត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញចិត្ត​ទេ​ឬ​អី ? គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ?

សាវក​ប៉ុល​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​នៅ​កូរិនថូស​ឲ្យ « ប្រគល់​ខ្លួន​ទៅ​ក្នុង​ការតម​អាហារ និង​អធិស្ឋាន » ។ ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​ប្រកាស​ថា រឿង​ជាក់លាក់ « ពុំ​បាច់​ចេញ​ទៅ​ទេ ប៉ុន្តែ​ដោយ​ការអធិស្ឋាន និង​តមអាហារ » ។ ( « Opening the Heavens for Help » Liahona ខែ​ឧសភា ឆ្នាំ​២០២០ ទំព័រ ៧៣ )

រូបតំណាង​ស្លាក បទគម្ពីរ​ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ដែល​ប្រធាន ណិលសុន បាន​លើកឡើង​នៅក្នុង​សុន្ទរកថា​របស់​លោក ។ សូម​អាន​វគ្គ​បទគម្ពីរ​ចំនួន​បួន ឬ​ច្រើន​ជាងនេះ ហើយ​ដាក់​ស្លាក​វា​ថា « ការតម​អាហារ » ។

  • និក្ខមនំ ៣៤:២៨—ម៉ូសេ​ទទួល​បាន​ក្រឹត្យវិន័យ​ដប់​ប្រការ ។

  • អែសរ៉ា ៨:២១–២៣—អែសរ៉ា​ស្វែងរក​ការការពារ​សម្រាប់​ខ្លួន​លោក និង​គ្រួសារ​របស់​លោក ។

  • នេហេមា ១:៤—នេហេមា​តម​អាហារ ក្រោយពី​កំផែង​ក្រុង​យេរូសាឡិម​បាន​រលំ ។

  • អេសាយ ៥៨:៦—អេសាយ​បង្រៀន​ពី​គោលបំណង​នៃ​ការតម​អាហារ ។

  • ដានីយ៉ែល ៩:៣—ដានីយ៉ែល​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ។

  • យ៉ូអែល ១:១៤—យ៉ូអែល​បង្រៀន​ប្រជាជន​ឲ្យ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ និង​តម​អាហារ ។

  • ម៉ាថាយ ១៧:២១—ព្រះយេស៊ូវ​ពន្យល់​ពី​តម្រូវការ​ក្នុង​ការធ្វើ​ការតម​អាហារ ដើម្បី​ធ្វើ​ការព្យាបាល​មួយ​ចំនួន ។

  • កូរិនថូសទី ទី១ ៧:១៥—ប៉ុល​ប្រាប់​ពួកកូរិនថូស​ឲ្យ​តម​អាហារ ។

ដោយ​ផ្អែកលើ​បទពិសោធន៍​របស់​អ្នក និង​អ្វី​ដែល​អ្នក​បាន​អាន តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ការតម​អាហារ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ដំណឹងល្អ ?

ជម្រើស ខ

តើ​វា​នឹង​មាន​សភាព​យ៉ាង​ដូចម្តេច​សម្រាប់​ខ្ញុំ ដើម្បី​មាន​ភាពក្លាហាន​ដូចជា​នាង​អេសធើរ ?

ខាំមៀល អិន ចនសុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ពន្យល់ ៖

ប្រធាន ខាំមៀល អិន ចនសុន

នាង​អេសធើរ​គឺជា​គំរូ​ដ៏ប្រពៃ​មួយ​ទៀត នៃ​ការទុកឲ្យ​ព្រះ​ឈ្នះ ។ ជាជាង​ប្រកាន់​ខ្ជាប់​នឹង​ដំណើររឿង​ដ៏ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​ខ្លួនឯង នាង​បាន​អនុវត្ត​សេចក្ដី​ជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ទាំងស្រុង ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ជីវិត​នាង ។ …

នាង​អេសធើរ​បាន​ស្ម័គ្រចិត្ត​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​និពន្ធ​ដំណើររឿង​របស់​នាង ទោះជា​តាម​ទស្សនវិស័យ​ជីវិត​រមែង​ស្លាប់ ទីបញ្ចប់​រឿង​អាច​នឹង​យំសោក​ក្ដី ។ ដោយ​មាន​ពរជ័យ ស្ដេច​បាន​ទទួល​នាង​អេសធើរ នោះ​ពួកសាសន៍​យូដា​នៅ​ស្រុក​ពើស៊ី​ត្រូវបាន​សង្គ្រោះ ។

ពិតណាស់ យើង​កម្រ​នឹង​ត្រូវគេ​សុំឲ្យ​មាន​កម្រិត​សេចក្ដី​ក្លាហាន​ដូច​នាង​អេសធើរ​ណាស់ ។ ប៉ុន្ដែ​ការទុក​ឲ្យ​ព្រះ​ឈ្នះ ការអនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​យើង ពិតជា​តម្រូវ​ឲ្យយើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្ដី​សញ្ញា​ដែល​យើង​បានចុះ ។ គឺ​តាមរយៈ​ការរក្សា​ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​របស់​យើង ទើប​បើក​ឲ្យមាន​ការប្រាស្រ័យ​ទាក់ទង​មួយ​សម្រាប់​យើង ដើម្បី​ទទួល​បាន​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​តាមរយៈ​ការបើក​សម្ដែង​នៃ​ព្រះវិញ្ញាណ ទើប​យើង​ស្គាល់​ព្រះហស្ដ​របស់​លោក​ចៅហ្វាយ ដែល​កំពុង​និពន្ធ​ដំណើររឿង​របស់​យើង​ជាមួយ​យើង ។ ( « សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៨១ )

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Have Courage and Trusting the Lord » ( ៣:១៨ ) ដើម្បី​មើល​ឧទាហរណ៍​សម័យ​ទំនើប​អំពី​ការបង្ហាញ​ភាពក្លាហាន ។

3:18

រូបតំណាង​កត់​ចំណាំនៅក្នុង នាង​អេសធើរ ៤:១៦ នាង​អេសធើរ​ប្តេជ្ញា​ចិត្ត​ដើម្បី​បង្ហាញ​ភាពក្លាហាន ។ សូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ​សេចក្តី​ថ្លែងការណ៍​របស់​នាង ដែល​បង្ហាញ​ពី​របៀប​ដែល​អ្នក​នឹង​បង្ហាញ​ភាពក្លាហាន ។ សូម​ពិចារណា​ប្រើ​ពាក្យ​របស់​នាង​អេសធើរ ធ្វើជា​គំរូ​សម្រាប់​សេចក្តី​ថ្លែងការណ៍​របស់​អ្នក ។

  • ដូច្នេះ​ហើយ ខ្ញុំ​នឹង ( សកម្មភាព​ដែល​អ្នក​ចង់​ធ្វើ​ដើម្បី​បង្ហាញ​ភាពក្លាហាន ) ៖ ហើយ​ប្រសិនបើ ( ផលវិបាក​ដែល​អាច​កើត​មាន ) ខ្ញុំ ( អ្វីមួយ​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ) ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​ភាពក្លាហាន ដើម្បី​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • វគ្គ​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​ដាក់​ស្លាក​ថា « ការតម​អាហារ » និង​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សារៈសំខាន់​របស់​វា ។

  • កំណត់​ចំណាំ​ដែល​អ្នក​បាន​សរសេរ​នៅជាប់​នឹង ខទី ១៦ ( ប្រសិនបើ​រឿង​នេះ​ជា​រឿង​ផ្ទាល់ខ្លួន​ពេក សូម​ពិចារណា​ធ្វើ​ជម្រើស​ផ្សេង ) ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?