ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩១ ៖ របាក្សត្រ ទី២ ១៧–២០—ការស្វែងរក​គោលការណ៍​នៅក្នុង​បទគម្ពីរ


យុវវ័យ​មួយ​ក្រុម​ដើរ​សំដៅ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍

របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ ៖ មេរៀន​ទី ៩១

របាក្សត្រ ទី២ ១៧–២០

ការស្វែងរក​គោលការណ៍​នៅក្នុង​បទគម្ពីរ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ? ស្ដេច​យ៉ូសាផាត​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺជា​គំរូ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការធ្វើ​ដូច្នេះ ។ រាស្ដ្រ​របស់​ទ្រង់​បាន​ឃ្លាតឆ្ងាយ​ពី​ព្រះ ហើយ​ចូលរួម​ក្នុង​ការថ្វាយ​បង្គំ​រូប​ព្រះ ។ យ៉ូសាផាត​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេហូវ៉ា ហើយ​បាន​ជួយ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូចគ្នា ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​ស្គាល់​គោលការណ៍​នៃ​ដំណឹងល្អ​ពី​ក្នុង​បទគម្ពីរ ។

សិក្សា​ព្រះគម្ពីរ

ទូក​នៅលើ​មហាសមុទ្រ ដែល​មាន​ភ្នំ​នៅ​ផ្ទៃ​ខាងក្រោយ

នៅ​ចុង​សតវត្សរ៍​ឆ្នាំ​១៨០០ អ្នកសាងសង់​នាវា​ន័រវែស​មួយ​ក្រុម​បាន​ចូលរួម​ក្នុង​សាសនាចក្រ ហើយ​ផ្លាស់​ទៅ​រដ្ឋ​យូថាហ៍ ។ នៅពេល​ពួកគេ​បាន​មកដល់ ពួកគេ​ត្រូវបាន​ចាត់តាំង​ឲ្យ​រចនា និង​សាងសង់​ដំបូល​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ។ ដោយ​គ្មាន​បទពិសោធន៍​សាងសង់​ដំបូល បុរស​ទាំងនេះ​មិន​សូវ​ប្រាកដ​ថា​ត្រូវ​បន្ត​យ៉ាង​ដូចម្តេច​នោះ​ទេ ។

អែលឌើរ អិល ថម ភែរី ( ឆ្នាំ​១៩២២–២០១៥ ) បាន​ពន្យល់​ពី​របៀប​ដែល​ពួកគេ​ដោះស្រាយ​បញ្ហា​នេះ ។

អែលឌើរ អិល ថម ភែរី

បន្ទាប់​មក ពួកគេ​ទទួល​បាន​គំនិត​មួយ ៖ « ហេតុអ្វី​ពួកគេ​មិន​សាងសង់​នាវា​មួយ​ទៅ ? ក្រោយ​មក ដោយសារ​នាវា​ដែល​សាងសង់​បាន​ល្អ​គឺ​មាំ និង​មាន​សុវត្ថិភាព ប្រសិនបើ​យើង​បង្វិល​គ្រោង​នោះ​បញ្ច្រាស​ឡើង​លើ យើង​នឹង​មាន​ដំបូល​ដែល​មាន​សុវត្ថិភាព​មួយ » ។ ពួកគេ​បាន​រៀបចំ​ផែនការ​ដើម្បី​សាងសង់​នាវា ហើយ​នៅពេល​សង់​ចប់​ហើយ ពួកគេ​បាន​បង្វិល​គ្រោង​នោះ​បញ្ច្រាស​ឡើងលើ ហើយ​វា​ក្លាយជា​គ្រោង​សម្រាប់​ដំបូល​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ។

នៅក្នុង​ករណី​នេះ ពួកគេ​បាន​ប្រើ​មេរៀន​មកពី​បទពិសោធន៍​កាលពី​អតីតកាល​របស់​ពួកគេ—គោលការណ៍​ក្នុង​ការសាងសង់​នាវា—ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​ប្រឈម ។ … អ្វី​ដែល​សំខាន់​បំផុត គឺ​ត្រូវ​មាន​ចំណេះដឹង​ការងារ​អំពី​គោលការណ៍​មូលដ្ឋាន ដែល​ចាំបាច់​ដើម្បី​សាងសង់​រចនាសម្ព័ន្ធ​ទាំងឡាយ ដែល​សាងសង់​ឲ្យ​មាន​ភាពធន់​រយៈពេល​យូរ » ។ ( « The Past Way of Facing the Future » Liahona ខែ​តុលា ឆ្នាំ​២០០៩ ទំព័រ ៧៤ )

ព្រះគម្ពីរ​អាច​ធ្វើជា​គ្រឹះ​សម្រាប់​អ្នក ដូចជា​ចំណេះដឹង​អំពី​ការសាងសង់​នាវា​ជា​គ្រឹះ​សម្រាប់​អ្នកសាងសង់​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ ផងដែរ ។ ការស្គាល់ និង​ការអនុវត្ត​តាម​គោលការណ៍​ក្នុង​ព្រះគម្ពីរ អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​ស្ទើរតែ​គ្រប់​បញ្ហា​ទាំងអស់ ។

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ​អំពី​ជីវិត​របស់​យ៉ូសាផាត សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្គាល់​គោលការណ៍​នៃ​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក ។

នៅពេល​យ៉ូសាផាត​ឡើង​កាន់​អំណាច ប្រជារាស្រ្ត​របស់​ទ្រង់​បាន​ក្បត់​សាសនា ។ យ៉ូសាផាត​បាន​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ជាច្រើន​នៅ​ទូទាំង​នគរ​របស់​ទ្រង់ ដើម្បី​ជួយ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ដើរតាម​ព្រះយេហូវ៉ា ( ព្រះយេស៊ូវ​គ្រីស្ទ ) ។ ក្នុង​គ្រា​នោះ ពួក​ខ្មាំងសត្រូវ​របស់​យ៉ូសាផាត​បាន​ឡើង​មក​ច្បាំង​នឹង​ប្រជារាស្ត្រ​របស់​ទ្រង់ ។ អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​កាលៈទេសៈ​ទាំងនេះ​បង្ហាញពី​គោលការណ៍​ផ្សេងៗ​គ្នា ។

របៀប​មួយ​ដើម្បី​ស្គាល់​គោលការណ៍​មួយ​គឺ​ការរកមើល​ថា តើ​កិច្ចការ​ពីរ​ទាក់ទង​គ្នា​យ៉ាង​ដូចម្តេច ។ ឧទាហរណ៍ ៖ ដោយសារ ក នោះ ខ កើតឡើង ។ ឬ​ដោយសារ​បុគ្គល​ម្នាក់​ធ្វើ​រឿង ក នោះ​ព្រះអម្ចាស់​សន្យា ឬ​ប្រទាន​រឿង ខ ។

គំនូស​សម្គាល់​បទគម្ពីរ​ជាមួយនឹង​ព្រះ​គម្ពីរ

សូម​រៀន​រកមើល​គោលការណ៍​នៅក្នុង​ខគម្ពីរ​ខាងក្រោម​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម​បាន ។

រូបតំណាង​គូសសម្គាល់សូម​អាន របាក្សត្រ ទី២ ១៧:៦ ។ សូម​គូសសម្គាល់​អារម្មណ៍​របស់​យ៉ូសាផាត​ដោយ​ពណ៌​មួយ ។ សូម​គូសសម្គាល់​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ដោយសារតែ​អារម្មណ៍​ដែល​ទ្រង់​មាន​នោះ​ដោយ​ពណ៌​មួយ​ទៀត ។ ( ចំណាំ ៖ ទីខ្ពស់ និង​រូប​ព្រះ​គឺជា​កន្លែង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ) ។

តាមរយៈ​ការភ្ជាប់​គំនូស​ទាំងពីរ​នេះ យើង​រៀន​ថា នៅពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​ទៅលើ​ព្រះ នោះ​យើង​នឹង​មាន​បំណង​ប្រាថ្នា​ដើម្បី​ដក​អ្វី​ដែល​អាក្រក់​ចេញពី​ជីវិត​របស់​យើង ។

រូបតំណាង​គូសសម្គាល់សូម​អាន របាក្សត្រ ទី២ ១៩:៣ ។ លើក​នេះ សូម​គូសសម្គាល់​អ្វី​ដែល​យ៉ូសាផាត​បាន​ធ្វើ​ដោយ​ពណ៌​មួយ និង​លទ្ធផល​ដោយ​ពណ៌​មួយ​ទៀត ។

តាមរយៈ​ការភ្ជាប់​គំនូស​ទាំងពីរ​នេះ យើង​រៀន​ថា ការដក​អ្វី​ដែល​អាក្រក់​ចេញពី​ជីវិត​របស់​យើង រៀបចំ​យើង​ឲ្យ​ស្វែងរក​ព្រះ ។

រូបតំណាង​កត់​ចំណាំឥឡូវ​នេះ អ្នក​បាន​អនុវត្ត​ហើយ សូម​អាន របាក្សត្រ ទី២ ២០:១–៩, ១៤–១៧, ២០–២២ ។ កាល​អ្នក​អាន សូម​រកមើល​គោលការណ៍ ពីរ ឬ​ច្រើន នៅក្នុង​ដំណើររឿង​របស់​យ៉ូសាផាត ។ បន្ទាប់មក សូម​ចំណាយ​ពេល​សរសេរ​គោលការណ៍​ទាំងនោះ​ដោយ​ប្រុង​ប្រយ័ត្ន​នៅក្នុង​កំណត់​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

គោលការណ៍ បើ-នោះ ។ ជាញឹកញាប់ ព្រះគម្ពីរ​ប្រើ​ពាក្យ បើ និង នោះ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រយោគ​ពីរ ។ ឧទាហរណ៍​មួយ​នៃ​គោលការណ៍​បើ-នោះ មាន​នៅក្នុង របាក្សត្រ ទី២ ២០:៩ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​យល់ដឹង​បាន​កាន់តែ​ស៊ីជម្រៅ អំពី​គោលការណ៍​ដែល​ខ្ញុំ​រកឃើញ​ដោយ​របៀប​ណា ?

សូម​ជ្រើសរើស​គោលការណ៍​មួយ ដែល​អ្នក​ចង់​ស្វែងយល់​បន្ថែម​ទៀត ។ សូម​រៀបចំ​ការនិយាយ​មួយ ដែល​មាន​រយៈពេល​ពីរនាទី​អំពី​សេចក្តីពិត​នេះ ដែល​រួមមាន​ចំណុច​ដូច​ខាងក្រោម ៖

  • ខគម្ពីរ​មួយ ឬ​ខគម្ពីរ​ជាច្រើន​ដែល​អ្នក​អាន​នៅក្នុង របាក្សត្រ ទី២ អំពី​គោលការណ៍​នេះ និង​មូលហេតុ​ដែល​អ្នក​បាន​ជ្រើសរើស​យក​វា

  • បទគម្ពីរ ឬ​ប្រសាសន៍​របស់​ព្យាការី​ផ្សេងទៀត ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​គោលការណ៍​នេះ

  • គ្រា​មួយ​នៅពេល​ព្រះអង្គ​សង្គ្រោះ ឬ​អ្នកផ្សេងទៀត​នៅក្នុង​បទគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ​បាន​ធ្វើជា​គំរូ​ដល់​គោលការណ៍​នេះ

  • របៀប​ដែល​អ្នក​មាន​អារម្មណ៍​ថា គោលការណ៍​នេះ​មកពី​ព្រះអម្ចាស់​អាច​ជួយ​យើង ឬ​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព

  • បទពិសោធន៍​មួយ​នៅពេល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ប្រព្រឹត្ត​តាម​គោលការណ៍​នេះ និង​ពរជ័យ​ណាមួយ​មកពី​ព្រះអម្ចាស់​ដែល​បាន​កើតមាន ដែល​ជា​លទ្ធផល​នៃ​ការធ្វើតាម

រូបតំណាង​ចែកចាយសូម​ចែកចាយ​ការនិយាយ​របស់​អ្នក​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ទៀត ដើម្បី​យល់ពី​សេចក្ដីពិត​នៅក្នុង​ព្រះគម្ពីរ ?

របៀប​មួយ​ទៀត​ដើម្បី​ធ្វើឲ្យ​ការអាន​បទគម្ពីរ​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ គឺ​ការបង្កើត​ស្លាក ។

នៅពេល​អ្នក​កំពុង​សិក្សា ការបង្កើត​ស្លាក​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​ត្រូវបាន​បង្រៀន ។ ក្រោយពី​អ្នក​បាន​សិក្សា​ចប់​ហើយ សា្លក​ទាំងឡាយ​អាច​ជួយ​អ្នក​ឲ្យ​ងាយ​ត្រឡប់​ទៅរក​វគ្គបទគម្ពីរ​បាន ។

ខណៈ​ដែល​ជាញឹកញាប់ គោលការណ៍​ត្រូវបាន​សរសេរ​ជា​ទម្រង់​ប្រយោគ នោះ​ជាទូទៅ ស្លាក​គ្រាន់តែ​ជា​ពាក្យ​មួយ ឬ​ពីរ​ម៉ាត់​ប៉ុណ្ណោះ ។ ឧទាហរណ៍ អ្នក​អាច​ដាក់​ស្លាក របាក្សត្រ ទី២ ១៧:៦ និង ១៩:៣ ថា « ដួងចិត្ត » « បំណង​ប្រាថ្នា » ឬ « ការប្រែចិត្ត » ។ ខណៈ​ដែល​ស្លាក​អាច​ជា​ពាក្យ​មួយ​ម៉ាត់​មកពី​ខគម្ពីរ​នោះ តែ​វា​មិន​ចាំបាច់​នោះ​ទេ ។ គន្លឹះ​គឺ​ការរក​ពាក្យ​មួយ​ម៉ាត់ ដែល​សង្ខេប​អ្វី​ដែល​ត្រូវបាន​បង្រៀន ។ ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ការដាក់​ស្លាក​នៅក្នុង​ព្រះគម្ពីរ​ទាំង​ជា​ឌីជីថល និង​ព្រះគម្ពីរ​បោះពុម្ព សូម​មើល « ការគូសសម្គាល់​បទគម្ពីរ​របស់​អ្នក » ។

រូបតំណាង​ស្លាកសូម​រៀន​បង្កើត​ស្លាក ដោយ​ការអាន​ឡើងវិញ​ក្នុង របាក្សត្រ ទី២ ២០:១–៩, ១៤–១៧, ២០–២២ ហើយ​ដាក់​ស្លាក​យ៉ាង​ហោច​ណាស់​លើ​ខគម្ពីរ​ចំនួន​បី ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​ស្គាល់​គោលការណ៍​នៃ​ដំណឹងល្អ​ពី​ក្នុង​បទគម្ពីរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការនិយាយ​ពីរ​នាទី​ដែល​អ្នក​បាន​រៀបចំ ។

  • វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ដាក់​ស្លាក និង​ឈ្មោះ​ដែល​អ្នក​បាន​ដាក់​ឲ្យ​វគ្គ​បទគម្ពីរ​នោះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?