ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៧ ៖ ពង្សាវតារក្សត្រ ទី២ ២១–២៣—ស្តេច​យ៉ូសៀស និង​គម្ពីរ​ក្រឹត្យវិន័យ


ស្តេច​យ៉ូសៀស​អាន​គម្ពីរ​ក្រឹត្យវិន័យ​ទៅកាន់​ប្រជាជន

ពង្សាវតារក្សត្យ ទី២ ១៦–២៥ ៖ មេរៀន​ទី ៨៧

ពង្សាវតារក្សត្រ ទី២ ២១–២៣

ស្តេច​យ៉ូសៀស និង​គម្ពីរ​ក្រឹត្យវិន័យ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​ឈប់​បន្ដិច​ដើម្បី​ពិចារណា​ពី​របៀប​ដែល​ជីវិត​របស់​អ្នក​អាច​មាន​ភាពខុសគ្នា​យ៉ាងណា បើ​គ្មាន​ព្រះគម្ពីរ​ទេ​នោះ ? នៅ​សម័យ​បុរាណ នៅពេល​ដែល​នគរ​យូដា​បាន​ងាក​ចេញពី​ព្រះ នោះ​គ្មាន​នរណា​បាន​ថែទាំ « គម្ពីរ​ក្រឹត្យវិន័យ » ( សូម​មើល ពង្សាវតារក្សត្រ ទី២ ២២:៨, ១១ ) ដ៏​ពិសិដ្ឋ​នោះ​ទេ ហើយ​នៅ​ទីបំផុត​ក៏​បាន​បាត់​ទៅ ។ នៅពេល​រកឃើញ​វិញ វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការដឹកនាំ​ទាំង​ស្តេច​យ៉ូសៀស និង​ប្រជាជន​របស់​ទ្រង់​ឲ្យ​ត្រឡប់​មករក​ព្រះអម្ចាស់​វិញ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការមាន និង​ការសិក្សា​ព្រះគម្ពីរ ។

សិក្សា​ព្រះគម្ពីរ

សូម​គិត​ពី​សម្ភារ​ទូទៅ ឬ​សកម្មភាព​មួយ​ដែល​អាច​បំពេញ​សំណួរ​នេះ​បាន ៖

  • តើ​ជីវិត​របស់​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា បើ​គ្មាន  ទេ​នោះ ?

តើ​វា​នឹង​មាន​ឥទ្ធិពល​មកលើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ? តើ​ជីវិត​របស់​អ្នក​នឹង​កាន់តែ​ពិបាក ឬ​ងាយស្រួល​ជាង​មុន បើ​គ្មាន​វា​ទេ​នោះ ?

សូម​គិត​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក នៅពេល​អ្នក​ជញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ជីវិត​របស់​អ្នក​នឹង​ទៅជា​យ៉ាងណា បើ​គ្មាន ព្រះគម្ពីរ ទេ​នោះ ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​តម្រូវការ​របស់​យើង​ដើម្បី​មាន​ព្រះគម្ពីរ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ពួកអ្នក​ដែល​មិន​មាន ឬក៏​ព្រងើយ​កន្តើយ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​កត់ត្រា នឹង​ឈប់​ជឿ​លើ​ទ្រង់ ហើយ​នៅ​ទីបំផុត​ភ្លេច​ពី​គោលបំណង​នៃ​ការមាន​ជីវិត​របស់​ខ្លួន ។ ( « The Power of Scripture » Liahona ខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ ៣៣ )

កាល​ពេលវេលា​កន្លង​ទៅ ព្រះគម្ពីរ​បាន​បាត់ ហើយ​នគរ​យូដា​បាន​ភ្លេច​ព្រះ ។ ស្ដេច​ម៉ាន៉ាសេ និង​អាំម៉ូន​បាន​ដឹកនាំ​ប្រជាជន​ឲ្យ​ធ្វើ​រឿង​អាក្រក់ៗ​ជាច្រើន ដូចជា​ការថ្វាយ​បង្គំ​រូបសំណាក និង​ការបូជា​កុមារ​ទៀត​ផង ( សូម​មើល ពង្សាវតារក្សត្រ ទី២ ២១ ) ។ នៅពេល​អាំម៉ូន​សុគត នោះ​បុត្រា​របស់​ទ្រង់ យ៉ូសៀស​មាន​ព្រះជន្ម​ត្រឹមតែ​ប្រាំបី​ឆ្នាំ​ប៉ុណ្ណោះ ។ យ៉ូសៀស​គឺជា​ស្តេច​ដ៏ល្អ​មួយ​អង្គ ។ បន្ទាប់ពី​គ្រប់គ្រង​អស់​រយៈពេល​១៨​ឆ្នាំ​មក ទ្រង់​បាន​បង់ថ្លៃ​ឲ្យ​អ្នកធ្វើការ​ជួសជុល​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល ពង្សាវតារក្សត្រ ទី២ ២២:១–៧ ) ។

នៅក្នុង ពង្សាវតារក្សត្រ ទី២ ២២:៨–១៣ ហ៊ីលគីយ៉ា រកឃើញ « គម្ពីរ​ក្រឹត្យវិន័យ » ឬ​ព្រះគម្ពីរ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ស្ដេច​យ៉ូសៀស​បាន​សម្រេច​ព្រះទ័យ​អាន​គម្ពីរ​នេះ​ដល់​ប្រជាជន​ទាំងអស់​នៅ​ក្រុង​យេរូសាឡិម ( សូម​មើល ពង្សាវតារក្សត្រ ទី២ ២២:១៤–២០;២៣:១–២ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ២៣:១–៣ ។ សូម​គូសសម្គាល់​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ បន្ទាប់ពី​យ៉ូសៀស​បាន​អាន​ព្រះគម្ពីរ​ដល់​ពួកគេ ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « King Josiah » ( ១:៣៦ ) ។

1:36

កាល​ដែល​យ៉ូសៀស និង​ប្រជាជន​របស់​ទ្រង់​បាន​រៀន​ចេញពី​ព្រះគម្ពីរ ហើយ​ងាក​ទៅរក​ព្រះអម្ចាស់​វិញ នោះ​ពួកគេ​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​ពួកគេ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការសិក្សា​ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ឲ្យ​ងាក​ទៅរក​ព្រះ​ដោយ​របៀប​ណា ?

រូបតំណាង​គូសសម្គាល់សូម​អាន ពង្សាវតារក្សត្រ ទី២ ២៣:៣–៤, ២១, ២៤–២៥ ។ សូម​គូសសម្គាល់​អ្វី​ដែល​ស្តេច​យ៉ូសៀស​បាន​ធ្វើ ដើម្បី​ស្តារ​ការថ្វាយ​បង្គំ​ដ៏ពិត​របស់​ព្រះអម្ចាស់ និង​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ម៉ូសេ​ឡើងវិញ ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ ឌែល ជី រិនឡាន់

ព្រះ​អញ្ជើញ​យើង​ឲ្យ​បោះ​ផ្លូវ​ចាស់​របស់​យើង​ចោល​ឲ្យ​អស់ ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​នៅក្នុង​ព្រះគ្រីស្ទ ។ ( « Unwavering Commitment to Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ២៣ )

សូម​ជញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ប្រជាជន​ត្រូវ​បំផ្លាញ​រូប​សំណាក​ទាំងអស់​របស់​ពួកគេ​ចោល ដើម្បី​ងាក​ទៅរក​ព្រះអម្ចាស់​ឲ្យ​អស់ពី​ដួងចិត្ត​របស់​ពួកគេ ?

  • តើ​មាន​រឿង​អ្វីខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ចង់​ឲ្យ​អ្នក​បណ្ដេញ​ចេញពី​ជីវិត​របស់​អ្នក ដើម្បី​អ្នក​អាច​ធ្វើតាម​ទ្រង់​បាន​កាន់តែ​ប្រសើរ​ឡើង ?

  • តើ​ការសិក្សា​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ហើយ​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀបណា ?

សូម​ស្វែងរក​វគ្គបទគម្ពីរ​មួយ​ដែល​បាន​ជួយ ( ឬ​អាច​ជួយ ) អ្នក​ឲ្យ​ងាក​ទៅរក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​រកមើល​ក្នុង​ស្លាក និង​ការគូស​សម្គាល់​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ថ្នាក់​សិក្ខាសាលា ។ អ្នក​ក៏​អាច​រុករក​មើល​ក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផងដែរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​បទគម្ពីរ​នោះ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។ សូម​ពន្យល់​ពី​របៀប​ដែល​ខគម្ពីរ​នោះ​បាន​ជួយ​អ្នក​ឲ្យ​ផ្តោតលើ និង​ងាក​ទៅរក​ព្រះ ។

ជម្រើស ខ

តើ​ព្រះបន្ទូល​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​អ្វីខ្លះ​មកលើ​ជីវិត​របស់​ខ្ញុំ ?

រូបតំណាង​តំណ​ភ្ជាប់សូម​អាន ពង្សាវតារក្សត្រ ទី២ ២៣:១–៣ និង ម៉ូសាយ ៥:១–៥ ។ ស្តេច​បេនយ៉ាមីន​ក្នុង​ព្រះគម្ពីរ​មរមន​គឺជា​ស្តេច​មួយ​អង្គ​ទៀត ដែល​បាន​ប្រមូល​ប្រជាជន​របស់​ទ្រង់ ដើម្បី​បង្រៀន​ពួកគេ​អំពី​ព្រះបន្ទូល​របស់​ព្រះ ។ សូម​ប្រៀបធៀប​ដំណើររឿង​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន ទៅ​នឹង​ដំណើររឿង​នៃ​ប្រជាជន​របស់​ស្ដេច​យ៉ូសៀស ។ សូម​ដាក់​តំណ​ភ្ជាប់ ពង្សាវតារក្សត្រ ទី២ ២៣:៣ ទៅនឹង ម៉ូសាយ ៥:៥ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ​១៨៩៥–១៩៨៥ ) បាន​បង្រៀន​ពី​ឥទ្ធិពល ដែល​ការសិក្សា​ព្រះគម្ពីរ​មាន​នៅក្នុង​ជីវិត​របស់​លោក ៖

ប្រធាន ស្ពែនសើរ ដ័បបុលយូ គិមបុល

ខ្ញុំ​ឃើញ​ថា នៅពេល​ខ្ញុំ​បង្ហាញ​ទំនាក់ទំនង​មិន​សូវ​ហ្មត់ចត់​ជាមួយ​នឹង​ព្រះ ហើយ​កាល​វា​ហាក់​ដូចជា​ថា​គ្មាន​ព្រះ​កំពុង​ស្តាប់ ហើយ​គ្មាន​ព្រះបន្ទូល​មកកាន់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ឃ្លាតពី​ទ្រង់​កាន់តែ​ឆ្ងាយទៅៗ​ហើយ ។ ប្រសិនបើ​ខ្ញុំ​ដាក់​ខ្លួន​ខ្ញុំ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ នោះ​ការឃ្លាត​ឆ្ងាយ​នឹង​រួមតូច ហើយ​ព្រះវិញ្ញាណ​នឹង​ត្រឡប់​មក​វិញ ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ៦៧ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​អ្វី​ខាងក្រោម​នេះ ៖

  • ភាពស្រដៀងគ្នា​ដែល​អ្នក​បាន​រកឃើញ​រវាង​ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន និង​ប្រជាជន​នៅ​សម័យ​របស់​ស្តេច​យ៉ូសៀស ។

  • ទំនាក់ទំនង​ដែល​អ្នក​បាន​ឃើញ​រវាង​ដួងចិត្ត​របស់​ប្រជាជន និង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់ និង​របៀប​ដែល​ទំនាក់ទំនង​ទាំងនោះ​អាច​អនុវត្ត​បាន​នៅក្នុង​ជីវិត​របស់​អ្នក ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ចែកចាយ ៖

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

ខ្ញុំ​ជឿជាក់​ថា យើង​ម្នាក់ៗ នៅ​ចំណុច​ណាមួយ​នៅក្នុង​ជីវិត​របស់​យើង ត្រូវតែ​បាន​រកឃើញ​បទគម្ពីរ​សម្រាប់​ខ្លួន​យើង—ហើយ​មិន​ត្រឹមតែ​រកឃើញ​វា​តែ​ម្តង​នោះទេ ប៉ុន្តែ​រកឃើញ​វា​ម្តងហើយ​ម្តងទៀត ។ …

ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​មុតមាំ​ថា យើង​ទាំងអស់​គ្នា​ត្រូវតែ​ត្រឡប់​ទៅ​កាន់​ព្រះគម្ពីរ​វិញ ដូច​ដែល​ស្តេច​យ៉ូសៀស​បាន​ធ្វើ ហើយ​អនុញ្ញាត​ឲ្យ​ព្រះគម្ពីរ​ធ្វើការ​ដ៏​អស្ចារ្យ​នៅក្នុង​យើង ជំរុញ​យើង​ឲ្យ​ធ្វើ​ការប្តេជ្ញា​ចិត្ត​ដ៏​ឥត​រុញរា​នៅក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ទំព័រ ៦២, ៦៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា គោលដៅ​សិក្សា​ព្រះគម្ពីរ​បច្ចុប្បន្ន​របស់​អ្នក​កំពុង​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទាំងស្រុង​ដែរ​ឬ​ទេ ? បើ​មាន​មែន តើ​អ្នក​បាន​ឃើញ​រឿង​នេះ​កើតឡើង​ដោយ​របៀបណា ? បើ​មិន​មាន​ទេ តើ​អ្នក​នឹង​កែប្រែ​អ្វីខ្លះ ?

  • តើ​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​អ្វីខ្លះ ដែល​អ្នក​មាន​ទាក់ទង​នឹង​ការអាន​ជំពូក​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​បាន​ចាត់​ដល់​អ្នក ? តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ធានា​ថា អ្នក​បាន​បំពេញ​អំណាន​ដែល​បានចាត់​ដល់​អ្នក ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការមាន និង​ការសិក្សា​ព្រះគម្ពីរ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គោលដៅ​សិក្សា​ព្រះគម្ពីរ និង​គំនិត​របស់​អ្នក​មកពី​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត? » ។

  • បទគម្ពីរ​ដែល​អ្នក​បាន​ចែកចាយ និង​ការពន្យល់​របស់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?