ថ្នាក់​សិក្ខាសាលា
មេរៀនទី ៧៤ ៖ សាំយូអែល ទី១ ១៧ ៖ « ដាវីឌ និង កូលីយ៉ាត »


ដាវីឌ​សម្លាប់​កូលីយ៉ាត

ដាវីឌ​សម្លាប់​កូលីយ៉ាត [ David Slays Goliath ] ដោយ ហ្គែរី អិល ខាប

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀន​ទី ៧៤

សាំយូអែល ទី១ ១៧

« ដាវីឌ និង កូលីយ៉ាត »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ពេល​ដាវីឌ​ចេញ​ទៅ​ច្បាំង​នឹង​កូលីយ៉ាត កាលនោះ​ដាវីឌ « នៅ​ក្មេង​ណាស់ » លោក​បាន​ប្រឈមមុខ​នឹង​កូលីយ៉ាត « ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំងតែ​ពី​ក្មេង » ( សាំយូអែល ទី១ ១៧:៣៣ ) ។ ទោះ​ជា​យ៉ាង​ណា ដាវីឌ​បាន​ដឹង​ថា ព្រះអម្ចាស់​គង់​ជាមួយ​លោក ដែល​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង ។ នៅ​សព្វ​ថ្ងៃ​នេះ យើង​អាច​រកឃើញ​កម្លាំង​នៅក្នុង​បញ្ហា​ប្រឈម​របស់​យើង​បាន នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងនោះ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​ធ្លាប់​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​ហាក់​ធំ​ពេក​មិន​អាច​យក​ឈ្នះ​បាន​ដែរ​ឬ​ទេ ? អ៊ីស្រាអែល​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​ភីលីស្ទីន ។ អ្នក​ចម្បាំង​ភីលីស្ទីន​ម្នាក់ ឈ្មោះ​កូលីយ៉ាត បាន​បបួល​ធ្វើការ​ប្រកួត​មួយ ។ គាត់​បាន​និយាយ​ថា ប្រសិន​បើ​ពួកសាសន៏​អ៊ីស្រាអែល​ណា​ម្នាក់​យកឈ្នះ​គាត់​ក្នុង​ការប្រយុទ្ធ​តែ​មួយ​លើក នោះ​ពួក​ភីលីស្ទីន​នឹង​ចុះចាញ់ ហើយ​ធ្វើ​ជា​ពួក​អ្នក​បម្រើ​របស់​សាសន៍​អ៊ីស្រាអែល ។

ទោះជា​យ៉ាងណា កូលីយ៉ាត​មិនមែន​ជា​ទាហាន​ធម្មតា​នោះ​ទេ ។

ដាវីឌ និង កូលីយ៉ាត

រូបតំណាង​កត់​ចំណាំសាំយូអែល ទី១ ១៧:៤ រាយការណ៍​ពី​កម្ពស់​របស់ កូលីយ៉ាត ។ សូម​ធ្វើ​ការកត់ចំណាំ​នៅ​ជិត​នឹង ខទី ៤ ដែល​ពន្យល់​ថា « កម្ពស់​៦​ហត្ថ​១​ចំអាម » គឺ​កម្ពស់​ជិត​បី​ម៉ែត្រ ឬ​ប្រាំបួន​ហ្វីត ប្រាំបួន​អ៊ិញ ។

ជា​រៀង​រាល់​ថ្ងៃ​អស់​រយៈ​ពេល​៤០​ថ្ងៃ កូលីយ៉ាត​បាន​បបួល​ធ្វើការ​ប្រកួត ។ ស្ដេច​សូល និង​កង​ទ័ព​របស់​អ៊ីស្រាអែល​ភ័យ​ខ្លាច ប៉ុន្តែ​ដាវីឌ​បាន​មើលឃើញ​អ្វីៗ​ខុសគ្នា ។

មុន​នឹង​អាន​ចម្លើយ​របស់​ដាវីឌ សូម​ជញ្ជឹងគិត​ពី​ឧបសគ្គ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​ជ្រើសរើស​បញ្ហា​ប្រឈម​មួយ ដើម្បី​ផ្តោតលើ​នៅ​ថ្ងៃនេះ ។

រូបតំណាង​គូសសម្គាល់សូម​ប្រើ​សេចក្តីណែនាំ​ខាងក្រោម​ដើម្បី​សិក្សា​ដំណើររឿង​របស់​ដាវីឌ និង​កូលីយ៉ាត ហើយ​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ៖

  • សូម​អាន សាំយូអែល ទី១ ១៧:២៦ ហើយ​រក​មើល​ពី​របៀប​ដែល​ដាវីឌ​បាន​ឆ្លើយតប នៅពេល​លោក​បាន​ឮ​កូលីយ៉ាត​ផ្គើន​នឹង​កងទ័ព​អ៊ីស្រាអែល ។

  • សូម​អាន សាំយូអែល ទី១ ១៧:៣១–៣៧ ហើយ​រកមើល​ថា​ហេតុអ្វី​បាន​ជា​ដាវីឌ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ទៅលើ « ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ » ( ខទី ៣៦ ) ។

  • សូម​អាន សាំយូអែល ទី១ ១៧:៣៨–៥១ ហើយ​រក​មើល​របៀប​ដែល​ដាវីឌ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ នៅ​ពេល​លោក​ប្រឈមមុខ​នឹង​កូលីយ៉ាត ។

សូម​មើល​វីដេអូ « The Lord Will Deliver Me » ( ៣:២៣ ) ដើម្បី​មើល​ពី​ការពិពណ៌នា​ដែល​អ្នក​បាន​អាន ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​ដាវីឌ​បាន​ដឹង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​លោក​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត ?

  • តើ​អ្វី​ដែល​ដាវីឌ​បាន​ដឹង​អំពី​ព្រះអម្ចាស់​អាច​ជួយ​ដល់​យើង នៅពេល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​របស់​យើង​ដោយ​របៀប​ណា ?

3:24

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ប្រឈមមុខ​នឹង​កូលីយ៉ាត​ដោយ​របៀប​ណា​នៅក្នុង​ជីវិត​របស់​ខ្ញុំ ?

ដៃ​របស់​ដាវីឌ​កាន់​ក្រួស​ដែល​រលីង​ចំនួន​ប្រាំ​ដុំ

នៅក្នុង សាំយូអែល ទី១ ១៧:៤០ យើង​បានរៀន​ថា ដាវីឌ « រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ » ដើម្បី​ច្បាំង​នឹង​កូលីយ៉ាត ។

ស៊ីស្ទើរ អេនឌ្រា មូណូស ស្ពែនណោស បាន​លើក​ឡើង​ដូច​ខាងក្រោម ៖

ស៊ីស្ទើរ អេនឌ្រា មូណូស ស្ពែនណោស

ដាវីឌ​បាន​ត្រៀម​ខ្លួន​ដោយ​មាន​ក្រួស​ចំនួន​ប្រាំ​ដុំ ខណៈ​ដែល​លោកបាន​ប្រើ​ក្រួស​តែ​មួយ​ដុំ​គត់​ដើម្បី​សម្លាប់​កូលីយ៉ាត ។ មាន​ប្រាំ​ដុំ ! រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​របៀប​ដែល​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ខ្ញុំ​ដើម្បី​ប្រឈម​នឹង​ពិភពលោក​នេះ ។

ចុះ​បើ​ក្រួស​នីមួយៗ​របស់​ដាវីឌ តំណាង​ឲ្យ​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យក​ឈ្នះ​ក្នុង​ជីវិត​វិញនោះ ? តើ​ក្រួស​ទាំង​ប្រាំ​ដុំ​នោះ​អាច​ជា​អ្វីខ្លះ ? ( « ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២៤ ទំព័រ ៦០ )

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់ចំណាំ​នៅជិត​នឹង ខទី ៤០ ដែល​មាន​ចំណងជើង​ថា « របៀប​ប្រាំ​យ៉ាង​ដើម្បី​រៀបចំ​ខ្លួន​ខ្ញុំ​ប្រឈម​នឹង​ឧបសគ្គ » ។ បន្ទាប់មក សូម​រាយបញ្ជី​របៀប​ប្រាំ​យ៉ាង ឬ​ច្រើន​យ៉ាង ដែល​អ្នក​អាច​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​កម្លាំង​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​អ្នក ។

សូម​ប្រមូល​ដុំ​ក្រួស​ចំនួន​ប្រាំ ហើយ​សរសេរ​លើ​ដុំក្រួស​នីមួយៗ​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​កម្លាំង​ពី​ព្រះគ្រីស្ទ ។ សូម​ដាក់​ក្រួស​ទាំងនោះ​នៅ​កន្លែង​ដែល​អ្នក​នឹង​មើលឃើញ​វា​ជា​ការរំឭក ។ ឧទាហរណ៍ អ្នក​អាច​ដាក់​ដុំ​ក្រួស​នៅ​លើ​ខ្នើយ​របស់​អ្នក ដើម្បី​រំឭក​ឲ្យ​អាន​ព្រះគម្ពីរ​មុន​ពេល​ចូល​គេង ឬ​ដាក់​មួយ​ក្នុង​ស្បែកជើង​របស់​អ្នក ដើម្បី​រំឭក​អ្នក​ឲ្យ​អធិស្ឋាន​មុន​ពេល​ចេញ​ទៅ​ក្រៅ​នៅ​ពេលព្រឹក ។

ជម្រើស ខ

តើ​ការដែល​ដាវីឌ​យក​ឈ្នះ​លើ​កូលីយ៉ាត គឺ​ជា​និមិត្តរូប​នៃ​ព្រះគ្រីស្ទ​យ៉ាង​ដូច​ម្ដេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​កំណត់ហេតុ​មួយ ហាក់​ដូចជា​អ្នក​គឺជា​ទាហាន​អ៊ីស្រាអែល​ម្នាក់​ដែល​មើល​ដាវីឌ​ចេញទៅ​ប្រយុទ្ធ ។ សូម​ប្រាកដ​ថា អ្នក​រួម​បញ្ចូល​ចំណុច​ដូច​ខាងក្រោម ៖

  1. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា នៅ​ពេល​កូលីយ៉ាត​ប្រកួត​ជាមួយ​អ្នក​ជា​រាល់​ថ្ងៃ ?

  2. តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដាវីឌ​យកឈ្នះ​លើ​គាត់ ?

  3. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ដាវីឌ បន្ទាប់ពី​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក និង​ប្រជាជន​របស់​អ្នក ?

ចំណុច​សំខាន់ៗ​ជា​ច្រើន​នៃ​ជីវិត​របស់​ដាវីឌ បង្ហាញ​ពី​ជីវិត និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​តំណ​ភ្ជាប់សូម​ប្រើ​តារាង​ខាងក្រោម​ដើម្បី​ស្វែងយល់​ពី​ភាពស្រដៀង​គ្នា​មួយចំនួន​រវាង​ដាវីឌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​ភ្ជាប់​តំណ​វគ្គ​បទគម្ពីរ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​វា​ងាយស្រួល​ស្វែងរក នៅពេល​អ្នក​សិក្សា​ដំណើររឿង​នេះ​លើកក្រោយ ។

ដាវីឌ

ព្រះយេស៊ូវ​គ្រីស្ទ

ដាវីឌ

សាំយូអែល ទី១ ១៧:១២

ព្រះយេស៊ូវ​គ្រីស្ទ

លូកា ២:៤

ដាវីឌ

សាំយូអែល ទី១ ១៦:១១១៧:១៥

ព្រះយេស៊ូវ​គ្រីស្ទ

យ៉ូហាន ១០:១៤

ដាវីឌ

សាំយូអែល ទី១ ១៦:១៣

ព្រះយេស៊ូវ​គ្រីស្ទ

លូកា ៤:១៨យ៉ូហាន ១:៤៩

ដាវីឌ

សាំយូអែល ទី១ ១៧:៥០–៥១

ព្រះយេស៊ូវ​គ្រីស្ទ

នីហ្វៃ​ទី​២ ៩:១០–១២

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​អាន​កំណត់ហេតុ​ដែល​អ្នក​បាន​សរសេរ​នោះ​សា​ឡើង​វិញ នៅពេល​ចាប់ផ្ដើម​សកម្មភាព​នេះ ។ តើ​ការយល់​ដឹង​អំពី​បទពិសោធន៍​របស់​ដាវីឌ​ក្នុង​ការសង្គ្រោះ​អ៊ីស្រាអែល អាច​ជួយ​អ្នក​ឲ្យ​ដឹងគុណ​ចំពោះ​ការសង្រ្គោះ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្តេច ? សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្រោម​កំណត់ហេតុ​ដំបូង​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​អ្នក​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ នៅពេល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រូបភាព ឬ​ការពិពណ៌នា​ពី​គ្រាប់​ក្រួស​ដែល​អ្នក​បាន​រើស អ្វី​ដែល​អ្នក​សរសេរ​លើ​វា ហើយ​ថាតើ​អ្នក​នឹង​ទុក​វា​នៅ​កន្លែង​ណា ។

  • កំណត់ហេតុ​ដែល​អ្នក​បាន​សរសេរ​សម្រាប់​ជម្រើស ខ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?