សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀនទី ៧៥
សាំយូអែល ទី១ ២៥
ព្រះអង្គសង្គ្រោះជួយយើងឲ្យអភ័យទោស
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ក្នុងជីវិតនេះ មនុស្សអាចនឹងធ្វើឲ្យយើងឈឺចាប់ ឬធ្វើបាបយើង ។ បុរសម្នាក់ឈ្មោះណាបាលបានប្រមាថដាវីឌ ។ ភរិយារបស់ណាបាល អ័ប៊ីកែលបានចូលទៅជួយសម្រួលដើម្បីឲ្យមានការអភ័យទោស ។ តាមរយៈការប្រៀបធៀបទង្វើរបស់អ័ប៊ីកែលទៅនឹងទង្វើរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងរៀនថា តើការអភ័យទោសមានឥទ្ធិពលខ្លាំងប៉ុនណា ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យអភ័យទោស ។
សិក្សាព្រះគម្ពីរ
សូមពិចារណាពីរបៀបដែលអ្នកនឹងបញ្ចប់ប្រយោគដូចតទៅនេះ ៖ ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាច …
ប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាអំពីអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានដោយសារព្រះយេស៊ូវគ្រីស្ទ ៖
តាមរយៈដង្វាយធួនដ៏និរន្តរ [ របស់ព្រះអង្គសង្គ្រោះ ] បងប្អូនអាចអភ័យទោសដល់មនុស្សដែលបានធ្វើឲ្យបងប្អូនឈឺចាប់ និងមនុស្សដែលប្រហែលជានឹងពុំព្រមទទួលយកការទទួលខុសត្រូវលើភាពកោងកាចដែលគេធ្វើមកលើបងប្អូន ។
ជាធម្មតា វាងាយស្រួលដើម្បីអភ័យទោសដល់មនុស្សដែលស្វែងរកការអភ័យទោសពីបងប្អូនដោយស្មោះ និងដោយរាបសា ។ ប៉ុន្តែព្រះអង្គសង្គ្រោះនឹងប្រទានដល់បងប្អូននូវលទ្ធភាពដើម្បីអភ័យទោសដល់មនុស្សគ្រប់គ្នាដែលធ្វើខុសចំពោះបងប្អូនតាមគ្រប់រូបភាព ។ បន្ទាប់មក ទង្វើដ៏ឈឺចាប់របស់ពួកគេពុំអាចបំផ្លាញព្រលឹងរបស់បងប្អូនបានទៀតឡើយ ។ ( « Four Gifts That Jesus Christ Offers to You » [ First Presidency Christmas devotional ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ] នៅលើបណ្ណាល័យដំណឹងល្អ )
សាំយូអែល ទី១ ២៥ មាននូវដំណើររឿងមួយដែលទង្វើរបស់ភរិយារបស់ណាបាល គឺអ័ប៊ីកែល អាចប្រៀបធៀបនឹងព្រះយេស៊ូវគ្រីស្ទ ។ ការប្រៀបធៀបនេះជួយយើងឲ្យយល់បន្ថែមទៀតអំពីទ្រង់ ។
ក្នុងពេលប្រយុទ្ធ ទាហានដែលនឿយណាយតែងតែបំពានច្បាប់ដើម្បីទទួលបានអ្វីដែលពួកគេត្រូវការ ។ ដាវីឌ និងទ័ពរបស់ទ្រង់ត្រូវការជំនួយ និងការគាំទ្រ ។ ពួកគេបានជួបបុរសម្នាក់ឈ្មោះណាបាល ។ ណាបាលជាអ្នកមានទ្រព្យស្តុកស្តម្ភ ហើយមានហ្វូងចៀម និងគោយ៉ាងសន្ធឹកសន្ធាប់ ។ ជាជាងយកពីណាបាលតាមអ្វីដែលទ្រង់ចង់បាន ដាវីឌ និងពួកទាហានរបស់ទ្រង់មានចិត្តល្អចំពោះគាត់ និងគ្រួសាររបស់គាត់ ។ ទ្រង់មិនបានយកអ្វីពីពួកគេទេ ( សូមមើល សាំយូអែល ទី១ ២៥:៧, ១៥–១៦ ) ។ ដាវីឌបានបញ្ជូនពួកអ្នកបម្រើរបស់ទ្រង់ទៅសុំស្បៀងអាហារ និងគ្រឿងបរិក្ខារដែលចាំបាច់ជាច្រើនពីណាបាល ( សូមមើល សាំយូអែល ទី១ ២៥:៥–៩ ) ។ ណាបាលបានប្រមាថដាវីឌ ហើយបានបដិសេធមិនជួយទ្រង់ និងកងទ័ពរបស់ទ្រង់ទេ ( សូមមើល សាំយូអែល ទី១ ២៥:១០–១១ ) ។
សូមអាន សាំយូអែល ទី១ ២៥:៣, ១៤, ១៧, ២៥ ហើយរកមើលចរិកលក្ខណៈរបស់ណាបាល ។ បន្ទាប់មក សូមអាន សាំយូអែល ទី១ ២៥:១៣, ២១–២២ ហើយរកមើលប្រតិកម្មរបស់ដាវីឌចំពោះការប្រមាថ និងការបដិសេធមិនជួយរបស់ណាបាល ។
សូមជញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកជាដាវីឌ ?
-
សូមគិតពីពេលវេលាមួយ នៅពេលដែលអ្នកឈឺ ឬត្រូវគេមើលងាយ ។ តើអ្នកបានឆ្លើយតបយ៉ាងដូចម្ដេច ?
អ្នកបម្រើម្នាក់របស់ណាបាលបានឃើញជម្លោះរវាងណាបាល និងដាវីឌ ។ អ្នកបម្រើរូបនេះបានជូនដំណឹងដល់អ័ប៊ីកែល ជាភរិយារបស់ណាបាល ( សូមមើល សាំយូអែល ទី១ ២៥:១៤–១៧ ) ។ ពេលអ័ប៊ីកែលបានដឹងពីជម្លោះនេះ នាងបានអង្វរជំនួសណាបាល ហើយបានសុំដាវីឌឲ្យអត់ទោសដល់គាត់ ( សូមមើល សាំយូអែល ទី១ ២៥:១៨–២០, ២៣–២៨ ) ។
អ័ប៊ីកែល គឺជានិមិត្តរូបនៃព្រះគ្រីស្ទ ។ នៅក្នុងព្រះគម្ពីរ និមិត្តរូបនៃព្រះគ្រីស្ទគឺជាបុគ្គលម្នាក់ វត្ថុ ឬព្រឹត្តិការណ៍មួយដែលជួយយើងឲ្យគិតអំពីព្រះគ្រីស្ទ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីអ័ប៊ីកែល ?
សូមអាន សាំយូអែល ទី១ ២៥:១៨–១៩, ២៣–២៨, ៣១ ។ សូមគូសចំណាំអ្វីដែលអ័ប៊ីកែលបាននិយាយ ឬធ្វើ ដែលដូចជាអ្វីដែលព្រះយេស៊ូវគ្រីស្ទបានមានបន្ទូល ឬបានធ្វើដែរ ។
ស៊ីស្ទើរ គ្រីស្ទីន អិម យី នៃគណៈប្រធានសមាគមសង្គ្រោះ បានចែកចាយការយល់ដឹងអំពីសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យចេះអភ័យទោស ៖
នៅក្នុងដំណើររឿងនេះ អ័ប៊ីកែលអាចត្រូវបានគេមើលឃើញថាជាស្ត្រីមានអំណាច ឬជានិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ទ្រង់អាចរំដោះយើងឲ្យរួចពីអំពើបាប និងដួងចិត្តដែលមានកំហឹងជាទម្ងន់ ហើយប្រទានឲ្យយើងនូវការគាំពារថែទាំដែលយើងត្រូវការ ។
ដូចជាអ័ប៊ីកែលបានស្ម័គ្រចិត្តលើកដាក់មកលើខ្លួននាងនូវអំពើបាបរបស់ណាបាល ព្រះអង្គសង្គ្រោះក៏ដូច្នេះដែរ—ក្នុងរបៀបមួយដែលមិនអាចយល់បាន—ទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើង និងអំពើបាបរបស់អ្នកទំាងឡាយណាដែលបានធ្វើឲ្យយើងឈឺចាប់ ឬអាក់អន់ចិត្ត ។ …
ការនាំយកស្បៀងអាហារ និងគ្រឿងបរិក្ខាររបស់អ័ប៊ីកែលអាចបង្រៀនយើងថា ព្រះអង្គសង្គ្រោះប្រទានដល់អស់អ្នកដែលមានការឈឺចាប់ និងរងរបួស នូវការគាំពារថែទាំ និងជំនួយដែលយើងត្រូវការដើម្បីទទួលបានការព្យាបាល និងបានជាសះស្បើយ ។ ( « ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣៦–៣៧ )
សូមអាន សាំយូអែល ទី១ ២៥:៣២–៣៥ ហើយរកមើលអារម្មណ៍របស់ដាវីឌចំពោះអ័ប៊ីកែល និងចំពោះការខិតខំរបស់នាង ដើម្បីជួយទ្រង់ឲ្យអភ័យទោសដល់ណាបាល ។ តើយើងអាចនឹងមានអារម្មណ៍ស្រដៀងគ្នានេះយ៉ាងដូចម្ដេច នៅពេលយើងទទួលបានជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសដល់អ្នកដទៃ ?
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នកអំពីអ្វីដែលអ្នកបានរៀនចេញពីឧទាហរណ៍របស់អ័ប៊ីកែល ។
ជម្រើស ខ
តើព្រះអង្គសង្រ្គោះជួយយើងឲ្យអភ័យទោសដល់មនុស្សដទៃយ៉ាងដូចម្តេច ?
តាមរយៈទង្វើរបស់អ័ប៊ីកែល ដាវីឌទ្រង់បានអភ័យទោសដល់ណាបាល ។ អ័ប៊ីកែលបានផ្ដល់ការគាំទ្រដល់ដាវីឌ និងពួកទាហានរបស់ទ្រង់ ( សូមមើល សាំយូអែល ទី១ ២៥:១៨ ) ។ នាងបានទទួលខុសត្រូវចំពោះកំហុសរបស់ណាបាល ហើយបានសុំដាវីឌឲ្យអភ័យទោស ( សូមមើល សាំយូអែល ទី១២៥:២៤, ២៨ ) ។ ស្រដៀងគ្នានេះដែរ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងក៏អាចអភ័យទោសដល់អ្នកដទៃបានដែរ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
វាអាចជាការពិបាកយ៉ាងខ្លាំង ដែលត្រូវរំសាយកំហឹងពេលយើងមានអារម្មណ៍ថាយើងត្រូវនោះ ។ វាអាចមើលទៅដូចជាមិនអាចធ្វើទៅរួចទេ ដើម្បីអភ័យទោសឲ្យអ្នកដែលបំផ្លិចបំផ្លាញដល់មនុស្សស្លូតត្រង់ ។ ប៉ុន្ដែព្រះអម្ចាស់ដាស់តឿនយើងឲ្យ « អត់ទោសដល់មនុស្សទាំងអស់ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:១០ ] ។ …
… បើមិនអាចអភ័យទោសនៅពេលបច្ចុប្បន្ននេះទេ សូមទូលអង្វរសូមអំណាចនៃព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទឲ្យជួយដល់បងប្អូន ។ កាលបងប្អូនធ្វើដូច្នោះ ខ្ញុំសន្យាថា បងប្អូននឹងមានភាពសុខសាន្ដផ្ទាល់ខ្លួន និងមានសន្ទុះខាងវិញ្ញាណកាន់តែខ្លាំង ។
ពេលព្រះអង្គសង្គ្រោះធ្វើដង្វាយធួនសម្រាប់មនុស្សទាំងអស់ នោះទ្រង់បានបើកផ្លូវឲ្យអ្នកដែលដើរតាមទ្រង់ ទទួលបាននូវព្រះចេស្ដានៃការព្យាបាល ការពង្រឹង និងការប្រោសលោះរបស់ទ្រង់ ។ ( « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៧, ១០០ )
សូមជ្រើសរើសវគ្គបទគម្ពីរបី ឬច្រើន នៅខាងក្រោមអំពីការអភ័យទោស ។ សូមដាក់ស្លាកវគ្គបទគម្ពីរទាំងនោះថា « ការអភ័យទោស » ។
-
ម៉ាថាយ ១៨:២១–២២
-
លូកា ២៣:៣៤
-
អេភេសូរ ៤:៣២
សូមស្រមៃថា អ្នកមានឱកាសមួយដើម្បីទូលទៅព្រះយេស៊ូវគ្រីស្ទពីអារម្មណ៍របស់អ្នកចំពោះទ្រង់ ដែលជួយអ្នកឲ្យអភ័យទោសដល់អ្នកដទៃ ។ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរគំរូខ្លីមួយអំពីអ្វីដែលអ្នកអាចទូលទៅកាន់ទ្រង់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យអភ័យទោស ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
បញ្ជីពីអ្វីដែលអ្នកបានរៀនអំពីអ័ប៊ីកែលជានិមិត្តរូបនៃព្រះគ្រីស្ទ ។
-
អ្វីដែលអ្នកបានសរសេរទៅកាន់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?