ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៣ ៖ យ៉ូស្វេ ២៣–២៤—« ចូរ​រើស​យក … នៅ​ថ្ងៃនេះ​ចុះ »


« មេរៀន​ទី ៦៣ ៖ យ៉ូស្វេ ២៣–២៤—« ចូរ​រើស​យក … នៅ​ថ្ងៃនេះ​ចុះ » » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

យុវវ័យ​កំពុង​អង្គុយ​ស្តាប់​គ្រូបង្រៀន​នៅឯ​ការប្រជុំ​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​ថៃ

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀន​ទី ៦៣

យ៉ូស្វេ ២៣–២៤

« ចូរ​រើស​យក … នៅ​ថ្ងៃនេះ​ចុះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

នៅពេល​អ្នក​ចម្រើន​វ័យ​ធំ​ឡើង ការសម្រេច​ចិត្ត និង​ឱកាស​ជាច្រើន​នឹង​រង់ចាំ​អ្នក ។ តើ​អ្នក​នឹង​ជ្រើសរើស​ចាប់យក​អ្វី ? ហើយ​តើ​អ្នក​អាច​ដឹង​ពី​អ្វី​ដែល​អ្នក​គួរតែ​ជ្រើសរើស​ដោយ​របៀប​ណា ? មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​លើសពី​ឥទ្ធិពល​ផ្សេងទៀត ។

សិក្សា​ព្រះគម្ពីរ

ឥទ្ធិពល​នៃ​ការរំខាន

សូម​អាន​ដំណើររឿង​ខាងក្រោម​នេះ​មកពី​ស៊ីស្ទើរ គ្រីស្ទីន អិម យី នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

ស៊ីស្ទើរ គ្រីស្ទីន អិម យី

នៅពេល​ដែល​ខ្ញុំ​មាន​អាយុ​ជិត​១៧​ឆ្នាំ ខ្ញុំ​បាន​ផ្លាស់ទៅ​ទីក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា. ដើម្បី​ទៅ​រៀន​នៅ​សាលា​សិល្បៈ ។ ខ្ញុំ​បាន​សុបិន​ក្នុង​ការក្លាយជា​អ្នករចនា​រូប​សម្រាប់​ក្រុមហ៊ុន ឌីសនី ។ …

អំឡុង​ពេល​រៀន ខ្ញុំ​ត្រូវតែ​ឆ្លៀត​រវាង​ថ្នាក់​ផ្សេងៗ និង​កិច្ចការ​ផ្ទះ និង​ទំនួល​ខុស​ត្រូវ​ខាង​សាសនាចក្រ​ផងដែរ ។ ខ្ញុំ​ត្រូវតែ​ស្វែង​យល់​ថា​អ្វី​សំខាន់​ជាងគេ​សម្រាប់​ខ្ញុំ ។ តើ​ខ្ញុំ​ទៅ​សួរ​សុខទុក្ខ​មនុស្ស​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​ពួកគេ ឬ​តើ​ខ្ញុំ​សិក្សា​សម្រាប់​ការប្រលង​នេះ ? តើ​ខ្ញុំ​ត្រូវ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​ឥឡូវ​នេះ ឬ​តើ​ខ្ញុំ​បញ្ចប់​កិច្ចការ​សាលា​នេះ ? ( « លែង​ចោល​ទៅ ហើយ​ស្តាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ​កញ្ញា ឆ្នាំ​២០២៣ ទំព័រ ២៥ )

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ជាប់គាំង​ក្នុង​ការធ្វើ​ការជ្រើសរើស​ដែរ​ឬ​ទេ ? តើ​អ្នក​ជ្រើសរើស​ព្រះអម្ចាស់​លើស​អស់​រឿង​ផ្សេងៗ​ទៀត ដែល​អាច​រំខាន​អ្នក​ដោយ​របៀប​ណា ? តើ​អ្វី​ទៅ​ដែល​អាច​ជា​ឥទ្ធិពល​ដ៏​យូរ​អង្វែង​នៃ​ការជ្រើសរើស​យក​រឿង​ផ្សេងទៀត ជាជាង​ជ្រើសរើស​យក​ព្រះអម្ចាស់ ?

សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ ដើម្បី​ស្គាល់​នូវ​ជម្រើស​អ្វីខ្លះ ដែល​អ្នក​អាច​ជ្រើសរើស​បាន​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ

ពួកសាសន៏​អ៊ីស្រាអែល​បាន​កាន់កាប់​ដែនដី​ដែល​ព្រះ​បាន​សន្យា​ជាមួយ​ពួកគេ ( សូម​មើល យ៉ូស្វេ ៥–១២ ) ។ ដែនដី​នេះ​ត្រូវ​បាន​បែងចែក​ក្នុង​ចំណោម​អំបូរ​សាសន៍​ទាំង​ដប់ពីរ ( សូម​មើល យ៉ូស្វេ ១៣–២២ ) ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត​របស់​លោក យ៉ូស្វេ​បាន​ផ្តល់​សារ​ចុងក្រោយ​មួយ​ដល់​ពួកសាសន៏​អ៊ីស្រាអែល ( សូម​មើល យ៉ូស្វេ ២៣–២៤ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ២៣:៣–១១; ២៤:២–១១ ។ សូម​គូសសម្គាល់​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​រួច​ទៅហើយ​សម្រាប់​អ៊ីស្រាអែល និង​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​សម្រាប់​ពួកគេ ។

តើ​មាន​គំរូ​ណាខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង​នៅ​ថ្ងៃនេះ ? សូម​គិត​ដល់​គំរូ​ទាំងនេះ កាល​អ្នក​បន្ដ​ការសិក្សា ។

ហេតុអ្វី​បានជា​ពួកកាណាន​ត្រូវបាន​បំផ្លាញ​ចោល ? ចោទិយកថា ៩:៤–៥ បង្រៀន​ថា ព្រះអម្ចាស់​បាន​បណ្ដេញ​ពួកសាសន៍​កាណាន​ចេញពី​ដែនដី ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ( សូម​មើល​ផងដែរ ចោទិយកថា ២០:១៦–១៨ ) ។ នៅក្នុង​ព្រះគម្ពីរ​មរមន នីហ្វៃ​បាន​បង្រៀន​ដល់​ពួក​បងប្រុសៗ​របស់​លោក​ថា ប្រជាជន​ទាំងនេះ « បាន​បដិសេធ​នូវ​គ្រប់​ព្រះបន្ទូល​នៃ​ព្រះ ហើយ​ពួកគេ​កំពុងតែ​ទុំ​ក្នុង​អំពើ​ទុច្ចរិត ហើយ​ភាពពោរពេញ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មកលើ​ពួកគេ » ( នីហ្វៃ​ទី​១ ១៧:៣៥ ) ។

រូបតំណាង​កត់​ចំណាំសូម​អាន យ៉ូស្វេ ២៤:១៤–១៥ ។ សូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង​ខគម្ពីរ​ទាំងនេះ ។ សូម​សរសេរ​នូវ​អ្វី​ដែល​យ៉ូស្វេ​បាន​បង្រៀន​សា​ឡើងវិញ ដូចជា​លោក​កំពុង​បង្រៀន​រឿង​ដដែល​នេះ​នៅ​សព្វ​ថ្ងៃនេះ​ដែរ ។ សូម​បន្ថែម​ទៅក្នុង​កំណត់​ចំណាំ​របស់​អ្នក នូវ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​បម្រើ​ព្រះអម្ចាស់​បាន​តាម​របៀប​ណាខ្លះ​នៅ​សព្វ​ថ្ងៃនេះ ?

  • តើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់ អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​បម្រើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិយ៉ូស្វេ ២៤:១៥ គឺជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃនេះ​ចុះ » ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​ចាំ អ្នក​អាច​ប្រើ​រូបភាព ឬ​គំនូរ​មួយ ដែល​ទាក់ទង​នឹង​ការជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ។

មេរៀន​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ទៀត​នេះ​នឹង​រំឭក​ដំណើររឿង​ចំនួន​ពីរ​ឡើងវិញ ដែល​ក្នុង​នោះ​ពួកសាសន៍​អ៊ីស្រាអែល​បាន​ជ្រើសរើស​ថា តើ​ត្រូវ​បម្រើ​ព្រះអម្ចាស់​ឬ​អត់ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​រៀន​បាន​អ្វីខ្លះ អំពី​ការជ្រើសរើស​យក​ព្រះអម្ចាស់​ចេញពី​ការប្រយុទ្ធ​នៅ​ក្រុង​យេរីខូរ ?

យ៉ូស្វេ​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ទៅកាន់​ក្រុង​យេរីខូរ ។

រូបតំណាង​គូសសម្គាល់សូម​អាន យ៉ូស្វេ ៦:១–៥, ១០ ។ សូម​គូសសម្គាល់​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អ៊ីស្រាអែល​សម្រាប់​ការប្រយុទ្ធ​របស់​ពួកគេ​ជាមួយ​នឹង​ក្រុង​យេរីខូរ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិនបើ​អ្នក​ជា​សាសន៍​អ៊ីស្រាអែល ដែល​ទទួល​បាន​សេចក្ដី​ណែនាំ​ទាំងនេះ ?

បន្ទាប់មក សូម​អាន យ៉ូស្វេ ៦:១២–១៦, ២០ ហើយ​រកមើល​លទ្ធផល​នៃ​ការប្រយុទ្ធ​នេះ ។

រូបតំណាង​កត់​ចំណាំសូម​គូរ​រូបភាព​កំផែង​ជុំវិញ​ក្រុង​យេរីខូរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ។ អ្នក​អាច​ដាក់​ឈ្មោះ​កំផែង​នោះ​ថា​ជា​បញ្ហា​ប្រឈម​មួយ ដែល​អ្នក​កំពុង​ប្រឈមមុខ ។ អ្នក​ក៏​អាច​គូរ​រូប​ទាហាន​អ៊ីស្រាអែល ដែល​ដើរ​ជុំវិញ​កំផែង​នោះ​ផងដែរ ។ ប្រហែល​ដាក់​ឈ្មោះ​ពួកទាហាន​ទាំងនោះ​ថា​ជា​របៀប​ដែល​អ្នក​អាច​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នោះ​បាន ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​រៀន​បាន​អ្វីខ្លះ អំពី​ការជ្រើសរើស​យក​ព្រះអម្ចាស់​ចេញពី​ជម្រើស​របស់​អេកាន ?

យ៉ូស្វេ​កំពុង​និយាយ​ទៅកាន់​ប្រជាជន​នៅក្នុង​ទីក្រុង

ព្រះអម្ចាស់​បាន​បង្គាប់​ពួកសាសន៍​អ៊ីស្រាអែល កុំ​ឲ្យ​រក្សា​វត្ថុ​ណាមួយ​មកពី​ទីក្រុង​ទាំងឡាយ ដែល​ពួកគេ​បាន​វាយ​យកឈ្នះ​ឡើយ រួមទាំង​ក្រុង​យេរីខូរ​ផងដែរ ( សូម​មើល យ៉ូស្វេ ៦:១៨–១៩ ) ។ ជាអកុសល បុរស​សាសន៏​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អេកាន បាន​យក​សម្លៀក​បំពាក់ មាស និង​ប្រាក់​មួយ​ចំនួន​ពី​ទីក្រុង​នោះ​តាម​ខ្លួន ( សូម​មើល យ៉ូស្វេ ៧:១, ២១ ) ។

រូបតំណាង​កត់​ចំណាំសូម​អាន យ៉ូស្វេ ៧:១–៧, ១០–១៣ ហើយ​រកមើល​របៀប​ដែល​សកម្មភាព​របស់​អេកាន ប៉ះពាល់​ដល់​ពួកសាសន៍​អ៊ីស្រាអែល ។ សូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង​ខគម្ពីរ​ទាំងនេះ ដែល​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​មនុស្ស​នៅ​ជុំវិញ​អ្នក បាន​ជួបប្រទះ​នឹង​ផលវិបាក​អវិជ្ជមាន ដោយសារតែ​ជម្រើស​មិន​ល្អ​របស់​អ្នកដទៃ ?

  • តើ​បទពិសោធន៍​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​អ្នក ក្នុង​ការជ្រើសរើស​យក​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

សូម​អាន​សម្រង់​សម្ដី​ខាងក្រោម​នេះ​មកពី​ស៊ីស្ទើរ គ្រីស្ទីន អិម យី នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

ស៊ីស្ទើរ គ្រីស្ទីន អិម យី

ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​ប្អូន ។ …

ទ្រង់​សព្វព្រះទ័យ​ក្លាយជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​របស់​យើង ។ ប្រសិន​បើ​យើង​អាច​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ទ្រង់​ចូល​ក្នុង​ជីវិត​របស់​យើង នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​អស្ចារ្យ​ជាច្រើន​កំពុង​រង់ចាំ​យើង​គ្រប់ៗគ្នា ។ តើ​មាន​អ្វីខ្លះ​ទៀត​ដែល​ទ្រង់​មាន​សម្រាប់​ប្អូន​ដែល​ប្អូន​មិន​អាច​មើល​ឃើញ ? ( « លែង​ចោល​ទៅ ហើយ​ស្តាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ​កញ្ញា ឆ្នាំ​២០២៣ ទំព័រ ២៥ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណុំ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ចង់​ចងចាំ​អ្វីខ្លះ អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​អ្នក​បម្រើ​ទ្រង់ នៅពេល​ដែល​វា​អាច​នឹង​មាន​ការលំបាក ? តើ​អ្នក​គិត​ថា ការចងចាំ​ព្រះអម្ចាស់​ក្នុង​គ្រា​ទាំងនោះ​អាច​ជួយ​អ្នក​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ចាប់ផ្ដើម​ធ្វើ ឬ​ឈប់​ធ្វើ​អ្វីខ្លះ ដើម្បី​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​អាច​ទទួល​បាន​មកពី​ការធ្វើ​ដូច្នេះ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​លើសពី​ឥទ្ធិពល​ផ្សេងទៀត ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  1. គំនូរ​របស់​អ្នក​ដែល​មាន​ដាក់​ឈ្មោះ​ក្រុង​យេរីខូរ និង​ពួកទាហាន ។

  2. ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នៅក្នុង​ផ្នែក « ឥឡូវ​ត្រូវធ្វើ​ដូចម្ដេច​ទៀត ? » ។

  3. អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  4. មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?