« មេរៀនទី ៥៨ ៖ ចោទិយកថា ៦:១–៦—ស្រឡាញ់ព្រះឲ្យអស់ពីចិត្តអ្នក » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
The Lord Shewed Him All the Land [ ព្រះអម្ចាស់បានបង្ហាញលោកពីដែនដីទាំងអស់ ] ដោយ វ៉លធើរ រេន
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀនទី ៥៨
ចោទិយកថា ៦:១–៦
ស្រឡាញ់ព្រះឲ្យអស់ពីចិត្តអ្នក
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
បន្ទាប់ពីបានដឹកនាំពួកសាសន៏អ៊ីស្រាអែលអស់រយៈពេល៤០ឆ្នាំនៅក្នុងទីរហោស្ថាន ម៉ូសេបានចែកចាយដំបូន្មានចុងក្រោយរបស់លោកជាមួយពួកគេ មុនពេលព្រះអម្ចាស់បង្គាប់យ៉ូស្វេឲ្យដឹកនាំពួកគេទៅកាន់ដែនដីសន្យា ។ ផ្នែកដ៏សំខាន់មួយនៃសារលិខិតជាព្យាការីរបស់ម៉ូសេគឺថា « ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត » ( ចោទិយកថា ៦:៥ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ។
សិក្សាព្រះគម្ពីរ
សូមស្រមៃថា អ្នកនឹងចាកចេញពីមនុស្សជាទីស្រឡាញ់របស់អ្នក ។ អ្នកអាចទុកដំបូន្មានខ្លីមួយសម្រាប់ពួកគេ មុនពេលអ្នកចាកចេញទៅ ។
តើអ្នកនឹងចែកចាយដំបូន្មានអ្វីខ្លះជាមួយពួកគេ ? អ្នកក៏អាចរួមបញ្ចូលនូវអ្វីដែលអ្នកសង្ឃឹមថា ពួកគេនឹងធ្វើ ឬមិនធ្វើនៅពេលអនាគត អ្វីដែលអ្នកសង្ឃឹមថា ពួកគេនឹងផ្ដោតលើនៅក្នុងជីវិតពួកគេ ឬអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផងដែរ ។
ក្រោយពីបម្រើជាព្យាការីរបស់ព្រះអស់រយៈពេល៤០ឆ្នាំ ម៉ូសេបានណែនាំពួកសាសន៏អ៊ីស្រាអែលឲ្យបោះត្រសាលនៅព្រំប្រទល់នៃដែនដីសន្យា ។ មិនយូរប៉ុន្មាន យ៉ូស្វេនឹងដឹកនាំពួកគេឆ្លងកាត់ព្រំប្រទល់នោះ ( សូមមើល ចោទិយកថា ៣១:២៣ ) ។ ម៉ូសេអាចមើលឃើញដែនដីសន្យាពីលើកំពូលភ្នំ មុនពេលព្រះអម្ចាស់ប្រែរូបលោក ឬបាននាំម៉ូសេទៅកាន់ទ្រង់ទាំងម៉ូសេនៅមានជីវិត ( សូមមើល ចោទិយកថា ៣៤:១–៦; អាលម៉ា ៤៥:១៨–១៩ ) ។ គម្ពីរចោទិយកថាមានដំបូន្មានចុងក្រោយរបស់ម៉ូសេចំពោះប្រជាជននេះ ។
សូមអាន ចោទិយកថា ៦:៥ ។ សូមគូសសម្គាល់អ្វីដែលម៉ូសេបានប្រាប់ពួកសាសន៍អ៊ីស្រាអែលឲ្យធ្វើ ។ តើការធ្វើតាមការបង្គាប់មកពីព្រះអម្ចាស់នេះ អាចជួយដល់ពួកសាសន៍អ៊ីស្រាអែល កាលពួកគេចូលទៅក្នុងដែនដីសន្យាដោយរបៀបណា ?
សូមអាន យ៉ូហាន ទី១ ៤:១៩ ។ សូមដាក់តំណភ្ជាប់វគ្គបទគម្ពីរនេះទៅនឹង ចោទិយកថា ៦:៥ ។ សូមពិចារណាពីរបៀបដែលព្រះបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សគ្រប់គ្នា រួមទាំងអ្នកផងដែរ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីទំនាក់ទំនងរវាងខគម្ពីរទាំងនេះ ៖
បទបញ្ញត្តិដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ច គឺត្រូវស្រឡាញ់ព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង—នោះជាបទបញ្ញត្តិដ៏ធំបំផុតដំបូងគេ ។ ប៉ុន្តែសេចក្ដីពិតដ៏ធំបំផុតដំបូងគេនៃអស់ទាំងភាពអស់កល្បជានិច្ចនោះគឺថា ព្រះស្រឡាញ់យើងដោយអស់ពីព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ ។ សេចក្ដីស្រឡាញ់នោះគឺជាគោលការណ៍គ្រឹះនៃភាពអស់កល្បជានិច្ច ហើយវាគួរតែជាគោលការណ៍គ្រឹះនៃជីវិតប្រចាំថ្ងៃរបស់យើង ។ ប្រាកដណាស់ វាមានតែតាមរយៈការអះអាងដែលដុតឆេះនៅក្នុងព្រលឹងរបស់យើងប៉ុណ្ណោះ ទើបយើងអាចមានទំនុកចិត្តបន្ដព្យាយាមកែលម្អ ហើយបន្ដស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើង ហើយបន្ដលាតសន្ធឹងព្រះគុណនោះទៅដល់អ្នកជិតខាងយើង ។ ( « Tomorrow the Lord Will Do Wonders among You » Liahona ខែឧសភា ឆ្នាំ២០១៦ ទំព័រ១២៧ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្នករៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍របស់ប្រធាន ហូឡិន ដែលអាចជំរុញចិត្តអ្នកឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ?
-
តើមនុស្សម្នាក់អាចធ្វើតាមជំហានអ្វីខ្លះ ដែលនាំទៅរកការស្រឡាញ់ព្រះឲ្យ « អស់ពីកម្លាំង [ របស់ពួកគេ ] » ប្រសិនបើពួកគេមិនមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដើម្បីធ្វើវានៅឡើយនោះ ?
នៅពេលអ្នកបន្ដសិក្សាគម្ពីរចោទិយកថានៅថ្ងៃនេះ សូមយកចិត្តទុកដាក់លើចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ។ ឥទ្ធិពលរបស់ទ្រង់អាចបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យបានកាន់តែស៊ីជម្រៅ ។ ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនអ្នកពីរបៀបនានា ដែលអ្នកអាចបង្ហាញសេចក្តីស្រឡាញ់នោះចំពោះទ្រង់ទាំងទ្វេបាន ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំដោយរបៀបណា ?
សូមអាន ចោទិយកថា ៣០:១៦ ។ សូមរកមើលអ្វីដែលម៉ូសេបានអញ្ជើញពួកសាសន៍អ៊ីស្រាអែលឲ្យធ្វើ ។
អែលឌើរ ខេ ប្រ៊ែត ណាតត្រេស នៃពួកចិតសិបនាក់ បានសួរសំណួរសំខាន់ៗមួយចំនួនដើម្បីឲ្យយើងជញ្ជឹងគិតដោយខ្លួនឯង ៖
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌យើងតែងតែចងចាំយើងជានិច្ច ហើយថាទ្រង់ស្រឡាញ់យើងយ៉ាងឥតខ្ចោះ ។ សំណួររបស់ខ្ញុំគឺ ៖ តើយើងចងចាំទ្រង់ដែរឬទេ ? ហើយតើយើងស្រឡាញ់ទ្រង់ដែរឬទេ ? ( « តើខ្ញុំពិតជាទទួលបានការអភ័យទោសមែនឬ ? » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ៦៧–៦៨ )
ប្រសិនបើមាន សូមមើលវីដេអូ « If We Love Him » ( ៣:៥៧ ) ។ សូមយកចិត្តទុកដាក់លើទំនុកច្រៀងនៃបទចម្រៀងនេះ និងអ្វីដែលយុវវ័យធ្វើដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ ។
សូមជ្រើសរើសមជ្ឈដ្ឋានទូទៅមួយ ក្នុងចំណោមមជ្ឈដ្ឋានទូទៅទាំងនេះ ៖ នៅកន្លែងធ្វើការ នៅសាលារៀន នៅថ្នាក់សិក្ខាសាលា នៅព្រះវិហារ នៅផ្ទះ នៅឯការហាត់សម នៅជាមួយមិត្តភក្តិ និង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
នៅក្នុងមជ្ឈដ្ឋាននេះ តើអ្នកបានឃើញមនុស្សម្នាក់បង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះដោយរបៀបណា ?
-
តើមានរបៀបសមស្របណាខ្លះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះក្នុងមជ្ឈដ្ឋាននេះ ?
-
តើមានអ្វីដែលអាចធ្វើឲ្យការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះពិបាកក្នុងមជ្ឈដ្ឋាននេះដែរឬទេ ? បើមាន តើយើងអាចយកឈ្នះវាដោយរបៀបណា ?
បន្ទាប់ពីឆ្លើយតបហើយ សូមពិភាក្សាពីសំណួរទាំងនេះជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ។ សូមបន្ថែមការយល់ដឹងនានា ដែលពួកគេមានទៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
ជម្រើស ខ
តើព្រះចង់ឲ្យខ្ញុំបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះទ្រង់យ៉ាងដូចម្តេច ?
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយគូសសម្គាល់ភាពស្រដៀងគ្នាណាមួយដែលអ្នកឃើញ ៖
-
ចោទិយកថា ៦:១–៣ ( ការបង្រៀនរបស់ម៉ូសេអំពីរបៀបស្រឡាញ់ព្រះ )
-
យ៉ូហាន ១៤:១៥, ២១–២៤ ( ការបង្រៀនរបស់ព្រះយេស៊ូវអំពីរបៀបស្រឡាញ់ទ្រង់ )
សូមជ្រើសរើសសុន្ទរកថាមួយ ពីសុន្ទរកថាខាងក្រោមនេះយកមកសិក្សា ។ សូមចំណាយពេលប្រាំនាទីរំឭកសុន្ទរកថានេះឡើងវិញ ហើយរកមើលរបៀបដែលអ្នកអាចបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះ ។
-
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « The First Commandment First » ( [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ] នៅលើគេហទំព័រ speeches.byu.edu )
-
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Never Leave Him » ( Liahona ខែវិច្ឆិកា ឆ្នាំ២០១០ ទំព័រ៣៩–៤២ )
-
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « ការតភ្ជាប់គ្នានូវបទបញ្ញត្តិធំទាំងពីរ » ( លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១០៤–១០៧ )
សូមកត់ត្រាគំនិតនានានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក អំពីរបៀបដែលអ្នកអាចដាក់សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះ ជាអាទិភាពទីមួយនៅក្នុងជីវិតរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សភាពដែលវាអាចមាន ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះនៅក្នុងមជ្ឈដ្ឋានដែលអ្នកបានរើសយក ។
-
គំនិតនានាមកពីសុន្ទរកថាដែលអ្នកបានជ្រើសរើស អំពីការដាក់សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាអាទិភាពទីមួយ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?