« មេរៀនទី ៥៧ ៖ ជនគណនា ២១—ការមើលទៅព្រះអង្គសង្គ្រោះដើម្បីទទួលបានការព្យាបាល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ជនគណនា ១១–១៤; ២០–២៤; ២៧ ៖ មេរៀនទី ៥៧
ជនគណនា ២១
ការមើលទៅព្រះអង្គសង្គ្រោះដើម្បីទទួលបានការព្យាបាល
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
កាលកូនចៅអ៊ីស្រាអែលបន្ដឆ្លងកាត់វាលរហោស្ថាន ពួកគេបានត្អូញត្អែរទាស់នឹងព្រះអម្ចាស់ ។ ព្រះបានឆ្លើយតបដោយការបញ្ជូនការរំឭកដ៏មានអានុភាពមួយ អំពីតម្រូវការរបស់ពួកគេដើម្បីមើលទៅទ្រង់ ដើម្បីទទួលបានការព្យាបាលទាំងខាងវិញ្ញាណ និងខាងរាងកាយ ។ មេរៀននេះអាចជួយអ្នកឲ្យមើលទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានការព្យាបាល ។
សិក្សាព្រះគម្ពីរ
គន្លឹះក្នុងការសិក្សា ។ និមិត្តរូបនៅក្នុងព្រះគម្ពីរមិនដូចគ្នាជានិច្ចនោះទេនៅក្នុងដំណើររឿងនីមួយៗ ។ ឧទាហរណ៍ នៅក្នុងសួនច្បារអេដែន សាតាំងត្រូវបានបង្ហាញថាជាសត្វពស់ ( សូមមើល លោកុប្បត្តិ ៣:១–៦ ) ។ ប៉ុន្ដែ មិនមែនសត្វពស់ទាំងអស់នៅក្នុងព្រះគម្ពីរតំណាងឲ្យសាតាំងនោះទេ ។ នៅក្នុងសម័យបុរាណ ជាញឹកញាប់សត្វពស់តំណាងឲ្យអំណាច ទាំងល្អ និងអាក្រក់ ។ ឧទាហរណ៍ អ្នកគ្រប់គ្រងនៅស្រុកអេស៊ីព្ទបានប្រើសត្វពស់នៅលើម្កុដ ឬមួក ឬដំបងរបស់ពួកគេ ដើម្បីបង្ហាញពីអំណាចរបស់ពួកគេ ។
សូមស្រមៃថា អ្នកមកដល់ជិតចុងបញ្ចប់នៃដំណើរឡើងភ្នំមួយ ។ ភ្លាមៗនោះ សត្វពស់ធំមួយបានចឹកជើងរបស់អ្នកបញ្ចូលពេញដោយពិសរបស់វា ។ អ្នកដួលទៅលើដី ហើយមានអារម្មណ៍ថាការឈឺពឺតៗចាប់ផ្តើមរាលដាល ។ តើអ្នកនឹងធ្វើអ្វីបន្ទាប់ទៀត ?
កូនចៅអ៊ីស្រាអែលបានប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះ នៅពេលធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ។
សូមអានវគ្គបទគម្ពីរខាងក្រោមនេះ ហើយគូសសម្គាល់ចម្លើយចំពោះសំណួរនីមួយៗ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីដឹងថា ភ្លើង មានន័យថា « ពុល » ( សូមមើល ជនគណនា ២១:៦ footnote a ) ។
-
ជនគណនា ២១:៤–៥ ។ ហេតុអ្វីបានជាកូនចៅអ៊ីស្រាអែលនិយាយប្រឆាំងនឹងព្រះអម្ចាស់ និងម៉ូសេ ?
-
ជនគណនា ២១:៦ ។ ជាការឆ្លើយតប តើព្រះអម្ចាស់បានចាត់អ្វីមក ?
-
ជនគណនា ២១:៧–៩ ។ តើព្រះអម្ចាស់បានបង្គាប់ម៉ូសេ និងកូនចៅអ៊ីស្រាអែលឲ្យធ្វើអ្វីដើម្បីបានជាសះស្បើយ ?
នៅអំឡុងការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះអង្គសង្គ្រោះបានជួយយើងឲ្យយល់ពីនិមិត្តរូបនៃពស់លង្ហិននៅលើបង្គោល ។ សូមអាន យ៉ូហាន ៣:១៤–១៦ ហើយរកមើលចម្លើយ ។ សូមភ្ជាប់តំណវគ្គបទគម្ពីរនេះទៅនឹង ជនគណនា ២១:៩ ដើម្បីអ្នកអាចយល់បានយ៉ាងងាយស្រួលពីនិមិត្តរូបនេះនៅពេលក្រោយ ពេលដែលអ្នកអានជំពូកនេះ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរកឃើញការព្យាបាលនៅក្នុងកិច្ចការសាមញ្ញៗដោយរបៀបណា ?
ជាច្រើនឆ្នាំក្រោយមក ព្យាការីនៃព្រះគម្ពីរមរមនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីដំណើររឿងនេះ ។
សូមអានបទគម្ពីរខាងក្រោមនេះ ហើយរកមើលរបៀបដែលប្រជាជនបានឆ្លើយតបទៅនឹងការណែនាំរបស់ម៉ូសេ ។ សូមភ្ជាប់វគ្គបទគម្ពីរនីមួយៗទៅនឹង ជនគណនា ២១:៨–៩ ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានឆ្លុះបញ្ចាំងអំពីអ្វីដែលកូនចៅអ៊ីស្រាអែលត្រូវបានបង្គាប់ឲ្យធ្វើ ដើម្បីបានជាសះស្បើយ ហើយមានប្រសាសន៍ថា « កិច្ចការតូចតាចបែបនោះ នាំឲ្យមានអព្ភូតហេតុដ៏អស្ចារ្យ ! » លោកក៏បានចែកចាយ ទង្វើដែលតូចតាច និងងាយមួយចំនួនដែលនឹងនាំឲ្យយើងខិតកាន់តែជិតព្រះអង្គសង្រ្គោះ ៖
សូមពិចារណាអំពីការសិក្សាព្រះគម្ពីរដែលយើងត្រូវបានបង្រៀន ដើម្បីទាញវាចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ។ ឬពិចារណាអំពីការអធិស្ឋានផ្ទាល់ខ្លួន និងការលុតជង្គង់អធិស្ឋានជាគ្រួសារថា ជាការអនុវត្តទៀងទាត់សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្មោះត្រង់ ។ សូមពិចារណាអំពីការចូលរួមថ្នាក់សិក្ខាសាលាសម្រាប់ពួកយុវវ័យ ឬថ្នាក់វិទ្យាស្ថានសម្រាប់យុវមជ្ឈិមវ័យ ។ ទោះបីជាការអនុវត្តទាំងនេះហាក់បីដូចជាតូចតាច និងងាយក្តី ក៏យូរៗទៅវាមានលទ្ធផលក្នុងការលើកស្ទួយ និងរីកចម្រើនខាងវិញ្ញាណដ៏ខ្លាំងក្លា ។ ការណ៍នេះកើតឡើងដោយសារកិច្ចការតូចតាច និងងាយទាំងនេះ ដែលអញ្ជើញភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ ជាអង្គថ្លែងទីបន្ទាល់ដែលនឹងបភ្លឺគំនិតដល់យើង និងដឹកនាំយើងទៅរកសេចក្តីពិត ។ …
ប្រភពផ្សេងទៀតនៃការលើកស្ទួយ និងការរីកចម្រើនខាងវិញ្ញាណគឺជាការអនុវត្តការប្រែចិត្តជាបន្តបន្ទាប់ ប្រែចិត្តសូម្បីតែការរំលងនោះហាក់ដូចជាតូចតាចក្តី ។ ការវាយតម្លៃខ្លួនឯងដ៏បំផុសគំនិតរបស់យើង អាចជួយយើងឲ្យមើលឃើញអំពីទំហំនៃការខ្វះចន្លោះដែលយើងមាន និងរបៀបដែលយើងអាចធ្វើឲ្យបានប្រសើរឡើង ។ ការប្រែចិត្តបែបនោះគួរតែកើតឡើងមុនការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍របស់យើង ។ ( « Small and Simple Things » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩០ )
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមរាយបញ្ជីរបៀបសាមញ្ញៗចំនួន ១០ ដែលអ្នកអាចមើលទៅព្រះគ្រីស្ទបាន ។
-
តើការធ្វើរឿងទាំងនេះអាចនាំឲ្យអ្នកទទួលបានការព្យាបាលនៅក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
ជម្រើស ខ
តើព្រះយេស៊ូវអាចព្យាបាលខ្ញុំបានដោយរបៀបណា ?
ដំណើររឿងអំពីពស់លង្ហិនបង្ហាញថា ព្រះចេស្ដារបស់ព្រះគ្រីស្ទដើម្បីព្យាបាលយើង លាតសន្ធឹងលើសពីអំពើបាបទៅទៀត ។
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
ខ្ញុំសូមអង្វរបងប្អូនឲ្យមករកទ្រង់ ដើម្បីឲ្យទ្រង់អាចព្យាបាល បងប្អូនបាន ! ទ្រង់នឹងព្យាបាលបងប្អូនពីអំពើបាប នៅពេលបងប្អូនប្រែចិត្ត ។ ទ្រង់នឹងព្យាបាលបងប្អូនពីភាពសោកសៅ និងការភ័យខ្លាច ។ ទ្រង់នឹងព្យាបាលបងប្អូនពីរបួសនៃពិភពលោកនេះ ។ ( « ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៧ )
សូមអានវគ្គបទគម្ពីរខាងក្រោម ហើយរកមើលប្រភេទនៃការព្យាបាលដែលព្រះយេស៊ូវប្រទានឲ្យ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « ការព្យាបាល » និង « ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ » ។
-
អាលម៉ា ៧:១១–១៣ ។ អាលម៉ាព្យាករពីអ្វីដែលព្រះគ្រីស្ទនឹងយកឈ្នះ ។
-
នីហ្វៃទី៣ ១៧:៦–៩ ។ ព្រះយេស៊ូវប្រោសហ្វូងមនុស្សសាសន៍នីហ្វៃឲ្យជា ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ដូច្នេះហើយ ព្រះអង្គសង្គ្រោះបានរងទុក្ខ មិនត្រឹមតែសម្រាប់អំពើបាប និងអំពើទុច្ចរិតយើងប៉ុណ្ណោះទេ—តែក៏សម្រាប់ការឈឺចាប់ខាងរូបកាយ និងការឈឺចិត្ត ភាពកម្សោយ និងការខ្វះខាត ភាពភ័យខ្លាច ការធុញថប់ ការបាក់ទឹកចិត្ត ការអស់សង្ឈឹម ការស្តាយក្រោយ វិប្បដិសារី ការធ្លាក់ចុះ ការខកចិត្ត ភាពអយុត្តិធម៌ និងភាពលំអៀង ដែលយើងជួប ហើយនឹងសម្ពាធខាងផ្លូវចិត្ត ដែលរារាំងយើងផងដែរ ។
គ្មានការឈឺចាប់ខាងសាច់ឈាម ការរងរបួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង ការចុកចាប់ ជំងឺ ឬភាពទន់ខ្សោយណាដែលអ្នក ឬខ្ញុំជួបក្នុងជីវិតនេះ ដែលព្រះអង្គសង្គ្រោះមិនបានជួបបទពិសោធន៍រួចជាមុននោះទេ ។ ( « Bear Up Their Burdens with Ease » Liahona ខែឧសភា ឆ្នាំ២០១៤ ទំព័រ ៨៩–៩០ )
សូមគិតពីការឈឺចាប់មួយចំនួន របួស ការឈឺផ្សា ទុក្ខសោក ភាពចុះខ្សោយ ឬចំណុចទន់ខ្សោយដែលអ្នកជួបប្រទះក្នុងជីវិតរបស់អ្នក ។
សូមអាន ជនគណនា ២១:៩ ឡើងវិញ ។ សូមសរសេរកំណត់ចំណាំមួយនៅជាប់នឹងខគម្ពីរនេះ ដោយបំពេញប្រយោគខាងក្រោមនេះ ៖
-
គឺដូចដែលព្រះយេស៊ូវបានព្យាបាលពួកសាសន៍អ៊ីស្រាអែលពីពស់ចឹកដែរ នោះទ្រង់អាចព្យាបាលខ្ញុំពី … បាន ។
សូមបង្កើតកម្រងរូបភាពដែលអ្នកចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមដាក់វានៅកន្លែងណាមួយ ដូចជានៅលើកញ្ចក់ ឬជាផ្ទៃខាងក្រោយទូរសព្ទ ។ រាល់ពេលដែលអ្នកមើលវា សូមចាំថា អ្នកអាចទទួលបានការព្យាបាល ដោយការសម្លឹងទៅព្រះគ្រីស្ទ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមើលទៅព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានការព្យាបាល ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
បញ្ជីរបស់អ្នកអំពីរបៀបសាមញ្ញៗចំនួន ១០ ដើម្បីមើលទៅព្រះគ្រីស្ទ ។
-
កម្រងរូបភាពរបស់អ្នកអំពីព្រះគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?