« មេរៀនទី ៥៦ ៖ ជនគណនា ១១–១៤—ការរើសយកសេចក្ដីជំនឿលើការភ័យខ្លាច » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ជនគណនា ១១–១៤; ២០–២៤; ២៧ ៖ មេរៀនទី ៥៦
ជនគណនា ១១–១៤
ការរើសយកសេចក្ដីជំនឿលើការភ័យខ្លាច
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ពេលខ្លះ វាអាចមានការលំបាកដើម្បីដើរឆ្ពោះទៅមុខដោយមានសេចក្ដីជំនឿ ជាជាងដោយមានការភ័យខ្លាច ។ កូនចៅអ៊ីស្រាអែលបានជួបនឹងការប្រឈមនោះ ។ បន្ទាប់ពីពួកគេបានធ្វើដំណើរនៅក្នុងទីរហោស្ថាន ព្រះអម្ចាស់បានដឹកនាំពួកសាសន៏អ៊ីស្រាអែលទៅកាន់ព្រំប្រទល់នៃដែនដីសន្យា ។ ព្រះអម្ចាស់បានណែនាំម៉ូសេឲ្យបញ្ជូនបុរសចំនួន១២នាក់ចូលទៅក្នុងដែនដីនោះ ហើយឲ្យពួកគេត្រឡប់មកវិញរាយការណ៍អំពីដែនដី និងប្រជាជននៅទីនោះ ។ បុរសទាំង១២នាក់នោះភាគច្រើនមានការភ័យខ្លាចអំពីលទ្ធភាពនៃការដណ្តើមយកដែនដីសន្យា ប៉ុន្តែកាលែប និងយ៉ូស្វេមានសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងជួយដល់ពួកគេ ។ មេរៀននេះអាចជួយអ្នកឲ្យមើលទៅការប្រឈមរបស់អ្នក ដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សិក្សាព្រះគម្ពីរ
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតអំពីរឿងខាងក្រោមនេះ ?
-
ការប្រឡងដ៏ធំ ឬគម្រោងនៅសាលា
-
ការប្រែចិត្ត
-
អនាគត
-
ការចែកចាយដំណឹងល្អ
តើមានរបៀបមួយ ដើម្បីមើលទៅស្ថានភាពនានាដោយមានសេចក្តីជំនឿដែរឬទេ ទោះបីវាហាក់ដូចជាគួរឲ្យខ្លាចយ៉ាងណាក្ដី ? តើអ្នកនឹងធ្វើដោយរបៀបណា ?
សូមបន្តពិចារណាពីសំណួរទាំងនេះ នៅពេលអ្នកសិក្សានៅថ្ងៃនេះ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងការរៀនសូត្ររបស់អ្នក នៅពេលអ្នកគិតអំពីរបៀបមើលទៅបញ្ហាប្រឈមរបស់អ្នក ដោយមានសេចក្ដីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ។
បន្ទាប់ពីកូនចៅអ៊ីស្រាអែលបានធ្វើដំណើរនៅក្នុងទីរហោស្ថាន ព្រះអម្ចាស់បាននាំពួកគេទៅព្រំប្រទល់នៃដែនដីសន្យា ។ វាគឺជាដែនដីស្រុកកាណាន ។ ព្រះអម្ចាស់មានព្រះបន្ទូលទៅពួកគេថា ពួកគេនឹងត្រូវដណ្តើមយកទឹកដីនេះ ។ ព្រះអម្ចាស់បានណែនាំម៉ូសេឲ្យជ្រើសរើសសមាជិកម្នាក់ពីអំបូរនីមួយៗក្នុងចំណោមអំបូរទាំងដប់ពីរ ។ បុរសទាំងនេះត្រូវបានបញ្ជាឲ្យទៅស៊ើបការណ៍ដែនដីនេះ ហើយត្រឡប់មករាយការណ៍វិញពីអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់ពីបានស៊ើបការណ៍ដែនដីនេះហើយ បុរសទាំង១២នាក់បានត្រឡប់មកវិញ ។ ពួកគេបានរាយការណ៍ និងបង្ហាញផ្លែឈើពីដែនដីនេះ ( សូមមើល ជនគណនា ១៣:១–២៥ ) ។ ខណៈដែលបុរសទាំងនេះបានឃើញរឿងស្រដៀងៗគ្នា ប៉ុន្ដែពួកគេមានអារម្មណ៍ខុសគ្នាអំពីអ្វីដែលពួកគេបានឃើញ ។
សូមអាន ជនគណនា ១៣:២៥–៣២; ១៤:១–៩ ។ សូមគូសសម្គាល់ការបង្ហាញអារម្មណ៍ភ័យខ្លាច និងសេចក្ដីជំនឿពីមនុស្សនៅក្នុងដំណើររឿងនេះតាមវិធីពីរផ្សេងគ្នា ។ ( ចំណាំ ៖ ក្នុងអំឡុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ មនុស្សដែលកាន់ទុក្ខកាត់ ឬហែកសម្លៀកបំពាក់របស់ពួកគេ ) ។
តើមនុស្សផ្សេងៗគ្នាទាំងនេះផ្តោតលើអ្វីខ្លះ ? មិនថាពួកគេមានសេចក្តីជំនឿ ឬការភ័យខ្លាចនោះទេ តើការណ៍នោះបានប៉ះពាល់យ៉ាងដូចម្តេចខ្លះ ? តើកូនចៅអ៊ីស្រាអែលមានបទពិសោធន៍ពីមុនៗអ្វីខ្លះ នៅពេលដែលពួកគេបានជ្រើសរើសពឹងផ្អែកលើព្រះអម្ចាស់នោះ ?
អែលឌើរ ខេវិន អ័រ ដាន់ខិន នៃពួកចិតសិបនាក់ បានពន្យល់អំពីអ្វីមួយដែលយើងអាចរៀនបានមកពីបទពិសោធន៍របស់កូនចៅអ៊ីស្រាអែលនៅក្នុង ជនគណនា ១៣–១៤ ៖
ដូចជាកូនចៅអ៊ីស្រាអែលដែរ យើងជួបនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ។ … វាមិនខុសទេសម្រាប់យើងក្នុងការដឹងពីឧបសគ្គទាំងនោះ ។ ប៉ុន្តែវាសំខាន់ដែលយើងត្រូវប្រឈមមុខនឹងឧបសគ្គដោយសេចក្ដីជំនឿ ។ …
… ការប្រឈមនីមួយៗ និងឧបសគ្គនីមួយៗដែលយើងប្រឈម គឺជាឱកាសជ្រើសរើស ដូចជាយ៉ូស្វេ និងកាលែបដែរ ដើម្បីពឹងផ្អែកលើព្រះអម្ចាស់ ។ « កុំឲ្យតែបះបោរ … កុំឲ្យខ្លាចគេឡើយ » ( ជនគណនា ១៤:៩ ) គឺជាដំបូន្មានដ៏ល្អសម្រាប់កូនចៅអ៊ីស្រាអែល ហើយវានៅតែជាដំបូន្មានដ៏ល្អសម្រាប់យើងម្នាក់ៗនៅសព្វថ្ងៃនេះ ។ ( « Rebel Not, Neither Fear » Liahona ខែមេសា ឆ្នាំ២០២២ ទំព័រ ៤៧ )
សូមឆ្លើយសំណួរខាងក្រោមនេះ មួយ ឬច្រើន នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ការធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានន័យដូចម្ដេច នៅពេលយើងប្រឈមមុខនឹងបញ្ហា ?
-
តើការបះបោរ និងការភ័យខ្លាចរារាំងយើងពីការរីកចម្រើនយ៉ាងដូចម្តេច ?
ទោះជាមានអព្ភូតហេតុជាច្រើនដែលព្រះអម្ចាស់បានប្រទានឲ្យ និងទីបន្ទាល់របស់កាលែប និងយ៉ូស្វេក្តី ក៏ពួកសាសន៏អ៊ីស្រាអែលនៅតែបន្តរអ៊ូរទាំដែរ ។ ជាលទ្ធផល ព្រះអម្ចាស់បានប្រកាសថា ដោយសារតែការរអ៊ូរទាំ និងការសង្ស័យរបស់ពួកគេ នោះសាសន៏អ៊ីស្រាអែលមជ្ឈិមវ័យភាគច្រើននឹងមិនអនុញ្ញាតឲ្យចូលទៅក្នុងដែនដីសន្យាឡើយ ( សូមមើល ជនគណនា ១៤:២៦–៣៩ ) ។ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ យ៉ូស្វេ និងកាលែបត្រូវបានប្រាប់ថា ពួកគេនឹងចូលទៅក្នុងដែនដីសន្យានៅថ្ងៃណាមួយ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំដឹងអ្វីខ្លះអំពីព្រះ ដែលអាចជួយខ្ញុំឲ្យប្រឈមមុខនឹងបញ្ហានានាដោយសេចក្ដីជំនឿ ?
ចំណេះដឹងរបស់យ៉ូស្វេ និងកាលែបអំពីព្រះអម្ចាស់ ប្រាកដជាបានពង្រឹងដល់សេចក្តីជំនឿរបស់ពួកគេថា អ្វីក៏ដោយដែលទ្រង់បានទាមទារ វានឹងអាចធ្វើទៅបាន ។
សូមអានវគ្គបទគម្ពីរពីរ ឬច្រើន ខាងក្រោមនេះ ។ សូមដាក់ស្លាកវគ្គបទគម្ពីរនីមួយៗថា « សេចក្តីជំនឿ » ។ សូមយកចិត្តទុកដាក់លើរបៀបដែលព្រះសព្វព្រះទ័យចង់ជួយដល់អ្នក ។
-
ម៉ាថាយ ១៩:២៦
-
ភីលីព ៤:១៣
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរអ្វីដែលអ្នកដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្តថា ទ្រង់ទាំងទ្វេនឹងជួយអ្នកឲ្យឆ្លងកាត់កាលៈទេសៈដ៏លំបាក ។
នៅលើក្រដាសដាច់ដោយឡែកមួយសន្លឹក សូមពិចារណាសរសេរបទគម្ពីរមួយ ដែលអ្នកបានអាន ។ ឬសូមសរសេរសេចក្តីថ្លែងការណ៍មួយឃ្លា ដែលបំផុសឲ្យមានទំនុកចិត្តលើព្រះអម្ចាស់ ។ សូមដាក់ក្រដាសនោះនៅកន្លែងណា ដែលអ្នកនឹងមើលឃើញវាជាញឹកញាប់ ។
ជម្រើស ខ
តើព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យប្រឈមមុខនឹងការភ័យខ្លាច និងការព្រួយបារម្ភរបស់ខ្ញុំដោយសេចក្តីជំនឿបានយ៉ាងដូចម្ដេច ?
ដូចជាកូនចៅអ៊ីស្រាអែលដែរ អ្នកនឹងប្រឈមមុខនឹងឧបសគ្គនានានៅក្នុងជីវិត ដែលបណ្តាលឲ្យមានអារម្មណ៍ភ័យខ្លាច ។ រឿងនេះកើតឡើងចំពោះមនុស្សគ្រប់គ្នា ។ ប៉ុន្ដែអ្នកអាចជ្រើសរើសដើម្បីអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់បាន ។ សូមចំណាយពេលពីរបីនាទី ដើម្បីហាត់មើលទៅស្ថានភាពលំបាកៗ ហើយជំនួសសេចក្តីថ្លែងការណ៍ដែលផ្អែកលើការភ័យខ្លាច ដោយសេចក្តីថ្លែងការណ៍ដែលផ្អែកលើសេចក្ដីជំនឿវិញ ។
នេះគឺជាឧទាហរណ៍មួយ ៖
-
បញ្ហាប្រឈម ៖ ថេននើរ ខ្លាចក្នុងការនិយាយជាសាធារណៈ ។
-
គំនិតដែលផ្អែកលើការភ័យខ្លាច ៖ « ខ្ញុំមិនអាចនិយាយនៅចំពោះមុខអ្នកដទៃបានទេ ពីព្រោះខ្ញុំតែងតែនិយាយត្រឡប់ត្រឡិនដោយសារអារម្មណ៍ភ័យខ្លាច » ។
-
គំនិតដែលផ្អែកលើសេចក្ដីជំនឿ ៖ « ការនិយាយនៅទីសារធារណៈគឺគួរឲ្យខ្លាច ប៉ុន្តែខ្ញុំជឿថា ព្រះអម្ចាស់អាចប្រទានសេចក្តីក្លាហានដល់ខ្ញុំ ហើយពង្រឹងខ្ញុំឲ្យនិយាយនៅទីសារធារណៈបាន » ។
សូមកត់សម្គាល់ពីរបៀបដែលការរួមបញ្ចូលព្រះអម្ចាស់ អាចបំផុសឲ្យមានសេចក្ដីជំនឿបាន ។
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមសរសេរបញ្ហាប្រឈមពីរ ឬបី ដែលអ្នកកំពុងប្រឈមមុខ ។ សម្រាប់បញ្ហាប្រឈមនីមួយៗ សូមសរសេរសេចក្តីថ្លែងការណ៍មួយដែលផ្អែកលើការភ័យខ្លាច និងសេចក្តីថ្លែងការណ៍មួយដែលផ្អែកលើសេចក្ដីជំនឿ ។ សូមប្រាកដថាបានរួមបញ្ចូលព្រះអម្ចាស់នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្អែកលើសេចក្តីជំនឿ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមើលទៅការប្រឈមរបស់អ្នក ដោយមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
បញ្ជីរបស់អ្នកនៃអ្វីៗដែលអ្នកធ្វើឲ្យអ្នកមានទំនុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
បញ្ហាប្រឈមពីរបី ដែលអ្នកបានរកឃើញ និងសេចក្តីថ្លែងការណ៍ដែលផ្អែកលើការភ័យខ្លាច និងដែលផ្អែកលើសេចក្ដីជំនឿ ដែលអ្នកបានសរសេរ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?