ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ មេរៀនទី ៥៩
ចោទិយកថា ៦:៦–២៥; ៧:១–២៦; ៨:១–២០
« ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ »
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ក្រោយពីព្រះបានដឹកនាំ និងការពារអស់ជាច្រើនឆ្នាំនៅទីរហោស្ថានមក ពួកសាសន៏អ៊ីស្រាអែលហៀបនឹងតាំងទីលំនៅនៅលើដែនដីសន្យា ។ ទោះបីជាការមកដល់ដែនដីថ្មីរបស់ពួកគេជាការផ្លាស់ប្តូរដ៏កក់ក្ដៅក្ដី ក៏ភាពស្រណុកស្រួលអាចល្បួងពួកគេឲ្យបំភ្លេចព្រះបានដែរ ។ មេរៀននេះអាចជួយអ្នកឲ្យចងចាំអ្វីដែលព្រះបានធ្វើសម្រាប់អ្នក ។
សិក្សាព្រះគម្ពីរ
សូមពិចារណាអំពីសាច់រឿងខាងក្រោម ៖
ចូស ចូលចិត្តការចូលរួមព្រះវិហារនៅថ្ងៃអាទិត្យជាមួយក្រុមគ្រួសាររបស់គាត់ ។ ប៉ុន្តែគាត់រវល់ជាមួយសាលា ការងារ និងកីឡា ជាញឹកញាប់ គាត់តែងតែមិនបានគិតគូរដិតដល់ ដល់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទនៅក្នុងសប្តាហ៍ទាំងនោះឡើយ ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
ហេតុអ្វីបានជាវាអាចនឹងពិបាកជាងក្នុងការចងចាំព្រះ ហើយពឹងផ្អែកលើទ្រង់ នៅពេលជីវិតដំណើរការល្អសម្រាប់យើង ?
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការចងចាំព្រះក្នុងគ្រប់កាលៈទេសៈ ?
ក្រោយពីបានដឹកនាំកូនចៅអ៊ីស្រាអែលអស់៤០ឆ្នាំនៅក្នុងទីរហោស្ថានមក ព្រះអម្ចាស់បានត្រៀមព្រះកាយជាស្រេចនឹងនាំពួកគេឆ្លងទន្លេយ័រដាន់ទៅកាន់ដែនដីសន្យា ។ ឥឡូវនេះ ពួកសាសន៏អ៊ីស្រាអែលបានក្លាយជាកងទ័ពដ៏ខ្លាំងពូកែមួយ ហើយដែនដីសន្យាមានធនធានធម្មជាតិជាច្រើន ដែលនឹងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែមានភាពស្រណុកស្រួល ។
សូមអាន ចោទិយកថា ៤:៧–៩; ៦:១០–១៣; ៨:៧–១៤ ។ សូមគូសសម្គាល់ការព្រមានម្តងហើយម្តងទៀត ដែលម៉ូសេបានផ្តល់ឲ្យពួកសាសន៍អ៊ីស្រាអែល ។ តើអ្នកគិតថា ហេតុអ្វីបានជាម៉ូសេព្រួយបារម្ភអំពីរឿងនេះ ? តើអ្នកគិតថា ហេតុអ្វីសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនាសព្វថ្ងៃនេះនៅតែត្រូវការដំបូន្មានរបស់ម៉ូសេ ?
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យយើងចងចាំទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ៖
ព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងនឹកចាំដល់សេចក្ដីល្អសប្បុរសរបស់ទ្រង់ និងរបស់ព្រះរាជបុត្រាសំណព្វទ្រង់ មិនមែនដើម្បីឲ្យពេញព្រះទ័យទ្រង់ទេ ប៉ុន្ដែដោយសារឥទ្ធិពលនៃការចងចាំដល់សេចក្ដីសប្បុរសរបស់ទ្រង់នោះមកលើយើង ។ តាមរយៈការពិចារណាពីសេចក្ដីល្អរបស់ទ្រង់ នោះទស្សនវិស័យ និងការយល់ដឹងរបស់យើងបានរីកធំឡើង ។ តាមរយៈការគិតដល់សេចក្ដីមេត្តាករុណារបស់ទ្រង់ នោះយើងកាន់តែមានចិត្តរាបសា កាន់តែអធិស្ឋាន និងខ្ជាប់ខ្ជួនឡើង ។ …
គ្រប់ពេលដែលយើងប្រើ ទទួលប្រយោជន៍ ឬសូម្បីតែគិតពីអំណោយទានទាំងនេះ យើងគួរតែពិចារណាពីពលិកម្ម សេចក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អ្នកផ្ដល់ឲ្យ ។ គារវភាពចំពោះអ្នកផ្ដល់ឲ្យ ធ្វើឲ្យយើងមានអំណរគុណកាន់តែខ្លាំង ។ ការគិតដល់អំណោយរបស់ទ្រង់អាច និងគួរតែផ្លាស់ប្ដូរយើង ។ ( « Consider the Goodness and Greatness of God » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៤១–៤២ )
សូមឆ្លើយសំណួរខាងក្រោមនេះ មួយ ឬច្រើន នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាការចងចាំព្រះអម្ចាស់នាំឲ្យមានពរជ័យដ៏សំខាន់បែបនេះ ?
-
តើអ្នកបានដកពិសោធន៍សេចក្ដីពិត ដែលអែលឌើរ រិនឡាន់ បានចែកចាយដោយរបៀបណា ?
យើងក៏អាចមើលទៅព្រះយេស៊ូវគ្រីស្ទថាជាគំរូដ៏ល្អឥតខ្ចោះនៃការចងចាំព្រះវរបិតាសួគ៌ផងដែរ ។
ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អង្គទ្រង់ទាំងមូលរបស់ព្រះយេស៊ូវ ព្រះរាជបំណងដ៏ពេញលេញ និងក្តីរីករាយរបស់ព្រះអង្គ បានផ្ដោតសំខាន់លើការធ្វើឲ្យគាប់ព្រះហឫទ័យព្រះវរបិតារបស់ទ្រង់ និងការគោរពតាមព្រះឆន្ទៈរបស់ទ្រង់ ។ ទ្រង់ហាក់ដូចជាគិតអំពីព្រះវរបិតាជានិច្ច ទ្រង់ហាក់ដូចជាអធិស្ឋានទៅកាន់ព្រះវរបិតាជានិច្ច ។ មិនដូចជាយើងទេ ទ្រង់មិនចាំទាល់តែមានវិបត្តិ ឬការបាក់ទឹកចិត្តនៅព្រឹត្តិការណ៍ណាមួយ ដើម្បីដឹកនាំក្តីសង្ឃឹមរបស់ទ្រង់ទៅកាន់ស្ថានសួគ៌ឡើយ ។ ទ្រង់បានមានភាវគតិបែបនោះទៅហើយ ដោយតែងតែមានព្រះទ័យបែបនោះ ។ ( « The Hands of the Fathers » Ensign ខែឧសភា ឆ្នាំ១៩៩៩ ទំព័រ ១៤–១៥ )
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើការចងចាំព្រះអម្ចាស់អាចជួយខ្ញុំឲ្យប្រឈមមុខនឹងឧបសគ្គទាំងឡាយបានយ៉ាងដូចម្តេច ?
ដើម្បីទទួលបានដែនដីសន្យា សាសន៏អ៊ីស្រាអែលបានប្រឈមមុខនឹងឧបសគ្គមួយ ។ ព្រះអម្ចាស់បានមានបន្ទូលប្រាប់ពួកគេថា ពួកគេនឹងត្រូវដេញសាសន៍ដែលខ្លាំងជាងពួកគេចេញ ( សូមមើល ចោទិយកថា ៧:១ ) ។ ការដឹងថា សាសន៍នានាមានកម្លាំងខ្លាំងជាងពួកគេ អាចធ្វើឲ្យសាសន៏អ៊ីស្រាអែលជាច្រើនភ័យខ្លាច ។
សូមអាន ចោទិយកថា ៧:១៧–២១; ៨:២–៤, ១៥ ដើម្បីមើលឃើញនូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យពួកសាសន៏អ៊ីស្រាអែលចងចាំ នៅពេលពួកគេប្រឈមនឹងឧបសគ្គនាពេលអនាគត ។ សូមពិចារណាគូសសម្គាល់ រាល់ពេលដែលព្រះអម្ចាស់បានលើកទឹកចិត្តពួកសាសន៍អ៊ីស្រាអែលឲ្យចងចាំទ្រង់ ។
ដូចជាពួកសាសន៍អ៊ីស្រាអែលដែរ ការចងចាំពីរបៀបដែលព្រះអម្ចាស់បានជួយអ្នកឲ្យប្រឈមមុខនឹងឧបសគ្គនាពេលកន្លងមក អាចជួយអ្នកឲ្យប្រឈមមុខនឹងឧបសគ្គថ្មីៗបាន ។
សូមកត់ត្រានៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ពីគ្រាមួយដែលព្រះអម្ចាស់បានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ឲ្យប្រឈមមុខនឹងឧបសគ្គមួយ ។ ឬអ្នកអាចតាក់តែងសាច់រឿងមួយ ដែលក្មេងជំទង់ម្នាក់អាចប្រឈមមុខនឹងឧបសគ្គមួយបាន តាមរយៈការចងចាំអ្វីដែលព្រះអម្ចាស់បានធ្វើ ដើម្បីជួយដល់ពួកគេនៅក្នុងពេលអតីតកាល ។
ជម្រើស ខ
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីចងចាំដល់ព្រះអម្ចាស់ ?
ពួកសាសន៍អ៊ីស្រាអែលត្រូវបានណែនាំឲ្យធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងចិត្ត និងគំនិតរបស់ពួកគេជានិច្ច និងត្រូវកត់នៅក្របទ្វារផ្ទះរបស់ពួកគេផង ( សូមមើល ចោទិយកថា ៦:៥–៩ ) ។ សហគមន៍សាសន៍យូដា បានបង្កើតទំនៀមទម្លាប់ដែលផ្តោតលើបញ្ហានេះ ។ ទំនៀមទម្លាប់មួយទាក់ទងនឹងការសរសេរវគ្គបទគម្ពីរនៅលើបំណែកនៃផ្ទាំងស្បែកសត្វសម្រាប់សរសេរអក្សរ ដែលដាក់ក្នុងប្រអប់ស្បែកតូចៗហៅថា tefillin ឬ ហឹបព្រះគម្ពីរ ។ ប្រអប់ទាំងនេះត្រូវចងជុំវិញក្បាល ហើយចងជុំវិញសាច់ដុំដើមដៃខាងដៃមិនសូវធ្វើការ ដោយដាក់កូនប្រអប់នោះបែរទៅរកបេះដូង ។
ទំនៀមទម្លាប់មួយទៀតទាក់ទងនឹងការសរសេរបទគម្ពីរជាច្រើននៅលើផ្ទាំងស្បែកប្រើសម្រាប់សរសេរអក្សរ ដាក់ក្នុងប្រអប់តូចមួយហៅថា mezuzah ដែលព្យួរនៅលើគ្រោងទ្វារខាងស្ដាំ ។
ដូចជាពួកសាសន៍អ៊ីស្រាអែលដែរ អ្នកអាចបង្កើតទម្លាប់ដើម្បីរំឭកអ្នកឲ្យចងចាំព្រះអម្ចាស់បាន ។ សូមសិក្សាធនធានខាងក្រោមនេះ ពីរ ឬច្រើន ហើយស្វែងរកអ្វីដែលអ្នកអាចធ្វើបានដើម្បីចងចាំព្រះអម្ចាស់ ។ តើការមើលឃើញព្រះហស្ដរបស់ព្រះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អាចមានឥទ្ធិពលយ៉ាងណាដែរទៅលើអ្នក ?
-
ម៉ូសាយ ២:១៧ ( សុន្ទរកថារបស់ស្តេចបេនយ៉ាមីន )
-
អាលម៉ា ៣៤:៣៨ ( ដំបូន្មានរបស់អាមូលេកទៅកាន់ពួកសាសន៍នីហ្វៃដែលមានចិត្តរាបសា )
-
ហេលេមិន ៣:៣៥ ( ការឆ្លើយតបទៅនឹងទុក្ខលំបាករបស់ពួកសាសន៍នីហ្វៃ )
-
« O Remember, Remember » ( ១:២៨ )
1:28
ដោយប្រើអ្វីដែលអ្នកបានរៀន សូមរិះរកវិធីដើម្បីចងចាំព្រះអង្គសង្គ្រោះជារៀងរាល់ថ្ងៃ ។ បន្ទាប់មក សូមគ្រោងផែនការមួយនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ សូមរួមបញ្ចូលអ្វីដែលអ្នកនឹងធ្វើដើម្បីចងចាំព្រះអម្ចាស់ នៅពេលជីវិតកំពុងដំណើរការល្អ និងនៅពេលជីវិតប្រឈមនឹងឧបសគ្គនានា ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យចងចាំអ្វីដែលព្រះបានធ្វើសម្រាប់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សាច់រឿង ឬបទពិសោធន៍ដែលអ្នកបានកត់ត្រា ។
-
ផែនការដែលអ្នកបានដាក់ដើម្បីចងចាំដល់ព្រះអម្ចាស់ទាំងនៅក្នុងពេលស្រួល និងពេលលំបាក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?